Tag Archives: អក្សរសីល្ប៍

ដើម្បីក្លាយជាអ្នកនិពន្ធ

Viriya Lim

ខ្ញុំមិនទាន់បានក្លាយជាអ្នកនិពន្ធនៅឡើយទេ បើទោះបីជាខ្ញុំឆ្កួតវង្វេងនឹងការសរសេរជារៀងរាល់ថ្ងៃក៏ដោយ។ ខ្ញុំក៏មិនដែលបានស្វះស្វែងរកគ្រូបង្រៀនតែងនិពន្ធផងទេ ប៉ុន្តែជារឿយៗ ខ្ញុំស្រាវជ្រាវពីភាពជាអ្នកនិពន្ធ និង រឿងរ៉ាវផ្សេងៗទាក់ទិននឹងការបោះពុម្ពផ្សាយសៀវភៅ។

ខ្ញុំធ្លាប់បានសាកសួរ មនុស្សចំនួន៣នាក់ ថា “តើនរណាជាអ្នកនិពន្ធដែលមានស្នាដៃល្អជាងគេ ល្បីជាងគេនាពេលបច្ចុប្បន្ន?” មនុស្ស៣នាក់ដែលខ្ញុំបានសួរ សុទ្ធតែផ្ដល់ចម្លើយមកដូចៗគ្នា គឺ “ម៉ីសន សុធារី”។ Viriya Lim - Meysan Sotheary

និយាយដោយត្រង់ទៅចុះ ខ្ញុំមិនធ្លាប់ដែលស្គាល់ឬសូម្បីតែឮឈ្មោះរបស់គាត់ពីមុនមកសោះ។ ប្រហែលបណ្ដាលមកពីខ្ញុំមិនសូវចាប់ភ្លឹក ចងចាំឈ្មោះអ្នកនិពន្ធពេលអានអត្ថបទអប់រំផ្សេងៗក្នុងអ៊ីនធើណិត ម្យ៉ាងទៀត ខ្ញុំមិនចូលចិត្តអានប្រលោមលោកប្រតិដ្ឋ ដែលភាគច្រើនបងសុធារី ជាអ្នកនិពន្ធប្រលោមលោក។

ក្រោយពេលស៊ើបសួរដឹងឈ្មោះរួចហើយ ខ្ញុំក៏បានស្វែងរកគាត់ឃើញក្នុងបណ្ដាញសង្គម ហ្វេសប៊ុគ។ ក្រោយភ្ជាប់ទំនាក់ទំនងរួច ទើបខ្ញុំផ្ដើមកត់សម្គាល់ឃើញថា រវាងគាត់និងខ្ញុំ តាមពិតស្ថិតក្នុងសង្គមស្រដៀងៗគ្នា និងមានមិត្តភក្ដិរួមគ្នាច្រើន។  ខ្ញុំជួបគាត់លើកទី១ គឺការអង្គុយរួមតុ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍មិត្តភក្ដិ និង លើកទី២ ក្នុងថ្ងៃសម្ពោធសៀវភៅប្រលោមលោកស៊ើបអង្កេត រឿង “ស្ទីឌីយោលេខ៧” ដែលគាត់បានអញ្ជើញខ្ញុំដោយផ្ទាល់។

និយាយបញ្ច្រាសទៅលើវិញបន្តិច គឺមុនពេលដែលខ្ញុំបានទៅជួបគាត់នៅហាងកាហ្វេម្ដុំបឹងកេងកង ក្នុងពិធីសម្ពោធសៀវភៅនោះ ខ្ញុំធ្លាប់បានសាកល្បងទៅបណ្ណាគារពីរបីកន្លែងល្បីៗនៅភ្នំពេញ គោលបំណងដើម្បីទៅ ស្វែងរកសៀវភៅ ដែលមានចំណងជើងថា “ទម្រាំក្លាយជាអ្នកនិពន្ធ”  ដែលជាសៀវភៅ ខ្ញុំឃើញគេផ្សាយតាមអ៊ីនធើណិត តែរកមិនប្រទះសោះ។ ខ្ញុំមិនចង់បញ្ជាទិញសៀវភៅត្រឹម១ក្បាល ហើយរំខានគេឲ្យដឹកយកមកឲ្យខ្ញុំដល់ផ្ទះនោះទេ បើទោះជាធ្វើរឿងនោះមែន ក៏ខ្ញុំគេចមិនផុតពីការឲ្យលុយធីបអ្នកដឹកនោះបន្ថែមជាច្រើនដែរ។  ប៉ុន្តែនៅទីបំផុត ខ្ញុំអាចទិញវាបាននៅថ្ងៃសន្និសីទកាសែត និងសម្ពោធសៀវភៅរឿងប្រលោមលោកស៊ើបអង្កេតរបស់គាត់ នៅថ្ងៃទី ១៨ ខែសីហា ២០១៩ ដែលរៀបចំឡើងដោយក្រុម “តម្រា”។ ខ្ញុំទិញយកគ្រប់រឿង មួយមុខមួយក្បាល សម្រាប់អានពេលឆ្លៀតបាន។ ខ្ញុំមិនដែលមានពេលទំនេរសម្រាប់អានសៀវភៅទេ ប៉ុន្តែខ្ញុំតែងតែឆ្លៀតពេលអានសៀវភៅ ហើយពេលដែលល្អឥតខ្ចោះរបស់ខ្ញុំក្នុងការអាន គឺពេលធ្វើដំណើរ។

