ទី១៖ រូបសម្បត្តិ
មិនថាបុរសឬស្ត្រី បើសិនជាកើតមក មានរូបឆោមស្រស់ស្អាតល្អ ជាទីគយគន់ នៃមនុស្សផងទាំងពួង មានន័យថា អ្នកនោះមានអំណាចដ៏អស្ចារ្យពីធម្មជាតិ ដែលវាអាចនឹងជួយសម្រេចជោគជ័យ ក្នុងដំណើរជីវិតរបស់គេបានមួយផ្នែក។ ក្នុងជម្រើសខ្លះ បើសិនជាមនុស្សរូបស្អាត ស្ថិតក្នុងចំណោម មនុស្សមិនស្អាត ភាពទន់ខ្សោយផ្នែកសមត្ថភាពបន្តិចបន្តួច គេនឹងជ្រើសរើសយកមនុស្សស្អាត ដោយយោងលើហេតុផលថា សមត្ថភាព អាចបង្វឹកបានតាមក្រោយ តែរូបសម្ផស្សនេះ កែប្រែមិនបាន។ មនុស្សស្អាត ពេលខ្លះ ទោះបីជារៀនសូត្រ មិនបានច្រើន មិនសូវឆ្លាតវៃ ក៏មិនសូវជាអភ័ព្វពេកឡើយ ដោយសារតែអ្នកជ្រើសរើសខ្លះ មានតម្រូវការ ចង់បានត្រឹមតែរូបស្អាតតែម្យ៉ាង។ នៅក្នុងគម្ពីធម៌ ពាក្យថារូបឆោម វារួមបញ្ចូលទាំង សុខភាពរាងកាយ កម្លាំងពលំមាំមួន ទៅទាំងព្រម។

យើងសម្លឹងគិតឧទាហរណ៍ងាយៗ បើសិនជាបុរសម្នាក់ តាំងចិត្តថានឹងដើររកប្រពន្ធ ជាដំបូង គេនឹងតាមញ៉ែស្រីស្អាតមុនមិនខានទេ។ រឿងអត្តចរិតមារយាទ ឬ អ្វីផ្សេងៗទៀត ជាជំហានបន្ទាប់ នៅពេលគេអាចមានឱកាសចូលទៅស្និទ្ធស្នាលជាមួយនារីស្អាតនោះបានយូរបន្តិច។ សូម្បីតែយើងទិញសម្លៀកបំពាក់ ក៏យើងត្រូវតែសម្លឹងរូបរាង ម៉ូដ ពណ៌ សាច់ក្រណាត់ ជាមុនសិនដែរ ទើបយើងសួរពីតម្លៃតាមក្រោយ។ បើភ្នែកយើងឃើញហើយ មិនពេញចិត្តផង តើនឹងចាយពេលវេលាទៅសួរតម្លៃធ្វើអី? ដូច្នេះ គ្រប់យ៉ាងដែលភ្នែកមើលឃើញ ជាអំណាច ដែលជះឥទ្ធិពលក្នុងជម្រើសដំបូងរបស់មនុស្ស។ នោះហើយជាហេតុផល ដែលមនុស្សចាយទ្រព្យសម្បត្តិយកទៅកែសម្ផស្ស។
ទី២៖ ចរិយាសម្បត្តិ

បន្ទាប់ពីអាចស្រូបទាញយកឋាមពលដែលចេញពីរូបស្អាតហើយ ចរិយាសម្បត្តិ គឺជាអំណាចទី២ របស់មនុស្ស។ វាមានឥទ្ធិពលធំធេង គឺធំជាងចំណេះដឹងទៅទៀត។ អ្នកដែលមានចំណេះដឹងហើយ ខ្សោយចរិយាមារយាទ នៅតែរាប់ថាជា មនុស្សបង្កើតបញ្ហាដល់ខ្លួនឯង។
តួយ៉ាងដូចជា វេជ្ជបណ្ឌិតដែលមិនព្រមជួយព្យាបាលជំងឺដោយសុទ្ធចិត្ត។ វេជ្ជបណ្ឌិតដែលកេងប្រវញ្ច កុហកបោកប្រាស់អតិថិជនដែលជាអ្នកឈឺ ឲ្យបង់ខាតទ្រព្យធនធាន កើនលើសពីតម្លៃពិត ដល់ទៅរាប់រយពាន់ដង។ វេជ្ជបណ្ឌិត ដែលហ៊ានជួញដូរសរីរាង្គមនុស្ស ជាថ្នូរនឹងប្រាក់ធ្វើអ្នកមាន។ មេធាវី ដែលមិនខ្វល់រឿងយុត្តិធម៌ តុលាការដែលខំរៀនស្ទើរជ្រុះសក់អស់ ចុងក្រោយ យកគុណធម៌ទៅទ្រាប់អង្គុយ និង បំផ្លាញមនុស្សស្លូតត្រង់។
ដូច្នេះ ចរិយាសម្បត្តិ គឺស្រោបដោយ ចរិយាធម៌ គុណធម៌ សីលធម៌ មេត្តាធម៌ អបស្ទបទៅជាមួយគ្រប់ដង្ហើមចេញចូល។ ចរិយាសម្បត្តិ គឺជាអំណាចដែលកំណត់ព្រេងវាសនារបស់ខ្លួនឯង។
ទី៣៖ វិជ្ជាសម្បត្តិ

