ពាក្យថា “ច្រណែនឈ្នានីស” ជាការផ្គុំនៃសេចក្ដីអាក្រក់២យ៉ាងរួមបញ្ចូលគ្នា ដែលមានពាក្យមួយទៀតជារួម ហៅថា “ឥស្សា”។ ជាធម្មតា មនុស្សលោក ដែលនៅជា បុថុជ្ជន (ជនអ្នកមានសេចក្ដីសៅហ្មង និងកិលេសតណ្ហាក្រាស់) រមែងមាន ឥស្សា ជាប់ក្នុងសន្ដានមកពីកំណើតគ្រប់ៗគ្នា (សូម្បីតែអ្នកបួស) គ្រាន់តែតិចនិងច្រើន។ អ្នកខ្លះអាចរំដោះខ្លួនចេញពីភាពសៅហ្មងនេះបាន ដោយមានភ័ព្វកើតមកក្នុងវង្សត្រកូលដែលមានចាស់ទុំជាអ្នកមានធម៌ល្អខ្ពង់ខ្ពស់ អាចអប់រំកូនចៅបាន។ អ្នកខ្លះ អាចយិតយោងអាត្មាខ្លួនផ្ទាល់ តាមរយៈការខិតខំអប់រំខ្លួនឯងជាប្រចាំ ដោយយកធម៌ព្រះជាបង្គោលជីវិត។
ជាទូទៅ សេចក្ដីឈ្នានីស កកើតរូបរាងវាចេញមកពី ក្ដីច្រណែនជាមុនសិន។ ប៉ុន្តែ គ្រប់សេចក្ដីច្រណែន មិនសុទ្ធតែឈានទៅរក ការឈ្នានីសទេ វាអាស្រ័យលើ កិលេសរបស់មនុស្សម្នាក់ៗ ធ្ងន់ស្រាលជាងគ្នាប៉ុនណា។
“ច្រណែន” គឺជាអារម្មណ៍រសាប់រសល់នៅមិនសុខ ដោយសារតែបានឃើញអ្នកដទៃណាមួយ បានល្អប្រសើរជាងខ្លួនឯង។ មនុស្សមិនដែលទៅច្រណែននឹងអ្នកដែលអន់ជាងខ្លួនទេ។ ច្រណែន គឺជាប្រតិកម្មតបទៅនឹងបុគ្គលណាម្នាក់ដែលមានភាពជោគជ័យក្នុងជីវិតឯកជន ជីវិតការងារ ជំនាញផ្សេងៗ ទេពកោសល្យសិល្បៈ ឬ អ្វីផ្សេងទៀត ដែលជាក្ដីសុបិន ដែលជាមហិច្ឆតាកប់នៅក្នុងខ្លួនជាយូរលង់ ប៉ុន្តែខ្លួនឯងសម្រេចមិនទាន់បាន ឬមិនអាចបាន។

មនុស្សខ្លះដែលមានការសិក្សា អប់រំ ច្រើន នៅពេលដែលមានអារម្មណ៍ថា ច្រណែន នឹងនរណាម្នាក់ បូកផ្សំនឹងអត្តចរិតនៃសេចក្ដីព្យាយាមផ្ទាល់ខ្លួន គេក៏បង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងយ៉ាងស្ងៀមស្ងាត់ រហូតដល់អាចឈានទៅដល់កម្រិតអស្ចារ្យមួយ ដែលខ្លួនធ្លាប់ច្រណែននឹងអ្នកដទៃកន្លងមក។ ផ្ទុយទៅវិញ បើសិនជាបុគ្គលនោះជា មិច្ឆាទិដ្ឋិជន (ជនដែលមានសតិខុសឆ្គង រឭកតែរឿងខុស និងធ្វើតែរឿងខុស) ហើយខ្វះការអប់រំ ជាពិសេសផ្លូវធម៌ផង គេអាចនឹងច្នៃបង្កើតបានជា អំពើឈ្នានីស។
“ឈ្នានីស” មានន័យថា ជាសកម្មភាពទុច្ចរិត ប៉ុនប៉ងកាត់ប្រយោជន៍គេ ដើម្បីខ្លួនបានស្កប់ស្កល់អារម្មណ៍ច្រណែន និងដើម្បីផ្គាប់ចិត្តដ៏មហាសែនឫស្យារបស់ខ្លួន ដែលរស់គ្មានបង្គោលធម៌ជាទីពឹងកន្លងមក។ សេចក្ដីឈ្នានីសម្យ៉ាងទៀត ច្រើនចេញមកពី ការប៉ុនប៉ងកម្ចាត់ចោលឧបសគ្គចំពោះមុខ ដែលតែងតែរារាំង អំពើទុច្ចរិតរបស់ខ្លួនឯង។ មនុស្សដែលសាងកម្មសុចរិត ទៀងត្រង់ បរិសុទ្ធ នឹងមិនដែលមានអារម្មណ៍ប៉ុនប៉ងឈ្នានីសនរណាម្នាក់ទេ បើទោះបីជាដឹងច្បាស់ថា ឧបសគ្គចំពោះមុខ គឺជាបុគ្គលអន្ធពាលក៏ដោយ ដែលនេះគឺជា ចំណុចពិសេសបំផុតរបស់ វិញ្ញូ (អ្នកប្រាជ្ញ អ្នកដឹងហេតុផ្សេងៗច្បាស់លាស់ដោយបញ្ញា)។ បើយើងសង្ខេបខ្លី ស្របតាមធម៌ព្រះ អ្នកចូលចិត្តការឈ្នានីសគេ គឺជាមនុស្សអវិជ្ជា ទោះបីជាគេបានរៀនសូត្រផ្លូវលោកខ្ពស់ប៉ុណ្ណាក៏ដោយ។

