Tag Archives: បដិច្ចសមុប្បាទ

“សាសនាដែលមានតែទ្រឹស្ដី នឹងនាំសាវក ជួបតែសេចក្ដីទុក្ខជារៀងរហូត”

ការខិតខំប្រឹងប្រែងរៀនសូត្រ អាចជួយឱ្យយើងមានចំណេះចេះដឹងនៅក្នុងការងារប្រកបរបរចិញ្ចឹមជីវិត។ ប៉ុន្តែដាច់ខាត វាមិនអាចជួយឱ្យចិត្តគំនិតរបស់យើងដើរនៅលើផ្លូវប្រកបដោយសីលធម៌បានទេ ដរាបណាយើង មិនបានខិតខំបង្វឹកលត់ដំចិត្តខ្លួនឯង។ តើត្រូវរៀនដោយរបៀបណា?

នៅក្នុងសាសនា នានា គេសរសេរក្នុងគម្គីរថា ចូរចាកចេញឱ្យឆ្ងាយពីអំពើអាក្រក់។ ហើយគេពន្យល់ ពី “អំពើអាក្រក់” គឺជាអ្វីខ្លះជាដើម។

តាមពិត នរណាៗ ក៏ដឹងដែរថា អំពើអាក្រក់ ឬអំពើបាប រួមមានសង្ខេបត្រួសៗ ដូចជា ការសម្លាប់ជីវិត មនុស្សឬសត្វដោយចេតនា ដើម្បីបំពេញចំណង់តណ្ហាផ្ទាល់ខ្លួន ឬដើម្បីជាការកម្សាន្ត ទោះដោយកាយវិការ ឬសូម្បីតែការគិតប៉ុនប៉ងក្នុងចិត្ត។ ការលួចយកទ្រព្យសម្បត្តិអ្នកដទៃ មកកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពីម្ចាស់ទ្រព្យដើម ទោះដោយកាយវិការ ឬសូម្បីតែការគិតប៉ុនប៉ងក្នុងចិត្ត។ ការប្រព្រឹត្ដខុសក្នុងកាមទាំងឡាយ ទោះដោយកាយវិការ ឬសូម្បីតែការគិតប៉ុនប៉ងក្នុងចិត្ត។ ការនិយាយកុហក បោកបញ្ឆោត កេងប្រវញ្ច ដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួន ទោះដោយកាយវិការ ឬសូម្បីតែការគិតប៉ុនប៉ងក្នុងចិត្ត។ ការសេពគ្រឿងស្រវឹង គ្រឿងញៀន គ្រឿងដែលបំពុលដល់សតិប្រាជ្ញា ឱ្យបាត់បង់អស់នូវវិចារណញ្ញាណ។

ការបង្រៀនអំពី ព្រហ្មចរិយាធម៌ទាំងនេះ ក្នុងសាសនាណា ក៏មានបង្រៀនដែរ។ ប៉ុន្តែហេតុអ្វីបានជាមានមនុស្ស នៅតែបំពានក្នុងការកាប់សម្លាប់ជីវិតគេ លួច ឆក់ ប្លន់ កេងប្រវញ្ចគេ ។ នៅតែមានអ្នកលបលួចផិតក្បត់ សហាយស្មន់ ចាប់រំលោភរាងកាយគេ បំពានផ្លូវភេទគេ សូម្បីតែពាក្យសម្ដីដែលដៀមដាមដល់ផ្លូវកាមរាគៈនៃអ្នកដទៃ ក៏ជាអំពើបាប ដ៏គួរខ្ពើមឆ្អើមក្រៃកន្លង។ នៅតែមានជាហូរហែ អ្នករកស៊ីបោកប្រាស់គេ អ្នកស្បថទាំងបំពាន អ្នកប្រើល្បិចបញ្ឆោតដើម្បីឱ្យគេព្រមជឿស្លុងទៅក្នុងឧបាយកលខ្មៅកខ្វក់ របស់ខ្លួន។ ហើយជាពិសេស នរណាៗ ក៏ដឹងដែរថា ការផឹកស្រា ជារឿងឧបទ្រពចង្រៃណាស់ ចុះម្ដេច ក៏គេនៅតែផឹកទៀត? មានអ្នកខ្លះជាវេជ្ជបណ្ឌិត បង្រៀនផ្នែកសុខភាពផង ក៏នៅហាមខ្លួនឯងមិនបានពីការសេពគ្រឿងស្រវឹងទាំងនេះ។ ដូច្នេះ តើវាមិនមែន ព្រោះតែការបង្រៀននៃសាសនាអស់នោះ មិនគ្រប់លក្ខណៈទេឬ? មែន! សាសនា ដ៏ច្រើនក្នងលោកនេះ មានតែទ្រឹស្ដីក្នុងគម្ពីរតែម្យ៉ាងគត់ គ្មានបច្ចេកទេសដកពិសោធ ដើម្បីយល់ទេ។ ពួកគេ ចេះត្រឹមតែវិភាគ បែបទស្សនវិជ្ជា វែកញែក រកហេតុផល ថាសម ឬមិនសម ទំនង ឬមិនទំនង គួរជឿ ឬមិនគួរជឿ ។ល។

