បង់បោយឱ្យសមនឹងប្រាណ
ឈានជើងដើរបាន ឱ្យប្រមាណដី។
រាក់ទាក់រកញាតិថ្មីៗ
កុំអាលហាស្ដី សូមខ្ចីលុយកាក់។
រៀនយល់ស្គាល់មនុស្សតាមថ្នាក់
នឹងមានយសសក្ដិ គេលើកដាក់ឱ្យ។
សង់ផ្ទះត្រូវទុកទ្វារក្រោយ
ក្រែងភ្លើងឆេះដោយ រួចរស់បានងាយ។
ដើរព្រៃកុំជេរពួកព្រាយ
ក្រែងវាកាច់ធ្លាយ តៃហោងឥតការណ៍។
កុហកច្រើនចាញ់អាត្មា
ផ្លូវដែលសុខា គឺពោលពាក្យពិត។
ប៉ុន្តែមុនពោលត្រូវគិត
អ្នកស្ដាប់ពាក្យពិត ជាចោរឬប្រាជ្ញ។
ភ្លើងយប់ត្រូវភ្លឺចិញ្ចាច
ចំណាយកុំខ្លាច អស់លុយចុងខែ។
ផ្ទះធំត្រូវចិញ្ចឹមឆ្កែ
បាយទឹកផងដែរ ឱ្យស៊ីពេលល្ងាច។
បាយថ្ងៃរួចកុំដេកស្អៀច
ប្រយ័ត្នកើតទាច ទឹកដក់ប៉ោងពោះ។
សំឡេងទោះបីពីរោះ
កុំច្រៀងឮហួស រំលងរបង។
ទុកផ្លូវសម្រាប់ដើរផង
ចេះស្ងាត់ទើបចង ចិត្តញាតិក្បែរខាង។
ក្បាច់គុនចេះកុំអួតអាង
ក្រែងគេនៅម្ខាង ផ្ចាញ់ដោយព្រួញពិស។
ជាមនុស្ស កុំធ្វើជាម្នឹះ
បើបានចាក់ឫស បំបែកមែកផង។
ភ្លៀងផ្គរនៅក្រៅរបង
កុំទៅឆ្លើយឆ្លង ក្រែងរន្ទះបាញ់។
ឃើញគេស្អាតគួរស្រលាញ់
កុំចេះតែក្នាញ់ លេបខាយផ្ដេសផ្ដាស់។
ក្រែងលោជួបអ្នកកាចឆ្នាស
បញ្ចោរឥតខ្មាស រយះខូចកេរ្តិ៍។
បើសិនមានពេលទំនេរ
ស៊ូផឹកកាហ្វេ ដេរប៉ះក្ដិតខោ។
ល្អជាងទៅញ៉ែប៉ប្រោ
រឿងក្នុងកន្ថោរ សុទ្ធតែលាមក។
ងើបព្រឹកកុំទម្លាប់ស្ទក់
អ្នកដែលទ្រមក់ ភ្លក្សតែភាពក្រ។
ឃើញមនុស្សមិនសូវមាត់ក
កុំថាគេល្អ ប្រយ័ត្នស្ដាយក្រោយ។
លូកដៃទទួលអំណោយ
យកផិនគេហើយ ជំពាក់កណ្ដាញ់។
បាយទឹកផ្ទះមិត្តសម្លាញ់
ទោះឆ្ងាញ់មិនឆ្ងាញ់ ត្រូវពោលអរគុណ។
រៀនរស់ឱ្យផុតទារុណ
ហ្វឹកហាត់ដឹងគុណ ហៅកតញូ។
បង្កើតទម្លាប់យូរៗ
គង់ធ្វើដោយធូរ ក្លាយជានិស្ស័យ។
ពេលនោះនឹងមានជោគជ័យ
ព្រោះទម្លាប់ថ្មី សាងសិរីកម្ម។
សូមចប់នូវពាក្យបណ្ដាំ
ម៉ែខ្ញុំគាត់ផ្ដាំ ចាំកុំភ្លេចឡើយ។
____________
លឹម វិរិយា![]()
ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ កុម្ភៈ គ.ស. ២០២១
