Tag Archives: អត្ថបទសម្រាប់ការផ្លាស់ប្ដូរសង្គមខ្មែរ

ជំងឺមានះ

“មានះ” គឺជាជំងឺប្រកាន់យ៉ាងរឹងត្អឹង ហើយមានជំនឿយ៉ាងស៊ប់ មាំទាំថា អ្វីដែលខ្លួនកំពុងធ្វើនិងបានធ្វើបន្តតាំងពីម៉ែឳជីដូនជីតាមកនោះ ជារឿងត្រឹមត្រូវ។ អ្នកមាន “ជំងឺមានះ” នេះ មិនងាយព្រមស្ដាប់នរណាទាំងអស់ បើទោះបីជាអ្នកមកពន្យល់នោះ ជាបុគ្គលដែលបានត្រាស់ដឹងជាព្រះទៅហើយក្ដី មានហេតុនិងផលបង្ហាញឱ្យឃើញនៅនឹងមុខយ៉ាងណាក្ដី។

ជំងឺមានះ តែកាលណាឆ្លងចូលក្នុងខ្លួនហើយ អ្នកជំងឺនោះ មិនអាចអភិវឌ្ឍខ្លួនបានឡើយ ព្រោះតែមេរោគបានទៅបង្កើតប្រព័ន្ធប្រឆាំងនឹងបញ្ញា មិនអនុញ្ញាតិឱ្យមានការគិត ត្រិះរិះពិចារណាអ្វីទាំងអស់។ ម្ល៉ោះហើយគ្រប់មេរៀនថ្មីៗ ចំណេះល្អៗ ដែលជាវិតាមីនបំប៉ន ក្លាយជាអាសាបង់ឥតប្រយោជន៍។ អ្នកជំងឺនឹងរស់ដោយគ្មានការផ្លាស់ប្ដូរអ្វីឡើយរហូតដល់ថ្ងៃស្លាប់ ព្រោះភាពមានះ ជាមេរោគធ្វើឱ្យជីវិតទាំងមូលជាប់ជំពាក់កណ្ដាញ់ខ្លាំងក្នុងទម្លាប់ចាស់ៗដែលធ្លាប់ប្រព្រឹត្តកន្លងមក។ ត្រូវចាំថា មនុស្សដែលធ្វើកិច្ចការអ្វីមួយតាមទម្លាប់ដែលមានស្រាប់ មិនមែនជាមនុស្សឆ្លាតទេ។

ជំងឺមានះ រីកធំធាត់ ហើយឆ្លងលឿនខ្លាំងទៅអ្នកដទៃផ្សេងទៀត នៅពេលដែល បុគ្គលនោះកាន់តែមានទ្រព្យធនច្រើនឡើងៗ ឬមានកេរ្តិ៍ឈ្មោះល្បីទៅៗនៅក្នុងសង្គម។ ព្រោះថា ទ្រព្យសម្បត្តិក្រៅខ្លួននេះ គឺជាគ្រឿងជួយទ្រ មិច្ឆាទិដ្ឋិឱ្យរឹងរឹតតែខ្ពស់ត្រដែតស្កឹមស្កៃឡើង។ ពេលនោះហើយដែលអ្នកជំងឺ ធ្វើខុសទាំងស្រុង តែយល់ថាខ្លួនត្រឹមត្រូវបរិបូរទៅវិញ។ ព្រោះគ្រប់កំហុសរបស់ពួកអ្នកមានទ្រព្យធន តែងតែមានមនុស្សជាច្រើនរាប់មិនអស់ នៅចាំជួយទះដៃអបអរសាទរ បន្ទរពីក្រោយ។ នោះហើយដែលជាហេតុដែលអ្នកធ្វើខុស កាន់តែវង្វេង ឆ្វេងមាំ ហើយបង្កបង្កើតទៅជាក្រុម ជាបក្ស ជាពួក ដើម្បីជួយគាំទ្រគំនិតខុសៗរបស់ខ្លួនជាបន្តទៅមុខទៀត។

ក្នុងពិភពមនុស្ស ជំងឺមានះ តែមួយដែលពិបាកព្យាបាលបំផុត គឺ “ជំនឿ” ដែលពួកគេមើលមិនឃើញ។ “មនុស្សជឿខ្លាំងនៅពេលដែលគេមើលមិនឃើញ” (វាមិនខុសពីមនុស្សភ្នែកខ្វាក់ដែលព្រមជឿគេកុហកឡើយ) ហើយគេឈប់ជឿ នៅពេលដែលគេបានមើលឃើញច្បាស់។ ឃើញឬមិនឃើញក្នុងបរិបទនេះ មិនអាស្រ័យលើភ្នែកទេ គឺអាស្រ័យលើ “បញ្ញា” ។ បញ្ញា អាចចូលទៅក្នុងក្បាលបាន លុះត្រាតែមនុស្សបើកដួងចិត្តជាមុនសិន។ ដួងចិត្តបើកទូលាយ លុះត្រាតែ មេរោគមានះ ក្រាបចុះអន់ខ្សោយជាមុនសិនដែរ។

អាជំងឺចង្រៃនេះ បើវាកើតលើមនុស្សធម្មតាៗដែលគ្មានតួនាទីអំណាចធំដុំក្នុងសង្គម នោះវាមិនថ្វីទេ យ៉ាងច្រើនគេបំផ្លាញត្រឹមតែខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែ ជំងឺមានះ បើវាកើតចំលើបុគ្គលដែលជាអ្នកមានអំណាច ដឹកនាំគេ មានឥទ្ធិពលក្នុងសង្គមជាតិវិញ ធានាថា ប្រទេសជាតិទាំងមូល ច្បាស់ជានឹងពោរពេញដោយមនុស្សអន់ខ្សោយគ្រប់ទិសទី សង្គមគ្មានការអភិវឌ្ឍទៅមុខឡើយ។