បើគេបានជាបង្រៀនពីធម្មចរិយាហើយ ហេតុអ្វីបានជាគេគ្មានវិធីបង្រៀនដកពិសោធ ដើម្បីចេញចាកឱ្យផុតពីអំពើអាក្រក់ទាំងនោះផង?

តើចាកចេញដោយរបៀបណា?

ក្រៅពីក្នុងមេរៀនពុទ្ធសាសនា គ្មានបច្ចេកទេសចាកចេញពីអំពើបាបទេ វាមានត្រឹមតែទ្រឹស្ដី សម្រាប់សូត្រ និងបន្ទាប់មក បង្ខំឱ្យជឿ និងគំរាមកំហែង ដោយប្រកាសថាអ្នកណាមិនជឿលើព្រះរបស់គេទេ នឹងធ្លាក់ទៅនរក អ្នកណាជឿនឹងបានឡើងស្ថានសួគ៌ ហើយចុងក្រោយ គឺគេបង្រៀនយើងឱ្យចេះត្រឹមតែបួងសួង បន់ស្រន់ ហើយសច្ចាថាមិនបូជាព្រះណាផ្សេង ក្រៅពីព្រះមួយនោះ។ ត្រង់ហ្នឹងហើយ ដែលហៅថា ភាពស្មោះភក្ដីទាំងខ្វាក់ ងងឹតឈឹង

នេះមិនមែនជាបច្ចេកទេស ចេញចាកទុក្ខទេ ព្រោះវាឥតមានការពិសោធដោយផ្ទាល់ទៅតាមលក្ខណៈវិទ្យាសាស្ត្រ។ ជនល្ងង់ខ្លៅ នឹងព្រមជឿទាំងងងឹត ទាំងខ្វាក់ ហើយក៏តាំងបង្កើតភាពស្មោះស្មគ្រភក្ដីទាំង ងងឹត ពុំយល់អ្វីសោះ ចំពោះព្រះអាទិទេពអង្គមួយនោះ។ ដូចយើងរៀន រូបវិទ្យា គីមីវិទ្យា អ៊ីចឹង បើយើងសូត្រតែទ្រឹស្ដីក្នុងសៀវភៅ ដោយគ្មានការពិសោធផ្ទាល់ យើងនឹងគ្មានថ្ងៃរៀនចេះទេ ព្រោះយើងគិតមិនយល់អំពីប្រតិកម្មដែលគេសរសេរក្នុងសៀវភៅ។ ប៉ុន្តែយើងបែរជា ត្រូវព្រមថាតាមទ្រឹស្ដីដែលគេសរសេរនោះ ដោយការទន្ទេញចាំមាត់ ដើម្បីបានពិន្ទុប្រលងជាប់ ឡើងថ្នាក់តែប៉ុណ្ណោះ តែខួរក្បាលមិនបានអភិវឌ្ឍទាល់តែសោះ គឺនៅតែល្ងង់ខ្លៅដដែល។