តើធ្វើដូចម្ដេច ដើម្បីអាចកម្ចាត់ ឥស្សា ចេញពីក្នុងចិត្តបាន?
វិធីដុតរំលាយ ឥស្សា ក្នុងខ្លួន ត្រូវធ្វើឡើងសន្សឹមៗ ហើយប្រើរយៈពេលយូរអង្វែងណាស់។ វាប្រៀបដូចមនុស្សម្នាក់ដែលអាចសរសេរតែងសេចក្ដីដ៏ល្អបាន ដំបូងបំផុត គេត្រូវចាយពេលវេលារៀនសរសេរអក្សរ បន្ទាប់មករៀនតែងល្បះ ហើយអានសៀវភៅច្រើនដើម្បីសន្សំគំនិតយកមកសរសេរ រំលេចជាគំនិតថ្មីៗ បង្កើតជាអត្ថបទដ៏ល្អមួយ។ ឧទាហរណ៍មួយទៀត ដូចជាអ្នកដែលមានរូបរាងកាយដ៏រឹងមាំ ស្រស់ស្អាតសង្ហាម្នាក់ ត្រូវប្រើពេលយ៉ាងយូរណាស់ ក្នុងការបង្វឹកខ្លួនឯង រាប់តាំងពីការបញ្ចេញពលកម្មកំប៉ិកកំប៉ុក រហូតដល់ចលនាកីឡាធំៗ ហើយធ្វើជារៀងរាល់ថ្ងៃ ឬសប្ដាហ៍ រហូតក្លាយជាទម្លាប់មិនអាចខ្វះបាន។
ដូចគ្នាដែរ ដើម្បីកម្ចាត់អំណាច ឥស្សា ដ៏អាក្រក់ដែលពោលខាងលើបាន មនុស្សត្រូវប្រើពេលសន្សំកុសលចិត្តជាមុន ក្នុងរយៈពេលយូរអង្វែងណាស់ ដើម្បីបង្វឹកផ្លូវចិត្តខ្លួនឱ្យថ្នឹកទៅនឹងគន្លងពីរ គឺ “មេត្តា និង មុទិតា”។
តើ មេត្តា ជាអ្វី? ហើយ មុទិតា គឺជាអ្វី? វាជាធាតុ២ ក្នុងចំណោមព្រហ្មវិហាធម៌ទាំង៤ ឬ ហៅថាគុណសម្បត្តិក្នុងភាពជាអ្នកដឹកនាំ ដែលរួមមាន “មេត្តា ករុណា មុទិតា និង ឧបេក្ខា”។
“មេត្តា” ជាដួងចិត្តសណ្ដោសប្រោសប្រណី រាប់រក អធ្យាស្រ័យ និងចង់ឱ្យអ្នកដទៃបានសុខដូចជាខ្លួនដែរ។ ការដែលគ្មាន មេត្តា នៅក្នុងឫសនៃចរិតផ្ទាល់ខ្លួន រមែងនាំឱ្យមនុស្សមានចិត្តឈ្នានីសអ្នកដទៃជារឿយៗ។ ព្រោះការឈ្នានីស ជាការធ្វើទុក្ខបុកម្នេញឱ្យគេរស់ដោយលំបាក និងគ្មានក្ដីសុខដូចខ្លួនឡើយ។