ប្រទេសចិនស្ទើរតែក្លាយជាមហាអំណាច ក្រោយពេលគេឈូសចោលផ្នូរខ្មោចរាប់ពាន់ម៉ឺនហិកតា។ ប្រទេសចិនក្លាយជាប្រទេសខ្លាំង នៅពេលដែលប្រជានជនគេ ចាប់ផ្ដើមបោះចោលទម្លាប់សែនខ្មោចដ៏ងងឹតសូន្យឈឹង ហើយងាកមកប្រតិបត្តិកិច្ចការសប្បុរសធម៌ដែលភ្ជាប់នឹងការជួយសង្គមវិញ។ សូមចាំថា៖ ចិនដែលសែនខ្មោចដូនតាមករាប់ពាន់ឆ្នាំនោះ មិនអាចជួយពួកគេឱ្យគេចចេញផុតពីសោកនាដកម្មនៃវិបត្តិ ខូវីដ១៩ ឡើយ។ ប៉ុន្តែពួកគេ បោះបង់ការសែនព្រេនចោលអស់១ឆ្នាំ ពួកគេក៏មានពន្លឺរស្មីរុងរឿងមកវិញ នឹងប្រហែលជាខ្លាំងលើសដើមផង។
—————-
លឹម វិរិយា
១១ កុម្ភៈ ២០២១

រូបភាពពីគេហទំព័រ http://www.indigotrailsllc.com

យល់និងដឹង (កំណាព្យបទកាកគតិ)

បានយល់បានដឹង ប្រសើរជាងប្រឹង
ត្រាប់ក្បួនតម្រា ដែលគេបានប្រាប់
ភ្ជាប់នឹងសាសនា និទានមកថា
ត្រូវតែធ្វើវា។

បានយល់បានដឹង នឹងលែងរឹងត្អឹង
ផុតទុក្ខវេទនា ព្រោះពាក្យថាយល់
គឺស្គាល់ល្អជា ដឹងហេតុដឹងគ្រា
ភ្ងារដោយបញ្ញា។

បានយល់បានដឹង នឹងរស់លែងតឹង
មិនប្រឹងអាត្មា មានសេរីភាព
ស្រោបសម្មាចារ ស្រាលខ្លួនក្រៃណា
ចិន្ដាក៏ស្ងប់។

បានយល់បានដឹង ព្រមរៀនគ្រាហ្នឹង
ថ្លឹងថ្លែងបន្ទាប់ ឈប់បន្ទោសខ្មោច
កម្លោចអស់ទ្រព្យ រឿងរស់ឬងាប់
ធ្លាក់ជាប់ខ្លួនឯង។

បានយល់បានដឹង ច្បាស់ជាលែងខឹង
នឹងអ្នកខំថ្លែង ពន្យល់ពីហេតុ
ខ្មោចប្រេតក្លាយក្លែង ជីវិតជាក់ស្ដែង
បានផលពីកម្ម។

បានយល់បានដឹង ធ្លាប់វង្វេងម្លឹង
ដឹងតែចងចាំ ព្រះពុទ្ធបន្ទូល
ទូលមកពាន់ឆ្នាំ គឺពេចន៍បណ្ដាំ
ផ្ដាំឱ្យសាងបុណ្យ។

បានយល់បានដឹង បើហាត់រៀនថ្លឹង
នឹងលែងយ៉ាកចុន រោងរោចន៍ដូចរះ
ឈ្នះពាក្យដាបដុន រស់លែងតត្រុន
ឈប់កុនខុសការណ៍។

បានយល់បានដឹង ដូចបានរាវបឹង
ដែលកប់សាស្ត្រា បោះចោលជំនឿ
ជឿខ្វះបញ្ញា នឹងរស់សុខា
មានខ្លួនទីពឹង។
__________
លឹម វីរីយ៉ា🌸

ថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ គ.ស. ២០២១

រូបថតភ្នំហិមាឡៃ យកមកពីគេហទំព័រ http://www.wallpaperflare.com

ក្មេងៗឥលូវ (កំណាព្យ បទកាកគតិ)

០១. ក្មេងៗឥលូវ ជោរច្រើនពេកកូវ
មិនសូវខំរៀន រត់ដេញឧកញ៉ា
បោះចោលក្ដារខៀន ទន្ទេញរបៀន
ក្បួនបោកស្របច្បាប់។

០២. ក្មេងៗឥលូវ ចាស់តម្រង់ផ្លូវ
មិនសូវចង់ស្ដាប់ តែបើក្បួនចោរ
ប៉ប្រោចំណាប់ ខំរៀនខំត្រាប់
ត្រងច្បាប់ស្រូបលុយ។

០៣. ក្មេងៗឥលូវ សាងរឿងអាស្រូវ
មិនសូវខ្លាចនុយ ឃើញគេសម្ដែង
ក្លែងដើរអង្គុយ គេអួតប៉ាទ្រុយ
ដូចរុយប្រហុក។

០៤. ក្មេងៗឥលូវ បើគិតឱ្យត្រូវ
គឺបញ្ញាចុក មិនរៀនពីតូច
ដូចដបបិទឆ្នុក ខួរម៉ាសម្បុក
ស្ដុកសុទ្ធតែខ្លៅ។

០៥. ក្មេងៗឥលូវ យ៉ាប់ណាស់មិនសូវ
ចង់នៅហាលក្ដៅ ខ្លាចអាប់សាច់ឈាម
ក្រៀមស្បែកឡើងខ្មៅ ខ្លាចគេមិនហៅ
ថា-ស ដូចចិន។

០៦. ក្មេងៗឥលូវ ជោរតាមរដូវ
តាមផ្លូវបង្ហិន ខំប្រឹងចូលហ្វូង
ឈោងទាំងតឿក្រិន ឈោងចាប់សុបិន
មិនមែនផិនខ្លួន។

០៧. ក្មេងៗឥលូវ ជីវិតរស់នៅ
តាមផ្លូវឥតសួន សន្សំសំរាម
ទុកដាក់មាំមួន ថែមលាក់បំពួន
សន្សំរោគទៀត។

០៨. ក្មេងៗឥលូវ ដូច ម្រឹត្យូវ
មិនសូវដឹងស្នៀត ល្បិចពួកគ្រូបោក
គេខោកស៊កសៀត អ្នកណាខួរត្បៀត
គេឆ្លៀតប្រលេះ។

០៩. ក្មេងៗឥលូវ កូនបងកូនពៅ
សុទ្ធតែមិនខ្មេះ ថតរូបនឹងចោរ
ដែលឥតចំណេះ រីករាយស្ទើរឆេះ
កេះសួរឥតឆ្លើយ។

១០. ក្មេងៗឥលូវ ហ៊ានស៊ីដង្កូវ
ឥតខ្ពើមសោះឡើយ គេមានគ្រូធំ
ជោគជ័យកាត់ត្រើយ ឆ្លងគ្រូរួចហើយ
ស្បើយភាពថ្លៃថ្នូរ។