មានអំណាចទាំង២ខាងលើហើយ មនុស្សនៅត្រូវការចំណេះដឹងជាចាំបាច់។ បើគ្មានចំណេះដឹងក្នុងខួរក្បាលទេ មនុស្សនឹងក្លាយជាកញ្ជះលុយមួយជីវិត។ ចរិយាសម្បត្តិដែលពោលខាងលើ មិនបានធ្វើឲ្យមនុស្សឆ្លាតវៃទេ។ ការសិក្សារៀនសូត្រក្នុងកម្រិតអតិបរមា ទើបអាចជួយឲ្យមនុស្សទទួលបានពន្លឺបញ្ញា ក្នុងការថ្លឹងថ្លែងហេតុនិងផល គុណនិងទោស ខុសនិងត្រូវ។ ការសិក្សា ធ្វើឲ្យមនុស្សទទួលបានអំណាចអច្ឆរិយៈមួយ ដែលអាចផ្លាស់ប្ដូរពិភពលោកទាំងមូលបានជោគជ័យ។
ក្នុងចំណោម អំណាចទាំង៤ វិជ្ជាសម្បត្តិនេះ ជាអ្វីដែលធ្វើឲ្យអ្នកស្វែងរកដៃគូ សម្រេចចិត្តវិជ្ជមានជាចុងក្រោយ ដោយសារតែ វាជាអំណាចលាក់កំបាំង មិនបង្ហាញឲ្យឃើញភ្លាមៗក្នុងដំណាក់កាលដំបូង។ ប៉ុន្តែ មានរឿងមួយ ដែលគួរចងចាំទុកថា មនុស្សដែលមានសតិបញ្ញាខ្ពង់ខ្ពស់ខ្លាំង ពិបាកចុះសម្រុងជាមួយអ្នកដទៃបំផុត ព្រោះតែគេសម្លឹងឃើញគ្រប់យ៉ាង ពោរពេញដោយកំហុសឆ្គង ឬ អាចនិយាយងាយស្ដាប់ថា មនុស្សដែលមានការសិក្សាអប់រំខ្ពស់ខ្លាំង រមែងចូលចិត្តជ្រើសរើសជីវិតនៅម្នាក់ឯង ជាជាងមានគ្នីគ្នា។
ទី៤៖ ទ្រព្យសម្បត្តិ

សូម្បីតែក្នុងឱវាទរបស់ព្រះ ក៏មានចែងដែរ។ មនុស្សដែលកើតមក មានទ្រព្យសម្បត្តិស្រាប់ពីឳពុកម្ដាយ គឺជាអ្នកមានបុណ្យ។ បុណ្យ គឺជាសេចក្ដីសុខ។ មានន័យថា ទ្រព្យសម្បត្តិ ក៏អាចរួមចំណែកធ្វើឲ្យមនុស្សមានសេចក្ដីសុខមួយផ្នែកដែរ គឺផ្នែករាងកាយ។ អ្នកមានទ្រព្យស្រាប់ពីកំណើត គេនឹងមិនបាច់ហត់នឿយទៅស្វែងរកទ្រព្យនាំខាតពេលច្រើន ជំនួសមកវិញ គេមានពេលសិក្សារៀនសូត្រ ដើម្បីស្រូបយកអំណាចទី៣ ដែលចែងពីខាងលើ។ ទ្រព្យសម្បត្តិ គឺជាអំណាចផ្ដាច់មុខ ដែលវាតែងតែចូលទៅធ្វើអន្តរាគមន៍ កាត់សេចក្ដី នូវគ្រប់បញ្ហាឲ្យធូរស្រាលបាន ព្រោះមនុស្សភាគច្រើនលើសលប់ សុទ្ធតែប្រាថ្នាប្រាក់កាស ទ្រព្យធនធាន ដើម្បីសម្ញែងចេញនូវអំណាចសេដ្ឋកិច្ច។
អ្នកដែលមានអំណាចទ្រព្យ សូម្បីតែកើតមកមានរូបអាក្រក់ខ្លាំង ក៏គេអាចស្វែងរកប្ដីឬប្រពន្ធ ដែលមានរូបស្អាតជាងខ្លួនឯងបានដោយងាយៗ។
សង្ខេបមកវិញ បើសិនជានរណាម្នាក់ កំពុងតែស្ថិតនៅលើប៉ូលទាំង៤នេះ ចូរដឹងពីតម្លៃខ្លួនឯង ស្គាល់ពីសក្ដានុពលខ្លួនឯង ថាយើងជាមនុស្សដ៏អស្ចារ្យ និង ឥតខ្ចោះរួចហើយ។
អត្ថបទរក្សាសិទ្ធិដោយ៖ លឹម វីរីយ៉ា