លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ ត្រូវបានផ្សព្វផ្សាយជាផ្លូវការហើយកាលពីដើមសប្តាហ៍នេះ បង្ហាញឲ្យដឹងថាបេក្ខជនទូទាំងប្រទេសប្រមាណជិត ៨០ម៉ឺននាក់ បានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាដោយជោគជ័យ។ ក្នុងឱកាសដែលសិស្សានុសិស្សត្រូវរៀបចំខ្លួន ជ្រើសរើសវិថីសិក្សាថ្មីមួយកម្រិតទៀត ដើម្បីពង្រឹង សមត្ថភាពឆ្ពោះទៅកាន់ទីផ្សារការងារដ៏ប្រកួតប្រជែង វ៉ា សុនីកា បានជួបជាមួយ អ្នកស្រី លឹម វីរីយ៉ា ជាសាស្ត្រាចារ្យផ្នែកធុរកិច្ច និងជាគ្រូបង្វឹកផ្នែកជំនាញទន់ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃ សមាគមសហគ្រិនស្ត្រីកម្ពុជា ដើម្បីពិភាក្សាលើចំណុចខ្លះៗដែលយុវជនគួរយល់ដឹងមុននឹងជ្រើសរើសជំនាញនៅមហាវិទ្យាល័យឲ្យត្រូវតាមចំណង់ចំណូលចិត្ត និង ទីផ្សារការងារ។

កាលពីដើមឡើយ គឺជំនាន់ដែលខ្ញុំនៅក្មេងវ័យ បច្ចេកវិទ្យាព័ត៌មាន មិនទាន់សម្បូរបែប ដូច្នេះសេចក្ដីសម្រេចចិត្តគ្រប់យ៉ាងរុលទៅមុខទាំងព្រាវៗ សម្រេចចិត្តទាំងស្មានៗ ទៅតាមការយល់ឃើញក្នុងជ្រុងមួយតូច តាមរយៈបណ្ដុំព័ត៌មានបន្តិចបន្តួច។ ដូចជា ឃើញគេរៀនអី មានការងារធ្វើ ក៏រៀនតាមគេ តាមឯង ខណៈដែលពេលនោះ រដ្ឋាភិបាល ក៏មិនបានយកចិត្តទុកដាក់ក្នុងបញ្ហានេះស្រាប់ផង។
ដូច្នេះ ដើម្បីឲ្យមានតុល្យភាពរវាងចំណង់ចំណូលចិត្តពីធម្មជាតិរបស់អ្នកសិក្សា ហើយថែមទាំងអាច យកចំណង់ចំណូលចិត្តនោះទៅបង្កើតប្រាក់ចំណូល និស្សិតត្រូវគិតដល់ ជំនាញវិជ្ជាជីវៈ និង ជំនាញបន្ទាប់បន្សំ។
បើចំណង់ចំណូលចិត្តនោះ មានទីផ្សារសម្បូរបែបស្រាប់ហើយ រាប់ថាជាភ័ព្វសំណាងទៅចុះ។ រៀនចប់ គ្រាន់តែអភិវឌ្ឍទេពកោសល្យបន្ថែមពីលើជំនាញវិជ្ជាជីវៈ ធានាថា ក្រៅពីដណ្ដើមការងារបានលឿនហើយ ថែមទាំងអាចឡើងតំណែងខ្ពស់ឆាប់ ប្រាក់ខែធំក្នុងរយៈពេលខ្លីទៀតផង។
ឧទាហរណ៍ បើសិនជាយើងចូលចិត្តសិល្បៈបែបរចនា អាចនិយាយថាអ្នកសិក្សាស្រឡាញ់ខ្លាំងចំពោះការងារ គូរគំនូរ ច្នៃម៉ូដ តុបតែង……ជាដើម។ ពីជំនាន់ខ្ញុំនៅក្មេង បើសិនពោលប្រាប់ចាស់ទុំថាចង់រៀន គូររូប ច្បាស់ជាគាត់ ខ្ជាក់អនុសាសន៍ថា “អើ! រៀនគូរទៅ ហើយទៅអង្គុយមុខវាំងទៅ។ ហេតុអ្វី? ព្រោះចាស់ពីដើម និង ក្មេងពីដើម ល្ងង់ដូចគ្នា មូលហេតុមកពីយើងនៅក្រីក្រ យើងរស់ដូចកង្កែបក្នុងអណ្ដូង យើងខ្វះព័ត៌មាន យើងមិនដែលដឹងទាល់តែសោះថា ពិភពលោកនេះ មានគេប្រើវិជ្ជា ទេពកោសល្យសិល្បៈគំនូរ បង្កើតលុយធ្វើអ្នកមានបាន។ អីចឹងនិស្សិតច្បាស់ជាចោទសួរប្រដេញទៀតថា បង្កើតលុយ យ៉ាងម៉េចទៅ? ខ្ញុំសូមជម្រាបថា រស់នៅក្នុងយុគសម័យនេះ យើងមិនអាចជោគជ័យដោយការសិក្សារៀនសូត្រជំនាញតែមួយមុខបានទេ។ យើងត្រូវតែមានជំនាញបន្ទាប់បន្សំ សម្រាប់ទ្រទ្រង់ជំនាញគោល។ បើគ្រាន់តែចេះគូររូប ផាត់ពណ៌ល្អស្អាតដាច់គេក្នុងលោកនេះហើយ យើងក៏មិនដឹងថាយកវាទៅលក់នៅទីណាដែរ។ ដូច្នេះ ជំនាញបន្ទាប់បន្សំ រួមមានដូចជា ៖
