Tag Archives: ភ្លើងប្រចណ្ឌ

ភ្លើងប្រចណ្ឌ…

Jealousy Wifeនេះនឹងថ្លាថ្លែងចែងរឿងមួយ
ជារឿងទុក្ខព្រួយនៃមនុស្សលោក
មិនយល់ព្រះធម៌ចិត្តស្មោកគ្រោក
កខ្វក់រហូតថ្លែងមិនរួច។

កាលនៅក្មេងវយ័សម្ដីផ្អែម
ចេះលួងលោមថែមចងចិត្តកួច
សាងមេត្រីភាពស្អប់មិនរួច
ចងជាកំណួចមង្គលស្នេហ៍។

ប្រាំបីឆ្នាំប្លាយចាយវេលា
ចរិយាស្ងួនភ្ងាបានប្រួលប្រែ
អូនប្រចណ្ឌបងគ្មានពេលល្ហែ
បំផ្លាញក្ដីស្នេហ៍ដោយមោហៈ។

គេថាស្រ្តីតែងប្រចណ្ឌ
បងមិនប្រកាន់ស៊ូនៅស្មគ្រ័
តែអូនហួសហេតុឈានដល់ថ្នាក់
រាយភ្លើងទោសៈអបលក្សណ៍មិត្ត។

សំណាបយោងដីស្រីយោងប្រុស
ពាក្យចាស់មិនខុស ច្នោះគួរគិត
ញាតិគេមួយស្រុកមិនដែលស្និទ្ធ
ជ្រាបរឿងប្រឌិតអាស្រូវកេរ្តិ៍។

ប្រចណ្ឌតិចតួចគួរស្រលាញ់
ក្និកក្នក់គួរក្នាញ់ប្រមាញ់ស្នេហ៍
តែអូនប្រចណ្ឌទាំងព្រះខែ
អាទិត្យផងដែរខុសតម្រា។

ប្រចណ្ឌនេះហៅសែនចម្លែក
ប្រចណ្ឌខឹងប្លែកពីធម្មតា
មួម៉ៅរករឿងទាំងឆ្កែឆ្មា
មនុស្សសត្វរុក្ខាជុំវិញបង។

សែនខ្មាស់អស់ញាតិព្រោះតែអូន
កំហុសផ្ទួនៗខ្លួនឯងចង
មិនគិតខំស្រាយឲ្យរួចម្ដង
គិតតែពីចងទាំងមិនចេះ។

ភ្នំភ្លើងសុមេរុគង់នៅចាញ់
ចិត្តដែលកំណាញ់កណ្ដាញ់ប្រេះ
បាចសាចកំហឹងខឹងទាំងផេះ
ដុំធ្យូងមិនឆេះជេរចង្រ្កាន។

ភ្លើងអុសតូចមួយជួយបាយឆ្អិន
ភ្លើងស្នេហ៍អូនកិនក្លាយឆេះឋាន
ផែនដីក៏គង់រលាយបាន
ឆេះស្លាប់ទាំងប្រាណអូនខ្លួនឯង។

ច្នេះបើដឹងហើយសូមកែខ្លួន
ប្រចណ្ឌខុសក្បួនជួនចម្បែង
សិក្សារៀនសូត្រពីខ្លួនឯង
ស្រែកយំក្ដែងៗក្រែងចិត្តកូន។

អូនអ៊ើយអូនស្រីសម្ដីថ្លោស
ពោលសុទ្ធតែខុសប្រុសស្ទើរសូន្យ
ប្រចណ្ឌអស់ញាតិជាងម៉ាផ្លូន
ភ្នំភ្លើងសេ្នហ៍អូនមិនធម្មតា។

ឥលូវសូមប្រាប់ថាហត់នឿយ
ឈប់តតាំងហើយនឹងជីវ៉ា
បងសូមចុះចេញតែអាត្មា
រស់តាមយថាកម្មអូនចុះ។

ប្រហែលកម្មពៀរពីជាតិមុន
បងធ្វើទារុណសាងកំហុស
បានជាជាតិនេះបងរងទោស
អូនវាយមនុស្សស្មោះទាំងអយុត្តិ។

សន្មតចប់គ្នាត្រឹមប៉ុណ្ណេះ
កុំឲ្យភ្លើងឆេះរាលទៅមុខ
ខ្លាចស្លាប់មនុស្សលោករីករាលទុក្ខ
បងចូលក្នុងគុកឥតជញ្ជាំង។

សូមនៅបានសុខក្ដាប់អំណាច
អស់ព្រួយអស់ខ្លាចអូននឹងខ្លាំង
ក្លាយជាស្រីឆ្នើមរស់ប្រឆាំង
ប្រយុទ្ធតតាំងភាពមេម៉ាយ។
———————–
ដោយ លឹម វីរីយ៉ា,
សៀមរាប, ថ្ងៃសុក្រ ១កើត ខែអាសាឍ ឆ្នាំមមី ឆសក័ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា គ.ស ២០១៤