
គ្រប់ពេលដែលខ្ញុំធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ហានិភ័យនៃការរស់រានមានជីវិតរបស់ខ្ញុំ គឺនៅសល់តែ ៥០% ប៉ុណ្ណោះ។ ការប្រុងប្រយ័ត្ន មិនមែន ត្រឹមតែគោរពច្បាប់ចរាចរណ៍តែម្យ៉ាងនោះទេ ប៉ុន្តែត្រូវប្រុងស្មារតីក្នុងការគេចចេញឱ្យបានលឿនរហ័សពីអ្នកបើកបរផ្សេងដែលធ្វេសប្រហែស។ អ្នកទាំងនោះ ប្រហែលជាបើកបរដោយភាពស្រវឹងជោកជាំ ដែលបណ្ដាលពីឥទ្ធិពលស្រា ឬថ្នាំញៀន។ ពេលឆ្លងភ្លើងបៃតងម្ដងៗ ក៏ត្រូវតែប្រយ័ត្ន ព្រោះថាពេលខ្លះ មានអ្នកមកកាត់ទទឹងផ្លូវដែលមិនគោរពភ្លើងសញ្ញា។ ពេលឆ្លងផ្លូវបំបែកម្ដងៗ សុខចិត្តធ្វើជាអ្នកចាញ់រហូត រង់ចាំឱ្យអ្នកព្រហើនកោងកាច បានចេញទៅមុនអស់។
ដោយសារតែហេតុនេះហើយ ទើបខ្ញុំមិនដែលហ៊ានបណ្ដោយកូនៗបើកបរម៉ូតូកង់ខ្លួនឯងនៅលើដងផ្លូវនៅក្នុងស្រុកខ្មែរទេ បើទោះជាពួកគេធំៗអស់ទៅហើយក្ដី។ ខ្ញុំជូនកូនដោយផ្ទាល់តាំងពីតូចដល់ធំពេញវ័យ រហូតដល់អ្នផងពេបជ្រាយថាថ្នមកូនហួសហេតុពេក។ មិនមែនខ្ញុំមិនហត់នឿយទេ ប៉ុន្តែព្រោះក្ដីបារម្ភមួយនេះ។ ហេតុអ្វីបានជាជីវិតមនុស្សនៅលើដងផ្លូវហាក់ដូចជាថោកខ្លាំងម្ល៉េះ?
មនុស្សពូកែៗ មានសមត្ថភាព ជាធនធានដ៏កម្ររបស់ប្រទេសជាតិ ដែលគួរទទួលបានការថ្នាក់ថ្នម លើកតម្កើងនិងថែរក្សា បែរមកត្រូវបាត់បង់ជីវិតយ៉ាងអណោចអធម៌ ដូចជាសត្វឆ្កែឆ្មានៅលើដងផ្លូវ ដោយសារជនបង្កដែលប្រព្រឹត្ដអបាយមុខ គឺការសេពគ្រឿងស្រវឹង ដែលជាការហាមឃាត់យ៉ាងដាច់ខាតពីព្រះគ្រប់សាសនាក្នុងលោក។ ហេតុអ្វីដែលប្រទេសជាតិមួយ ហូរហៀរទៅដោយងារថា បណ្ឌិត រាប់ចាប់តាំងពីក្បាលម៉ាស៊ីនកំពូល ដល់មន្ត្រីតូចតាចផងនោះ បែរជាបណ្ដោយឱ្យប្រទេសជាតិខ្លួនឯង ត្រូវបានបំផ្លិចបំផ្លាញឱ្យខ្ទេចខ្ទីអស់ ដោយសារតែអំពើពាលាអាវាសែអស់ទាំងនេះ?
វាដូចជាល្មមដល់ពេល វះកាត់ជំងឺមហារីកនៃសង្គមមួយនេះចោលហើយ! នៅស្ដាយសាច់ស្អុយមួយដុំហ្នឹងដល់ណាទៀត? បើវាជាសាច់ដែលនាំមកនូវតែការឈឺចាប់ និងការបំផ្លាញឥតល្ហែបែបនេះ?
ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំនៅតែរក្សាជំហរក្នុងការប្រឆាំងជាដាច់ខាតនឹងរបៀបដឹកនាំប្រទេស ដែលអនុញ្ញាតឱ្យមានការផលិតនិងផ្សព្វផ្សាយគ្រឿងស្រវឹង ដែលជាអបាយមុខបំពុលសង្គម និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។ ខ្ញុំសូមថ្កោលទោស ដល់ជនទាំងឡាយណា ដែលបានចូលគាំទ្រ លើកតម្កើង គ្រឿងស្រវឹង ទោះជាដោយផ្ទាល់ ឬដោយប្រយោល។ កុំរង់ចាំរហូតដល់ថ្ងៃមួយដែលកូនៗចៅៗរបស់លោកអ្នក ដេកស្ដូកស្ដឹងនៅពីក្រោមកង់រថយន្ដរបស់ជនប្រមឹក ទើបភ្ញាក់ខ្លួន! សូមភ្ញាក់រឭកឱ្យឆាប់ៗឡើង…… ប្រទេសជាតិយើងកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈគ្រប់វិនាទី!
——

សូមគ្រប់គ្នារក្សាសីល៥ ឱ្យបានខ្ជាប់ខ្ជួន
១- បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ
ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឱ្យធ្លាក់ចុះគន្លង គឺសម្លាប់សត្វ។
២- អទិន្នាទានា វេរមណីសិក្ខាបទំ សមាទិយាមិ
ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឱ្យដោយកាយ ឬដោយវាចា។
៣- កាមេសុ មិច្ឆាចារា វេរមណីសិក្ខាបទំ សមាទិយាមិ
ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
៤- មុសាវាទា វេរមណីសិក្ខាបទំ សមាទិយាមិ
ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
៥- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ
ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ។

