Tag Archives: អប់រំជីវិត

កំណត់ហេតុម្សិលមិញ

ភ្នំពេញ ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០

***ពេលព្រឹក នៅកំពត

ខ្ញុំទើបតែត្រលប់មកពីខេត្តកំពត ម្សិលមិញ ក្នុងដំណើរទេសចរធម្មជាតិទៅកាន់សហគមន៍ចម្ការស្ដេចទុរេន ដែលខ្ញុំបានចូលរួមវិនិយោគបន្តិចបន្តួចជាមួយប្អូនប្រុស “ឃឹម ប៊ុនឡែន” ដែលជាស្ថាបនិកគម្រោងរីសត កសិកម្ម និងផ្ទះលម្ហែ។ រយៈពេល២ថ្ងៃនៅចម្ការអែបចង្កេះភ្នំវែងព័ទ្ធជុំវិញដីសហគមន៍ ទីនោះផ្ដល់ឱ្យខ្ញុំនូវអារម្មណ៍រីករាយស្រស់ថ្លា ភ្ជាប់អនុស្សាវរីយ៍ជាច្រើន ដើម្បីរំឭកពេលចាស់ទៅ។

សកម្មភាពចូលរួមធ្វើសមាធិនៅចង្កេះភ្នំនៃសហគមន៍ចម្ការស្ដេចទុរេន_១១ តុលា ២០២០

ម្សិលមិញ មុននឹងចេញពីចម្ការបកមកភ្នំពេញវិញ ពេលព្រឹកព្រលឹម ខ្ញុំបានចូលរួមធ្វើសមាធិជាមួយនឹងមិត្តភក្តិសហគមន៍ដែលទៅពីភ្នំពេញជាមួយគ្នា ដោយមានការដឹកនាំធ្វើសមាធិដោយ បងប្រុស “នឹម ឈុន្នី” ជាគ្រូបង្វឹកសមាធិដ៏ល្បីឈ្មោះនៅកម្ពុជា។ បន្ទាប់មក ស្រស់ស្រូបអាហារពេលព្រឹកជុំគ្នា ដែលមាននំបញ្ចុកសម្លរការី សម្លរប្រហើរ (សល់ពីថ្ងៃម្សិល) មាន់អាំង សាច់ជ្រូកអាំង ប៉ុន្តែខ្ញុំញ៉ាបាយឆាជាមួយបន្លែ ព្រោះឈាមខ្ញុំរលាកជាមួយគ្រប់អាហារដែលធ្វើពីសាច់សត្វ។ ពួកយើងបន្តនាទីអស់មិនដឹងជាប៉ុន្មាន ដឹងតែថាយូរសម្បើមដែរ តាមរយៈកាហ្វេក្ដៅៗឆុងនៅក្រោមខ្ទមឫស្សី ក្បែរជើងភ្នំ ហើយជជែក ចែករំលែកចំណេះដឹងពីគ្នានឹងគ្នាទៅវិញទៅមក ដែលប្រធានបទសំខាន់ គឺរឿងធ្វើសមាធិ និងធម៌វិន័យផ្សេងៗក្នុងពុទ្ធសាសនា។

រូបភាពកំពុងធ្វើសមាធិនៅសហគមន៍ចម្ការស្ដេចទុរេន ខេត្តកំពត_ខ្ញុំពាក់វែនតាខ្មៅព្រោះតែថ្ងៃចាំងភ្នែកខ្លាំងពេក ប៉ុន្តែមួយសន្ទុះក្រោយមក លោកគ្រូ ឈុន្នី ប្រាប់ឱ្យដោះចេញវិញ ប្រហែលជាពាក់ព័ន្ធនឹងធម៌វិន័យក្នុងវិបស្សនាហើយមើលទៅ _រូបភាពខាងមុខ ជាលោក ប៉ែន បូណា អ្នកសារព័ត៌មានអាជីពវិជ្ជាជីវៈ នៃស្ថានីយ៍ទូរទស្សន៍ ភិអិនអិន និងភរិយារបស់គាត់

មេឃរលឹមឥតដាច់គ្រាប់ ភ្លៀងគ្រប់ច្រកល្ហក ដែលយើងអាចសម្លឹងមើលឃើញដោយភ្នែកទទេបាន។ ក្រោយកាហ្វេ ខ្ញុំបានចុះទូក កៃយ៉ាក់ ពណ៌លឿងវែង ពីរនាក់បង នឹម ឈុន្នី រៀបនឹងចែវចេញទៅហើយ ស្រាប់តែអ៊ំស្រី ម្ដាយរបស់ ប៊ុនឡែន ស្រែកឃាត់ “ចាំផង! ទៅដែរ!” ពួកយើងក៏សម្រួលឱ្យគាត់ចុះទូក តាមក្រោយ ដោយមាន ប៊ុនឡែន និង ប៊ុនលក្ខណ៍ ជាប្អូនបន្ទាប់ ជួយទប់ទូក កុំឱ្យក្រឡាប់។