“ករុណា” ជាសេចក្ដីអាណិតអាសូរ ស្ទើរតែរកកលទ្រហោយំពេលដឹងថានរណាម្នាក់កំពុងមានទុក្ខសោកសង្រេងក្នុងជីវិត រហូតដល់ចិត្តទ្រាំលែងបាន ហើយប៉ងប្រាថ្នាជួយសង្គ្រោះ។ ការដែលគ្មាន ករុណា នឹងបណ្ដាលឱ្យចិត្តមនុស្សក្លាយជាអាក្រក់ ព្រោះចិត្តនៃបុគ្គលនោះនឹងគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនអើពើនឹងទុក្ខវេទនាអ្នកដទៃ។ ហើយវាផ្ទុយពីធម៌ព្រះគ្រប់សាសនាទាំងអស់ ដែលព្រះបង្រៀនមនុស្សថា ត្រូវចេះជួយយកអាសា ឈឺឆ្អាល និងសង្គ្រោះអ្នកដទៃតាមលទ្ធភាពដែលអាចធ្វើបាន។

“មុទិតា” គឺជាអារម្មណ៍ដែលត្រូវបានបង្វឹកមកតាំងពីតូច ឱ្យចេះរីករាយ សាទរ ត្រេកអរនឹងសេចក្ដីសុខអ្នកដទៃ។ ការចូលរួមត្រេកអរនឹងជោគជ័យអ្នកផ្សេង គឺជាគន្លឹះតែមួយគត់ ដែលអាចដុតរំលាយ សេចក្ដីច្រណែនឈ្នានីសលើអ្នកដទៃបានដោយសន្តិភាពបំផុត។

“ឧបេក្ខា” គឺជាស្មារតីកណ្ដាល មិនលម្អៀងទៅខាងណាមួយ ហើយវាជាព្រលឹងដ៏ធំធេងបំផុត របស់បុគ្គលដែលមានតួនាទីជា មេគ្រួសារ ជាចៅហ្វាយនាយ ជាអ្នកដឹកនាំ ជាចៅក្រម ឬអ្នកកាត់សេចក្ដីក្នុងកិច្ចការសង្គមជាតិ។ ការខ្វះឧបេក្ខា នឹងបណ្ដាលឱ្យបុគ្គលម្នាក់ ក្លាយជាមនុស្សមានបាបធ្ងន់ខ្លាំង ព្រោះវាប្រៀបដូចជាការបង្កើតរោងចក្រផលិតកូនសោរមួយ សម្រាប់ចាក់ចូលទៅក្នុងអំពើពុករលួយ ការជិះជាន់សង្កត់សង្កិន និងចុងក្រោយ គឺការបំផ្លិចបំផ្លាញរហូតខ្ទេចខ្ទីអស់ រាប់តាំងពីសង្គមគ្រួសារតូចៗ និង សង្គមជាតិទាំងមូល។

សរុបមកវិញ ឫសគល់ដ៏ធំនៃចិត្ត “ច្រណែន” គឺបណ្ដាលមកពី អវត្តមាន នៃធាតុ “មុទិតា” (ពន្យល់ខាងលើ) នៅក្នុងចិត្ត ដែលមនុស្សមិនធ្លាប់ត្រូវបានបង្វឹកឱ្យក្លាយជាទម្លាប់ពីមុនមក រហូតដល់គេចាក់ឫសអាក្រក់មួយ គឺតែងតែស្អប់ខ្ពើមភាពជោគជ័យអ្នកដទៃ និង មួម៉ៅក្ដៅក្រហាយចំពោះសេចក្ដីសុខអ្នកដទៃ។ ទម្លាប់បែបនេះ នឹងក្លាយជាអត្តចរិត ហើយអត្តចរិតនេះ នឹងកំណត់ព្រេងវាសនារបស់បុគ្គលនោះ ឱ្យស្គាល់តែភ្លើងក្ដៅគ្រប់ពេលវេលា ព្រោះធាតុពិតរបស់ បុថុជ្ជនដែល ខ្វះសីល ខ្សោយធម៌ (គ្មានសីលធម៌) រួមទាំង កិលេសតណ្ហាក្រាស់ផងនោះ នឹងបណ្ដាលជា វដ្តសង្សារនៃការសងសឹកគ្នាទៅវិញទៅមកជារៀងរហូត។
ចំណែកឯចិត្ត “ឈ្នានីស” គឺបណ្ដាលមកពី អវត្តមាន នៃធាតុ “មេត្តា” (ពន្យល់ខាងលើ) ដែលមនុស្សមិនធ្លាប់ត្រូវបានលត់ដំស្មារតីពីមុនមក រហូតដល់គេបណ្ដុះបានព្រលឹងខ្មៅងងឹតដូចជាព្រាយបិសាចនៅក្នុងខ្លួន ហើយជានិច្ចកាល តែងគិតរកវិធីកខ្វក់ ដើម្បីបំផ្លាញអ្នកដទៃតាមលទ្ធភាពដែលគេអាចទៅរួច។

