សញ្ចេតនាមួយរលួយក្រោមមេឃ
ឃើញភ្នំឥតភ្នែកដេកកើយផែនដី
ផ្កាយខ្វះពន្លឺឈឺពេលរាត្រី
ទេវតាចង្រៃសាងដីមិនស្មើ។
បើអាទិទេពព្រមក្រេបថ្នាំពិស
ចក្រវាលទង្គឹះ ភពម្នឹះប្រសើរ
បើសិនសុរិយា យាត្រាតាមស្នើ
ខ្ញុំសុខចិត្តដើរ កំដរថ្ងៃលិច!!!
_____
លឹម វីរីយ៉ា

សញ្ចេតនាមួយរលួយក្រោមមេឃ
ឃើញភ្នំឥតភ្នែកដេកកើយផែនដី
ផ្កាយខ្វះពន្លឺឈឺពេលរាត្រី
ទេវតាចង្រៃសាងដីមិនស្មើ។
បើអាទិទេពព្រមក្រេបថ្នាំពិស
ចក្រវាលទង្គឹះ ភពម្នឹះប្រសើរ
បើសិនសុរិយា យាត្រាតាមស្នើ
ខ្ញុំសុខចិត្តដើរ កំដរថ្ងៃលិច!!!
_____
លឹម វីរីយ៉ា

កញ្ឆែតឡើងទ្រើង ប៉ើងវល្លិ៍ននោង🌿
🍀
ម្អមស្រែបោះទង យោងផ្កាម្រះព្រៅ
🌱
🍃
កន្ធំថេតត្រួយ ជួយវល្លិ៍ល្ពៅ
ដើមល្ងៀងផ្អៀងហៅ ស្មៅដុះលើថ្ម។
🌾
ក្រពើក្នុងទឹក នឹកចង់ឡើងគោក🐊
ត្រីក្រាញ់នឹកភ្នក កូកត្រីក្រម៉
🐠
🐡
ឆ្លាំងឆ្លូញបូញមាត់ ឃាត់ឆ្នាំងសម្ល
🐟
ឆ្កែឆ្មាវឹកវរ ឡូឡាផ្ងារក្រោយ។🐕🐈
ខ្យល់បក់ពីជើង ភ្លើងក្នុងចង្កៀង
🔥
ផ្ទះតូចដូចពាង ទៀងទាត់ខ្សត់ខ្សោយ
🏡
អុជក្រាលរន្ទឺ ភ្លឺរន្ទាលឱ្យ🔮
ចាំងឆ្លុះអស់ហើយ ឆ្លើយប្រាប់តុកកែ។
🐸
សារិកាកែវបូល ផ្នូលរឿងអ្នកស្រុក
🐧
គោព្រៃបោលបុក ស្រុកផិនអ្នកស្រែ🐏
ជីងចក់ព្រែកចុង ឆុងនឹងតុកកែ
ធ្លាប់បូលឡែៗ ក្បែរអ្នកមេម៉ាយ។
🙍
តាវ៉ៅក្រៅទ្រុង លង់ទឹកសន្សើម🐤
ញីញ័រសម្បើម ផ្ដើមឆ្អិនជិនណាយ
💔
កោកកាកក្រាកក្រោក ខោកសែនក្អាកក្អាយ🐾
សេកសោមឆោមឆាយ ឆ្ងាយពីទ្រុងមាស។
🌇
———
ដោយ លឹម វីរីយ៉ា
😥
ថ្ងៃអាទិត្យ ៦រោច ខែកត្ដិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២០ ខែ វិច្ឆិកា គ.ស ២០១៦