រូបភាពមុនពេលដែលអ៊ំស្រីម្ដាយប៊ុនឡែនចុះមកជាន់ឱ្យក្រឡាប់

ក្នុងចិត្តខ្ញុំ គិតទុកមុនថា ទូកនឹងក្រឡាប់ភាគច្រើនជាងការមានសុវត្ថិភាព ព្រោះមើលទៅអ៊ំស្រីដូចជាមិនសូវមាំទាំប៉ុន្មានទេ ព្រោះគាត់ឈឺចង្កេះយូរហើយ។ គាត់ដាក់ជើងចុះជាន់ម្ខាងទូកហើយ ក៏យកជើងមួយទៀតជាន់ចំហៀងដដែលទៀត ទៅណាវាមិនក្រឡាប់ បើទម្ងន់ខ្លួនគាត់ឌាំងណាស់ដែរ។ សំណាងហើយ ដែលខ្ញុំបានទៅរៀនហែលទឹក មុនពេលក្រឡាប់ទូកនេះ។ និយាយទៅ បើមិនបានរៀនហែលទឹកជាមុនខ្លះទេ ក៏មិនហ៊ានចែវទូកដែរ អត់មានអាវខ្យល់សុវត្ថិភាពផងហ្នឹង។ លិចគ្រាំងចូលទឹកភ្លឹបទៅ មេរៀនដែលគ្រូបង្វឹកហែលទឹកដាស់តឿននោះលាន់រងំពេញក្នុងសោតា។ គាត់ថា កាលៈទេសៈដែលត្រៀមខ្លួនមិនទាន់ បើលិចស្រឹប ត្រូវតែទប់ដង្ហើមសិន កុំឱ្យឈ្លក់ទឹកទាន់។ ឃើញថាបានផលល្អដែរ ពេលនោះ ចេះរបៀបទប់ខ្យល់ដង្ហើម ទើបរឿងធ្លាក់ទឹក ក្លាយជារឿងសប្បាយរីករាយទៅវិញ។ ងើបឡើងរៀបចំខ្លួនបានល្អហើយ ទាញទូកផ្ងារពោះ ឡើងអង្គុយម្ដងទៀតយ៉ាងសមរម្យ ទើបចែវចេញទៅ ដោយបង ឈុន្នី ចែវក្បាលទូក ខ្ញុំចែវកន្ទុយទូក ហើយអ៊ំស្រីអង្គុយនៅកណ្ដាលទូក។

រូបភាពក្រោយពីក្រឡាប់ទូករួចហើយ និងបានតម្រង់ស្រួលបួល ហើយរៀបចែវចេញទៅម្ដងទៀត_ក្នុងរូបនេះ ខ្ញុំនៅកន្ទុយទូក អ៊ំស្រីម៉ាក់ប៊ុនឡែន នៅកណ្ដាលទូក ប្អូនប្រុសពៅរបស់ប៊ុនឡែន ឈ្មោះ ប៊ុនលីន ឈរក្នុងទឹកក្បែរម្ដាយគាត់ ហើយនិងបង នឹម ឈុន្នី ក្នុងកាយវិការៀបឡើងទូក_១១ តុលា ២០២០ ម៉ោង ១១ព្រឹក

ចែវចុះឡើង ឡើងចុះ ព័ទ្ធជុំវិញបឹងធម្មជាតិ គយគន់ពពក អ័ព្ទតាមចង្កេះភ្នំ វាលស្មៅខ្ចីល្ហក់ មើលឃើញដាច់កន្ទុយភ្នែក។ ឡើងពីបឹង ងូតទឹកអណ្ដូង ផ្លាស់ខោអាវ ស្រស់ស្រូបបាយថ្ងៃត្រង់ម្ដងទៀត ជាមួយកាពិឆា បង្គាក្រៀម ស៊ុបគោ និងផ្សេងៗទៀតច្រើនញ៉ាំមិនអស់ ឆ្អែតស្កប់ស្កល់ ទើបពួកយើងបែកគ្នាចេញមកភ្នំពេញវិញ។

រូបភាពកំពុងចែវទូកកៃយ៉ាក់តាមបឹងធម្មជាតិ ក្នុងសហគមន៍ចម្ការស្ដេចទុរេន_ខ្ញុំនៅកន្ទុយ អ៊ំស្រីនៅកណ្ដាល បងឈុន្នីនៅក្បាលទូក_ខេត្តកំពត_១១ តុលា ២០២០
Kampot_11 October 2020

***ពេលថ្ងៃ និង យប់ នៅភ្នំពេញ

ថតពេលរៀបចេញដំណើរចាកចេញពីសហគមន៍ចម្ការស្ដេចទុរេន ឆ្ពោះទៅភ្នំពេញវិញ រសៀលម៉ោង ០២ ថ្ងៃទី ១១ តុលា ២០២០

ពួកយើង ចេញពីកំពត តាំងពីម៉ោង ២ រសៀល មកដល់ម្ដុំកំបូល នៅម៉ោង ៨ យប់ ហើយបន្តស្ទះរថយន្តយ៉ាងគួរធុញថប់ជាទីបំផុត ដោយសារតែភ្លៀងឥតដាច់គ្រាប់ ទឹកហូរមិនទាន់ ស្ទះលូគ្រប់កន្លែង ទឹកលិចគ្រប់ដងផ្លូវជាតិ និងគ្រប់ផ្លូវក្រុង។ រថយន្តវាគើមៗដូចអណ្ដើក ពីនោះឆ្ពោះមកដល់កណ្ដាលរាជធានីភ្នំពេញនៅម៉ោង ១០ និង ៣០នាទី យប់។ ដោយសាតែខ្ញុំជិះរថយន្តជុំជាមួយនឹងគេ​​ (ក្រុមគ្រួសារបងប្អូនប៊ុនឡែន) ម្លោះហើយ ខ្ញុំត្រូវរកកន្លែងសមគួរចុះដើម្បីជិះតាក់ស៊ីមកផ្ទះវិញ។ នៅតាមដងផ្លូវក្នុងទីក្រុង ទីណាក៏ឃើញតែទឹកលិច ល្ហាចល្ហឹម ម៉ូតូជាច្រើន រលត់ទៅមុខមិនរួច រថយន្តខ្លះផុងធ្លាក់លូធំៗ រ៉ឺម៉កកង់បី មិនមានមកទទួលភ្ញៀវប្រសេចប្រសាចដូចធម្មតាទេ។