ព្រះពុទ្ធជាម្ចាស់ មានបង្រៀនទាំងទ្រឹស្ដី និងការដកពិសោធផ្ទាល់។ ទ្រឹស្ដី មានក្នុងគម្ពីរព្រះត្រៃបិដកពេញបរិបូរណ៍ ដែលមានបរិយាយអំពីកិច្ចត្រូវបដិបត្តិក្នុងធម្មចរិយាយ៉ាងល្អិត។ រីចំណែកឯ ការដកពិសោធ មាននៅក្នុង សមាធិ កម្រិតវិបស្សនា តាមរយៈបច្ចេកទេស សតិបដ្ឋាន

គ្មានការបង្ខំឱ្យជឿលើព្រះអាទិទេពណាមួយឡើយ។ គ្មានការបង្ខំឱ្យប្ដូរនិកាយឡើយ។ គ្មានការបួងសួង គ្មានការបន់ស្រន់ គ្មានសូម្បីតែការទន្ទេញនូវពាក្យបរិកម្មណា សូម្បីតែមួយសំឡេង។ នៅក្នុងវិបស្សនាតាមបច្ចេកទេសព្រះពុទ្ធ ព្រះអង្គបានដាក់វិន័យ ដោយហាមឃាត់ដាច់ខាតនូវការទន្ទេញឈ្មោះអាទិទេព ឬពាក្យលួងលោមផ្លូវចិត្ត ឬពាក្យភាសាបាលីអ្វីម្យ៉ាង ឬការរាប់គ្រាប់អង្កាំ រាប់លេខ គោះត្រឡោក គោះជួង ចាក់ភ្លេង ធ្វើសំឡេងតិចៗ ចេញពីក្រអូមមាត់ថា “ឱម អ៊ឹង ឧ អូហ៍”…… ។ល។ ដែលទាំងនោះ ជាចំណុចទាញនាំអ្នកបដិបត្ដិ ឱ្យឈានទៅកាន់ការបំបែកនិកាយ បង្កើតសាសនាថ្មីៗ ហើយចុងក្រោយ មិនអាចចេញចាកផុតទុក្ខបានទេ។

អ្នកដែលបដិបត្តិសមាធិ ក្នុងទម្រង់ហាមឃាត់ដូចរៀបរាប់ខាងលើ នឹងនៅតែវិលវល់ក្នុងពិភពតណ្ហាដដែល ព្រោះអ្វី ? ព្រោះពួកគេបានជាប់ជំពាក់នៅក្នុងកិច្ចបរិកម្មរៀងៗខ្លួនទៅហើយ។ វាគឺជាចំណងនៃមហាទុក្ខសោកនៃភព ក្នុងវដ្ដៈ។ ឧបមាថា បើគេទន្ទេញឈ្មោះព្រះយេស៊ូ នោះក្រោយសមាធិបានស្ងប់ គេច្បាស់ជាត្រូវតែទន្ទេញឈ្មោះព្រះយេស៊ូ ដដែលៗរបៀបនេះជាអង្វែងហោង។ ហើយ ការប្រកាន់ចាប់ផ្ដើមកើតមានឡើង គឺបើមាននរណាចង់សមាធិឱ្យបានស្ងប់ គេនឹងបង្គាប់ឱ្យសូត្រឈ្មោះព្រះយេស៊ូជានិច្ច មិនអាចសូត្រឈ្មោះព្រះផ្សេងណាបានទេ។

អ្នកណាសូត្រថា ឧមៈ ឧមៈ នោះក្រោយពេលដែលគេបានស្ងប់បន្តិច គេនឹងប្រកាន់យ៉ាងខ្ជាប់ខ្ជួនថា ពាក្យ ឧមៈ នេះ ជាពាក្យបរិកម្ម ដែលត្រូវតែទន្ទេញឱ្យជាប់ក្នុងចិត្ត។ ដូច្នេះ បន្ដពីនោះទៅ ពាក្យនេះ នឹងក្លាយទៅជា មន្តអាគម ទៅវិញ។ បើអ្នកណា ចាក់ភ្លេងតន្ត្រីអ្វីម្យ៉ាង ដូចជាស្នូរគោះជួង ស្នូរគោះត្រឡោកតិចៗ នោះក្រោយពេលគេបានស្ងប់ គេនឹងប្រកាន់ខ្ជាប់ថា ឧបករណ៍នោះ ជារបស់ដ៏ពិសិដ្ឋអស្ចារ្យ ក្នុងការជួយដល់សតិរបស់គេ ហើយឧបករណ៍នោះ នឹងក្លាយជាពិធីកម្មសាសនាទៅវិញ វានឹងទៅជានិកាយមួយផ្សេងទៀត។