នាដីខ្មែរ ខែរំហើយ ត្រើយខាងលិច
ខ្យល់តិចៗ ច្បិចចុងដូង អន្ទងក្បែរ
ទាំងអ្នកស្រុក ខ្មុកដើមស្រូវ នៅក្នុងស្រែ
យប់មានខែ ថែពន្លឺ ភ្លឺត្រកាល។
នាដីខ្មែរ ប្រែដីខ្មៅ ដៅជីវិត
ដ៏ពិសិដ្ឋ ដិតពិសោធន៍ ដោតវិសាល
សូម្បីសត្វ បាត់សម្បុក ស្មុគអម្បាល
គង់តែច្រាល ដាលជ្រងោ ជោរច្របល់។
ស្រីស្រុកស្រែ ខែទឹកស្រក ដកគល់ស្រូវ
ចម្បើងស្បូវ នៅដំបូក យកតម្កល់
ទុកសម្ញែង ក្រែងគេបូល ពោលហៅដល់
នឹងអស់ខ្វល់ កល់ដោយយស ជួសឲ្យយូរ។
———
ច្រៀងរងឹមគ្រហឹមឥនន័យនៅវាលចំបើង ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)
ថ្ងៃសុក្រ ៤រោច ខែកត្ដិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០
ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា គ.ស ២០១៦
ចន្ទ្រាយប់នេះរះដូចឆ្កួត
រះទាំងអំណួតកណ្ដាលមេឃ
ហ្វូងផ្កាយរយលានលែងហ៊ានដេក
ខ្លាចចន្ទចម្លែកហែកតារា។
ចន្ទ្រាយប់ហ្នឹងដឹងតែឡប់
រះខ្ពស់ហួសកប់ជាប់វេហា
ហេហាច់ច្រាច់ច្រិលខ្ជិលអស្ចារ្យ
ឃើញចន្ទកាលណាថាចង់ជេរ។
ចន្ទ្រាលាក់ពុតស្លុតពពក
លបលួចខ្នួចជ្រករស្មីគេ
ពន្លឺអាទិត្យណាមាសមេ
ផែនដីនេះទេចាំងត្រលប់។
ឃើញក្រុមកវីស្ដីក្នុងកាព្យ
ឆេឆឹលឆែលឆាបខាបជាឈ្នាប់
ខ្ញុំអាសូរផ្កាយឆ្ងាយបន្ទាប់
រះទាំងអភ័ព្វជាប់គុកកម្ម។
ខ្លោចចិត្តអាណិតត្បិតសុរិយា
នឿយហត់អាត្មាការងារឆ្មាំ
បញ្ជូនរស្មីពាន់លានឆ្នាំ
ផែនដីរង់ចាំផ្ទេរជូនខែ។
ខែអ៊ើយខែរះឈ្នះចិត្តព្រាន
រះទាំងបំពានហ៊ានផិតប្រែ
ម្នឹះមួយផែនដីស្ដីលោមស្នេហ៍
មិនដឹងដួងខែរះចោលម្សៀត។
——
ចេញមុខឈ្លោះនឹងលោកខែ ដោយ លឹម វីរីយ៉ា
😫
២រោច កត្ដិក ២៥៦០ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ២០១៦

ព្រលឹងអូនអ៊ើយ កត្ដិករំហើយ
ឆ្លើយតបផងពៅ ឆ្កែព្រុសពាសវាល
ជំទាលង៉ៅៗ សន្សើមផ្កាស្មៅ
ដៅផ្លូវដើរចាស់។
ព្រលឹងស្នេហ៍ស្នង ចំប៉ីបងប៉ង
ក្រងផ្កាផ្ដេសផ្ដាស រំដួលសៀមរាប
ជ្រាបក្លិនល្អណាស់ ស្រោចទឹកនឹកម្ចាស់
ផ្លាស់ឫសដូរដី។
ព្រលឹងអូនអ្ហើយ ខ្យល់បក់ប៉ើយៗ
រំហើយខ្នងស្រី ទឹកភ្នែកស្រិចស្រក់
ដក់ជោគលើដី សាងចិត្តអាល័យ
មុនថ្ងៃចូលផ្នូរ។
—————
ដោយ លឹម វីរីយ៉ា
សៀមរាប ថ្ងៃអង្គា ១រោច ខែកត្ដិក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១៥ វិច្ឆិកា គ.ស ២០១៦