១១. ក្មេងៗឥលូវ វង្វេងពេកទៅ
ហៅចាស់ទៅប្រូ ប្រដៅឡងវិញ
ខ្លាំងណាស់ កុំជោរ! ទ្រឹស្ដីហែហូរ
ដូរអាចម៍គ្នាស៊ី។

១២. ក្មេងៗឥលូវ ចេះបោកទាំងឆៅ
ចេះដៅប្រឹថពី អាគមទឹកភ្លើង
ដីខ្យល់វក់វី ហ្វឹងស៊ុយធរណី
ធ្លាយចក្រវាល។

១៣. ក្មេងៗឥលូវ ស្រីហ៊ានសើយភ្លៅ
បញ្ចោររាលដាល ចំអាសសាធារណ៍
ហូរហៀរដល់ច្រាល ក្លាយជាកម្រាល
ក្រាលពាក្យជោគជ័យ។

១៤. ក្មេងៗឥលូវ ទាំងបងទាំងពៅ
ទៅរៀនវគ្គខ្លី រៀនចប់ចេះចាំ
បណ្ដាំមានន័យ សុទ្ធតែទ្រឹស្ដី
រវើរវាយ។

១៥. ក្មេងៗឥលូវ ឆៃថាវម្រះព្រៅ
ឬល្ពៅពពាយ មិនចេះដាំដុះ
តាមក្បួនព្រេងនាយ សុខចិត្តវេចស្ពាយ
ទិញចូលពីគេ។

១៦. ក្មេងអើយក្មេងក្មាង ទ្រព្យព្រេងសំណាង
គ្មានក្នុងមេឃទេ ច្បាប់ស្រូបល្មោភប្រាក់
ទ្រឹស្ដីខ្វាក់ខ្វេរ ឈុតបោកកំប្លេរ
គេរៀបអន្ទាក់។

១៧. ក្មេងអើយក្មេងក្មាង ឈប់ចេញមុខកាង
អាងយ៉ាងទៅអ្នក! ការពារគ្រូបោក
ដូចរៀបទៅធ្លាក់ នរកមានជាក់
ស្រូបទាញមុនលុយ។
_______________

លឹម វិរិយា🌸

ថ្ងៃ អង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែ កុម្ភៈ គ.ស. ២០២១

រូបភាពពីគេហទំព័រ http://www.irancartoon.com

ហេតុអ្វីបានជាមនុស្សខំប្រឹងធ្វើបុណ្យច្រើនហើយនៅតែជួបទុក្ខលំបាកទៀត?

ខ្ញុំជឿថាអត្ថបទមួយនេះ ប្រហែលជាចាក់ចំបេះដូងអ្នកអានមិនតិចនាក់ទេមើលទៅ។ មូលហេតុដែលខ្ញុំសម្រេចចិត្តសរសេររឿងនេះ ព្រោះឃើញអ្នកវង្វេងក្នុងសម្មាបដិបត្តិ ឬហៅងាយស្ដាប់ថា ធ្វើបុណ្យទាំងមិនត្រឹមត្រូវ ច្រើនខ្លាំងពេក ច្រើនរហូតដល់ វាស្ទើរតែក្លាយជាប្រពៃណី។ ពាក្យថាប្រពៃណីមួយម៉ាត់ គឺពិបាកគាស់រំលើង ពិបាកពន្យល់ដើម្បីឱ្យគេផ្លាស់ប្ដូរណាស់ លុះត្រាតែមនុស្សបានចូលជ្រៅដល់ហេតុនៃបញ្ហា ហើយទទួលប្ដូរដោយខ្លួនឯងជាមុនសិន។

មុននឹងឈានទៅដល់ការបកស្រាយប្រធានបទ ដំបូងខ្ញុំសូមលើកពី អ្វីទៅជា “បុណ្យ” ស្របតាមចរិតលក្ខណៈពុទ្ធសាសនា មកស្រាយជូនជាមុន។ “បុណ្យ” គឺជាគ្រឿងជម្រះសន្ដានចិត្ត វាអាចជាកុសល ជាអំពើល្អ ជាសេចក្ដីសុខ។ មានន័យថា “ធ្វើបុណ្យ” គឺធ្វើសេចក្ដីល្អ។ ហើយសេចក្ដីល្អ មានន័យថា ធ្វើឱ្យស្អាតបរិសុទ្ធ ឱ្យគួរស្រលាញ់ចង់បាន។ សេចក្ដីល្អ គេអាចធ្វើបានទាំងតាមរយៈ ផ្លូវចិត្ត ផ្លូវកាយ ផ្លូវវាចារ (ពាក្យសម្ដីនិយាយ ឬ កំណត់ត្រា)…។ល។ ទាំងនេះហើយ ដែលហៅថា “បុណ្យ”។

នៅក្នុងទសជាតក (ប្រវត្តិជាតិទាំង១០របស់ព្រះពុទ្ធមុនពេលត្រាស់ដឹង) គេបានកត់ត្រាទុកនូវ បុណ្យបារមីទាំង១០ ដែលព្រះបរមគ្រូនៃយើងបានបំពេញ ដើម្បីពន្យល់មនុស្សឱ្យបានជ្រាបពីអំពើបុណ្យផ្សេងៗដែលយើងគួរប្រតិបត្តិ ស្របទៅតាមទសបារមី ទាំងនោះ ដែលរួមមានដូចជា៖ (១) ទានបារមី (២)​ សីលបារមី (៣) នេក្ខម្មបារមី (៤) បញ្ញាបារមី (៥) វិរិយបារមី (៦) ខន្តីបារមី (៧) សច្ចបារមី (៨) អធិដ្ឋានបារមី (៩) មេត្តាបារមី (១០) ឧបេក្ខាបារមី។

ចំណែកពាក្យថា “បារមី” ប្រែថាជាការរក្សាគុណធម៌អ្វីមួយដែលជាធម៌ដ៏ខ្ពង់ខ្ពស់។

រូបភាពពី http://www.britannica.com

រាប់ពាន់ឆ្នាំក្រោយការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ការផ្សាយធម៌ហាក់កាន់តែខុសឆ្ងាយទៅៗ ពីសច្ចបារមី ពោលគឺមនុស្សដែលជាបុថុជ្ជន ធ្វើបុណ្យទាំងខុសឆ្គង។​