ថតពីក្នុងរថយន្តពេលកំពុងស្ទះខ្លាំងនៅម្ដុំកំបូល ខេត្តកំពង់ស្ពឺ យប់ថ្ងៃទី ១១ តុលា ២០២០

ខ្ញុំបានឱ្យគេចតនិងដាក់ខ្ញុំចុះនៅមុខហាងកាហ្វេប្រោន (Brown Café) ទល់មុខវិទ្យាស្ថានភាសាបរទេស ព្រោះថាទីនោះ មានកន្លែងជ្រកល្មម អាចឈរចាំតាក់ស៊ីបានស្រួល។ ការចុះចតនោះ មិនមែនតែខ្ញុំម្នាក់ឯងទេ វារួមមានទាំងក្មេងប្រុសម្នាក់ទៀត អាយុប្រមាណជា ចន្លោះពី ១៧ ទៅ ២០ឆ្នាំ។ ចាំបានថា ក្មេងនោះជាកូនចាម ពិបាករកអាហារញ៉ាំដូចខ្ញុំដែរ។ គ្នាតមតែសាច់ជ្រូកទេ តែខ្ញុំវិញតមគ្រប់សាច់តែម្ដង។ កាលចេញពីភ្នំពេញទៅ​ កូននោះ ពុលឡានក្អួត នៅតាមផ្លូវម្ដង។ គេជាក្មេងរួសរាយ ប៉ុន្តែហាក់ដូចជានៅខ្លាចៗ ហើយឆោតៗ នៅឡើយ។ គេនិយាយទូរស័ព្ទ ទៅបងស្រីគេរហូត ដើម្បីណាត់បងស្រី មកទទួលយកទៅផ្ទះ ដែលមានទីតាំងនៅម្ដុំ គីឡូម៉ែត្រលេខ៩។ និយាយទៅ វាជិតផ្ទះសម្បែងខ្ញុំដែរ ប៉ុន្តែផ្ទះខ្ញុំកាច់មកក្រោយវិញ លើផ្លូវជាសុផារ៉ា ៥៩៨។ ខ្ញុំឃើញកូននោះ ចេះតែសួរតៃកុងឡានមិនឈប់សោះ ថា ដល់ណាហើយ?​ ដល់ណាហើយ? ម៉ោងប៉ុន្មានទៅដល់ភ្នំពេញ? ដំបូងគ្រប់គ្នាថា ម៉ោង ៦ ដល់ បន្ទាប់មកថាម៉ោង ៧ បន្ទាប់មកថាម៉ោង ៨ ហើយវាកើនដល់ ៩ និង ១០ ថែមកន្លះទៀត គឺ ១០ និង ៣០នាទី ទើបមកដល់ក្បែរមន្ទីរពេទ្យកុមារជាតិ ផ្លូវសហព័ន្ធរុស្ស៊ី។

រូបភាពឧបមា យកមកពីគេហទំព័រ tonyrobertson.mycouncillor.org.uk/tag/roadrail-link-buses
[A 231 circular bus parked in the drop off area on 28th December 2015]

និយាយដល់រឿង ពេលចុះពីរថយន្តធំ មកឈរនៅមុខហាងកាហ្វេប្រោន ពីរនាក់ក្មេងប្រុសនោះ (ខ្ញុំភ្លេចឈ្មោះ) ភ្លៀងហាក់បង្កើនកម្លាំងរិតតែខ្លាំងថែមទៀត។ ខ្ញុំបានចុចរក រថយន្តតាក់ស៊ីម៉ែត្រ តាម ហ្គ្រេប (Grab) ប៉ុន្តែលទ្ធផលដាក់ថា “សូមអភ័យទោស គ្មានរថយន្តតាក់ស៊ីនៅក្បែរអ្នកទេ នាពេលនេះ សោកស្ដាយផង!” សាររបស់ ហ្គ្រេប មិនបានធ្វើឱ្យខ្ញុំខកចិត្តអីទេ ខ្ញុំក៏ចុចម្ដងទៀត រករ៉ឺម៉កកង់បី (Tuk Tuk) ខ្ញុំគិតថា វាមិនចេះអត់ទេ។ ចុចភ្លាម ក្រុមហ៊ុនបន្តក់សារអក្សរ សួរថា រើសយក Grab Tuk Tuk ឬ Grab ធម្មតា?។ [Grab Tuk Tuk មានន័យថា ជារ៉ឺម៉កកង់បី ប្រចាំរបស់ក្រុមហ៊ុនផ្ទាល់ ដែលមានពណ៌បៃតង ហើយមានរូបសញ្ញា Grab Logo។ ចំណែក Grab ធម្មតា គឺជា រ៉ឺម៉កកង់បី ដែលជាកម្មសិទ្ធិរបស់អ្នកបើកបររៀងខ្លួន ដែលប្រើកម្មវិធី Grab អន្តរជាតិនេះ] ខ្ញុំបានជ្រើសយក Grab Tuk Tuk ដូច្នេះ បន្ទាប់ពីឃើញមានអ្នកបើកបរ (Driver) ចុចទទួលយល់ព្រមមកដឹកខ្ញុំហើយ ខ្ញុំក៏រំពៃចាំមើលរ៉ឺម៉កដែលមានពណ៌បៃតង។

