Tag Archives: ប្រឆាំងសង្គ្រាម

សារអំពាវនាវដើម្បីសន្តិភាព

ក្នុងនាមខ្ញុំជាខ្មែរម្នាក់ ដែលបានកើតនៅក្នុងសម័យ ដែលប្រទេសជាតិធ្លាប់រងគ្រោះដោយសង្គ្រាមរ៉ាំរ៉ៃ និងរស់នៅធំធាត់លើទឹកដី ដដែលនេះ រហូតដល់បានស្គាល់ពន្លឺសន្តិភាព និងវឌ្ឍនភាព ជីវិតខ្ញុំ និងជីវិតជនខ្មែរដទៃទៀតរាប់លាននាក់ សុទ្ធតែបានចងក្រងរឿងព្រេងនិទានដ៏ឈឺចាប់ខ្លោចផ្សារាប់មិនអស់រួចហើយ សម្រាប់តំណាលឱ្យកូនចៅជំនាន់ក្រោយបានដឹងជាបទពិសោធ។ ខ្ញុំធ្លាប់គិតថា ពិសោធន៍ក្នុងយុគសម័យដ៏មហាសែនលំបាក ជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយអាចបង្កើតសង្គមរស់នៅមួយដែលចៀសឆ្ងាយពីសំឡេងស៊ីរ៉ែន ដ៏កងរំពងពាសពេញមេឃទាំងថ្ងៃទាំងយប់ ឱ្យឆ្ងាយពីក្លិនឈ្ងៀមគ្រាប់រំសេវ ផ្សែងពុល ឱ្យឆ្ងាយពីសាកសពមនុស្ស ដែលដួលដេក រដូករណែលក្នុងថ្លុកឈាមនៅចំពោះមុខ និងគ្រោះទុរ្ភិក្ស ដ៏គួរឱ្យខ្លាច។

ខ្ញុំធ្លាប់ទៅដេកយាមនៅក្នុងមន្ទីរពេទ្យជាមួយម្ដាយខ្ញុំ និងធ្លាប់ចូលទៅក្នុងសាលវះកាត់ តាំងពីមិនទាន់ចេះអានអក្សរ។ ខ្ញុំធ្លាប់ឈរមើល អ្នករបួសដាច់ដៃ ដាច់ជើង ដែលគេសែងចូលពេទ្យទាំងនៅឈាមក្រហមឆ្អៅ ខណៈដែល ដៃ ជើង របស់ពួកគេ ដាច់រសេមរសាម ដូចគេចិញ្ច្រាំ ហើយខ្ញុំឮសំឡេងគ្រូពេទ្យស្រែកបញ្ជាឱ្យគេកាត់ដៃ កាត់ជើង អ្នករបួសទាំងនោះជាបន្ទាន់ ដើម្បីសង្គ្រោះជីវិត។ ពេលនោះ ខ្ញុំនៅតូចណាស់ ខ្ញុំគិតថា ពិភពលោកនេះ មនុស្សបាញ់គ្នា និងកាប់សម្លាប់គ្នារបៀបនេះតែអ៊ីចឹងឯងមើលទៅ។ ហើយធ្វើជាគ្រូពេទ្យដូចម្ដាយខ្ញុំ មានន័យថា ត្រូវរង់ចាំកាត់ដៃ កាត់ជើងគេទាំងយប់អធ្រាត្រដូច្នេះហើយ។ រូបភាពដ៏ខ្លោចផ្សារាប់សិបករណី នៅក្នុងមន្ទីរពេទ្យនោះ បានដក់ជាប់ក្នុងខួរក្បាលខ្ញុំ គ្មានថ្ងៃបំភ្លេចបានឡើយ។ ដោយពិបាកទ្រាំនឹងទិដ្ឋភាព ដ៏គួររន្ធត់ទាំងនោះពេក ម្ដាយខ្ញុំ បានសុំគេផ្លាស់ចេញពីសាលសង្គ្រោះបន្ទាន់ មកធ្វើការនៅសាលផ្សេង ផ្នែកឱសថវិញ។

នៅក្នុងផ្ទះខ្ញុំ មានកាំភ្លើងវែង១ដើម ដែលជាញឹកញាប់ ប៉ាខ្ញុំស្ពាយចេញទៅសមរភូមិ ដើម្បីច្បាំងគ្នាជាមួយខ្មាំងសត្រូវ នៅតាមតំបន់ឆ្ងាយពីទីក្រុងបាត់ដំបង ហើយបើទោះបីជាគ្មានការបាញ់គ្នាជាមួយខ្មាំង ក៏គាត់នៅតែស្ពាយជាប់ខ្លួន គ្រប់ពេលទៅយាមនៅការិយាល័យពេលយប់ដែរ។ តាមពិត ខ្ញុំមិនគួរហៅនរណាម្នាក់ថាជាខ្មាំងទេ។ គ្រប់គ្នាសុទ្ធតែជនរងគ្រោះទាំងអស់ គឺជនរងគ្រោះដែលទទួលផលពីគំនិតល្មោភអំណាច របស់ក្រុមពួកអ្នកនយោបាយដែលមិនកាន់សីល។ ពួកគេគ្មានសីលធម៌ គ្មានមនុស្សធម៌បន្តិចណាទេ។