អំបុកចេកទុំ ភ្ងំលាយដូងខ្ចី
ធូបបីសរសៃ ក្នុងស្បៃងងឹត
ទៀនតូចពីរដើម ផ្ដើមបំភ្លឺចិត្ត
សន្សើមអម្រឹត ផ្ដិតទឹកភ្នែកអូន។
ងើយមើលដួងខែ ក្បែរទ្វារមុខផ្ទះ
ហ្វូងផ្កាយខំរះ ស្ទះពន្លឺសូន្យ
ពពកក្រោមមេឃ ដេកចាំផ្ដាំកូន
ភ្លើងទៀនក្បែរដូង យោងអធិដ្ឋាន។
_______
លឹម វីរីយ៉ា
រាត្រី១៥កើត ខែកត្ដិក ព.ស ២៥៦០

ឃើញទឹករលក ភ្នករឭក
រលាមចិត្តនឹក រឭកពៅ
រលីងរលោង អន្ទោងហៅ
អន្ទាក់ឆោមឆ្លៅ ហៅរំលង។
ឮកង្កែបក្ដក់ ឆ្មក់ក្ដុកក្ដួល
ក្ដីស្នេហ៍ឆាបឆួល ដួលដាំដូង
ស្រណោះដៃក្ដិច ច្បិចថ្ពាល់អូន
ឥលូវសល់ក្បូន លូនឥតត្រើយ។
———
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

បិទតែមថែមស្នេហ៍ ផ្ញើពីស្រុកខ្មែរ
ដីក្បែរអង្គរ សាយណ្ហជ្រេជ្រាល
រសៀលទោចថ្ងូរ ចុងឆ្នាំឥតផ្គរ
ជំនោរត្រជាក់។
បិទតែមផ្ញើទៅ សង្ឃឹមតាមផ្លូវ
មិនសូវរលាក់ រូបថតរលោង
យោងពណ៌ពព្លាក់ ទុកចងដៃអ្នក
លាក់ក្រោមខ្នើយក្បត់។
លឹម វីរីយ៉ា

មើលមេឃងងឹត គិតរឿងមមៃ
មមើពីថ្ងៃ ស្រម៉ៃប្រញឹក
ស្រមេមស្រមាម ដាមគ្នារដឹក
រំដួលលិចទឹក នឹករំដេងព្រៃ។
🌱
មើលពពកខ្មៅ ក្រៅបង្អួចឈើ
អាលេអាលើ ភ្នែកស្លឺអាល័យ
អន្លង់សុបិន ឆ្អិនឆ្អៅដៅន័យ
ស៊ូរស់សព្វថ្ងៃ កំដរចក្រវាល។🌍
រាត្រីសុវត្ថិ បាត់អ្នកសួរ សល់តែអ្នកចាំឆ្លើយ! 🌛
លឹម វីរីយ៉ា
យប់៦កើត ខែកត្ដិក ២៥៦០

រាត្រីសុវត្ថិ បាត់សៀងចង្រិត
ធ្លាប់ច្រៀងលួងចិត្ត ច្រេកច្រិតស្និទ្ធស្នេហ៍
បាត់ទាំងហ្វូងផ្កាយ ឆ្ងាយទាំងដួងខែ
ឥលូវសល់តែ តុកកែឯកា
រាត្រីចង់សួរ តួឯកបាត់ខ្លួន
យប់យន់អង្រួន ពួនគ្មានវាចា
រាត្រីសួស្ដី ស្ដីសួរនរណា
ដួងចន្ទ្រតារា យាត្រាក្រៅមេឃ
ដោយ លឹម វីរីយ៉ា
យប់ថ្ងៃទី៤ ខែវិច្ឆិកា គ.ស ២០១៦