ចេះភាសាអង់គ្លេសល្មមប្រើការបាន ទាំងអាន សរសេរ ស្ដាប់ និង និយាយ ដើម្បីស្វែងរកអាហារូបករណ៍វគ្គខ្លីៗនៅបរទេស ទាក់ទងនឹងចំណេះដឹង ជំនាញដែលខ្លួនកំពុងមានស្រាប់ ឬ ដើម្បីចូលរួមប្រកួតស្នាដៃនៅបរទេស ឬ ដើម្បីទាក់ទងគ្នាងាយស្រួល ជាមួយពិភពលោកខាងក្រៅក្នុងការបង្កើត ឬ អវិវឌ្ឍអាជីវកម្ម។ ហើយរិតតែ ពិសេសនោះ គឺដើម្បីបង្កើត ម៉ាឃីតធីង អនឡាញ (Online Marketing) ចុងក្រោយ ដើម្បីដាក់លក់ផលិតផលខ្លួនឯងក្នុងទីផ្សារ e-Commerce ។
ចេះកុំព្យូទ័រកម្មវិធី រដ្ឋបាលទូទៅ (MS Words, Excel, and PowerPoint) ហើយបើអាចឆ្លៀតរៀនកម្មវិធី PhotoShop, CorelDraw បន្ថែមខ្លះផង នុះ សក្ដានុពលចំណេះដឹងខ្លួនឯង រិតតែអស្ចារ្យមួយកម្រិតទៀត។ ទូរសព្ទដៃ SmartPhone តែម្យ៉ាង មិនបានជួយកិច្ចការធំដុំទេ លុះត្រាតែមានជំនួយពីកុំព្យូទ័រ។ ការចេះកុំព្យូទ័រ ធ្វើឲ្យយើងសន្សំពេលវេលាការងារបានច្រើនជាងធម្មតា ហើយរៀនសូត្រនិងធ្វើការ ឆាប់បែកបញ្ញាទៀតផង។
ចេះប្រើប្រាស់ អ៊ីនធើណិត (e-mail, social media, etc.) ព្រោះថា វាជាកិច្ចការងារផ្លូវការធំៗ ដែលផ្ដល់សារៈសំខាន់ដល់យើង គឺទំនាក់ទំនងតាម e-mail។ ព្រោះមធ្យោបាយនេះ មានសុវត្ថិភាពខ្ពស់ និង ប្រកបដោយវិជ្ជាជីវៈ។ យ៉ាងណាក៏ដោយ បើមិនប្រើបណ្ដាញសង្គមអបស្ទបទៅជាមួយទេ ក៏ធ្វើការមិនទាន់គេដែរ ព្រោះថា ឧបករណ៍ទាំងនោះ វាជួយស៊កសៀតឱកាសធ្វើការដ៏តឹងចង្អៀតរបស់ពិភពមនុស្សសម័យសតវត្សរ៍ទី២១នេះ ឲ្យមានភាពរលូន។
មានជំនាញទន់ (Soft Skill) ដែលភាគច្រើន គេពោលដល់ ឥរិយាបថ អត្តចរិត ការប្រព្រឹត្តទៅជាប្រចាំរបស់បុគ្គលម្នាក់ៗ ដូចជាការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម សិល្បៈនិយាយ សិល្បៈបង្កើតមិត្តភក្តិ។ល។
ចុះបើសិនជានិស្សិតដែលរៀនចប់ចេះដឹងច្បាស់លាស់នូវជំនាញវិជ្ជាជីវៈ (គូររូប ឬ រចនាម៉ូដ) នោះហើយ តែគ្មានជំនាញបន្ទាប់បន្សំ គាត់គួរធ្វើយ៉ាងណា? ចម្លើយគឺ យកលុយទៅជួលគេមកជួយធ្វើ តែបើអត់លុយ នៅតែត្រូវខំរៀនដោយខ្លួនឯងដដែលជាដដែល។

ចុះបើសិនជាត្រូវជ្រើសរើសវិញ តើសិស្សគួរធ្វើជ្រើសរើសមួយណារវាង ចំណង់ចំណូលចិត្ត និងជំនាញដែលត្រូវទីផ្សារការងារ?
