ហ្អា! ថាម៉េច សូមឱ្យសុបិនក្លាយជាយល់សប្ដ?
ស្ដាប់ទៅហាក់ដូចជាចម្លែកណាស់មែនទេ? ដែលលោកអ្នកធ្លាប់តែឮគេនិយាយថា សូមឱ្យសុបិនក្លាយជាការពិត។ វាមិនខុសទេ ដែលយើងនិយាយថា “សូមឱ្យសុបិនក្លាយជាការពិត” ប៉ុន្តែការពោលបែបនេះ គឺ វារំលងបាត់រលកសញ្ញាអស់១កាំ។ មុននឹង សុបិន ក្លាយទៅជាការពិតបាន ម្ចាស់សុបិននោះ បានដេកយល់សប្ដឃើញសុបិនខ្លួនឯងញឹកញាប់ណាស់ ទម្រាំតែអាចរុញវាឱ្យក្លាយជាការពិតបាន។ អ៊ីចឹង តើ “សុបិន” មានន័យថាដូចម្ដេច? ហើយ “យល់សប្ដ” មានន័យដូចម្ដេច? ហេតុអ្វីបានជាគេនិយាយថា សូមឱ្យសុបិនក្លាយជាការពិត? តែមិននិយាយថា សូមឱ្យយល់សប្ដក្លាយជាការពិត ផងដែរទៅ?
“សុបិន” គឺជារលកចិត្តដែលគិតទៅជារឿយៗជាប់ឥតដាច់ ប្រៀបដូចជារលកហ្វ្រេកង់វិទ្យុ (ដែលមានអន្តរសកម្មភាពស្របនឹងទ្រឹស្ដីនៃរូបមន្តអគ្គិសនី) ដែលជះចំហាយភាយៗ ញ័ររន្ថើនឥតដាច់ គ្រប់ពេលវេលាទាំងអស់។ សុបិន រមែងកើតឡើងនៅពេលដែលយើងមានសតិដឹង គ្រប់គ្រងខ្លួនឯងបាន។ វាមិនសូវកើតឡើងនៅពេលយើងគេងលក់ទេ។ មានន័យថា វាអាចកើតឡើងក្នុងពេលគេងលក់ដែរ ប៉ុន្តែមិនមែនកើតឡើងងាយៗនោះឡើយ។ ក្នុងមនុស្សមួយម៉ឺននាក់ អាចមានតែមនុស្សពីរបីនាក់ទេ ដែលមានក្ដីសុបិនដ៏មុតស្រួច រហូតកើនកើតពូនផ្ដុំទៅជាចំហេះថាមពលម្យ៉ាង ហើយផ្ទុះចេញជារូបភាពឡើងមកនៅក្នុងពេលគេងលក់។ នោះហើយ ដែលហៅថា សុបិនបានក្លាយជាយល់សប្ដ។
នៅពេលដែលយើងអាចយល់សប្ដឃើញក្ដីសុបិនខ្លួនឯងកាន់តែច្បាស់ កាន់តែញឹក នោះការពិតនឹងលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខជាក់ជាប្រាកដ។ នោះជាការកម្រើកនៃវិញ្ញាណពិសេសមួយក្នុងប្រព័ន្ធខួរក្បាល (ឯកសារខ្លះសរសេរហៅថា វិញ្ញាណទី៦ តែរឿងនេះមិនទាន់មានឯកភាពពីអ្នកវិទ្យាសាស្ត្រនៅឡើយទេ) ដែលប្រាប់យើងឱ្យដឹងជាមុននូវហេតុការណ៍អនាគត តាមរយៈគំហើញពេលដេកលក់។ បើសិនជាយើង អាចមើលឃើញហេតុការណ៍អនាគតខ្លីៗខាងមុខ ទាំងនៅដឹងសតិ (មិនដេកលក់) នោះជាបាតុភូតមួយផ្សេងទៀត ហៅថា Dejavu (ឯកសារខ្លះហៅថាវាជាវិញ្ញាណទី៦ដែរ)។
ការស្រាវជ្រាវពីបាតុភូត Message ជារូបភាព ឬ ជាសំឡេង នៅក្នុងស្ថានភាពដេកលក់ (យល់សប្ដ) រួចបន្ទាប់មក ស្រាប់តែវាក្លាយជាការពិតក្នុងជីវិត ជារឿងដែលមានភាពស្មុគស្មាញពន្យល់ដូចជាការស្រាវជ្រាវពីពហុចក្រវាលដែរ។

