Tag Archives: បដិវត្ដន៍ផ្នត់គំនិត

តម្លៃនៃជីវិតមនុស្សនៅកម្ពុជា

គ្រប់ពេលដែលខ្ញុំធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ហានិភ័យនៃការរស់រានមានជីវិតរបស់ខ្ញុំ គឺនៅសល់តែ ៥០% ប៉ុណ្ណោះ។ ការប្រុងប្រយ័ត្ន មិនមែន ត្រឹមតែគោរពច្បាប់ចរាចរណ៍តែម្យ៉ាងនោះទេ ប៉ុន្តែត្រូវប្រុងស្មារតីក្នុងការគេចចេញឱ្យបានលឿនរហ័សពីអ្នកបើកបរផ្សេងដែលធ្វេសប្រហែស។ អ្នកទាំងនោះ ប្រហែលជាបើកបរដោយភាពស្រវឹងជោកជាំ ដែលបណ្ដាលពីឥទ្ធិពលស្រា ឬថ្នាំញៀន។ ពេលឆ្លងភ្លើងបៃតងម្ដងៗ ក៏ត្រូវតែប្រយ័ត្ន ព្រោះថាពេលខ្លះ មានអ្នកមកកាត់ទទឹងផ្លូវដែលមិនគោរពភ្លើងសញ្ញា។ ពេលឆ្លងផ្លូវបំបែកម្ដងៗ សុខចិត្តធ្វើជាអ្នកចាញ់រហូត រង់ចាំឱ្យអ្នកព្រហើនកោងកាច បានចេញទៅមុនអស់។

ដោយសារតែហេតុនេះហើយ ទើបខ្ញុំមិនដែលហ៊ានបណ្ដោយកូនៗបើកបរម៉ូតូកង់ខ្លួនឯងនៅលើដងផ្លូវនៅក្នុងស្រុកខ្មែរទេ បើទោះជាពួកគេធំៗអស់ទៅហើយក្ដី។ ខ្ញុំជូនកូនដោយផ្ទាល់តាំងពីតូចដល់ធំពេញវ័យ រហូតដល់អ្នផងពេបជ្រាយថាថ្នមកូនហួសហេតុពេក។ មិនមែនខ្ញុំមិនហត់នឿយទេ ប៉ុន្តែព្រោះក្ដីបារម្ភមួយនេះ។ ហេតុអ្វីបានជាជីវិតមនុស្សនៅលើដងផ្លូវហាក់ដូចជាថោកខ្លាំងម្ល៉េះ?

មនុស្សពូកែៗ មានសមត្ថភាព ជាធនធានដ៏កម្ររបស់ប្រទេសជាតិ ដែលគួរទទួលបានការថ្នាក់ថ្នម លើកតម្កើងនិងថែរក្សា បែរមកត្រូវបាត់បង់ជីវិតយ៉ាងអណោចអធម៌ ដូចជាសត្វឆ្កែឆ្មានៅលើដងផ្លូវ ដោយសារជនបង្កដែលប្រព្រឹត្ដអបាយមុខ គឺការសេពគ្រឿងស្រវឹង ដែលជាការហាមឃាត់យ៉ាងដាច់ខាតពីព្រះគ្រប់សាសនាក្នុងលោក។ ហេតុអ្វីដែលប្រទេសជាតិមួយ ហូរហៀរទៅដោយងារថា បណ្ឌិត រាប់ចាប់តាំងពីក្បាលម៉ាស៊ីនកំពូល ដល់មន្ត្រីតូចតាចផងនោះ បែរជាបណ្ដោយឱ្យប្រទេសជាតិខ្លួនឯង ត្រូវបានបំផ្លិចបំផ្លាញឱ្យខ្ទេចខ្ទីអស់ ដោយសារតែអំពើពាលាអាវាសែអស់ទាំងនេះ?

វាដូចជាល្មមដល់ពេល វះកាត់ជំងឺមហារីកនៃសង្គមមួយនេះចោលហើយ! នៅស្ដាយសាច់ស្អុយមួយដុំហ្នឹងដល់ណាទៀត? បើវាជាសាច់ដែលនាំមកនូវតែការឈឺចាប់ និងការបំផ្លាញឥតល្ហែបែបនេះ?

ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំនៅតែរក្សាជំហរក្នុងការប្រឆាំងជាដាច់ខាតនឹងរបៀបដឹកនាំប្រទេស ដែលអនុញ្ញាតឱ្យមានការផលិតនិងផ្សព្វផ្សាយគ្រឿងស្រវឹង ដែលជាអបាយមុខបំពុលសង្គម និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។ ខ្ញុំសូមថ្កោលទោស ដល់ជនទាំងឡាយណា ដែលបានចូលគាំទ្រ លើកតម្កើង គ្រឿងស្រវឹង ទោះជាដោយផ្ទាល់ ឬដោយប្រយោល។ កុំរង់ចាំរហូតដល់ថ្ងៃមួយដែលកូនៗចៅៗរបស់លោកអ្នក ដេកស្ដូកស្ដឹងនៅពីក្រោមកង់រថយន្ដរបស់ជនប្រមឹក ទើបភ្ញាក់ខ្លួន! សូមភ្ញាក់រឭកឱ្យឆាប់ៗឡើង…… ប្រទេសជាតិយើងកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈគ្រប់វិនាទី!

——

សូមគ្រប់គ្នារក្សាសីល៥ ឱ្យបានខ្ជាប់ខ្ជួន

១- បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាធ្វើសត្វមានជីវិតឱ្យធ្លាក់ចុះគន្លង គឺសម្លាប់សត្វ។

២- អទិន្នាទានា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាកាន់យកនូវវត្ថុដែលគេមិនបានឱ្យដោយកាយ ឬដោយវាចា។

៣- កាមេសុ មិច្ឆាចារា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។

៤- មុសាវាទា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាពោលនូវពាក្យកុហក។

៥- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ។

តើវត្ដអារាម មានខ្លឹមសារយ៉ាងណាក្នុងផ្នត់គំនិតជនជាតិខ្មែរម្ចាស់ស្រុក?

ពាក្យថា “វត្ដ” (ក្លាយមកពីភាសាបាលី សំស្ក្រឹត) ប្រែថា “ការកាន់នូវសីលធម៌ ឬការប្រព្រឹត្តដែលពោរពេញដោយសេចក្ដីគោរព”។ ចំណែកពាក្យថា “អារាម” ប្រែថា “ទីវាលដែលមានសួនច្បារល្អស្រស់ត្រកាល និងមានកុដិដែលជាទីស្នាក់អាស្រ័យនៃបព្វជិត”។ ពាក្យ “អារាម” នេះ ពីសម័យដើមគេប្រើហៅ ដើម្បីសម្គាល់ទីអាវាសទាំងឡាយណាដែលអាចធ្វើឱ្យអ្នកបានទៅដល់ មានសេចក្ដីសោមនស្ស រីករាយ សប្បាយចិត្ត ភ្លេចអស់ទុក្ខកង្វល់។

ដូច្នេះ “វត្ដអារាម” គឺជាទីតាំងនៅនៃបណ្ដាអ្នកបួស ដែលត្រូវការភាពស្ងប់ស្ងាត់ ដើម្បីសន្សំសីល សមាធិ ភាវនា ហើយក៏ជាទីជ្រះថ្លានៃបរិស័ទជិតឆ្ងាយ ដែលត្រូវការពឹងអាស្រ័យ ដើម្បីជម្រះភាពសៅហ្មងផ្សេងៗផងដែរ។

លុះអំណេះតមកច្រើនជំនាន់ ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ គ្រោះទុរភ្ភិក្ស ពីមួយសតវត្សរ៍ ទៅមួយសតវត្សរ៍ មនុស្សហាក់ឃ្លាតឆ្ងាយចេញពីការអប់រំ រហូតលែងដឹង លែងយល់ថា តើ “វត្ដអារាម” ជាកន្លែងសម្រាប់បដិបត្តិនូវកិច្ចប្រកបដោយសីលធម៌អ្វីខ្លះ ហើយបែរជាយល់ខុសដោយមិច្ឆាទិដ្ឋិ ថាវត្តអារាម ជាកន្លែងទៅស្រោចទឹក រំដោះគ្រោះចង្រៃ ជាកន្លែង ដែលពួកគេអាចប្រមែប្រមូលវត្ថុអាក្រក់ៗដូចជាសំរាម ទៅប្លុងចោលទៅវិញ។

ជាក់ស្ដែង ដែលយើងធ្លាប់ឃើញកន្លងមក មនុស្សខ្វះការអប់រំជាច្រើនរាប់មិនអស់ បាននាំគ្នាជញ្ជូនយក វត្ថុសក្ការបូជាប្រចាំថ្ងៃ ដែលពួកគេជឿថាអស់មន្តស័ក្ដិសិទ្ធិ យកទៅប្រោសចោលតាមរបងវត្ដអារាម ជាហូរហែឥតដាច់។ មនុស្សអគតិខ្លះ បានយកឆ្កែឆ្មា ឬសត្វចិញ្ចឹមនានា ឬសត្វកាចសាហាវ ដែលគេជឿថា ជាសត្វបង្កនូវវិនាសកម្មដល់ជីវិតពួកគេ ទៅលែងចោលនៅក្នុងវត្តអារាម។