ប៉ុន្តែខ្យល់ដង្ហើម គឺជាទម្រង់សាកល។ នរណា ក៏មានខ្យល់ដង្ហើមដែរ។ ខ្យល់ដង្ហើម មិនប្រកាន់ជាតិសាសន៍ ពូជពង្ស សាសនា និកាយ ឬអ្វីទាំងអស់ ព្រោះវាជាលក្ខខណ្ឌធម្មជាតិ។ អ្វីដែលស្របតាមធម្មជាតិ នោះគឺជា អរិយសច្ចៈ។ ក្នុងបរិបទនេះ គឺ មានតែដង្ហើមចេញ និងដង្ហើមចូល កាត់តាមរន្ធច្រមុះ ចុងរន្ធច្រមុះ ឬគែមចុងរឹមបបូរមាត់ ឬតំបន់ត្រីកោណលើផ្ទៃមុខ ដែលយើងហៅតាមភាសាបាលីថា “អានាបានស្សតិ”  មានន័យថា សតិនៃការដកដង្ហើមចេញចូល។ វាគឺជាបច្ចេកទេសសមាធិមួយដែលត្រូវបានរកឃើញឡើងវិញដោយព្រះពុទ្ធគោត្ដម ដែលបច្ចេកទេសនេះ មានបង្រៀនជាទូទៅក្នុង សាលាព្រះពុទ្ធសាសនាថេរវាទ និងក្នុងកម្មវិធីចម្រើនសតិ នៅបស្ចិមលោក រាប់រយប្រទេសទៀតផង។ នៅពេលដែល អានាបានស្សតិ ជាមូលដ្ឋាន មានការរីកចម្រើនហើយ អ្នកបដិបត្តិនឹងអាចពង្រីកថាមពលចិត្ត ចូលជ្រៅទៅក្នុងកម្មដ្ឋានដ៏ល្អិតមួយទៀត គឺ វិបស្សនា

 ហើយបន្តបន្ទាប់មក នឹងមានតែការសង្កេតពិនិត្យ ទៅលើធាតុជីវគីមីក្នុងគ្រប់អាតូមនៃកោសិការាងកាយខ្លួនឯងតែម្យ៉ាងគត់។ ការសង្កេតពិនិត្យ គឺគ្មានអ្វីក្រៅពីតាមដាន នូវភាពរំញ័រនៃធាតុ ទឹក ដី ភ្លើង និង ខ្យល់ នៅក្នុងគ្រប់ចំណុច នៃសព៌ាង្គកាយទាំងមូល តាំងពីស្បែកខាងក្រៅ រហូតដល់ខួរឆ្អឹងខាងក្នុង ។ ​ ពិនិត្យកាន់តែយូរ យើងនឹងដឹងថា វេទនាជាសុខ ជាទុក្ខ ឬជាអ្វីក៏ដោយ សុទ្ធតែមិននៅស្ថិតស្ថេរយូរឡើយ គ្រប់យ៉ាងផ្លាស់ប្ដូរជានិច្ច គ្រប់យ៉ាងជាអនិច្ចំ ។ ការពិនិត្យ ត្រូវប្រើពេលវេលាយូរគួរសម និងពោរពេញដោយភាពអំណត់ អត់ធ្មត់ មានសតិមូលណាស់ ដើម្បីអាច ពិនិត្យរហូតដល់លែងឃើញអ្វីទាំងអស់ គឺសូន្យ ទទេ។ វាជាដំណាក់កាលទីបំផុតនៃកម្រិតលោកុត្តរជ្ឈាន គឺ និព្វាន។ មនុស្សនឹងបានដល់និព្វាន ក្នុងអំឡុងកិច្ចសមាធិវិបស្សនា កម្រិតខ្ពស់នោះ។ ហើយតពីនោះទៅ គេនឹងចាប់ផ្ដើមរស់នៅក្នុងស្ថានភាពមួយ ដែលលែងមានទុក្ខ លែងមានការឈឺចាប់ ហើយគេអាចរៀបចំសេចក្ដីស្លាប់ សម្រាប់ខ្លួនឯងបានយ៉ាងងាយ។ គេចង់ស្លាប់ថ្ងៃណា ម៉ោងណា នៅទីណា ក៏បាន គេនឹងស្លាប់ដោយមានរបៀបរៀបរយបំផុត។ នេះហើយជា និព្វាន គឺបរមសុខ។