ដោយហេតុតែផ្ទះខ្ញុំនៅចំកណ្ដាលទីប្រជុំជន វាក៏ប្រែក្លាយទៅជាជម្រកជនភៀសខ្លួន របស់មនុស្សម្នារាប់មិនអស់ ដែលរត់គេចពីការបាញ់ប្លោង របស់ពួកឧទ្ទាមខ្មែរក្រហម។ ផ្ទះល្វែង ទទឹង ៥ ម៉ែត្រ បណ្ដោយជាង ៣០ម៉ែត្រ ពេលខ្លះ ផ្ទុកមនុស្សដល់ទៅម្ភៃ សាមសិបនាក់ ណែនដូចកាតំ។ ម្នាក់ៗរត់មកជ្រកពួន ទាំងព្រលឹងចុងសក់ ជាញឹកញាប់។

នៅពេលដែលលេណដ្ឋានគេចគ្រាប់ប្លោង ដែលខ្ញុំធ្លាប់រត់លូនចូលទៅពួនសំងំ ក្រោយមកត្រូវបានគេរំលាយចោល ដើម្បីកសាងសួនច្បារ ខ្ញុំត្រេកអរណាស់។ នៅពេលដែលប៉ាខ្ញុំយកកាំភ្លើងវែងរបស់គាត់ ទៅប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រកាសសន្តិភាព ខ្ញុំក៏រឹតតែអរខ្លាំងណាស់ទៅទៀត ព្រោះខ្ញុំស្អប់កាំភ្លើងដងវែងដ៏ធ្ងន់នោះជាងស្អប់អ្វីៗទាំងអស់។

សូមបញ្ជាក់ថា ខ្ញុំសរសេរសារថ្ងៃនេះ មិនមែនខ្ញុំនៅខាងអ្នកនយោបាយណា ឬបក្សណាមួយទេ គឺខ្ញុំសរសេរក្នុងនាមខ្ញុំ ជាសភាវៈរស់ មានជីវិតដ៏តូចមួយ ហៅថា “មនុស្ស”។

ខ្ញុំចូលរួមកាន់មរណទុក្ខចំពោះការស្លាប់របស់មនុស្សទាំងអស់ មិនថាជាតិសាសន៍ណាក៏ដោយ ដែលរងគ្រោះដោយសារសង្គ្រាម ជាពិសេសគឺកុមារតូចៗ នៅតាមព្រំដែននៃប្រទេសម្ចាស់ជម្លោះ។ ខ្ញុំសូមប្រឆាំងយ៉ាងដាច់ខាត ចំពោះក្រុមមនុស្សជ្រុលនិយម គ្រប់ជាតិសាសន៍ មិនថាជាជនជាតិអ្វីឡើយ ឱ្យតែអ្នកព្យាយាមបំផុសចលនា ស្អប់ខ្ពើមគ្នា ដើម្បីបំភាន់ថាខ្លួនជាអ្នកស្នេហាជាតិ នោះ សម្រាប់ខ្ញុំ អ្នកនៅខ្វះភាពជាមនុស្ស។

សង្គ្រាម មិនដែលរើសអើងពូជសាសន៍ម្ដងណាឡើយ។ គ្រាប់រ៉ុកែតមុននឹងផ្ទុះ ក៏វាមិនដែលចេះសួររក ជនជាតិ និង សញ្ជាតិ ពីនរណាម្នាក់ដែរ។ ហើយមច្ចុរាជ ដែលយកជីវិតមនុស្សគ្រប់គ្នាទៅ ក៏វាមិនចាំបាច់មានលិខិតឆ្លងដែន មិនបាច់មានទិដ្ឋាការអ្វីទាំងអស់។ ឱ្យតែសង្គ្រាម កើតឡើងនៅទីណា ហ្វូងម្រឹត្យូវពណ៌ខ្មៅនឹងទៅដល់ទីនោះហើយ។

ខ្ញុំសូមប្រកាសម្ដងហើយ ម្ដងទៀត ថាពួកយើង ក្នុងនាមជាមនុស្សរស់ក្រោមដំបូលមេឃតែមួយ គួរតែចែករំលែកឱ្យគ្នាទៅវិញទៅមកនូវភាពជាមនុស្សធម៌ ដ៏ពេញលេញបរិបូរ។ គ្មានហេតុផលអ្វី ដែលជាតិសាសន៍មួយ ត្រូវបង្កើតការស្អប់ខ្ពើម ចំពោះជាតិសាសន៍មួយទៀតនោះទេ។ ផែនដីនេះ មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ជាតិសាសន៍ណា ឬនរណាទេ វាជារបស់ធម្មជាតិ។ ច្បាប់ធម្មជាតិបានផ្ដល់ជីវិតឱ្យយើងបានជ្រកនៅស្នាក់អាស្រ័យតែមួយរយៈពេលប៉ុណ្ណោះ មិនអមតៈទេ។ បេសកកម្មរបស់ពួកយើង គឺរស់នៅ ដោយការស្រលាញ់គ្នា យោគយល់ អធ្យាស្រ័យគ្នា ផ្ដល់ឱ្យគ្នានិងគ្នាទៅវិញទៅមកនូវធម៌នៃ មេត្ដា ករុណា មុទិតា និង ឧបេក្ខា។

ក្រែងប្រទេសយើងទាំងពីរកាន់ពុទ្ធសាសនា មែនទេ? ហេតុអ្វីបានជាពួកអ្នកល្មើសបាណាតិបាទធម៌? ហេតុអ្វីបានជាមុសាគ្នាទៅវិញទៅមក ដើម្បីបានលេសកាប់សម្លាប់គ្នាទៅវិញ?

