Tag Archives: លឹម វីរីយ៉ា

នឹកម៉ែ

យប់ជ្រៅខ្យល់ធ្លាក់មេឃខ្ជាក់ភ្លៀង
រណ្ដំសំនៀងភ្លៀងរាត្រី
គេងមិនលក់សោះតាំងពីថ្ងៃ
អារម្មណ៍មមៃដូចឡប់ឡិន។

ធ្លាប់តែយប់ជ្រៅនៅមិនសុខ
ខ្លាចម្ដាយឈឺចុកជម្ងឺកិន
ងើបឡើងត្រេះត្រូុះឆ្លុះមើលសិន
ខ្លាចដេកបង្ហិនពេលវេលា។

ឥលូវអាធ្រាត្រដូចយប់មុន
អារម្មណ៍ត្រិមត្រុនឥតខុសគ្នា
ខ្លាចចង្កៀងភ្លឺមិនល្អជា
ខ្លាចលង់និន្រ្ទាដូចបញ្ឆោត។

សម្លឹងអ្នកម្ដាយឆ្ងាយផែនដី
ផ្ញើកូនប្រុសស្រីធាតុមួយកោដ្ឋ
ធូប៣សរសៃអុជហើយដោត
បង្គំមុខកោដ្ឋលុះថ្ងៃសូន្យ។

សូមដួងវិញ្ញាណក្ខន្ធនៃម្ដាយ
រួចចាកផុតឆ្ងាយភាពស្រពោន
សម្រាកសុខស្រួលលើសួគ៌ក្បួន
ដូចកូនបានឃើញក្នុងសុបិន្ត។

10414634_10204306059828064_3341216516093472424_n

ខ្ទមស្រែ

ខ្ទមស្រែឥតស្រូវនៅស្រះស្រង់
ក្បែរគុម្ពរំចង់ប្លង់ខាងត្បូង
ទេសភាពបៃតងវាលស្មៅយោង
គេងលេងយោលទោងក្រោមខ្ចុះស្បូវ។

ខ្ទមស្រែត្រជាក់ធ្លាក់សន្សើម
ស្រូបខ្យល់ដង្ហើមក្លិនម្រះព្រៅ
គន្ធាផ្កាម្អមដុះអមផ្លូវ
ព្រះខ្លបស្ដេចស្មៅដៅស្នាមដើរ។

ខ្ទមស្រែសាងមិត្តជិតបង្កើយ
ផ្អែកខ្នងគងខ្នើយមើលចាបហើរ
ញ៉ាំបាយមាន់ដុតគិតបណ្ដើរ
កម្សាន្តដំណើរស្នើរពីម្សិល។

អនុស្សាវរីយ៍ពីខ្ទមស្រែ
មានរឿងហូរហែសើចឡើងគឹល
មានរឿងឈឺចាប់ស្ដាប់មិនខ្ជិល
ក្រោមដើមអម្ពិលខ្ជិលបកស្រាយ។

Ktorm Sreh20151115_110518 20151115_112335 20151115_11430820151115_111351

សន្តិភាពដោយអហិង្សា

បង្កើតជម្រើសនៅក្នុងសង្គ្រាម

ល្អជាងខ្ទប់ឈាម បៀមស្រែកហេតុផល

នរណាត្រូវខុស គ្រាន់តែជាខ្យល់

សូមចៀសផ្លូវទាល់ ដោយរើសពាក្យ “ឈប់”

No War Quote

សមុទ្រ និង អណ្ដូង

សមុទ្រធំធេង វែងផុតមេឃ

តែរសប្រៃពេកផឹកពុំបាន

ចាញ់ទឹកអណ្ដូងរសក្សេមក្សាន្ដ

ចិញ្ចឹមមនុស្សបានមួយជីវិត។

ដូចមហាសេដ្ឋីសែនកំណាញ់

អួតអាងគួរក្នាញ់កណ្ដាញ់ចិត្ត

ទោះមានភ្នំមាសធំពេកពិត

គង់ចាញ់សុភគ័មិត្ររស់ក្នុងខ្ទម។

———-

រក្សាសិទ្ធិដោយ លឹម វីរីយ៉ា

Untitled-2

ស្ពានជីវិត

ស្ពានឈើស្ពានថ្ម ល្អដូចគ្នា

ចម្លងផុតពៀរ វារផុតគ្រោះ

ដល់ឋានរុងរឿង ឥតមានមោះ

ចូរកុំភ្លេចឈ្មោះ ស្ពានធ្លាប់ឆ្លង។

ស្ពានជីវិត

អនុស្សាវរីយ៍ជ្រោះអូរស៊ីនលែរ៍

អនុស្សាវរីយ៍ជ្រោះអូរស៊ីនលែរ៍

ថ្ងៃនេះសូម share ចែកញាតិគយគន់

ពីរនាក់ពួកម៉ាកសុភាពទន់ភ្លន់

ប៉ុន្មានខែមុនហាក់នៅថ្មីៗ។

អនុស្សាវរីយ៍ក្នុងស្រុកលំផាត់

ទឹកដីស្ងប់ស្ងាត់កណ្ដាលទ្រូងព្រៃ

រំភើបរីករាយជោគដួងហឫទយ័

មុនពេលខ្ញុំក្សយ័អាចជួបទៀតទេ?