ហើយឆ្លៀតពេលរង់ចាំជាង៣នាទីនោះ ខ្ញុំក៏ងាកសួរក្មេងប្រុសរួមដំណើរមកពីសហគមន៍ ដែលឈរក្បែរនោះដែរថា “អូនឯងចុចកម្មវិធីអីហៅហ្នឹង?” គាត់តបទាំងហាក់ដូចជាមិនសូវមានជំនឿចិត្តថា “កម្មវិធី ផាស់អាប់ (PassApp) ប៉ុន្តែ… អឹម! ដូចជា មិនសូវយល់ទេបង ដូចជាគេ ខេនស៊ែល (Cancel) ខ្ញុំវិញហើយ” ខ្ញុំក៏ណែនាំថា “ប្រើអានេះវិញទៅអូន Grab ស្រួលប្រើហើយទំនើបជាង បងហៅអម្បាញ់មិញ គេនឹងមកដល់ឥលូវហើយ”។ គ្នាក៏ឈ្ងោកមើលទូរស័ព្ទខ្ញុំ ហើយមើលទូរស័ព្ទខ្លួនឯង មិនដឹងថាកំពុងគិតអ្វីទេ គ្រាន់តែរអ៊ូតិចៗថា “អត់មានផង!”។ ភ្លាមនោះ មានរ៉ឺម៉កកង់បី ពណ៌លឿងមួយមកដល់ចតចំពីមុខពួកយើង (ពណ៌វាដូចពណ៌របស់ក្រុមហ៊ុន ផាស់អាប់)។ យុវជនជំទង់ ដូចជាត្រេកអរ ហើយស្ទុះរត់តម្រង់ទៅ និង ស្រែកលាខ្ញុំផង “នុះ! ទុកទុក ផិនខ្ញុំមកហើយ ខ្ញុំលាហើយបងស្រី!” ខ្ញុំដូចភាំងបន្តិច ហើយស្រែកទៅខ្លាំងៗ ប្រណាំងសំឡេងទឹកភ្លៀងថា “មើលស្លាកលេខបញ្ជាក់ផងអូន ប្រយ័ត្នច្រឡំផិនបងណា”។ គេស្រែកតបពីក្នុងអាទុកទុក មកថា “មិនច្រឡំទេបង ខ្ញុំទៅហើយ!”

ពេលដែលកូនចាមគួរស្រលាញ់នោះ ចាកចេញទៅបាត់មួយសន្ទុះ ខ្ញុំនៅតែខំរំពៃរកមើលអាទុកទុក ពណ៌បៃតង នៅតែមិនទាន់ឃើញទៀត។ ខ្ញុំឈរគិតដល់សម្ដីរបស់ក្មេងប្រុសសំគមមុនចាកចេញទៅនោះថា គេខេនស៊ែលវិញហើយ ចុះបើគេខេនស៊ែលវិញហើយ ម៉េចបានជាមុននេះ បែរជាមានគេមកទទួលវិញ? ខ្ញុំមិនបានគិតថា ក្មេងនោះឡើងលើអាទុកទុក ក្រុមហ៊ុន ហ្គ្រេប ដែលខ្ញុំបានហៅទេ។ ប៉ុន្តែជាទម្លាប់ គឺឧស្សាហ៍លើកទូរស័ព្ទមើល ដើម្បីឆែកថា អ្នកបើកបរបានមកដល់ត្រង់ណាហើយ។ ពេលលើកមើល ភ្ញាក់ព្រើត ព្រោះឃើញខ្លួនឯង កំពុងតែនៅលើដងវិថី ធ្វើដំណើរចេញទៅផុតពីមុខហាងកាហ្វេប្រោន បានឆ្ងាយណាស់ទៅហើយ ហើយទិសដៅ គឺទៅផ្ទះខ្ញុំហ្នឹងឯង។ ពេលនោះហាក់ដូចជាបាត់សមាធិបន្តិចដែរ មានកូនភ្លើងទោសៈមួយ ឆេះងឹមៗក្នុងចិត្ត។ “រំបល់យក៍! តាមពិតមុននេះជា រ៉ឺម៉កដែលឯងខំហៅទេតើស ចេះរត់ឡើងប្រុយទៅបាត់ទាំងមិនដឹងខ្យល់អីសោះ យ៉ាប់មែន ក្មេងនេះ!”

