Tag Archives: ៨មីនា

សិទ្ធិនារីក្នុងទំនៀមខ្មែរបុរាណ

ថ្ងៃនេះបុណ្យសិទ្ធិនារី
ខ្ញុំសូមនាទីពីរបីដង្ហើម
ចារចែងថ្លែងរាប់ជាប់ដើម
រឿងស្រីៗឆ្នើមផ្ដើមចេញពីប្រុស

ដោយសារគេចាប់កំហុស
រឿងមិនគួរសោះស្រណោះខ្លួនក្រៃ
ធ្វើការទាំងយប់ទាំងថ្ងៃ
ស្រេចស្រួចរួចដៃគេបូលមុសារ

ថានាងទំនេរក្រៃណា
ជាស្រីឥតការឯណាធុរកិច្ច?
ថ្ងៃរះរហូតដល់លិច
ទឹកភ្នែកស្រិចៗធ្មេចទាំងសម្ងាត់

ធ្វើការស្ទើរបែកប្រមាត់
វិលវល់រសាត់ខ្ចាត់ពេញផ្ទះបាយ
ចង្ក្រានចានឆ្នាំងរប៉ាយ
ទោះចង់ទៅឆ្ងាយស្ដាយក្រែងមិនទាន់

ថែកូនតូចៗដូចមាន់
រហេនរហ័នបន់ឲ្យកូនដេក
នឹងអាលបានផ្អែកទម្រេត
សម្រាកមួយភ្លែតយកម្លាំងថ្មី។

នៅថែមយកចិត្តលោកប្ដី
ក្រែងគេមិនឆីបាយផ្ទះចាក់ចោល
នឹកម្ដាយធ្លាប់រស់ជុំក្រោល
ទុកលោកតែលតោលចង់បោលទៅជួប។

នឹកឪ ឥលូវដល់ខួប
ឆ្លៀតទុកបូកផ្គួបជួបលោកថ្ងៃក្រោយ
ដឹងច្បាស់លោកចាស់ហើយខ្សោយ
តែហ៊ានបណ្ដោយច្បាស់ជាក្ស័យប្រាណ។

ម៉ែគេឪគេប៉ុន្មាន
រួមរស់ជុំបានអាស្រ័យញាតិផៅ
គេរស់បានជុំកូនចៅ
ស្រណោះម៉ែឪឯងវិញនៅឆ្ងាយ

រៀបការចោលស្រុករៀងអាយ
សង្ឃឹមបានក្លាយជាមេគ្រួសារ
តាមពិតគេអូសក្រឡា
ខ្សែលើក្រៃណាបំពានទាំងសិទ្ធិ

យកអស់សេរីធ្លាប់ស្និទ្ធ
ធ្លាប់រស់ជុំជិតដិតម្ដាយឪពុក
គេប្រើពីក្រោយដល់មុខ
នាងរស់ស្រោបទុក្ខទឹកភ្នែកលាយបាយ

ចង់បូលបា្រប់ញាតិជិតឆ្ងាយ
គេចោទរាងអាយថាស្រីខាតលក្ខណ៍
ដើរត្អូញមិនចេះបើលាក់
រឿងក្ដៅត្រជាក់លាក់ជិតទើបល្អ

ស្រីណាកល្យាណបវរ
គឺស្ងាត់មាត់ ក បៀមទុក្ខលុះក្ស័យ
គេថាចង់ចៀសចង្រៃ
ខ្លួននាងជាស្រី ត្រូវតែចេះទ្រាំ

គំនាបគាបនាងឡើងជាំ
ប្រពៃណីមាំ នាងទ្រាំនៅបៀម
ចុងក្រោយស្លាប់ទាំងក្អួតឈាម
នេះហើយទំនៀម ច្បាប់ស្រីស្រុកខ្មែរ!
———
លឹម វីរីយ៉ា
ថ្ងៃព្រហស្បតិ៍ ទី៨ ខែមីនា គ.ស ២០១៨

DSCF1081

រូបភាពថតជុំគ្នាថ្ងៃទទួលសញ្ញាបត្រ ជាមួយដំណាងស្ត្រី ពីបណ្ដាប្រទេសទាំង១៥ ដើម្បីចែករំលែក និង សិក្សាពីគ្នាទៅវិញទៅមក ទាក់ទងនឹងប្រធានបទ “ការចូលរួមនៃកម្លាំងពលកម្មស្ត្រីក្នុងការកសាងប្រទេសជាតិ” ធ្វើឡើងនៅទីក្រុងតូក្យូ។