“យល់សប្ដ” គឺជារូបភាពប្រតិដ្ឋដោយគ្មានមូលដ្ឋានច្បាស់លាស់ លេចចេញនៅក្នុងចិត្តមនុស្សពេលដែលគេបាត់សតិ (គេងលក់)។ យល់សប្ដ គឺជារូបភាពរវើរវាយ ប្រៀបដូចជាខ្សែភាពយន្តដែលគ្មានប្លង់ច្បាស់លាស់ គ្មានភាពប្រាកដនិយម ពិបាកជឿ ពិបាកទុកចិត្តថា វាជាការពិត ឬជាភាពក្លែងបន្លំបំភាន់។ ភាគច្រើន ខ្សែហ្វីលដែលបញ្ចាំងឱ្យខួរក្បាលបានឃើញនិងចងចាំខ្លះ ភ្លេចទៅវិញខ្លះ ឬភ្លេចទាំងស្រុង ពេលភ្ញាក់ពីគេងមកវិញនោះ គឺជាលទ្ធផលនៃប្រតិកម្មគីមី Acetic Acid និង សារធាតុ Choline (Acetylcholine) ក្នុងកោសិកាប្រព័ន្ធសរសៃប្រសាទ ដោយសារតែយើងមុនគេង មានអាការៈជំងឺផ្សេងៗ ឈឺចុកចាប់ផ្នែកណាមួយនៃរាងកាយ ឈឺក្បាល មិនស្រួលខ្លួន លេបថ្នាំពេទ្យច្រើនពេក ខឹងក្ដៅក្រហាយច្រើនពេក កើតទុក្ខសោកសង្រេងពេក ភ័យរន្ធត់បុកពោះ រលស់ព្រលឹងពេក ឬរំភើបដោយតណ្ហាខ្លាំងពេក ជាដើម។

ប្រភពរូបភាព៖ https://www.reagent.co.uk/the-chemistry-of-dreaming/
រលកសញ្ញាយល់សប្ដកើតមានឡើងជាញឹកញាប់ ប៉ុន្តែសភាពរវើរវាយផ្ដេសផ្ដាសនោះ យកជាការណ៍អ្វីមិនកើតទេ។ នៅក្នុងសង្គមមនុស្សប្រភេទខ្លះដែលញៀននឹងល្បែងភ្នាល់ចាក់លេខ គេនឹងដេកយល់សប្ដឃើញលេខជាញឹកញាប់ណាស់ ប៉ុន្តែ វានៅតែគ្មានភាពប្រាកដប្រជា បើទោះបីជាមានគេចងក្រងជាគម្ពីរកាត់យល់សប្ដនៅពាសពេញពិភពលោកក៏ដោយ។
ផ្ទុយទៅវិញ អ្នកដែលនិយមតម្កល់ចិត្តមូលស្មើនៅក្នុងការគិតដ៏ត្រឹមត្រូវ ឬហៅថាគិតមានរបៀបរៀបរយ ឬនិយាយម្យ៉ាងទៀតហៅថា ការផ្ចង់គំនិតលើអ្វីតែម្យ៉ាងក្នុងរយៈពេលយូរ (ដែលយើងហៅថា សុបិន នោះ) ពិតណាស់ គឺមានលទ្ធផលច្បាស់លាស់ស្របតាមទ្រឹស្ដីវិទ្យាសាស្ត្រ ថាវាអាចបណ្ដាលចេញជាព្រឹត្តិការណ៍ពិតក្នុងជីវិត។
ពួកលោកខាងលិច និងពួកអាស៊ីកណ្ដាល ដែលយល់ដឹងរឿងនេះ បានកេងចំណេញផ្នែកមនោគមវិជ្ជាសាសនា តាមរយៈការបង្គាប់មនុស្សឱ្យតម្កល់ជំនឿលើព្រះនេះ ឬព្រះនោះ ជាដាច់ខាត កុំងាករេចិត្តទៅជឿព្រះណាផ្សេង ហើយដាក់វិន័យសាសនាឱ្យបួងសួងរាល់ថ្ងៃ រាល់វេលាជាក់លាក់ណាមួយ។ បើយើងវិភាគទៅ “ព្រះជាម្ចាស់” គឺគ្មានអ្វីក្រៅថាមពលនៃការគិត (The Power of Thinking) នោះទេ។ គិតលើរឿងអ្វីមួយ ឱ្យតែគិតដដែលៗ យូរទៅ លទ្ធផលនឹងបង្ហាញចេញពិតមែន។ ដូច្នេះ ឃើញថា គេអាចបង្កើតព្រះអាទិទេពប៉ុន្មានក៏បានដែរ ស៊ីសងលើសមត្ថភាពមនុស្សដែលជាអ្នកដឹកនាំក្រុម។