ជឿទៅ! មានតែជ្រើសរើសរៀនជំនាញដែលសមស្របតាមសេចក្ដីស្រឡាញ់ពេញចិត្តរបស់យើងទេ ទើបយើងអាចធ្វើការងារនោះ ប្រកបដោយគុណភាពពិតប្រាកដ។ ការធ្វើការងារ ដែលមិនត្រូវនឹងចំណង់ចំណូលចិត្ត យើងត្រេកអរបានតែប៉ុន្មានឆ្នាំដំបូងប៉ុណ្ណោះ លុះយូរទៅ យើងនឹងធុញទ្រាន់។ តែបើយើងបានធ្វើការងារដែលស្រឡាញ់ពេញចិត្ត យើងនឹងខិតខំព្យាយាម ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និង ថាមពលសព្វគ្រប់បែបយ៉ាង រហូតទាល់តែបង្កើតភាពអស្ចារ្យ ក្នុងការងារនោះ។
មានមិត្តខ្ញុំម្នាក់នៅខេត្តសៀមរាប ពួកគេ ស៊ូស៊ីអត់ ស៊ីឃ្លាន លាលែងប្រាក់ខែខ្ទង់ពាន់ដុល្លារ ដើម្បីចាប់ក្ដីសុបិនខ្លួនឯង នោះគឺការផលិតភាពយន្តតូចៗដើម្បីអប់រំសង្គម។ វាមិនបានផលកម្រៃជាវិជ្ជមានផ្នែកលុយកាក់ ក៏ពិតមែន ប៉ុន្តែពួកគេទាំង២នាក់ប្ដីប្រពន្ធ បានផលិតម្ដងហើយម្ដងទៀត ជាច្រើនដង រហូតដល់មានគេទទួលស្គាល់ស្នាដៃ។ បើទោះបីជាស្នាដៃនោះនៅមានកម្រិត ប៉ុន្តែខ្ញុំជឿជាក់ថា អ្នកដែលកំពុងត្រេកត្រអាលនឹងការងារខ្លួនឯង គ្មានពេលបានខ្វល់នឹងការងារអ្នកដទៃទេ ម្ល៉ោះហើយគេនឹងធ្វើការដោយអារម្មណ៍មូល ផ្ដោត មោះមុត ស្រួចស្រាវ ចុងក្រោយគេនឹងបង្ហាញភាពខ្លាំងក្នុងអាជីព ដែលធ្វើឲ្យអ្នកដទៃមោទកភាពជំនួស។
“មនុស្សខ្សោយច្រើនតែ រត់រកទីផ្សារដែលមានស្រាប់ៗ តែមនុស្សខ្លាំង គេបង្កើតផលិតផលរួច ទើបពួកគេទៅរកទីផ្សារតាមក្រោយ!” មានន័យថា ធ្វើកិច្ចការ បង្កើតផលិតផលខ្លួនឯង រួចស្វែងរកអ្នកម៉ាឃីតធីងជួយផ្សព្វផ្សាយតាមក្រោយ បើចេះយុទ្ធសាស្ត្រម៉ាឃីតធីងខ្លួនឯងស្រាប់ផង រិតតែពិសេស។

តើសិស្សត្រូវសិក្សាលើចំណុចអ្វីខ្លះ ដើម្បីឲ្យដឹងថាជំនាញដែលពួកគេនឹងរើស នឹងផ្តល់ឱកាសការងារខ្ពស់ឲ្យពួកគេនៅពេលរៀនចប់?
