Tag Archives: ព្រហ្មញ្ញសាសនា

ព្រះរាជលិង្គនៃព្រះសិវៈ

កំណត់ហេតុជីវិតខ្ញុំនៅក្រុងញូឌែល្ហី

ក្នុងវិន័យសាសនាហិណ្ឌូ ស្ត្រីមិនអាចធ្វើការគោរពបូជា ឬសូម្បីតែដើរទៅក្បែរសិវលិង្គបានទេ កុំថាឡើយដល់ទៅយកដៃប៉ះពាល់។ ការដែលស្ត្រី ប៉ះសិវលិង្គ គឺជាអ្វីដែលច្បាប់សាសនាហិណ្ឌូ ហាមឃាត់ដាច់ខាត។ នៅឥណ្ឌា ប្រជាជនភាគច្រើនគោរពបូជាអាទិទេព ហើយអាទិទេព មានច្រើនខុសៗគ្នាតាមតំបន់។ តំបន់ដែលខ្ញុំឈរថតរូបនេះ ស្ថិតនៅក្នុងភូមិសាស្ត្រ ជាយក្រុង ញូឌេល្ហី ជិតអាកាសយាន្ដដ្ឋានអន្តរជាតិ ឥន្ទ្រគន្ធី។ នៅទីនោះ ឃើញមានបដិមាសិវលិង្គជាច្រើនសម្រាប់អ្នកស្រុកគោរពបូជា។

រូបថតអនុស្សាវរីយ៍នៅក្រុងញូឌែល្ហី ប្រទេសឥណ្ឌា កាលពីឆ្នាំ ២០១៨ ក្នុងដំណើរប្រជុំសហគ្រិនស្ត្រី

ដោយសារតែ “ព្រះសិវៈ” មានអនុភាពខ្ពង់ខ្ពស់ខ្លាំងពេក មនុស្ស សូម្បីតែហៅ ក៏មិនហ៊ានហៅចំឈ្មោះផង គេហៅត្រឹមតែ “ព្រះឥសូរ” ប៉ុណ្ណោះ ដើម្បីជាការគោរពលើកតម្កើង (ដូចយើងហៅមេដឹកនាំធំៗ ត្រឹមតែងារពីមុខអ៊ីចឹងដែរ)។ អ្នកកាន់សាសនាហិណ្ឌូ ជឿថា ស្ត្រីដែលហ៊ានល្មើសនឹងបម្រាមនេះ (ជាពិសេសស្ត្រីនៅលីវ) នឹងត្រូវព្រះឥសូរដាក់ទណ្ឌកម្មយ៉ាងធ្ងន់ក្នុងជីវិត។ មានគេឃាត់ខ្ញុំមិនឱ្យលូកដៃប៉ះដែរ តែខ្ញុំបានតបទៅគេថា “សូមឱ្យខ្ញុំបានពិសោធមហិទ្ធានុភាពព្រះឥសូរផងចុះ តើវាជាការពិតទេ?”។

ស្រាប់តែមានភាពចៃដន់មួយបានកើតឡើង! ពេលជិះយន្តហោះពីឥណ្ឌា ត្រលប់មកផ្ទះវិញ ខ្ញុំបានដួលសន្លប់បាត់ស្មារតីលើយន្តហោះប្រមាណជា ២ម៉ោង (ក្រោយពេលយន្តហោះ បានហោះឡើងលើជាង១ម៉ោង) ពេលងើបដើរទៅរកបន្ទប់ទឹក។ បន្ទាប់ពីទទួលបានការសង្គ្រោះបន្ទាន់ពីវេជ្ជបណ្ឌិត និងក្រុមកាប៊ីនឃ្រូ នៅក្នុងបន្ទប់ពិសេសមួយ ជាមួយនឹងឧបករណ៍បរិក្ខាពេទ្យគេរួចមក ខ្ញុំក៏ដឹងខ្លួនមកវិញ។ ពេលស្រួលខ្លួនវិញបានបន្តិច មានមិត្តភក្តិខ្លះដែលរួមដំណើរជាមួយ (ជាពិសេសអ្នកថតរូបឱ្យនេះ) បានសន្និដ្ឋានថា មកពីខ្ញុំនេះមិនគោរពព្រះឥសូរ ទើបទៅជាដូច្នេះ។