ដោយសារតែខ្ញុំបានកើត ធំធាត់ និងរស់នៅក្នុងប្រទេសកម្ពុជា ដូច្នេះខ្ញុំអាចដឹងច្បាស់តែអ្វីដែលកំពុងកើតមាននៅក្នុងទឹកដីកំណើតខ្លួនឯងនេះតែប៉ុណ្ណោះទាក់ទងនឹងជំនឿសាសនា ជាពិសេសសាសនាខ្មែរ (ព្រះពុទ្ធសាសនាដែលលាយឡំដោយព្រាហ្មណ៍និយម)។

ដំបូង សូមលើកនិយាយពីអ្នកខំធ្វើពិធីបុណ្យ ហើយច្រលំថាខ្លួនឯងបានធ្វើបុណ្យ។ ខ្មែរស្ទើរតែគ្រប់ៗរូប ប្រហែលជាគ្មាននរណាដែលមិនធ្លាប់ឆ្លងកាត់ពិធីបុណ្យទេ។ ទោះជាមិនធ្លាប់ធ្វើពិធីបុណ្យកឋិន ឬ បុណ្យផ្កាប្រាក់ ឬ បុណ្យបច្ច័យបួន ឬ បុណ្យទក្ខិណានុប្បទាន ឬ បុណ្យអ្វីផ្សេងទៀតក៏ដោយ ក៏គង់តែធ្លាប់ធ្វើបុណ្យសពឳពុកម្ដាយ យាយតា សាច់ញតិ បងប្អូន មិនខាន។  គួរកត់សម្គាល់ថា គ្រប់ពិធីបុណ្យទាំងអស់ សុទ្ធតែមានរួមបញ្ចូលនូវប្រពៃណី ទំនៀមទម្លាប់ ដែលបន្សល់បន្តគ្នាពីមួយជំនាន់ ទៅមួយជំនាន់។ ការធ្វើតាមគ្នាតជំនាន់ រហូតដល់លែងខ្វល់ពីហេតុផលនៃសកម្មភាពប្រតិបត្តិ វានឹងលែងក្លាយជាបុណ្យទៀតហើយ គឺវាក្លាយជាវប្បធម៌របស់ជាតិសាសន៍មួយទៅវិញ។

ចំណុចខ្សោយរបស់មនុស្សក្នុងសង្គមដែលមានការអប់រំតិចតួច គឺ គេនឹងមិនហ៊ានរំលងចោលវប្បធម៌ទេ បើទោះបីជាគេមិនដឹង មិនយល់ថា ហេតុអ្វីត្រូវធ្វើដូច្នោះក៏ដោយ ហើយបើយើងសួរថា “ហេតុអ្វីបានជាធ្វើដូច្នេះ?” គេច្បាស់ជាឆ្លើយថា “ពីដូនតាមក ធ្វើតែអ៊ីចឹង”។ មានន័យថា គ្រប់ទង្វើ គេធ្វើដោយមិនខ្វល់ពីហេតុផលទេ។ ការព្យាយាមបើកកាយវែកញែកពីហេតុផល ត្រូវបានគេចាត់ទុកជា ជនថោកទាប ទៅវិញ។ ម៉្លោះហើយ អ្នកសិក្សាជ្រៅជ្រះក្នុងសាសនា ក៏មិនហ៊ាននិយាយចំៗនូវអ្វីដែលគេបានយល់ដឹងដែរ ព្រោះថា កម្លាំងដ៏មហិមានៃមនុស្សល្ងង់មានឥទ្ធិពលធំជាងហេតុផលរបស់អ្នកប្រាជ្ញទៅទៀត។

រូបភាពពី http://www.kchnews.com

ត្រូវចងចាំថា គ្រប់ពិធីបុណ្យប្រពៃណីផ្សេងៗដែលយើងមើលឃើញ សុទ្ធតែបង្កើតឡើងដោយមនុស្សសាមញ្ញធម្មតា ក្រោយសម័យព្រះពុទ្ធត្រាស់ដឹង។ ពោលគឺ មានរឿងជាច្រើនដែលគេរៀបចំ មិនមែនជាបង្គាប់របស់ព្រះពុទ្ធទេ ប៉ុន្តែគេនិពន្ធវាឡើង ចងក្រងជាគម្ពីរថ្មីមួយទៀត (new version updated) ហើយផ្សារភ្ជាប់ទៅនឹងនាមព្រះពុទ្ធផង អាទិទេពផ្សេងៗក្នុងលទ្ធិព្រលឹងផង (attaching with Buddha and Gods) ដើម្បីឱ្យមនុស្សព្រមជឿតាមដោយឥតរួញរា។ មានឧទាហរណ៍ ដូចជាការប្រឌិតរឿងពីអានិសង្សផ្សេងៗ (ផលនៃកុសលបុណ្យ) ដែលចេញមកពីការព្រមធ្វើរឿងអ្វីមួយ។ ដូចជា បុណ្យកឋិន បានអានិសង្សអ៊ីចេះ បុណ្យពូនភ្នំខ្សាច់ បានអនិសង្សអ៊ីចុះ បុណ្យពុទ្ធាភិសេក បានអនិសង្សបែបនេះ បែបនោះ ទៅតាមការនិទានរឿងរបស់ក្រុមតាអាចារ្យ យាយជី ឬ សូម្បីតែអ្នកបួសក្នុងសាសនាព្រះពុទ្ធខ្លួនឯងនោះដែរ។ ការនិទាន ចេះតែកើតមានឡើងនៅគ្រប់ទិសទី គ្រប់ច្រកល្ហក ពីមួយជំនាន់ ទៅមួយជំនាន់ រហូតវាអាចជ្រួតជ្រាបសព្វសរសៃឈាមរបស់ជនជាតិខ្មែរ ភាគច្រើនលើសលុប។

