Tag Archives: នឹកម៉ែ

នឹកម៉ែ…

សម្លឹងអ្នកម្ដាយ ឆ្ងាយផែនដី
សល់ត្រឹមបារមី បីបាច់កូន💕
ជួបក្នុងសុបិន ក្លិនមិនសូន្យ
ក្រសោបអោបកូន យោនក្ដីសុខ😇

នឹកម្ដាយខ្លាំងពេក ដេកលែងលក់
មិនហ៊ានទ្រមក់ ស្ទក់អែអុក
អរុណោទ័យ ដីម្ចាស់ស្រុក
នៅមិនស្រណុក សុខទន្ទឹង

រូតរះម្នីម្នា ស្ទាស្ទុះទៅ
វត្តស្វាយក្បែរផ្លូវ នៅមាត់ស្ទឹង
បង្គំព្រះសង្ឃ ផ្ចង់ព្រលឹង
បួងសួងរំពឹងនឹងព្រះធម៌

សូមដួងវិញ្ញាណ ឈានដល់ឋាន
ភពដែនសម្រាន្ត ស្រាន្តស្មោះស
សូមបារមីម្ដាយ ក្លាយបន្ទរ
ងាកក្រោយឱ្យពរ ចូរសម្រេច🙏

អនុមោទនា!

ដោយ លឹម វីរីយ៉ា
💐😇🙇🙏
សៀមរាប, ថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ២ ខែវិច្ឆិកា គ.ស ២០១៦

%e1%9f%a1%e1%9f%a2%e1%9f%a3%e1%9f%a4%e1%9f%a5%e1%9f%a6

នឹកម៉ែ…

សន្ធឹកភ្លៀងធ្លាក់ ធាក់ព្រលឹង
ស្ទើរខ្ទាតចេញវឹង ប្រឹងតោងរូប
រន្ទះបាញ់ផាំង ចាំងភ្លើងធូប
អារម្មណ៍ស្រឺតវូប នឹកខ្មោចម៉ែ!!!!

(លឹម វីរីយ៉ា)

 ១ វិច្ឆិកា ២០១៦
 000002

នឹកម៉ែ

យប់ជ្រៅខ្យល់ធ្លាក់មេឃខ្ជាក់ភ្លៀង
រណ្ដំសំនៀងភ្លៀងរាត្រី
គេងមិនលក់សោះតាំងពីថ្ងៃ
អារម្មណ៍មមៃដូចឡប់ឡិន។

ធ្លាប់តែយប់ជ្រៅនៅមិនសុខ
ខ្លាចម្ដាយឈឺចុកជម្ងឺកិន
ងើបឡើងត្រេះត្រូុះឆ្លុះមើលសិន
ខ្លាចដេកបង្ហិនពេលវេលា។

ឥលូវអាធ្រាត្រដូចយប់មុន
អារម្មណ៍ត្រិមត្រុនឥតខុសគ្នា
ខ្លាចចង្កៀងភ្លឺមិនល្អជា
ខ្លាចលង់និន្រ្ទាដូចបញ្ឆោត។

សម្លឹងអ្នកម្ដាយឆ្ងាយផែនដី
ផ្ញើកូនប្រុសស្រីធាតុមួយកោដ្ឋ
ធូប៣សរសៃអុជហើយដោត
បង្គំមុខកោដ្ឋលុះថ្ងៃសូន្យ។

សូមដួងវិញ្ញាណក្ខន្ធនៃម្ដាយ
រួចចាកផុតឆ្ងាយភាពស្រពោន
សម្រាកសុខស្រួលលើសួគ៌ក្បួន
ដូចកូនបានឃើញក្នុងសុបិន្ត។

10414634_10204306059828064_3341216516093472424_n