តើធ្វើដូចម្ដេចដើម្បីបណ្ដុះមនុស្សម្នាក់ឱ្យធំធាត់ឡើង ក្លាយជាបុគ្គលមិនចេះឥស្សា?
បើសិនជាយើងជាឪពុកម្ដាយនៃកូនតូច គួរតែឧស្សាហ៍នាំកូនៗប្រតិបត្តិធម៌ជាប្រចាំ កុំរង់ចាំដល់គេធំ។ វិធីល្អបំផុត គឺនាំក្មេងទៅតំបន់ដែលមានជនក្រីក្រ តោកយ៉ាក ហើយពន្យល់ប្រាប់គេពីជីវិតអ្នកក្រ បន្ទាប់មក ត្រូវបង្រៀនកូនឱ្យចេះចែករំលែក ដាក់ទាន ដល់អ្នកក្រលំបាក។ មុននឹងបង្រៀនកូនឱ្យដាក់ទាន ដំបូងត្រូវតែធ្វើឱ្យក្មេងយល់ជាមុនថាអ្នកក្រ មានទុក្ខលំបាកប៉ុនណាសិន រហូតដល់ក្មេងកើតចិត្តសណ្ដោសប្រោសប្រណី (មេត្តា) ហើយស្នើសូមជួយ (ករុណា) សឹមយើងអនុញ្ញាតឱ្យជួយ។ ការមិនឱ្យក្មេងមានចិត្តមេត្តាជាមុន ហើយគ្រាន់តែហុចលុយឱ្យកូនយកទៅដាក់ទានឆ្កុយៗ ជាការបង្រៀនកូនឱ្យចេះមើលងាយអ្នកដទៃ ជាពិសេសអ្នកក្រ។ គេនឹងធំធាត់ឡើង ក្លាយជាមនុស្សពូកែធ្វើទាន ប៉ុន្តែធ្វើទានទាំងឆ្អើមខ្ពើមអ្នកក្រ (ធ្វើទានយកមុខមាត់) មិនមែនដោយចិត្តមេត្តាទេ។

ចំណែកវិធីធ្វើឱ្យកូនធំឡើង ក្លាយជាបុគ្គលមាន មុទិតា ដំបូងឳពុកម្ដាយ ត្រូវឧសហ្សាហ៍លើកសរសើរកូនខ្លួនឯង ហើយបង្រៀនកូនឱ្យចេះសរសើរមិត្តភក្ដិដែលរៀនពូកែជាងខ្លួន ឬ មិត្តដែលមានសម្ភារៈល្អជាងខ្លួន។ ប៉ុន្តែប្រុងប្រយ័ត្នផង បើអប់រំដោយខ្វះបញ្ញា យើងអាចបណ្ដុះកូនឱ្យក្លាយជាជនអែបអបនិយម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ ចុងក្រោយ ដើម្បីឱ្យកូនក្លាយជាបុគ្គលមាន ឧបេក្ខា ឳពុកម្ដាយ ត្រូវតែជាមនុស្សគំរូសិន ពោលគឺស្រលាញ់កូនស្មើៗគ្នា ហើយដើរតួជាតុលាការយុត្តិធម៌ប្រចាំគ្រួសារគ្រប់ពេលវេលា។
សង្ខេបមកវិញ ដើម្បីបណ្ដុះមនុស្សម្នាក់ឱ្យធំឡើង ក្លាយជាបុគ្គលមិនចេះ ឥស្សា ចាស់ទុំ ត្រូវចាក់បញ្ចូលព្រហ្មវិហារធម៌ ២យ៉ាង សំខាន់ជាងគេឱ្យច្រើនទៅក្នុងដួងចិត្តកុមារពេលគេនៅតូចនៅឡើយ គឺធាតុ មេត្តា និង មុទិតា។

________________________________
បន្ថែមពិសេស
ទោះជាយ៉ាងណាក៏ដោយ គ្រប់យ៉ាងដែលរៀបរាប់នេះ ជាឥទ្ធិពលពីខាងក្រៅសម្រាប់ជួយមនុស្ស ដែលវាមានប្រសិទ្ធភាពប្រមាណជាពាក់កណ្ដាល ចំណែកពាក់កណ្ដាលទៀត ជាឧបនិស្ស័យពីធម្មជាតិរបស់មនុស្សម្នាក់ៗ។ ប្រៀបដូចជាពូជរុក្ខជាតិដូច្នេះដែរ ដែលពេលខ្លះមានពូជល្អ និងពូជមិនល្អ ពីកំណើតមកតែម្ដង។ ហើយពូជខ្លះពិបាកកែប្រែ ទោះបីជាស្រោចទឹកដាក់ជី ថែទាំដល់កម្រិតណាក៏ដោយ។ ក្នុងគម្ពីព្រះពុទ្ធសាសនាចែងថា នោះជាកំណើតដើមដែលមានឫសចាក់មកតាំងពីអតីតជាតិ ហើយពិបាកកែប្រែបំផុត។

__________
លឹម វិរិយា🌸