ខ្ញុំសូមលើកភាពជាក់ស្ដែងទាក់ទងនឹង ការដង្ហែរទៀនព្រះវស្សារទៅប្រគេនលោកនៅវត្ត។ បើយើងវិភាគរកហេតុ គឺសម័យព្រះ មិនទាន់មានអគ្គិសនីបំភ្លឺដូចសម័យនេះទេ ម្ល៉ោះហើយប្រជាពុទ្ធបរិស័ទមូលមតិគ្នា ចាក់ទៀនធំៗជូនព្រះសង្ឃ ដើម្បីព្រះសង្ឃអាចប្រើប្រាស់ដុតបំភ្លឺពេលយប់ងងឹត ក្នុងការសិក្សាធម៌វិន័យ និងសម្រួលការរស់នៅអំឡុងរដូវភ្លៀងដែលលោកចេញទៅណាមិនរួច។ ការដែលសង្ឃមិនអាចចេញដើរខាងក្រៅបាន ហើយត្រូវសម្ងំនៅក្នុងវត្ត ជាពេលដែលសង្ឃត្រូវខំសិក្សារៀនសូត្រ។ ដូច្នេះបើគ្មានអ្វីដុតបំភ្លឺទេ វាងងឹតពពើម ពិបាកក្នុងជីវភាពណាស់។ ហើយដើម្បីលើកទឹកចិត្តមនុស្សឱ្យបំពេញតម្រូវការនេះជូនព្រះសង្ឃ គេចាប់ផ្ដើមនិទានរឿងអានិសង្សនៃការបូជាទៀនវស្សា ថាអ្នកបូជានោះនឹងបានទទួលលទ្ធផលអស្ចារ្យ អ៊ីចេះមួយ អ៊ីចេះពីរ តាមសមត្ថភាពថែមថយល្បោយរបស់គេ។ មនុស្សលោកមានជាប់លោភៈក្រាស់ក្នុងសន្ដាន មិនងាយជម្រះទេ គ្រាន់តែឮថា បរិច្ចាគទៀនដាក់វត្តខែវស្សារនឹងបានអនិសង្សនេះ អានិសង្សនោះ (គេច្រើនពោលបញ្ជោរថា ចាប់ជាតិណាៗ នឹងមានបញ្ញាភ្លឺស្វាងមិនងងឹតល្ងិតល្ងង់ ដោយសារតែពន្លឺទៀនដែលជួយលោកសង្ឃបានរៀនសូត្រ)។

លុះសម័យឥលូវ សួរថា តើព្រះសង្ឃនៅត្រូវការទៀនធំៗវែងៗនោះ ដុតបំភ្លឺទៀតទេ? គ្រប់វត្តអារាម ជាពិសេសវត្តនៅទីក្រុង ក្នុងទីប្រជុំជនខេត្តស្រុកនានា សុទ្ធតែមានតអំពូលអគ្គិសនី មានតខ្សែភ្លើង សព្វគ្រប់អស់ហើយ។ បើតម្រូវការពិតរបស់សង្ឃ គឺជាការបំភ្លឺពេលយប់ ហេតុអ្វីក៏មិននាំគ្នាឧបត្ថម្ភនូវសម្ភារៈដែលអាចជំរុញដល់ការបំភ្លឺបែបទំនើបវិញ? ឧទាហរណ៍ ដូចជា ម៉ាស៊ីនភ្លើង ប្រេងចាក់ម៉ាស៊ីនភ្លើង បន្ទះសូឡាដើរដោយពន្លឺព្រះអាទិត្យ ឬ បង្កើតកញ្ចប់ថវិកាបង់ថ្លៃអគ្គិសនីជូនវត្តតែម្ដងទៅ ទើបវាឆ្លើយតបនឹងតម្រូវការជាក់ស្ដែង។ បុណ្យអាចកើតឡើងបាន លុះត្រាតែអ្នកធ្វើទាន អាចបំពេញតម្រូវការអ្នកទទួល។ បើឱ្យអ្វីទៅគេហើយ គេប្រើមិនកើត វានឹងក្លាយជារឿងឥតប្រយោជន៍ ខាតពេលវេលា ខាតលុយ ហើយធ្វើឱ្យមនុស្សរឹតតែល្ងង់ទៅៗជាលំដាប់។ ក្នុងបរិបទនេះ និយាយដល់រឿងទៀនវស្សារ ដោយសារតែជឿលើអានិសង្សដែលគេនិទាន មនុស្សនាំគ្នាភ្លូកទឹកភ្លូកដី ដង្ហែរទៀនទៅដាក់វត្ត រហូតវត្តខ្លះជោរជន់ទៀនយកទៅណាមិនអស់ ត្រូវបង្ខំចិត្តបង្វិលចូលទៅក្នុងទីផ្សារវិញក្នុងតម្លៃថោកៗទៀតផង។

រូបភាពពី សារព័ត៌មាន នគរវត្ត (nokorwatnews.com)

ត្រង់ចំណុចនេះ តើតួបុណ្យពិតវានៅឯណា? បើឱ្យរកចំណុចគុណសម្បត្តិ ខ្ញុំថា វាមានដែរ គឺបានថែរក្សាប្រពៃណីវប្បធម៌ខ្មែរ ដែលជាព្រលឹងជាតិកម្ពុជា ហើយរូបភាព សកម្មភាពទាំងនោះ នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យចង់មកទស្សនាដោយផ្ទាល់។ មានន័យថា សកម្មភាពធ្វើបុណ្យក្លាយទៅជាឈុតឆាកសិល្បៈសម្ដែង ដើម្បីទាក់ទាញអ្នកទស្សនាដែលមិនធ្លាប់ឃើញ។ ដូច្នេះ សូមញែកគ្នាឱ្យដាច់រវាង ពាក្យថា “ការធ្វើបុណ្យ” និង “ការថែរក្សាវប្បធម៌”។

មានរឿងផ្សេងទៀតជាច្រើនដែលជនជាតិខ្មែរ នៅតែបន្តថែរក្សា បើទោះបីជាវាមិនបានឆ្លើយតប ប្រកបដោយហេតុនិងផលក៏ដោយ។ គេបង្ខំឱ្យក្មេងជំនាន់ក្រោយព្រមជឿ ប៉ុន្តែគេមិនបកស្រាយពីចេតនានៃសកម្មភាពទេ ហើយបើគេបកស្រាយ ក៏បំណកស្រាយទាំងនោះវានៅឆ្ងាយហួសនិស្ស័យនឹងមើលឃើញ ចាប់បាន ជាពិសេសគឺរឿងអនាគតជាតិ និង រឿងអតីតជាតិ។ បើគ្រប់គ្នាបកស្រាយតែរឿងបច្ចុប្បន្នកាល ខ្ញុំថា ប្រហែលប្រពៃណីទាំងនោះអាចរលាយតែម្ដង ព្រោះម្នាក់ៗមានភ័ស្តុតាងសម្អាងដើម្បីប្រយុទ្ធប្រឆាំងតវាគ្នាស្វែងរកសច្ចធម៌ពិត។ ដល់តែលើកថា គេមានបាន ព្រោះបុណ្យគេពីអតីតជាតិ អ្នកឯងក្រព្រោះបាបពីអតីតជាតិ។ ចូរខំសាងបុណ្យ ដើម្បីចាប់ជាតិថ្មី វានឹងបានទៅជាយ៉ាងនេះមួយ យ៉ាងនោះមួយ ។ល។ គឺធ្វើឱ្យមនុស្សងងឹតទៅៗ រំដោះខ្លួនចេញមិនផុតពីរណ្ដៅទុក្ខវេទនា។ សូម្បីតែពាក្យថាសាងបុណ្យនោះទៀតសោត ក៏ជនជាតិខ្មែរនៅតែមិនទាន់យល់ច្បាស់នៅឡើយផង។

