មនុស្សច្រើនណាស់ ដែលកំពុងរស់នៅ ដកដង្ហើមស្រូបយកខ្យល់អុកស៊ីហ្សែនពីភពផែនដីនេះ នឹងគេនឹងឯងដែរ ប៉ុន្តែមានអ្នកខ្លះ រស់ទាំងគ្មានព្រលឹង។ តើអ្វីទៅជាព្រលឹងមនុស្សរស់?

មនុស្សរស់នៅ ត្រូវការកសាងខ្លឹមសារជីវិត។ ដើម្បីឲ្យជីវិតមានខ្លឹមសារ មនុស្សត្រូវមានគោលដៅអនាគត។ ដើម្បីឈានឆ្ពោះទៅកាន់គោលដៅអនាគតបាន មនុស្សត្រូវមានផែនការជីវិត។ ផែនការសំខាន់ៗ សម្រាប់ដើរក្នុងរយៈពេលវែង គឺផែនការយុទ្ធសាស្ត្រ។ យុទ្ធសាស្ត្រដែល អស្ចារ្យ គឺយុទ្ធសាស្ត្រ ដែលមានការរៀបចំយ៉ាងផ្ចិតផ្ងង់តាំងពីសកម្មភាពកំប៉ិកកំប៉ុកឡើងទៅ។ ដើម្បីឲ្យកិច្ចការកំប៉ិកកំប៉ុកនានាទៅមុខដោយរលូន មនុស្សត្រូវចេះគ្រប់គ្រងពេលវេលា។

ពេលវេលា គឺជាថ្លៃដើម ដែលមានតម្លៃស្មើនឹងលុយកាក់។ អ្នកខ្លះចាយវាយពេលវេលា យ៉ាងខ្ជះខ្ជាយ ស្ទើរពេញ១ជីវិត ដោយការលម្ហែកម្សាន្ត ដើរលេងជួបជុំពួកម៉ាកពួកភឿន ទេសចរផ្សេងព្រេង ថតរូប បង្អួតគេ ថាខ្លួនសប្បាយគ្រប់ពេលវេលាអីចឹង។ ជីវិតអញ សប្បាយអីចឹង ជីវិតអញ វាមានន័យរបៀបហ្នឹង។ មនុស្សពូកែ មនុស្សសាច់ការ មនុស្សម៉ឺងម៉ាត់ ច្រើនតែក្លាយទៅជាសត្រូវរបស់គេ។ ហើយ ទីបំផុតនៃឆាកជីវិតគេ ក៏រកពន្លឺរីកចម្រើនមិនឃើញ ក្រៅតែពីសភាពវ៉ល់ៗ ក្នុងរង្វង់រណ្ដៅប្រវែងជាង ២ម៉ែត្រ៤ជ្រុង។

អ្នកខ្លះ អាយុស្ទើរក្លាយជាឪពុកម្ដាយក្មេក គេទៅហើយ សក់ស្កូវដុបៗទៅហើយ នៅតែរស់ដោយមិនទាន់មានផែនការជីវិតច្បាស់លាស់ទៀត។ មនុស្សរបៀបនេះ ច្រើនតែក្លាយជាអាយ៉ង នៃផែនការរបស់អ្នកដទៃ។ គេងាយនឹងត្រូវបានអូសទាញ ឲ្យក្លាយជាឧបករណ៍ប្រើប្រាស់ក្នុងផែនការជីវិតអ្នកដទៃ។ អ្នកសាកគិតលេងៗទៅមើល? តើមានអ្នកណាដែលចិត្តល្អ បង្កើតផែនការជីវិតរបស់គេ ដើម្បីសម្រេចក្ដីសុបិនរបស់អ្នក? វាគ្មានទេ! គេអាចនឹងចែករំលែកឲ្យយើងប្រហែលជា ១% នៃផលចំណេញរបស់គេប៉ុណ្ណោះ។ ដូច្នេះ អ្នកនឹងនៅតែជាកញ្ជះនៃសំបករូបរស់នេះ រហូតដល់ថ្ងៃស្លាប់ចូលក្នុងដីទៅវិញដដែលទេ។

ព្យាយាមដែរ តែព្យាយាមដោយឥតគោលដៅ វាមានន័យស្មើនឹងការហែលទឹកសមុទ្រដោយគ្មានកោះត្រើយ។ ពេលខ្លះ បើសិនជាទេវតាប្រទាននូវភ័ព្វសំណាងដល់អ្នកឲ្យបានជួបមនុស្សឆ្លាត មនុស្សពូកែ មនុស្សល្អ មនុស្សខ្លាំងពោរពេញដោយអំណាចរួចទៅហើយ ហើយអ្នកបែរជាមើលឃើញគេក្នុងផ្លូវអវិជ្ជមានទៅវិញ នោះមានន័យថា អ្នកបានចាប់កំណើតមកក្នុងជាតិនេះ ដោយមិនមានស្ពាយបង្វេចផលបុណ្យពីបុព្វជាតិមកទេ។ អ្នកជាមនុស្សខ្សត់បុណ្យ!!!

ថាដំណើរជីវិតកន្លងមកនោះ វាអភ័ព្វទៅចុះ លុះមានគេឈោងដៃជួយហើយ បែរជាអគតិចំពោះគេទៅវិញ។ ពុទ្ធោ អរហំ! សូមខ្សឹបបន្តិចចុះ មនុស្សដូចជាអ្នក គ្មានព្រះអាទិទេពណា ជួយបានទេ។ បន្តរស់ក្នុងជីវិតចោលម្សៀតរបស់អ្នកទៀតចុះ!
លឹម វីរីយ៉ា
ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៩