អូរស៊ីនលែរ៍

នំដុតខ្មែរអង្គរ

រសៀលជ្រាលជ្រេ ថ្ងៃទេរទៅលិច
រាងstress បន្តិច ក្រោយការងារស្មុគ្រ
កាហ្វេមួយពែង កំដរអផ្សុក
នំដុតក្នុងស្រុក ស្នាដៃបងស្រី។

ផ្ញើជូនម្ចាស់នំ cookies អង្គរ
រសឆ្ងាញ់បវរ យីហោម៉ាកល្បី
ធ្វើនៅសៀមរាប សិប្បកម្មរោងថ្មី
ម្ដុំគុម្ពឫស្សី ស្ពាននាគឆ្លងអូរ។

អាចរកទិញបាន តាមផ្សារទំនើប
អ៊ីអន ទើបកើត ឡាកគីហែហូរ
តម្លៃសមរម្យ ឆ្ងាញ់គ្មានអ្វីប្ដូរ
ថែមរូបរាងល្អ អង្គរវត្តយើង។

——-

បើចាប់អារម្មណ៍សូមចូលទៅកាន់ http://www.angkorricespirit.com

11541943_10205970658081980_84694614329972791_n

11898605_938015982924860_6799395839019690788_n

ថ្ងៃនេះឆ្នាំមុន…

ថ្ងៃនេះឆ្នាំមុន ដួងចិត្តទារុណ ព្រួយនឹងអ្នកម្ដាយ
ឈឺធ្ងន់ហួសថ្លែង មិនដែលរសាយ
កូនៗខ្វល់ខ្វាយ ខ្លាចម្ដាយទៅចោល។

ថ្ងៃនេះឆ្នាំមុន ម៉ាក់អ៊ើយកូនយំ ខ្លាចបាត់ស្រមោល
គ្រូពេទ្យលួចខ្សឹប ខ្ញុំសួរដេញដោល
ខ្លាចរស់តែលតោល ក្នុងក្រោលឥតម៉ែ។

ថ្ងៃនេះឆ្នាំមុន កូនបន់អ៊ើយបន់ បន់ស្រន់ឥតល្ហែ
សូមឱ្យម្ដាយជា សាងផ្នួសមួយខែ
យមរាជមិនប្រែ ឆក់ម៉ែទាល់តែបាន។

————

២៧ សីហា ២០១៥

មុំ-សុផុន 2014-08-27 09.52.57 2014-08-27 09.55.12 2014-08-27 10.00.33 2014-08-27 10.03.24

ថ្ងៃចូលព្រះវស្សា

រាត្រីចន្ទរះធំមូលក្រឡង់ ពេញបូណ៌ផូរផង់ ត្រចង់ត្រចះ
បឋមាសាឍ យប់នេះដាច់ច្បាស់ ស្អែកសុរិយារះ ចូលព្រះវស្សា។

ថ្ងៃនេះទៅវត្តប្រគេនទានធំ រូបនាគសុខុមឆ្លាក់ដោយខេមរា
ទូងស្គរ លើកទង់ ជាមួយ យាយតា សែនថ្វាយទេវតា សូមពរសុខសាន្ដ។

សូមអនុមោទនា ប្រគេនមគ្គផល ឱ្យបានកើតដល់សាច់ញាតិសន្ដាន
ពេញដោយពន្លឺ ត្រចាលថ្កើងថ្កាន រុងរឿងស្មើបាន នៃឋាននិព្វាន។
———–
ប្រណមពីចម្ងាយ ដោយឧបាសិកា លឹម វីរីយ៉ា
សៀមរាប, ថ្ងៃព្រហស្បតិ៍ ១៥កើត ខែ បឋមាសាឍ ឆ្នាំមមែ សប្ដសក័ ព.ស ២៥៥៩។

IMG_8514

មនុស្សឥតបានការ

មនុស្សឥតបានការ ខ្វល់រឿងបុគ្គល

អាស្រូវវិលវល់ ក្នុងគ្រួសារគេ

មនុស្សមានបញ្ញា ទោះបីទំនេរ

ស៊ូផឹកកាហ្វេ ដេរប៉ាក់ឆ្លាក់រូប។

————-

(ដោយ លឹម វីរីយ៉ា)

Old Ladies Talk