Viriya Lim 2019 (5)

ម្សិលមិញក្នុងអំឡុងពេលធ្វើដំណើរចេញពីផ្ទះ មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមដំណក់ភ្លៀងនៃជំនោរភទ្របទ វេលាម៉ោង៥ល្ងាចទៅហើយ ចរាចរណ៍នៅតាមដងផ្លូវស្ទះគ្រប់ខ្សែទាំងអស់។ តៃកុងឡានតាក់ស៊ី បើកបណ្ដើររអ៊ូរទាំបណ្ដើរទាំងមិនចេះខ្ជិល។ ខ្ញុំឥតខ្វល់យកចិត្តទុកដាក់នឹងគាត់ទេ ព្រោះខ្ញុំមានសៀវភៅតូចមួយនៅក្នុងដៃ សម្រាប់ kill time (បន្លប់ពេលវេលា កុំឲ្យធុញ)។ សៀវភៅនោះតូចល្មម កាន់ដៃម្ខាងបានយ៉ាងពេញលេញ និងស្រាលស្រទន់ ងាយអាន។ ខ្ញុំចាប់ផ្ដើមបង្កើតផែនការក្នុងខួរក្បាលទៅរប៉ុយៗ ថាបើនឹងបោះពុម្ពសៀវភៅ ត្រូវតែធ្វើឲ្យអ្នកអានងាយដាក់តាមខ្លួន ស្រួលកាន់ ស្រួលអាន អ៊ីចឹងដែរ។

ពីផ្ទះដល់ព្រលានយន្តហោះ ខ្ញុំអានបានពាក់កណ្ដាល  រយៈពេលរង់ចាំនៅក្នុងព្រលាន និងរយៈពេលហោះហើរមួយម៉ោងមកសៀមរាប ខ្ញុំបានបញ្ចប់វាល្មម។ ខ្ញុំបានរកឃើញខ្លួនឯងច្បាស់នៅក្នុងសៀវភៅមួយនេះ “ទម្រាំក្លាយជាអ្នកនិពន្ធ” ដោយ “ម៉ីសន សុធារី”។ ពីដើមដល់ចប់ បងសុធារី មានល្បោយសម្ដីស្រដៀងនឹងខ្ញុំច្រើនមែនទែន។ ទាំងគំនិតអប់រំ និងសិល្បៈចែករំលែកតាមរយៈអត្ថបទសរសេរ។ ថ្វីត្បិតតែគាត់ជាអ្នកនិពន្ធជើងចាស់ ដែលបានប្រលូកគ្រប់បទនិពន្ធ រួមមានតាំងពី ល្ខោនវិទ្យុ ល្ខោនទូរទស្សន៍ រឿងខ្លី រឿងវែង រឿងភាគ ។ល។ ថែមទាំងការងារក្រោយឆាកសម្ដែងផ្សេងៗផងនោះ  គាត់បាននាំខ្ញុំឱ្យស្លុងចូលទៅក្នុងមេរៀននៃភាពជាអ្នកដឹកនាំដ៏អស្ចារ្យ ដែលកន្លងមកខ្ញុំនៅស្រពេចស្រពិល ហើយមិនដែលហ៊ានសួរគេ។

ខ្ញុំលបគិតស្មានៗថា ប្រហែលជាមានតែខ្ញុំនេះហើយ ជាមនុស្សខ្ជិល ដែលនិពន្ធរឿងមិនដែលចប់ចុងចប់ដើម ហើយយកជាការអីមិនកើត។ តាមពិត ស្ថិតិពិត អ្នកនិពន្ធភាគច្រើន មានអត្តចរិតបែបនេះមែន។ ដូច្នេះហើយ ទើបបានជា ក្នុងវិស័យតែងនិពន្ធនៅកម្ពុជា យើងកម្រប្រទះឃើញសៀវភៅដែលចេញមកពីការច្នៃប្រតិដ្ឋថ្មី។ សៀវភៅភាគច្រើនដែលខ្ញុំរកឃើញក្នុងបណ្ណាគារ សុទ្ធតែសៀវភៅបកប្រែពីបរទេស និងសៀវភៅបែបរៀបរៀង កាត់ត កាត់ផ្គុំ ដែលវាហាក់ដូចជាគ្មានតម្លៃអ្វីសោះសម្រាប់ឈ្មោះថាអ្នកនិពន្ធ។