រូបភាពពី គេហទំព័រ wallpapermania.eu

នៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន ដឹកជញ្ជូន កាលណាយើងកំពុងតែនៅលើដងផ្លូវ យើងមិនអាចចុចលុបចោល ឬ ផ្លាស់ប្ដូរ បានទេ។ ត្រូវរង់ចាំទាល់តែដំណើរមួយនោះចប់សព្វគ្រប់ជាស្ថាពរសិន ទើបអាចហៅរកការដឹកជញ្ជូនថ្មីមួយទៀតបាន។ ម្ល៉ោះហើយ ខ្ញុំត្រូវបង្ខំចិត្តងាកមកប្រើ កម្មវិធី ផាស់អាប់ ដែលជាកម្មវិធី ខ្ញុំមិនសូវចូលចិត្តប្រើ ព្រោះវាសម្បូរបញ្ហាច្រើន។ ចុចម្ដងហើយ ម្ដងទៀត ម្ដងហើយ ម្ដងទៀត ច្រើនសារណាស់ នៅតែគ្មាននរណាចុចទទួលខ្ញុំសោះ។ ភ្លៀងអត់មានស្រាកស្រាន្តទេ នៅតែខ្លាំងដូចព្យុះដដែល មើលម៉ោង គឺម៉ោង ១១ និង ១៥នាទី យប់ទៅហើយ។ មានទុកទុកមួយ ចុចទទួលហើយ គាត់ទូរស័ព្ទមកសាកសួរបញ្ចាក់ថា ខ្ញុំនៅទីណា ហើយប្រុងទៅណា ហើយអាចរង់ចាំបានទេ ព្រោះគាត់នៅឆ្ងាយបន្តិច។ គាត់ថាឱ្យចាំ ៣នាទី ព្រោះគាត់នៅត្រឡោកបែក។ ខ្ញុំអរសឹងអីហើយ តាមពិត ទោះពូនោះ ប្រាប់ថា ឱ្យនៅចាំ ១៥នាទី ឬ កន្លះម៉ោង ក៏ខ្ញុំព្រមដែរ ព្រោះខ្ញុំហាក់ដូចជាអស់សង្ឃឹមនឹងរករ៉ឺម៉កម៉ោងថ្មើណេះ ជាមួយទឹកជំនន់លិចទីក្រុងទាំងមូលទៅហើយនោះ។

ដូចសន្យា ៣នាទី ក្រោយ ស្រាប់តែឃើញ រ៉ឺម៉កកង់បី ពណ៌បៃតង ជាមួយ Grab Logo មកឈប់ចំពីមុខខ្ញុំ។ ខ្ញុំអត់ឆ្ងល់រឿងពណ៌ទៀតទេ ព្រោះពណ៌បៃតងដែលខ្ញុំរង់ចាំ វាបានចេញពណ៌លឿង ចំណែកអាពណ៌លឿងដែលខ្ញុំរង់ចាំ បានចេញពណ៌បៃតងវិញ។ ដូច្នេះ ខ្ញុំសន្មតថា នោះប្រហែលជា រ៉ឺម៉ក ដែលខ្ញុំហៅ បើទោះបីជាខ្ញុំ មើលទូរស័ព្ទដៃឃើញគេសរសេរថា Arriving… ដែលមានន័យថា ជិតមកដល់។ ខ្ញុំគិតថា មេឃភ្លៀងខ្លាំង អ៊ីនធើណិត ប្រហែលវាដើរយឺត ដូច្នេះ Arrived (បានមកដល់) និង Arriving (ជិតមកដល់) វាមិនសូវខុសគ្នាអីទេ។ ប៉ុន្តែ មុនចេញដំណើរ ខ្ញុំបានសួរបញ្ជាក់ប្អូនប្រុសអ្នកបើកនោះថា “អូនឯងជាអ្នកដែលខ្ញុំបានចុចហៅមុននេះហ្នឹង មែនទេ?” គាត់ឆ្លើយថា “អត់ទេបង ខ្ញុំជិះឆ្វែលរកម៉ូយតាមដំណើរធម្មតា ព្រោះមេឃភ្លៀងខ្លាំង អ៊ីនធើណិតធ្វើទុក្ខណាស់ ពិបាកប្រើ ខ្ញុំឃើញបងឈរ ទើបចត”។ ហ្អា! ចិត្តខ្ញុំពេលនោះ ចាប់ផ្ដើមថ្លឹងសភាពការណ៍ មុនសម្រេចចិត្ត។

ខ្ញុំគិតច្រើនណាស់ ខ្ញុំគិតថា ការមិនប្រើ App ក្រុមហ៊ុន ហើយជិះឆៅៗបែបនេះ គ្រោះថ្នាក់ណាស់ គេអាចដឹកយើងទៅប្លន់សម្លាប់បានដោយងាយ ព្រោះយប់ក៏ជ្រៅ ទីក្រុងក៏ជន់លិច មនុស្សរស់យកតែអាត្មាខ្លួនទេពេលនេះ។ ចិត្តមួយទៀត គិតថា ចុះបើពូនោះ (ដែលជិតមកដល់)​បែរជាដូរចិត្តមិនមកវិញ (ព្រោះមានអ្នកទទួល១ បានដូរចិត្តមិនមកវិញដោយសារឃើញផែនទីបង្ហាញមានទឹកលិចពេក)។ ចុះបើបោះបង់ម្នាក់នេះចោល ហើយស្រាប់តែលែងមានអីជិះរហូតដល់ព្រឹក មិនខ្ញុំត្រូវដេកនៅមុខហាងកាហ្វេនោះហើយឬ? តាមពិតខ្ញុំមានសាច់ញាតិបងប្អូន និង មិត្តភក្តិនៅភ្នំពេញច្រើនណាស់ តែខ្ញុំមានអត្តចរិតមួយ មិនចូលចិត្តរំខាន អ្នកដទៃ ហើយក៏មិនចូលចិត្តអ្នកដទៃណាមករំខានខ្ញុំវិញដែរ។ ចិត្តមួយទៀត គិតថា ខ្លួនអញជាអ្នកសាងបុណ្យកុសលមករហូត ជួយគេមករហូត ជាមនុស្សមានសមាធិខ្ពស់ម្នាក់ ហេតុអ្វីត្រូវជួបរឿងអកុសលទៅកើត? វាមិនអាចទេ ពេលនេះ ត្រូវតែចេញដំណើរទៅសិន ចាំគិតតាមផ្លូវទៀត។