ខ្ញុំនៅតែហួសចិត្ត ចង់សើច តាមពិត ហេតុផលដ៏ជាក់លាក់គឺ ខ្ញុំរអើមចំណីអាហារនៅទីនោះដែលមើលទៅគគ្រិចគ្រប់កន្លែង ជាពិសេសអ្នកបម្រើម្ហូបអាហារដែលមានក្រចកដៃវែងៗ និងមានដីខ្មៅៗញ៉ុកក្នុងក្រចកនោះ។ ហើយខ្ញុំចាញ់ក្លិនការីដ៏ឆួលឈ្លក់ បរិយាយមិនអស់។ ម្យ៉ាងទៀត ខ្ញុំមិនសូវផឹកទឹកបានច្រើន ដោយសារតែទឹកធុំក្លិនឆ្អាបពេក ផ្សំនឹងភាពហត់នឿយផង អាកាសធាតុក្ដៅផង ខ្សោះជាតិទឹកច្រើនពេក ទើបបណ្ដាលឱ្យខ្យល់គរ ដួលសន្លប់កណ្ដាលមេឃដូច្នេះតែម្ដងទៅ។ សព្វថ្ងៃ អ្នករួមដំណើរជាមួយខ្ញុំខ្លះដែលនៅតែមានជំនឿលើលទ្ធិអាទិទេព នៅតែនិយាយដើមខ្ញុំ ថាព្រះឥសូរចាប់មួលក្បាលខ្ញុំ ឱ្យប្រកាច់កណ្ដាលព្ធដ៏​វេហាស៍… ហាហាហា! 😃

វាមិនដែលគ្រាន់តែគេប៉ះលិង្គបន្តិចសោះ តាមធ្វើបាបគេនោះ ដូចមិនសមហេតុផលទេ ព្រះឥសូរ! ក្រែងពាក្យថាព្រះ ជាសភាវៈប្រោសសណ្ដោសមេត្តាករុណាមនុស្សលោក មែនទេ? ហេតុអ្វីមកតាមផ្ចាញ់ផ្ចាលមនុស្សទៅវិញ ជាពិសេសស្ត្រីភេទ?

សំណាងណាស់ ដែលខ្ញុំមានព្រះពុទ្ធ ព្រះធម៌ ជាទីពឹង ទីរឭក… ច្បាស់ណាស់ ថាឆាកជីវិតខ្ញុំ មានដំណើរទៅមុខ ជាមួយផលដែលចេញពីហេតុ។ គឺជីវិត មានហេតុផលច្បាស់លាស់ ដែលអាចពិចារណាបាន មិនចេះតែវិនិច្ឆ័យហើយជឿផ្ដេសផ្ដាសនោះទេ។
______________

ពុទ្ធំ សរណំ គច្ឆាមិ
ធម្មំ សរណំ គច្ឆាមិ
សង្ឃំ សរណំ គច្ឆាមិ

ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ
ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ
ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ

តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ
តតិយម្បិ ធម្មំ សរណំ គិច្ឆាមិ
តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ
_______

វិរិយា🌸

ខ្ញុំធ្លាប់បានសរសេរ អត្ថបទខ្លីមួយទាក់ទងនឹងស្ថានភាពសន្លប់លើយន្តហោះកណ្ដាលរាត្រីកាលពី ៥ឆ្នាំមុន ចុចទីនេះដើម្បីអាន https://www.facebook.com/photo/?fbid=10214858839520961&set=a.10218483915905605