Tag Archives: មនុស្សអវិជ្ជមាន

មនុស្សអវិជ្ជមាន

ខ្ញុំសែនជ្រេញ គ្រប់ពេលដែលឮគេរំឭកពាក្យថា “គិតវិជ្ជមាន” …… និយាយលេងសើចអី! កាលពីច្រើនឆ្នាំមុន ក្នុងរវាងទសវត្សរ៍ឆ្នាំ២០០០ ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តប្រើពាក្យនេះញឹកញាប់ជាទីបំផុត ទាំងការសរសេរនិងនិយាយ។ លុះឥលូវ ដល់តែឃើញគេនាំគ្នាសាបព្រោះពាក្យនេះច្រើនខ្លាំងពេក… ច្រើនរហូតដល់ពាក្យនេះក្លាយជា អតិផរណា និងចុះថោកដូចសំរាម ក្នុងក្រសែភ្នែកខ្ញុំនេះទៅវិញ។ ហេតុអ្វី?

ព្រោះមនុស្សទ្រឹស្ដីនិយមដែលខ្លួនឯងមិនជាខ្មោចផេះអីផងនុះ ក៏និយាយនិងពោលដល់ពាក្យនេះ ស្ទើររាល់ថ្ងៃដែរ។ ខ្ញុំកើតមក ដោយស្ពាយនូវអត្តចរិតមួយចម្លែកបន្តិច ត្រង់ចូលចិត្តតែធ្វើអីដែលបញ្ច្រាសពីគេពីឯង បើទោះបីជាអ្នកផ្សេងគេមានហេតុផលរាប់លានសម្រាប់ការពារខ្លួនក៏ដោយ។

តាមពិតទៅ ការគិតវិជ្ជមាន វាគ្រាន់តែជួយទំនុកបម្រុងក្រសែចិត្តរបស់មនុស្ស កុំឱ្យវង្វេងវិលវល់ និងលួងលោមមនុស្សពីទុក្ខសោកផងទាំងពួងដែលកើតមានរាល់ថ្ងៃរុំស្រោបជុំជិត។ សម្រាប់ខ្ញុំ “ការគិតអវិជ្ជមាន” គឺជាថាមពលដ៏អស្ចារ្យដែលដុតបញ្ឆេះឱ្យល្បឿនជីវិតទៅមុខបានលឿនហើយប្រកបដោយសុខសុវត្ថិភាពទៀតផង។

ក្នុងចក្រវាល បើគ្មានប៉ូលដក (-)ទៅទង្គិចនឹងប៉ូលបូក (+) ទេ វាក៏វាគ្មានភ្លើងរន្ទះបាញ់បំផ្ទុះផែនដីនេះបានឡើយ។ ក្នុងរូបមន្តអគ្គិសនី ប្រូតុងវិជ្ជមាន ឬប៉ូលបូក គ្មានរំញោចស្អីទេ ដរាបណាគ្មានការតភ្ជាប់ជាមួយអេឡិចត្រុងអវិជ្ជមានឬប៉ូលដក។ ក្នុងសង្គមមនុស្សរស់នៅ បើគ្មានពួកមនុស្សអវិជ្ជមាន ក៏វាគ្មានក្រុមហ៊ុនធានារ៉ាប់រងដែរ។ មនុស្សដែលអវិជ្ជមានបំផុត គឺជាអ្នកដែលច្នៃពិភពលោកបានសុវត្ថិភាពបំផុត។

ក្នុងការស្រាវជ្រាវពីដើម មនុស្សវិជ្ជមាន ផលិតយន្តហោះ ចំណែកមនុស្សអវិជ្ជមានផលិតខ្សែក្រវាត់និងឆ័ត្រយោង។ មនុស្សគិតល្អៗ គេផលិតម៉ូតូ តែមនុស្សអគតិ នាំគ្នាផលិតមួកសុវត្ថិភាព។ ក្នុងសង្គមមនុស្សរស់ អ្នកវិជ្ជមាននាំគ្នាកសាងសាលារៀន ប៉ុន្តែអ្នកអវិជ្ជមានវិញ កសាងគុក និងផលិតខ្នោះ។ ពួកអ្នកវិជ្ជមាន កសាងមន្ទីរពេទ្យកែកម្ផស្ស ចំណែកពួកអវិជ្ជមាន កសាងមន្ទីរពេទ្យវិកលចរិត។

ដូច្នេះ កុំសូវវិជ្ជមានខ្លាំងពេក ប្រយ័ត្នភ្លើងឆេះផ្ទះ គ្មានអ្វីសង្គ្រោះ។ កុំសូវវិជ្ជមានពេក ទិញធានារ៉ាប់រងខ្លះផង ក្រែងគ្រោះថ្នាក់ទាន់ហ័ន គ្រាន់មានគេជួយបាន។ កុំសូវវិជ្ជមានពេក ក្រែងគេលួចចាក់ពីក្រោយ គេចខ្លួនមិនទាន់។ កុំសូវវិជ្ជមានពេក ក្រែងធាតុម្ខាងទៀត សុទ្ធតែវិជ្ជមានដូចគ្នាដែរ ជីវិតអ្នកនឹងក្លាយជា ណឺត្រុង ឬ សភាពខ្ទើយ វាអសារបង់ ប្រើជាប្រយោជន៍អីមិនកើត។

អូ! មួយទៀត កុំសរសើរខ្ញុំច្រើនពេកអី ព្រោះតែកាលណាអ្នកសរសើរខ្ញុំច្រើនពេក ខ្ញុំនឹងស្អប់ខ្ពើមខ្លួនឯងមិនខាន…… ខ្ញុំត្រូវការតុល្យភាពអារម្មណ៍ដើម្បីរស់ឱ្យបានសុខស្រួល!

_________

លឹម វីរីយ៉ា

ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០

រូបថតខ្ញុំនៅលើភ្នំបូកគោ ត្រង់ទីតាំងបឹងទឹកសាប