ឈានចេញពីការជឿទាំងផ្កាប់មុខហើយ បុថុជ្ជនដែលនៅក្នុងខ្លួន ពោរពេញដោយកិលេស តណ្ហា ក្រាស់ឃ្មឹកស្រាប់ផងនោះ បែរជា បង្វែរពិធីបុណ្យ ឱ្យក្លាយជា កម្មវិធីវិនិយោគបុណ្យ គឺធ្វើបុណ្យកត់បញ្ជីស្នាមច្បាស់លាស់ ហើយទូទាត់បញ្ជី រវាងគ្នា និងគ្នាទៅវិញទៅមកប្រកបដោយចិត្តលោភៈ។

បច្ចុប្បន្ន នៅស្រុកខ្មែរ មនុស្សនាំគ្នាបង្កើតកម្មវិធីចាប់ជំរិតគ្នាទៅវិញទៅមក ម្ដងម្នាក់ ដោយយកពាក្យថាធ្វើបុណ្យជារបាំងមុខ។ ឧទាហរណ៍ ជាក់ស្ដែង បើមានម្នាក់ណានោះធ្វើបុណ្យខួបគម្រប់ មរណៈ១ឆ្នាំរបស់ម្ដាយខ្លួន គេក៏នឹងបោះពុម្ពលិខិតអញ្ជើញ ដើម្បីកៀរគរ អ្នកផ្សេងៗទៀត ឱ្យមករួមពិធីនឹងខ្លួនដែរ។ ចេតនា ដ៏ពិតប្រាកដរបស់ម្ចាស់កម្មវិធីនោះ (ភាគច្រើន) មិនមែនគ្រាន់តែចង់ឧទ្ទិសជូនវិញ្ញាណក្ខន្ធម្ដាយដែលស្លាប់ពីឆ្នាំមុនទេ ប៉ុន្តែភ័យព្រួយបារម្ភ ក្រែងខ្លួនឯងដែលជាអ្នកខំរៀបចំពិធីបាក់មុខបាក់មាត់ បើសិនជាមិនសូវមានភ្ញៀវច្រើនមកចូលរួមក្នុងរោងបុណ្យ ខ្លាចគេនិយាយដើមថាមានទ្រព្យប៉ុណ្ណឹងដែរ មិនហ៊ានធ្វើឱ្យធំដុំ។ បំណងមួយទៀត ដ៏ពោរពេញដោយកិលេស គឺប្រាថ្នាចង់បានលុយកាក់របស់ភ្ញៀវដើម្បីសម្រួលដល់លទ្ធភាពចំណាយក្នុងពិធីបុណ្យផ្ទាល់ខ្លួនឯង។ ហើយហេតុផល ដែលពិបាកប្រកែក គឺ ការសងបំណុលគ្នា។ បំណុលនៅទីនេះ គឺជាលុយកាក់ ដែលម្ចាស់ដើមបុណ្យ ធ្លាប់បានដើរចូលបុណ្យ ឬ ស៊ីការចងដៃ ឬធ្លាប់លះបង់ក្នុងពិធីផ្សេងៗរបស់អ្នកនេះ អ្នកនោះ កន្លងមក។ ម្ល៉ោះហើយ ភ្ញៀវដែលដឹងថាខ្លួនធ្លាប់ជាប់ជំពាក់ នឹងមិនហ៊ានខកខានទេ។ បើទោះបីជាគេរវល់ខ្លាំង ឆ្លៀតពេលបង្ហាញវត្តមានក្នុងរោងពិធីមិនកើត ក៏គេនៅតែផ្ញើលុយកាក់តាមមធ្យោបាយផ្សេងៗ ដើម្បីបានបង្ហាញឈ្មោះក្នុងបញ្ជីកត់ត្រា របស់ម្ចាស់ដើមបុណ្យដែរ។ ត្រង់នេះហើយ ដែលខ្ញុំហ៊ាននិយាយថា មនុស្សចាប់ជំរិតគ្នាទៅវិញទៅមក ដោយពាក់ស្រោមសីលធម៌ក្លែងក្លាយទាំងអស់គ្នា រៀបឫកប្រកបដោយពុតត្បុតទាំងអស់គ្នា ដើម្បីកំដរគ្នារស់នៅក្នុងសង្គមបុណ្យក្លែងក្លាយទាំងអស់គ្នា។

រូបភាពពី មង្គលបុប្ផា – Mongkul Bopha

ទាញចេញពីការឆ្កឹះបង្ហាញខាងលើនេះ សួរថា ចំណុចត្រង់ណាដែលហៅថាជាបុណ្យពិត? វាស្ទើរតែគ្មានសោះ បើយើងពិចារណាធៀបនឹងសច្ចធម៌។ បើសិនជាគេអាចប្រមូលលុយបានពីមនុស្ស (ភ្ញៀវ) ចំនួន ១០០នាក់ ដែលស្មើនឹងទឹកប្រាក់ ១០០០ ដុល្លារ វាមានន័យថា គេបានចាប់ជំរិតមនុស្សបានលុយ ១០០០ ដុល្លារ មិនមែនបានបំពេញកុសលបុណ្យ ១០០០ដុល្លារទេ។ ហេតុអី? ព្រោះមនុស្សទាំង ១០០នាក់នោះ មិនបានតាំងចិត្តចូលដោយអំណាចសិទ្ធាជ្រះថ្លា មេត្តា ករុណា ឡើយ។ គឺគេចូលដោយភាពទើសទាល់ ឬហៅម្យ៉ាងទៀតថា ទុកមុខរាប់អានគ្នា។ ខ្លះចូលព្រោះជំពាក់គ្នាមកពីមុន ដោយខ្លួនឯងក៏ធ្លាប់បានប្រតិបត្តិពិធីដូចគ្នាអ៊ីចឹងដែរ។ ខ្លះចូលបុណ្យដោយសារចង់បានឈ្មោះឱ្យគេស្គាល់ គេឃើញ នឹងអាចទទួលលាភសក្ការៈផ្សេងៗក្នុងជីវិតផ្ទាល់ខ្លួនទៅថ្ងៃក្រោយ។ និងមានហេតុផលជាច្រើនទៀត ដែលវាមិនទាក់ទងនឹងសិទ្ធាជ្រះថ្លាបរិសុទ្ធទាល់តែសោះ។