រូបភាពពី គេហទំព័របរទេស mmtimes.com

រ៉ឺម៉ក បត់ត្រឡប់ក្រោយ ជិះតាមផ្លូវទំនប់ ត្រឡោកបែក ចេញបានបន្តិចដល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពូតៃកុងទុកទុក ទូរស័ព្ទមកខ្ញុំ ព្រោះថា ពេលដែលខ្ញុំសម្រេចចិត្តចេញ ខ្ញុំបានចុច ខេនស៊ែលពូនោះតែម្ដងទៅ។ គាត់និយាយទូរស័ព្ទទាំងកំហឹង “ខ្ញុំបានមកដល់ហើយ ហេតុអ្វីបានជាចុចលុបចោលទៅវិញ?” ខ្ញុំក៏បាននិយាយអង្វរករ សូមកុំឱ្យគាត់ខឹង ព្រោះខ្ញុំច្រឡំនិងវង្វេងច្រើនណាស់មួយល្ងាចទើសយប់នេះ។ ខ្ញុំបាននិយាយសូមទោសគាត់យ៉ាងច្រើន និងសូមកុំឱ្យខឹង កុំប្រកាន់ ចាំខ្ញុំផ្ញើប្រាក់បង់ថ្លៃសេវាដឹកពេញថ្លៃ បូកជំងឺចិត្តផង។ ខ្ញុំបាន សូមឱ្យគាត់ផ្ញើលេខកុងធនាគារ ឬ វីង ដើម្បីខ្ញុំផ្ញើលុយទៅបង់ជូន ប៉ុន្តែសំឡេងគាត់គឺថា នៅតែខឹង “មិនបាច់ផ្ញើទេ! មិនចង់បានទេ! ប៉ុនហ្នឹងចុះ”។ ជិះបានបន្តិច គាត់ទូរស័ព្ទមកម្ដងទៀត ថា ដល់ណាហើយ? បើអាចផ្ទេរបាន គាត់ចង់ផ្ទេរ ខ្ញុំក៏នៅតែអះអាងដដែលថា នឹងផ្ញើលុយទៅសង ព្រោះពិបាករកគ្នា ផ្ទេរគ្នា ហើយក៏មិនដឹងត្រូវដោះស្រាយជាមួយអ្នកថ្មីនេះយ៉ាងម៉េចដែរ។

រូបភាពពីគេហទំព័រ randburgsun.co.za

ប្រមាណជា ៣០ នាទី ពីនោះមកផ្ទះខ្ញុំ នៅតាមផ្លូវ ខ្ញុំបានសរសររឿងរ៉ាវជីវិត និងមេរៀនមួយក្នុងខួរក្បាលនេះ។ អារម្មណ៍ដែលខ្ញុំខឹងនឹងក្មេងប្រុសមូស្លីម ដ៏ក្មេងខ្ចីនោះ រលាយសាបសូន្យអស់រលីង ហើយនឹករឭកដល់គុណបុណ្យទៅវិញថា

“សំណាងណាស់ដែលមានរឿងនេះកើតឡើង បើគ្មានការច្រឡំ រ៉ឺម៉ក របស់ក្មេងប្រុសជំទង់នោះទេ គេនឹងជួបគ្រោះលំបាកមិនខាន” នៅក្នុងសាសនាគ្រីស ឬ សាសនាអ៊ីស្លាម គេនឹងពោលថា នេះជាសេណារីយ៉ូ ដែលព្រះជាម្ចាស់រៀបចំទុកជាមុន។ តែក្នុងពុទ្ធសាសនា គេអាចហៅថា ជាសម្ពាយនៃបុណ្យដែលរុញដំណោះស្រាយដែលត្រឹមត្រូវ ជាមួយលទ្ធផលល្អមួយក្នុងកាលៈទេសៈនៃគ្រោះអភ័ព្វ។ ខ្ញុំបានខមោទោសក្នុងចិត្ត ចំពោះទោសៈដែលកើតលើក្មេងប្រុសនោះ នៅប្រមាណជាមួយម៉ោងមុន។ គិតទៅមើល៍! បើសិនជា គេមិនច្រឡំទៅឡើងលើ រ៉ឺម៉កកង់បី ដែលខ្ញុំបានហៅនោះទេ ហើយខ្ញុំខ្លួនឯងជាអ្នកចាកចេញចោលគេវិញ តើនឹងមានរឿងអ្វីកើតឡើង?