មានក្រុមខ្លះទៀត ដែលភាគច្រើនជាពួកអ្នកជំនួញជួញដូរផលិតផលនានា ដែលយល់ដឹងពីបាតុភូតនេះ បានកេងចំណេញសមាជិកក្រុមអ្នកជួយលក់ដូរ ដោយប្រើពាក្យថា “ច្បាប់ស្រូបទាញ” ឬ “ទ្រឹស្ដីនៃទំនាញសាកល” ដែលពេលខ្លះ គេវិភាគតាមរូបមន្តរូបវិទ្យា របស់ អ៊ីសាក់ ញូតុន, នីកូឡា តេស្លា, អាល់ប៊ើត អ៊ែនស្ទែន…. ជាដើមផង។

សរុបសេចក្ដីមកវិញ អំណះអំណាងដែលពោលពីខាងលើបង្អស់នោះ នៅតែមានភាពត្រឹមត្រូវជាសាកល។ មុននឹងសុបិន អាចក្លាយជាការពិតបាន ជំហានកណ្ដាលរបស់វា គឺសុបិននោះ ក្លាយជាយល់សប្ដជាមុនសិន។ យល់សប្ដ ប្រៀបដូចជា តំបន់កណ្ដាល កន្លែងចែកចាយថាមពលចេញទៅពិភពខាងក្រៅមួយទៀត ដែលរឿងខ្លះជារឿងឥតបានការណ៍ ឥតបានជាប្រយោជន៍អី រំខានផ្លូវចិត្តទទេៗ ចំណែករឿងខ្លះទៀត ប្រៀបដូចជាសារផ្ញើមកពីក្នុងលំហរអវកាស ប្រាប់មកថា ការពិតជិតមកដល់ហើយ។
ក្នុងវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួនណាត មានសរសេរពន្យល់បញ្ជាក់ស្រដៀងគ្នានេះដែរថា “សុបិន” ដែលក្លាយចេញមកពីភាសាបាលី និង សំស្ក្រឹត ប្រែខ្លឹមសារថាជា ការយល់សប្ដិដែលមានទំនងអាចសង្កេតបាន ឬអាចទស្សន៍ទាយបានថាវានឹងក្លាយជាការពិត ក្នុងរូបភាពណាមួយ។ ថ្វីត្បិតតែ វចនានុក្រម មិនបញ្ជាក់ថា ការពិតនោះជាព្រឹត្តិការណ៍ល្អ ឬអាក្រក់ ក៏ដោយ ប៉ុន្តែក្នុងទម្លាប់គិតរបស់មនុស្ស ពាក្យថា សុបិន (ឬស្មើនឹងពាក្យមួយទៀត ថា “ស្រមៃ”) ច្រើនសំដៅដល់ភាពវិជ្ជមានច្រើនជាង។ វាមិនដែលមានអ្នកណាដេកស្រមៃ ចង់ធ្លាក់ខ្លួនក្រ ចង់ជាប់គុក ចង់លំបាកវេទនា ទេ។ មនុស្សចូលចិត្តស្រមៃ ដល់ហេតុការណ៍អ្វីមួយដែលខ្ពង់ខ្ពស់ជាងបច្ចប្បន្ន ឬស្រេកឃ្លានបំពេញចំណង់អ្វីម្យ៉ាង ដែលបច្ចុប្បន្ន មិនទាន់មានលទ្ធភាពបំពេញបាន។ ដូច្នេះ យើងអាចសង្ខេបថា យល់សប្ដិដែលអាចសង្កេតដឹងថា នឹងក្លាយជាការពិតបាន នោះជាសុបិន ហើយ។ ប្រសិនបើយើង យល់សប្ដិរួច បែរជាយើងរកគិតមិនយល់ថាវាមានន័យអ្វី នោះមិនមែនជាសុបិនទេ។
សុបិន ឱ្យធំ តែបដិបត្តិពីតូចប៉ុនគ្រាប់ល្អងធូលីឡើងទៅ ហើយបន្តឡើងខ្ពស់ជានិច្ច រហូតដល់យើងអាចឧប្បត្តិក ក្ដីសុបិនទៅជា យល់សប្ដ ហើយយកអង្គចងចាំទំហំធំដែលបានពីយល់សប្ដ (Big Memory) នោះជាថាមពលពិសេស រុញឱ្យចេញលទ្ធផលពិតនៅក្នុងជីវិត។

“សូមឱ្យសុបិនរបស់អ្នកក្លាយជាការពិត!” គេមិនដែលនិយាយថា “សូមឱ្យ យល់សប្ដ របស់អ្នកក្លាយជាការពិត” នោះទេ។ បើយល់សប្ដឃើញខ្មោច យល់សប្ដិឃើញធ្លាក់ពីលើយន្តហោះ យល់សប្ដឃើញខ្លាដេញខាំ គិតយ៉ាងម៉េចទៅអ៊ីចឹង?
អត្ថបទចិត្តវិជ្ជា ដោយ លឹម វិរិយា