អ្នកខ្លះទៀត ខំធ្វើបុណ្យកឋិន អស់លុយកាក់សន្ធឹក ប៉ុន្តែបែរជារកប្រយោជន៍ទៅបំពេញជូនតម្រូវការព្រះសង្ឃស្ទើរតែគ្មាន។ ឧបមាថា គេចាយលុយ ២ម៉ឺនដុល្លារ (គិតជាមធ្យមសម្រាប់អ្នកជីវភាពមធ្យមនៅទីក្រុង) ដើម្បីរៀបចំបុណ្យកឋិនមួយដង។ គេត្រូវចាយវាយលើសេវា សង់រោង តុបតែងរោង តុបតែងផ្ទះ ជួលតុចិន ម្ហូបចិន ដើម្បីទទួលភ្ញៀវ៣យប់ ៣ថ្ងៃ។ កាត់សម្លៀកបំពាក់ថ្មីៗស្រស់ស្អាត មានអាវប៉ាក់ ហូលផាមួងល្អឆើតឆាយ។ ជួលសេវាជាងថតរូប ថតវិដេអូ ក្រុមភ្លេងរាំឆៃយ៉ាំ លុយធីបក្នុងស្រោមសំបុត្រ (គេនិយមហៅបច្ច័យៗ) សម្រាប់ប្រគេនលោកសង្ឃសូត្រមន្តប្រោះព្រំសិរីសួស្ដីប្រចាំថ្ងៃ លុយធីបជូនអាចារ្យ យាយជី…។ល។ ក្រៅពីនោះ គេត្រូវទិញសម្ភារៈផ្សេងៗទៅតាមជំនឿតៗគ្នា ថា របស់អ្វីដែលគេតែងតែដឹកទៅវត្ត ដើម្បីក្រាលគ្រងកឋិនទាន។

រូបភាពពី http://www.btbnews.tv

ឆ្លងតាមរយៈបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ ក្នុងការសាកសួរព្រះសង្ឃជាច្រើន ពីបណ្ដារវត្តនានានៅកម្ពុជា សង្ឃស្ទើរទាំងអស់ឆ្លើយប្រាប់ដោយត្រង់ពីបញ្ហានេះ។ ពេលគេហែរកឋិនចូលមកម្ដងៗ មើលទៅអ៊ឹកធឹក កងរំពង ក្ដុងក្ដាំងសម្បើមណាស់ ដូចជាអស្ចារ្យណាស់ ប៉ុន្តែទីបំផុតទៅ រកអ្វីជាប្រយោជន៍ស្ទើរមិនបាន។ ត្រៃចីវរ ដែលគេទូលលើក្បាលហែរចូល ស្អាតស្រស់ឆើតឆាយ រំលេចដោយ ផ្កាភ្ញី ចងបូររណេងរណោង ជាទីគយគន់ពេកក្រៃកន្លង។ អ្នកទូលនោះទៀតសោត ទម្រាំតែបានយកចូលព្រះវិហារ គឺថាថតរូបរាប់ម៉ោងមិនងាយស្កប់ស្កល់។ គេហាក់ដូចជាយកពិធីបុណ្យកឋិនទាននោះ សម្រាប់ថតវិដេអូឯកសារសម្ដែងបុណ្យទុកអួតគ្នា ជាជាងខ្វល់ពីព្រះសង្ឃ។ គេខ្វល់ពីអានិសង្សបុណ្យ គេគិតតែរឿងថាបានប៉ុន្មានវត្តហើយ ចំណែកត្រង់ថា តើលោកសង្ឃបានបំពេញតម្រូវការហើយឬនៅនោះ កម្រមានអ្នកខ្វល់ណាស់។ ដូចរឿងត្រៃចីវរដែលលើកពីល្បះមុននោះអ៊ីចឹង លុះហែកចេញមក វាគ្រាន់តែជាសំពត់លឿងសម្រាប់ព្រះសង្ឃស្លៀកទេតើ ហើយតម្លៃរបស់វា ប្រហែលជាមិនថ្លៃដល់សម្ភារៈតុបតែងពីខាងក្រៅផង។ ភាសាអ្នកស្រុក និយាយអាក្រក់ស្ដាប់ គេហៅថា ល្អមើលតែមិនល្អស៊ី។ បើនិយាយពីសម្ភារៈផ្សេងទៀត មានសភាពអាក្រក់ច្រើនណាស់។ ឧទាហរណ៍ដូចជា ថ្នាំពេទ្យហួសដឺឡេ គ្រឿងចាប់ហួយខូចគុណភាព កំសៀវ ឆ្នាំង ចានក្បាន ដែលមានគុណភាពអន់ៗ ជាដើម។ របស់ភាគច្រើន ស្អាតតែថង់ដែលគេខ្ចប់ទេ តែអាខាងក្នុងវិញ ឃើញហើយហួសចិត្តណាស់ ប៉ុន្តែយើងមិនអាចទៅរអ៊ូរទាំកើត ព្រោះជារបស់គេឱ្យ។ ម្យ៉ាងទៀត អ្នកបួសក្នុងពុទ្ធសាសនា ប្រៀបដូចអ្នកសូមទានអ៊ីចឹង រស់ដោយសិទ្ធារបស់អ្នកដទៃ។ បើគេឱ្យក៏បាន បើគេមិនឱ្យគឺអត់ ដល់អ៊ីចឹងទៅ លោកសង្ឃជាច្រើន បែកគំនិតទៅរៀនសូត្របាលី ធ្វើពិធីកម្មផ្សេងៗ ដើម្បីទាក់ម៉ូយស្រោចទឹក រំដោះគ្រោះ លើករាសី ជាថ្នូរនឹងបច្ច័យជាលុយកាក់ ដើម្បីចិញ្ចឹមជីវិតជំនួសវិញ។