អ្នកដែលបានដល់និព្វាន គឺគេនឹងមិនត្រលប់មកយកកំណើតទៀតឡើយ សូម្បីតែកំណើតនោះ ជាឥន្ទ្រ ទេព្ដា ឬជាព្រហ្ម ក៏ដោយ ព្រោះតែកំណើត នឹងបណ្ដាលឱ្យមានភពជាថ្មីម្ដងទៀត ហើយតែកាលណាមានភព នោះសេចក្ដីទុក្ខ នឹងនៅតែមានរហូត។ និព្វាន គឺចេញផុតចាកភព គ្មានភពទៀតទេ។ នេះជាលទ្ធផលដកពិសោធ នៃច្បាប់កងច្រវាក់ទុក្ខទាំង១២ គឺធម៌ “បដិច្ចសមុប្បាទ”  របស់ព្រះសម្មសម្ពុទ្ធ ដែលបានជួយព្រះអង្គ ឱ្យសម្រេចការត្រាស់ដឹងពិតប្រាកដ។ អ្នករៀនព្រះអភិធម្ម គេនិយមហៅថា ជាធម៌ត្រាស់ដឹង ព្រោះអ្នកដែលរៀនវិភាគ ពិចារណា ហើយបដិបត្តិធម៌នេះ នឹងអាចជួយគេឱ្យបានសម្រេចមគ្គផលជាន់ខ្ពស់ ដល់ជាព្រះអរហន្ដផង ក៏មានដែរ។

នេះហើយ ជាបច្ចេកទេស ចេញចាកទុក្ខ ដែលព្រះពុទ្ធបានបន្សល់ទុកឱ្យមនុស្សអនុវត្ដតាម រហូតមកទើសសព្វថ្ងៃនេះ។ នរណា ក៏អាចពិសោធបច្ចេកទេសនេះបានដែរ វាគ្មានការប្រកាន់សាសនា គ្មានការប្រកាន់និកាយអ្វីទាំងអស់ ព្រោះ វិបស្សនា គឺជាច្បាប់សាកល ជាច្បាប់ធម្មជាតិ សម្រាប់មនុស្សលោកគ្រប់គ្នា អាចដកពិសោធបាន និងពាល់ត្រូវយ៉ាងប្រចក្ស។

បើមានតែការសូត្រតាមគម្ពីរ បើមានតែការបួងសួន បន់ស្រន់ បើមានតែការបង្ខំឱ្យជឿទាំងងងឹតងងុល នោះ ដាច់ខាត យើងមិនអាចរួចផុតពីរណ្ដៅទុក្ខសោកវេទនាបានទេ។ ចូរប្រើច្បាប់ធម្មជាតិ ដែលមានលក្ខណៈសាកល ធ្វើពិសោធន៍ ឱ្យឃើញលទ្ធផលជាក់ស្ដែងជាមុនសិន មុននឹងព្រមទទួលយកព្រះអង្គមកទុកក្នុងចិត្ត!