រូបថតដែលគេបានថតបង្ហោះផ្សាយតគ្នានៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុគ ក្នុងអំឡុងបុណ្យសែនដកជើងធូបរបស់ប្រពៃណីចិន នៅស្រុកខ្មែរ (តាមអានមតិអ្នកទស្សនា សរសេរថា ជារូបភាពនៅវត្ដទួល)

មិច្ឆាទិដ្ឋិរបស់មនុស្ស បានប៉ោងរីកភាយ រហូតដល់ថ្នាក់ ចាត់ទុកវត្តអារាម ជាកន្លែងសម្រាប់ទៅពឹងពរ រកគ្រូធ្មប់ (សង្ឃខ្លះរៀនវិជ្ជាធ្មប់ គឺវិជ្ជាសូត្រមន្តរំដោះគ្រោះ និងចារយ័ន្ដគាថា ដែលព្រះពុទ្ធហាមផ្ដាច់ និងបានចាត់ទុកជាវិជ្ជាតិរច្ឆាន) ដើម្បីពួកគេអាច ស្រោចទឹក សូមសិរីសួស្ដី សូមអំបោះក្រហម ឬសូមវត្ថុនេះនោះ ទៅតាមជំនឿដ៏ងងឹតនិងអវិជ្ជារបស់ពួកគេរៀងៗខ្លួន។

សរុបសេចក្ដីទៅ វត្តអារាម ហាក់នៅឆ្ងាយពីសេចក្ដីល្អបរិសុទ្ធ។ វត្តអារាម ហាក់ដូចជាបានប្រែក្លាយទៅជា កន្លែងពួកធ្មប់បិសាច ដែលជ្រកក្រោមស្លាកឈ្មោះពុទ្ធសាសនា និងរង់ចាំត្រងយកឧបទ្រពចង្រៃផ្សេងៗ ទៅតាមជំនឿកខ្វក់របស់ពួកមនុស្សទ្រុស្ដសីលទៅវិញ។

សូមជនជាតិខ្មែរ ភ្ញាក់រឭកឡើង! វត្ដអារាម ជាកន្លែងសម្រាប់យើងជាបរិស័ទ អាចទៅស្ដាប់ឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ តាមរយៈព្រះធម្មទេសនារបស់សាវកព្រះអង្គ គឺព្រះសង្ឃ។ វត្តអារាម ជាកន្លែងស្ងប់ស្ងាត់ សម្រាប់យើងទៅធ្វើសមាធិ លាងជម្រះចិត្តដែលអាប់អួរ សៅហ្មង ឱ្យបានខ្ពង់ខ្ពស់ ស្រស់ស្រាយ និងចាកឆ្ងាយទុក្ខទាំងពួង។ វត្តអារាម ជាទីស្នាក់អាស្រ័យរបស់បព្វជិតសាសនា ដែលយើងគ្រប់គ្នាគួរទៅចែករំលែកទានផ្សេងៗ ដូចជា បច្ច័យបួន ជាដើម ដើម្បីជួយទ្រទ្រង់អ្នកបួសឱ្យមានជីវិតរស់បានល្អប្រសើរ ដើម្បីសាវកទាំងនោះ ជួយផ្សព្វផ្សាយព្រះអភិធម្ម ដល់សាធារណជន បានយល់ដឹង និងឈានដល់ការអភិវឌ្ឍប្រទេសជាតិ និងពិភពលោក។

បើអ្នកទៅវត្ត ដើម្បីតែទៅរកលោកសង្ឃស្រោចទឹក ឬដើម្បីរំឭកត្រឹមតែខ្មោចជីដូនជីតាខ្លួនឯងដែលចែកឋាននោះ សូមកុំទៅអីល្អជាង។ បើអ្នកទៅវត្ត ដើម្បីយកសំរាមទៅចាក់ចោល អ្នកមិនខុសគ្នាអីពីពួកប្រេតនាឋាននរកអវីចីនោះទេ។

រូបថតវត្តត្នោតជុំ ខេត្តបាត់ដំបង ថតដោយ យឹម ម៉ានីកា