រូបភាពពី http://www.pixers.us

ការពិតពីក្រោយជីវិតសាងផ្នួសរបស់សង្ឃភាគច្រើន មិនមែនបណ្ដាលពីសិទ្ធាជ្រះថ្លាដ៏បរិសុទ្ធចិត្តទេ គឺបណ្ដាលមកពីជីវភាពក្រីក្រ គ្មានទីស្នាក់អាស្រ័យ ម្លោះហើយភាពក្រ បានធ្វើឱ្យសង្ឃជាច្រើនទៅជាវង្វេង ច្រលំបាលីអាគមអូមអាម វិជ្ជាធ្មប់ដែលព្រះហាមរៀននោះថាជាធម៌ទៅវិញ។ ហើយពុទ្ធបរិស័ទនោះទៀតសោត ក៏ល្ងិតល្ងង់តាម ទៅវត្ត មិនមែនចង់ទៅយល់ដឹងពីធម៌ពិតទេ ទៅវត្តដើម្បីទៅស្រោចទឹក កាត់គ្រោះ ដើម្បីទៅរកព្រះសង្ឃគន់គូរជើងលេខទស្សន៍ទាយជោគជតា ទៅវត្តដើម្បីដឹកឡានថ្មីទៅប្រោះទឹកមន្ត ទោវត្តដើម្បីសូមយន្ត័គាថាទុកយកមករកស៊ី។ អ្នកខ្លះទៅវត្តព្រោះតែវត្តនោះមានផ្នូរម្ដាយឳពុកខ្លួនឯង មិនមែនចង់ទៅជួយព្រះសង្ឃដោយចិត្តស្មោះឯណា។ គិតៗទៅ ព្រះសង្ឃដូចរស់នឹងផ្នូរខ្មោចម្ដាយឳពុកគេទៅវិញ បើគេមិនយល់សប្ដិឃើញម៉ែគេឳគេ ប្រហែលជាលោកដាច់ចង្ហាន់ក៏ថាបាន។ ពិពណ៌នាមិនអស់ទេរឿងរ៉ាវ ចាក់ស្រែះ កណ្ដាញ់ចុក ស្ទើរគ្មានមុខស្រាយនេះ ព្រោះបញ្ហាកើតឡើងគ្រប់រូបភាព ហើយរឿងភាគច្រើនពិបាកនិយាយជាសាធារណៈ។ វាដូចរឿងកឋិនហ្នឹងអ៊ីចឹង បើមានគេសួរគាត់ថា ធ្វើបុណ្យអស់ប៉ុន្មាន? គាត់ច្បាស់ជាឆ្លើយថា ធ្វើអស់ ២ម៉ឺនដុល្លារមិនខាន ប៉ុន្តែធាតុពិត ស្ទើរតែរកសិទ្ធាបុណ្យគ្មានសោះ។ និយាយនេះ មិនទាន់រាប់បញ្ចូលរឿងម្ចាស់កឋិនដែល ដើរហៅគេហៅឯងពេញភូមិនៅឡើយផង។ កាលសម័យព្រះ ប្រហែលជារឿងផ្សេង ប៉ុន្តែសម័យនេះ ខ្ញុំហ៊ានថា អ្នកទៅចូលរួមភាគច្រើន គឺទៅទូទាត់បំណុលជំពាក់គ្នា និងមួយចំនួនទៀត ចង់ទៅទេសចរនៅវត្ត បើសិនជាវត្តនោះនៅតំបន់ដែលគេមិនទាន់ស្គាល់។

រូបភាពពី http://www.khmercreative.net

ខ្ញុំសូមចូលមកក្នុងប្រធានបទវិញ ថា “ហេតុអ្វីបានជាមនុស្សខំប្រឹងធ្វើបុណ្យច្រើនហើយ នៅតែជួបទុក្ខលំបាកទៀត?” ឆ្លងតាមការបកស្រាយត្រួសៗខាងលើនេះ យើងអាចឆ្លើយថា “ព្រោះមនុស្សមិនស្គាល់ថាអ្វីជាបុណ្យ”។ ការដែលមិនស្គាល់បុណ្យ ក៏នាំគ្នាច្រលំថាខ្លួនខំធ្វើបុណ្យទៅវិញ ដែលតាមការពិត ក្រៅពីមិនបានបុណ្យហើយ ហេងស៊យអាចបានបាបមកត្រួតពីលើវិញក៏ថាបាន អាស្រ័យលើកម្រិត មិច្ឆាទិដ្ឋិ របស់ជននោះម្នាក់ៗ។ ឧទាហរណ៍ពីរបីរឿងខាងលើ វាមិនទាន់គ្រប់សេចក្ដី ដើម្បីអ្នកអានបានអស់ចិត្តនៅឡើយទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏អត្ថបទខ្លីមួយនេះ គួរតែជាប្រទីបបំភ្លឺដល់មនុស្សខ្មែរ កំពុងរស់ក្នុងសង្គមខ្មែរ ងាកមកពិចារណាម្ដងទៀតទាក់ទងនឹងរឿងបុណ្យបាប។ ហើយចែកគ្នាបានដាច់ច្បាស់លាស់ រវាង “បុណ្យ” ដែលចេញពីកុសលចិត្តដ៏ពិតប្រាកដ និង “ពិធីបុណ្យ” ដែលនាំគ្នាធ្វើដើម្បីបង្អួតគ្នាទៅវិញទៅមក ដើម្បីចាប់ជំរិតគ្នាទៅវិញទៅមក សងសឹកគ្នាទៅវិញទៅមក ។ល។

“បុណ្យ” បារមី ដែលអាចយិតយោងមនុស្សបាន មិនមានលាយឡំដោយពាក្យថា “អានិសង្ស” ទេ។ មិនមានការប្រាថ្នាថាសូមឱ្យអាត្មាអញបានទៅជាយ៉ាងនេះឬយ៉ាងនោះទេ។ ការលះបង់ទានដល់អ្នកដទៃហើយ ប៉ងប្រាថ្នាឱ្យគេជូនពរជ័យ ប៉ងឱ្យគេលើកសរសើរ ប៉ងឱ្យគេរំលេចឈ្មោះ រំលេចទឹកលុយ ឬ អ្វីផ្សេងៗដែលញាំងឱកើតកិលេស សុទ្ធតែមិនមែនជាបុណ្យបារមីឡើយ។ អ្នកខំសាងនឹងទទួលផលដូចដែលគេបានប៉ងប្រាថ្នាក៏ពិតមែន ប៉ុន្តែពួកគេចេញមិនផុតពីអន្លង់ទុក្ខសោកឡើយ។

រូបភាពពី http://www.pinterest.com

____________

លឹម វិរិយា (មនុស្សដែលគិតខុសពីគេក្នុងសង្គម)