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស 

_________

លឹម វិរិយា 🌸

ថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២២ កក្កដា គ.ស. ២០២៥

មនុស្សញៀននឹងកិត្តិយស

នៅក្នុងកងធម៌ទាំង១២ នៃ បដិច្ចសមុប្បាទ មានពន្យល់ច្បាស់ពីឫសគល់ដែលនាំឱ្យមានទុក្ខ ក៏ដូចជាបានបង្ហាញច្បាស់ពីហេតុដែលអាចរំលត់ទុក្ខ។ ខ្ញុំសូមលើកយកតែចំណុចមួយគត់ មកវិភាគ គឺ “តណ្ហា”។

ការដែលយើងមិនអាចយកឈ្នះលើតណ្ហាខ្លួនឯងបាន នោះហើយ ដែលជាចំណុចផ្ដើម នៃការបំផ្លាញឫសនៃគុណធម៌។ តណ្ហា គឺជាឧបក្កិលេសរបស់ចិត្ត ដែលជំរុញដល់សេចក្ដីប៉ងប្រាថ្នាហួសហេតុពេក នូវអ្វីៗដែលលើសពីតម្រូវការចាំបាច់ដើម្បីរស់ ហើយគ្មានអ្វីដែលអាចបំពេញឱ្យវាឆ្អែតស្កប់ស្កល់បានទេ។
នៅពេលដែល តណ្ហា មិនត្រូវបានបង្ក្រាប វានឹងញ៉ាំងដល់ សេចក្ដីញៀនទៅនឹងអារម្មណ៍មួយប្រភេទ គឺការប្រកាន់ថាខ្លួនឯងត្រូវ មានតែខ្លួនឯងទេដែលគិតត្រូវ ធ្វើត្រូវ អ្នកផ្សេងសុទ្ធតែខុស អានេះឯងជា ឧបាទាន។ ហើយបើដោះឧបាទាន មិនបាន វាច្បាស់ណាស់ថា មនុស្សនឹងធ្លាក់កាន់តែជ្រៅទៅៗ ក្នុងទោសកំហុសរឹតតែធំធេងឡើង។ ទីបំផុត គេបានត្រឹមតែវិលវល់ក្នុងសង្សារចក្រជារៀងរហូត។

កិត្តិយស ភាពល្បីល្បាញ គឺជាចំណី តណ្ហា មួយប្រភេទ។ សម្រាប់មនុស្សម្នាក់ដែលធ្លាប់រស់ដោយកិត្តិយស និងភាពល្បី ការបាត់បង់កិត្តិយស វាធ្វើឱ្យគេទទួលអារម្មណ៍ថា ជីវភាពរស់នៅ ហាក់ដូចជាអាក្រក់ជាងការដកហូតជីវិតគេទៅទៀត ឬអាចនិយាយថា ស៊ូស្លាប់ ក៏មិនព្រមបាត់បង់កិត្តិយស។ នៅពេលបាត់បង់កិត្តិយស មនុស្សទន់ខ្សោយ នឹងសម្លាប់ខ្លួន ចំណែកមនុស្សរឹងប៉ឹង នឹងចេញមុខបកស្រាយ ដើម្បីលាងសម្អាត។

ការបាត់បង់កិត្តិយស ប្រៀបដូចជាក្រណាត់មួយផ្ទាំង ធ្លាក់ចូលក្នុងទឹកស្អុយអ៊ីចឹង។ បើចង់បោកគក់លាងជម្រះក្រណាត់នោះ លុះត្រាតែយើងមានទឹកថ្លាស្អាតដែលមានបរិមាណច្រើនជាងបរិមាណទឹកកខ្វក់។ ចុះបើយើង ឥតមានទឹកស្អាតផង ហើយប្រាថ្នាចង់លាងសម្អាតក្រណាត់ប្រឡាក់នោះ សួរថា តើអាចលាងជម្រះបានដោយរបៀបណា?

