ផ្លូវដើរវែងឆ្ងាយ ក្លាយជាខ្លី
ស្វែងរកសួស្ដី សិរីជា
ឈប់តូចចិត្តទៅ ពៅពំងារ
ជីវិតគ្រប់គ្នា ជារឿងល្ខោន។
អ្នកខ្លះតួឆ្កួត អួតក្រោមមេឃ
ខ្លះកំជិលពេក ដេកកំប្រោន
ខ្លះទៀតរីងរៃ ភ័យបង្អោន
ផ្អេីលៗត្រោនៗ ឱនហេីយក្រាប។
អ្នកខ្លះមានទ្រព្យ ផ្គាប់ទេវតា
ខ្លះចិត្តឫស្យា ប្រាថ្នាបាប
ខ្លះទៀតសោយទុក្ខ មុខឡេីងឆ្អាប
រស់នៅត្រដាប ស្ងាបក្នុងមុង។
សៀវភៅអ្នកតែង សម្ដែងរឿង
រៀបរាប់ទ្រាប់ក្បឿង កឿងជាប់ជង់
លំហូរដួងចិត្ត ក្រិត្យគង់វង្ស
ឱ្យដិតយូរលង់ ក្នុងក្រាំងមាស។
មនុស្សលោក យកជាតិ ឆ្លៀតតុបតែង
គេចេះសម្ដែង ក្លែងពោរពាស
កុហកបញ្ឆោត ដោតនិរាស
ឡេីងខ្ពស់ហួសរាស្ត្រ ក្បៀសមិនបាន។
អូនអ៊េីយ! នេះហេីយ ឆាកជីវិត
អ្នកឆ្លាតលាក់ជិត ដិតក្សេមក្សាន្ត
អ្នកល្ងង់លង់ជឿ អឿអស់ប្រាណ
ចុងក្រោយរស់បាន ត្រឹមបាយឆី។
អ្នកល្អជាងគេ គឺខ្លួនឯង
មិនបាច់សម្ដែង ក្លែងសម្ដី
ពោលតែពាក្យពិត ឆ្អិតជាប់ដី
សាងភពមានន័យ ប្រពៃមួយ។
សូមជូនពរជ័យ ន័យឧត្ដម
ដល់អ្នកដែលខំ លូតលាស់ត្រួយ
សូមបានធំឡេីង ថ្កេីងជាមួយ
ពាក្យថាអ្នកស្ទួយ ជួយសង្គម។
សូមឱ្យប្អូនស្រី ស្គាល់តែសុខ
ថ្ងៃនេះទៅមុខ ស្រណុកជុំ
ជួបតែពាក្យឈ្នះ រះរងំ
រុងរោចន៍ដូចដុំដួងសុវណ្ណ។
សូមឱ្យស្នាដៃ ក្មេងស្រីល្អិត
បានជ្រាបចូលដិត ស្ថិតអាត្ម័ន
រញ្ជួយអ្នកអាន ដែលបានកាន់
រំភេីបណែនណាន់ ដួងហឫទ័យ។
សូមប្អូនបានស្គាល់តែមង្គល
រស់នៅបានយល់តែសិរី
ដង្ហេីមចេញចូល ប្រផ្នូលថ្លៃ
រស់សាងស្នាដៃ ថ្លៃជាងពេជ្រ។
—————
សារខ្លី តែន័យវែងឆ្ងាយ
ជូនអភិប្រាយ ក្លាយកាព្យរំលេច។
គ្រូម្នាក់ធ្លាប់រះធ្លាប់លិច
សូមផ្ញេីពាក្យពេចន៍ ក្ដិចដួងចិន្ដា។
សរសេរចេញពីឱរា
ជូនប្អូនបុប្ផា ម្ចាស់ស្នាដៃតូច។
សូមឱ្យប្អូនរះប្រៀបដូច
ដួងចន្ទ្រឆ្ងាយរោចន៍ ភ្លឺដូចបូណ៌មី។
សូមឱ្យជីវិតឡេីងថ្លៃ
ខ្ពង់ខ្ពស់អាល័យ ដូចដួងតារា។
សូមឱ្យជីវិតស្នេហា
រីកស្រស់ដូចផ្កា ផ្អែមដូចទឹកឃ្មុំ។
សូមបានរស់នៅជួបជុំ
ក្អាកក្អាយរងំ សុខជានិរន្តរ៍!
————
លឹម វីរីយ៉ា🌸
១៦ សីហា ២០១៩