Viriya Lim 2019 (4)

បញ្ចប់អំណានសៀវភៅមួយនេះ ខ្ញុំអាចទូទាត់ចម្ងល់ជាមួយខ្លួនឯងក្នុងចំណុច ៣ធំៗ៖

ទី១ អ្នកនិពន្ធ ត្រូវតែសរសេរដោយខ្លួនឯងផ្ទាល់

បើយើងយកលុយទៅជួលគេសរសេរ ហើយដាក់ឈ្មោះខ្លួនឯងថាអ្នកនិពន្ធ ដូច្នេះនរណាៗក៏អាចក្លាយជាអ្នកនិពន្ធបានដែរ ព្រោះងារមួយនេះ អាចទិញបានដោយលុយ។ ប្រហែលជាករណីនេះ មានច្រើនមើលទៅ ទើបបងសុធារី លើកវាឡើងមក។

ទី២ អ្នកនិពន្ធ ដែលសរសេរសៀវភៅតែ១ក្បាល ហើយសម្រាកជារៀងរហូត មិនខុសគ្នាពីអ្នកចម្រៀង ដែលច្រៀងតែ១បទ ហើយឈប់

ដូច្នេះ មិនបាច់ពន្យល់វែងឆ្ងាយទេ អ្នកអានច្បាស់ជាយល់ដោយខ្លួនឯង។

ទី៣ ដើម្បីក្លាយជាអ្នកនិពន្ធ  ក្រៅពីមានទេពកោសល្យដែលបានពីការហ្វឹកហាត់សរសេរជាប្រចាំហើយ គេត្រូវមានវិន័យយ៉ាងតឹងតែងចំពោះខ្លួនឯង ទើបអាចបង្កើតសមិទ្ធិផល ឱ្យអ្នកដទៃរំភើបជាមួយ។ ខ្ញុំសូមគោរពកោតសរសើរដែល បងសុធារី តែងតែដាក់ម៉ោងដាស់ពីដំណេកវេលា ៤ទៀបភ្លឺរាល់ថ្ងៃ ហើយកំណត់ទំព័រដែលត្រូវសរសេរឱ្យបានគ្រប់ចំនួន។  ខ្ញុំមិនដែលដាក់វិន័យខ្លួនឯងធ្ងន់ដល់ម្លឹងសោះ! អីចឹងហើយ ទើបមិនអាចចេញជាអ្វីឱ្យយកជាការណ៍បាន។

សៀវភៅមួយក្បាលនេះ គាត់បាន រៀបរាប់ច្រើនតាំងពី A ដល់ Z គ្រាន់តែថា៣ចំណុចដែលខ្ញុំលើកមកបញ្ជាក់នេះ វាជាកូនសោរ សម្រាប់ខ្ញុំឈានឆ្ពោះទៅវិថីជាអ្នកនិពន្ធដ៏ពេញលេញ នៅថ្ងៃអនាគត។  សម្រាប់អ្នកដែលស្រឡាញ់វិស័យតែងនិពន្ធ ហើយមានបំណងបញ្ចេញស្នាដៃ គួរតែរកអានសៀវភៅមួយនេះ ដើម្បីជាអំពូលបំភ្លឺ ភាពស្មុគ្រស្មាញផ្លូវចិត្ត និងស្មារតី ដែលកន្លងមក តឹងតែង គិតមិនចេញ ហើយរកចំណុចចាប់ផ្ដើមមិនឃើញ ឬ រកឃើញហើយ វង្វេងកណ្ដាលផ្លូវ មិនដល់គោលដៅ។

សូមអរគុណ អ្នកនិពន្ធដ៏មហិមា “ម៉ីសន សុធារី” សម្រាប់ការចែករំលែកមួយនេះ។  បើទោះបីជាសៀវភៅនេះ បងស្រី បោះពុម្ពលក់យកលុយ ក៏ពិតមែន ប៉ុន្តែគុណតម្លៃពិតនៃសៀវភៅនេះ វាថ្លៃលើសពីការចំណាយរបស់ខ្ញុំរាប់រយដង។

លឹម វិរិយា🌸

២២ កញ្ញា ២០១៩