គេនៅក្មេងខ្ចីសេចក្ដីណាស់ មិនសូវឆ្លាតវៃរហ័សរហួនទេ បើគិតអាយុ ប្រហែលកូនខ្ញុំ (គ្រាន់តែឧបមាថាបើនោះជាកូនខ្ញុំវិញ ក៏ការគិតស្ទើរស្រក់ទឹកភ្នែកអាណិតដែរ) ហើយ មកឈរតែម្នាក់ឯងកណ្ដាលយប់ស្ងាត់ លើដងវិថីរកមនុស្សក្បែរមិនឃើញ ក្រោមភ្លៀងព្យុះស្ទើរបាក់មេឃ និងស្វែងរកអ្នកជូនមិនបាន តើគ្នានឹងភិតភ័យយ៉ាងណាទៅ? អាចនឹងស្រែកយំផងក៏មិនដឹង! គិតចុះ គិតឡើង នៅតែពោលថ្លែងអរគុណព្រះជាម្ចាស់ (ដែលធ្វើឱ្យក្មេងនោះច្រឡំរ៉ឺម៉ក) ទោះបីជាខ្ញុំតែងហៅខ្លួនឯងថាជាមនុស្សឥតសាសនា ប៉ុន្តែក៏នៅតែជឿថា វាជាការរៀបចំជាមុនរបស់ព្រះណាមួយមិនខាន។

រូបភាពពីគេហទំព័រ freepik.com

ក្រៅពីគិតដល់រឿងផ្សាយមេត្តានោះ ខ្ញុំនៅគិតដល់សុវត្ថិភាពនៃដំណើរខ្លួនឯងរហូតដល់ផ្ទះ។ ខ្ញុំមានវិធីសាស្ត្រមួយ គឺក្នុងអំឡុងពេលដែលខ្ញុំនៅក្បែរមនុស្សប្លែក ហើយមានក្ដីបារម្ភ ខ្ញុំតែងតែនិយាយពន្យល់ពីសច្ចធម៌ផ្សេងៗក្នុងពុទ្ធសាសនា ដែលផ្សារភ្ជាប់នឹងជីវិតអាជីវកម្មរបស់អ្នកនោះ។ ទោះបីជាមេឃភ្លៀង ក៏ខ្ញុំនៅតែប្រឹងនិយាយដោយសំឡេងខ្លាំងៗ។ ខ្ញុំពន្យល់ពីគុណធម៌មនុស្ស ប្រយោជន៍នៃការសាងបុណ្យ អ្វីទៅជាបុណ្យពិត អ្វីដែលមិនគួរធ្វើ… ជាដើម និងច្រើនទៀត។ សូម្បីតែការនិយាយថាសងលុយទៅពូតៃកុងទុកទុក ដែលមកមិនជួបនោះ ក៏ជាមេរៀន ដែលខ្ញុំចង់បង្ហាញដល់អ្នកបើកដែលកំពុងកាន់ចង្កូតពីមុខខ្ញុំនោះ ឱ្យយល់ច្បាស់ថា ធ្វើជាមនុស្សល្អ តើត្រូវធ្វើបែបណា?

គោលដៅរបស់ខ្ញុំ គឺ បើសិនជា ម្ចាស់រ៉ឺម៉កកង់បីនោះ មានចេតនាប៉ុនប៉ងអាក្រក់មកលើខ្ញុំ គេអាចពិចារណាសាជាថ្មី។ បើសិនជាឆាកជីវិតរបស់គេ មិនធ្លាប់ដែលជួបមនុស្សល្អណាដែលធ្លាប់ធ្វើឱ្យគេរំភើបចិត្តទេ គេនឹងជួប នោះគឺការបង្ហាញរបស់ខ្ញុំ។ ពេលទៅដល់ផ្ទះដោយសុវត្ថិភាព ខ្ញុំបាន ដកលុយចំនួន ៥ម៉ឺនរៀល ហុចឱ្យ ហើយប្រាប់ថា “ខ្ញុំឱ្យទាំងអស់ មិនបាច់អាប់ទេ”។ ជាធម្មតា ហាងឆេងរ៉ឺម៉កកង់បី ពីមុខវិទ្យាស្ថានភាសាបរទេស គឺតែ ១ម៉ឺនរៀលទេ ឬ ខុសគ្នាបន្តិចបន្តួចអាស្រ័លស្ថានភាពចរាចរណ៍។ តៃកុងទុកទុកបៃតងនោះ កាន់លុយ ដែលខ្ញុំបានឱ្យ ហើយលើកសំពះឡើងលើក្បាលដោយអារម្មណ៍រំភើប ហើយនិយាយឮៗថា “អរគុណព្រះជាម្ចាស់! នេះជាលើកទី១ក្នុងជីវិតខ្ញុំហើយ ខ្ញុំរត់ទុកទុករាប់ឆ្នាំមិនដែលជួបទេ!”