វាដូចទៅនឹងរឿង កិត្តិយស កេរ្តិ៍ឈ្មោះរបស់មនុស្សដូច្នោះដែរ បើគេសម្អុយយើង ទាំងដែលយើងស្អាតស្អំ បរិសុទ្ធ មានន័យថា យើងមានធាតុស្អាតច្រើនលើសលប់ ដើម្បីលាងជម្រះវិញបានលឿនទាន់ចិត្ត។ ចុះបើក្នុងសន្ដានចិត្តយើង ប្រវត្តិពិតយើង ពោរពេញដោយអំពើទុច្ចរិត ដែលជាសារធាតុកខ្វក់ ស្មោកគ្រោក តើយើងអាចស្ដារកេរ្តិ៍ឈ្មោះដោយវិធីណាទៅ? គេមិនដែលបោកគក់ក្រណាត់ប្រឡាក់ ដោយទឹកស្អុយទេ គេត្រូវបោកគក់វានឹងទឹកស្អាតបរិសុទ្ធ។ បើមានឆ្កែឆ្មាមកជុះអាចម៍ដាក់មុខផ្ទះ ឬមាននរណាមកក្អួតដាក់មុខផ្ទះយើង យើងត្រូវរកទឹកស្អាតមកជះលាងវា មិនមែនទៅយកទឹកនោម ទឹកលូ ទឹកលាមកពីបង្គន់ មកជះលាងទេ ព្រោះវានឹងរឹតតែស្អុយខ្លាំងលើសដើម។

នៅក្នុងគុណធម៌របស់មនុស្ស គេមិនដែលខំនិយាយអាក្រក់ពីអ្នកដទៃ ដើម្បីប្រកាសថាខ្លួនស្អាតស្អំទេ។ មនុស្សមានគុណធម៌ ទោះជាក្រីក្រតោកយ៉ាកដល់កម្រិតណា ក៏គេមិនហ៊ានទទួលអំណោយ ដែលបានពីអំពើចោរកម្មដែរ។ មនុស្សមានគុណធម៌ មិនដែលហ៊ានបង្កើតលេសថា “ខ្ញុំប្រព្រឹត្តអាក្រក់ព្រោះខ្ញុំគ្មានជម្រើស” នោះទេ។ វាជាពាក្យកុហកខ្លួនឯង និងអ្នកដទៃ ព្រោះថា តាមការពិត មនុស្សគ្រប់គ្នា សុទ្ធតែមានជម្រើសដើម្បីរស់។

នៅពេលដែលយើងខំប្រឹងការពារទុច្ចរិតភាពនៃខ្លួន ដើម្បីស្ដារកិត្តិយស កេរ្តិ៍ឈ្មោះ តើមានធ្លាប់ចោទសួរខ្លួនឯងវិញទេថា “អ្នកដទៃផ្សេងទៀតជាច្រើន គេឥតលូកដៃទទួលលាភសក្ការៈពីផលចោរកម្មផង ហេតុអ្វីបានជាគេអាចរស់ដោយកិត្តិយសនិងកេរ្តិ៍ឈ្មោះដ៏ក្រអូបបាន?”

ការស្រលាញ់កិត្តិយសខ្លួន មិនមែនជារឿងអាក្រក់ទេ តែកុំដល់ថ្នាក់ញៀនអី ព្រោះថាការញៀន វានឹងជំរុញចិត្តយើងឱ្យថ្លើមធំពាសមេឃ ហ៊ានដុតរំលាយគុណធម៌ចោល ហ៊ានព្រៃផ្សៃ ហ៊ានទ្រុស្ដមិត្ត ហ៊ានក្បត់ ហ៊ានមួលបង្កាច់ ហ៊ានប្រព្រឹត្តិអារិភាពនឹងអ្នកមានសីលជាសប្បុរសទាំងឡាយផង។

ខ្ញុំក៏ស្រលាញ់កិត្តិយសដែរ ប៉ុន្តែបើមាននរណា ប៉ងប្រាថ្នាចង់លើកតម្កើងខ្ញុំ ជាថ្នូរទៅនឹងការចូលរួមប្រព្រឹត្តិអំពើដែលបំផ្លាញប្រយោជន៍អ្នកដទៃក្នុងសង្គម ខ្ញុំឥតធ្វើទេ។ ទាំងនេះ ព្រោះតែខ្ញុំរមែង បង្ក្រាបនូវកិលេសតណ្ហា ដែលស្អិតជាប់សន្ដានពីធម្មជាតិនោះជារឿយៗ។ ជារួម គឺ ខ្ញុំខ្មាសបាប!
———

វិរិយា 🌸

ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ គ.ស. ២០២៥