ត្រូវចាំថា នៅពេលដែលសង្គ្រាមអូសបន្លាយកាន់តែយូរ នោះវាមានតែបង្កើនទំហំទុក្ខសោកវេទនា ភាពនិរាសព្រាត់ប្រាស និង វិនាសកម្មចំពោះប្រទេសជាតិទាំងពីរខាង មិនលែងឡើយ។ ហើយគម្ពីរប្រវត្ដិសាស្ត្រ ក៏ចាប់ផ្ដើមបង្កើតទំព័រអតុល្យភាពនៃយុត្តិធម៌កាន់តែក្រាស់ឡើង ព្រោះតែម្ខាងៗ សុទ្ធតែសរសេរ ចារិកយកត្រូវរៀងៗខ្លួន។ ហើយបន្ទាប់ពីនោះ កូនចៅជំនាន់ក្រោយមកទៀត នឹងចងកំហឹងចំពោះពូជសាសន៍ជិតខាងគ្នា កាប់សម្លាប់គ្នា សងសឹកគ្នាទៅវិញទៅមក ជាបន្តទៅមុខ គ្មានដែនកំណត់ រហូតដល់រលាយផែនដីទាំងមូល។

មេដឹកនាំជាទីគោរព!

ថ្ងៃនេះ ម៉ោងនេះ ខ្ញុំសូមទទូចអង្វរ សូមលោកមេត្ដា បញ្ឈប់សង្គ្រាមឱ្យបានលឿនបំផុត! នៅទីនេះ ទឹកដីនេះ ប្រជារាស្ត្ររបស់លោកច្រើនណាស់។ ទីនេះ មិនមែនមានត្រឹមតែ មេទ័ព កងទាហាន កងរាជអាវុធហត្ថ របស់លោកទេ គឺមានមនុស្សចាស់ជរាជាច្រើន ស្ត្រីមានផ្ទៃពោះ ជនពិការ កុមារ និងយុវជនដែលជាទំពាំងស្នងឫស្សី ដ៏ច្រើនរាប់លាននាក់ កំពុងរលត់អស់នូវក្ដីសង្ឃឹម ដែលពួកគេគិតថានឹងអាចរះភ្លឺចែងចាំង នៅថ្ងៃអនាគត។ ពួកគេស័ក្ដិសមនឹងទទួលបានការបណ្ដុះបណ្ដាល ដើម្បីកសាងធនធានបញ្ញា ដើម្បីចូលរួមកសាងជាតិឱ្យបានរុងរឿងទៅថ្ងៃអនាគត ជាជាងការក្លាយជាចំណាប់ខ្មាំងនៃផែនការយុទ្ធសាស្ត្រសង្គ្រាម ទាំងនៅក្មេងវ័យ។

ភាពស្អប់ខ្ពើម មិនអាចយកឈ្នះ ដោយការស្អប់ខ្ពើមតបទៅវិញនោះទេ។ ដូច្នេះ សូមបងប្អូនជនរួមជាតិ ឈរលើស្មារតីមនុស្សធម៌​ បញ្ឈប់ការផ្សព្វផ្សាយទាំងឡាយណា ដែលរុញដល់ការបញ្ឆេះកំហឹង ការគុំកួន ការស្អប់ខ្ពើមគ្នាជាបន្តទៅទៀត។ សូមគ្រប់គ្នា ជួយផ្សព្វផ្សាយសំឡេង ដែលបង្កឱ្យមាននូវការផ្សះផ្សារជាតិនិងជាតិ ដើម្បីពួកយើងអាចរស់នៅក្នុងសន្តិភាពទាំងអស់គ្នា។ ពួកយើងឥតត្រូវការ ផ្នូរយុវជន ដើម្បីរំឭកវិញ្ញាណក្ខន្ធប្រចាំឆ្នាំទៀតទេ។ យើងឥតចង់បានជញ្ជាំង បន្លាលួស ឃាំងប្រទេសនិងប្រទេសទេ។ យើងត្រូវការស្ពានឆ្លងឱ្យបានច្រើននៅតាមព្រំដែននៃប្រទេសពួកយើងទាំងពីរ រួមទាំងប្រទេសទាំងអស់ក្នុងតំបន់ និងក្នុងពិភពលោកនេះ!

លឹម វិរិយា 🌸

ថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៥ ខែ កក្កដា គ.ស. ២០២៥