រូបភាពពីគេហទំព័រ zedge.net

ខ្ញុំមិនបានពន្យល់លម្អិតប្រាប់គេទេថា លុយនោះ មូលហេតុដែលខ្ញុំឱ្យគុណនឹង៥ដង​ព្រោះ ការបម្រើសេវាដឹកជញ្ជូនរបស់គាត់ ស្ថិតក្នុងកាលៈទេសៈដែលខ្ញុំមានតម្រូវមធ្យោបាយដឹកជញ្ជូនខ្ពស់។ ព្រោះវាជាម៉ោងយប់ដែលគ្រប់គ្នាបានចូលគេងភាគច្រើនទៅហើយ តែគេខំចេញរកស៊ី។ ព្រោះគេបានឆ្លើយប្រាប់ខ្ញុំតាមត្រង់ ពេលខ្ញុំសួរទាក់ទងនឹងរឿងការហៅតាមរយៈ ផាស់អាប់។ ព្រោះ គេបានដឹកខ្ញុំមកដល់ផ្ទះដោយសុវត្ថិភាព ខណៈដែលខ្ញុំបារម្ភក្រែងមិនមានសុវត្ថិភាព។ និង ខ្លះទៀត​ជាមេរៀន បង្ហាញឱ្យគេបានរៀនសូត្រពីគុណធម៌ជីវិតរស់របស់មនុស្ស។

ប្រញ៉ាប់ចូលក្នុងផ្ទះ ងូតទឹក ផ្លាស់សម្លៀកបំពាក់ ហើយបើកទូរស័ព្ទ ផ្ញើសារទៅ ពូម្ចាស់ទុកទុក ដែលខកខានដោយសារការលុបចោលរបស់ខ្ញុំ។ ដំបូង ខ្ញុំបានផ្ញើសារជាភាសាខ្មែរ តាម SMS Text ដែលមនុស្សសម័យនេះ ស្ទើរតែលែងប្រើទៅហើយ។ ក្រោយសរសេរផ្ញើទៅរួច បានមួយសន្ទុះ ទើបខ្ញុំនឹកឃើញថា គាត់ប្រហែលជានឹងមិនអានសារនេះទេ ហើយបើអាន ក៏គាត់មិនផ្ញើលេខគណនីធនាគារមកខ្ញុំដែរ ឬអាចថាគាត់គ្មានគណនីធនាគារ ឬ វីងផងក៏មិនដឹង។ ខ្ញុំក៏សម្រេចចិត្ត បញ្ចូលលុយក្នុងទូរស័ព្ទដៃគាត់ចំនួន $10។ ចប់សព្វគ្រប់ ទើបខ្ញុំអាចទទួលអារម្មណ៍ថាធូរស្បើយ បើមិនដូច្នោះទេ ខ្ញុំនឹងគ្មានថ្ងៃរស់នៅបានសុខស្រួលចិត្តឡើយ ខ្ញុំស្គាល់ចិត្តខ្លួនឯងច្បាស់ណាស់។

មូលហេតុដែលខ្ញុំមិនអាចបញ្ឈប់ខ្លួនឯង មិនឱ្យផ្ញើលុយទៅគាត់ ព្រោះខ្ញុំពិចារណាឃើញថា៖ ក្នុងអំឡុងពេលដែលខ្ញុំខំប្រឹងចុចស្វែងរក Drivers គ្មាននរណាម្នាក់ចុចទទួលខ្ញុំទេ ខ្ញុំមើលក្នុង App ឃើញសញ្ញារោទ៍លោតចេញពីម្នាក់ទៅម្នាក់ ដូចគេប៉ាសេបាល់ទាល់។ ខ្ញុំចុចហើយ ចុចទៀត ភាគច្រើនគេចុចផ្ដាច់ចោល។ ទម្រាំតែពូម្នាក់នោះ ព្រមទទួល ប្រហែលជាគាត់ជាមនុស្សដែលមានចិត្តមេត្តាធម៌ចំពោះអ្នកដទៃ។ ប្រហែលជាគាត់គិតថា មនុស្សកំពុងត្រូវការជំនួយ បើគេមិនត្រូវការចាំបាច់ គេមិនចុចហើយ ចុចទៀតដូច្នេះឡើយ ទើបគាត់ស្មគ្រទទួលទាំងដែលផ្ទះគាត់នៅឆ្ងាយពីកន្លែងខ្ញុំរង់ចាំ។ ដូច្នេះ ការលុបចោលរបស់ខ្ញុំ វាដូចជាវាយប្រហារសទ្ធារបស់គាត់ពេក។ ខ្ញុំក៏មិនចង់ឱ្យនរណាម្នាក់ឈឺចាប់ដោយសារខ្ញុំដែរ។ តាមពិតតម្លៃដែលគាត់មកដឹក ហើយខកទៅវិញនោះ បើត្រូវបង់ គឺប្រមាណតែ ៣ពាន់រៀលអីទេ។ តែខ្ញុំដាក់ចូលក្នុងគណនីលេខទូរស័ព្ទគាត់តែម្ដងចំនួន ៤ម៉ឺនរៀល ក្នុងហេតុផល សងជំងឺចិត្ត និង ពិន័យខ្លួនឯងផង។

រូបថតចេញពី Screen ទូរស័ព្ទដៃរបស់ខ្ញុំ ១១ តុលា ២០២០

ម៉ោងប្រមាណជា ១២ យប់ ទើបខ្ញុំរួចរាល់ក្នុងការធ្វើសមាធិ១ម៉ោង ហើយចូលគេងនៅម៉ោង ១ រំលងអធ្រាត្រ។

រូបភាពមកពីគេហទំព័រ healthyburnett.org