ទី១ បើខ្ញុំនិយាយថា គួរតែសិក្សាពីនយោបាយប្រទេសជាតិ និង អន្តរជាតិ ច្បាស់ជាគេនាំគ្នាសើចមិនខាន។ ហេតុអ្វីបានជាវាពាក់ព័ន្ធនឹងបញ្ហានយោបាយទៅវិញ? ចូរចាំថា បើយើងព្យាយាមសង្កេត ពីរបត់នយោបាយស្រុកទេសដែលខ្លួនកំពុងរស់នៅ រួមទាំងនយោបាយបរទេសខ្លះៗផងនោះ និស្សិតនឹងមានបញ្ញាវិនិច្ឆ័យថា តើលំហូរចូលនៃជនបរទេស និងលំហូរចេញនៃជនជាតិខ្មែរខ្លួនឯងទៅក្រៅប្រទេស បណ្ដាលឲ្យមានផលប៉ះពាល់អ្វីខ្លះនៅខាងក្នុងស្រុក? តើវានឹងមានភាពខ្វះខាត ចន្លោះប្រហោងនៅក្នុងផ្នែកណាមួយ ដែលត្រូវបំពេញបញ្ចូល? ក្រៅពីនោះ ការសង្កេតពិនិត្យបញ្ហានយោបាយជាប្រចាំ ធ្វើឲ្យនិស្សិត អាចធ្វើព្យាករណ៍ អាចទស្សទាយ ពីបញ្ហាប្រឈមនៅរវាងពីរបីឆ្នាំទៅមុខបានដោយមិនសូវខុសខ្លាំង។ សមត្ថភាពទស្សទាយ បញ្ហាអនាគតនោះហើយ ដែលអាចឲ្យគេចាប់យកជំនាញណាមួយ សម្រាប់ត្រៀមបំពេញចូលក្នុងទីផ្សារការងារបាន។
ជាក់ស្ដែង នាពេលនេះ ប្រទេសជាតិយើង កំពុងតែច្របល់បញ្ចូលទៅដោយជនបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ សម្រាប់ក្រុមអ្នកជាតិនិយម គេរំពឹងចង់ឲ្យជនបរទេសរៀនភាសាខ្មែរ។ តែសម្រាប់អ្នកឱកាសនិយម គេរំពឹងទាញយកប្រយោជន៍ពីជនបរទេស តាមរយៈការសិក្សាភាសាបរទេស ដើម្បីប្រាស្រ័យទាក់ទង បកប្រែ សម្រួលការងារផ្សេងៗ នៅក្នុងក្រុមហ៊ុនដែលមានបរទេសជាម្ចាស់វិនិយោគ។
យើងអាចមើលឧទាហរណ៍ជាក់ស្ដែងមួយនៅបាងកក ប្រទេសថៃ។ ជនជាតិខ្មែរជាច្រើនរាប់មិនអស់ នរណាក៏ស្គាល់តំបន់ ឌិនឌែង ប្រះទូណាម ដែលនៅទីនោះ មានជនជាតិថៃ រៀនភាសាខ្មែរមិនតិចនាក់ឡើយ។ ពួកគេមិនខ្វល់ពីអ្វីផ្សេង ក្រៅពីទាក់ម៉ូយខ្មែរឲ្យទៅដេកនៅ ស៊ីចុក ទិញទំនិញពួកគេឡើយ ដូច្នេះ ចង់មិនចង់ គេនាំគ្នារៀនភាសាខ្មែរហើយ។ នេះខ្ញុំនិយាយពីអ្នករកការងារជំនាញ ដើម្បីរកប្រាក់ចំណូល ស្របតាមភាពបត់បែននៃសង្គម។
ទី២ ត្រូវមើលថា ជំនាញនោះ មានគេរៀនច្រើនដែរឬទេ? បើគេរៀនច្រើនណាស់ហើយ មិនគួរទៅទៀតទេ។ ប្រយ័ត្នផុងខ្លួនក្នុងវិបត្តិអតិផរណាការងារ។ មានន័យថា អ្នកចេះជំនាញដូចៗគ្នា មានចំនួនច្រើនជាងតម្រូវការទីផ្សារការងារ។ ជាក់ស្ដែងកន្លងមក យើងឃើញឡើងហូរហៀរយកទៅណាមិនអស់ និស្សិតបញ្ចប់បរិញ្ញាបត្រ គណនេយ្យ និង ធនាគារ ខណៈដែលធនាគារមួយចំនួន ឈានដល់បង្កើតសាលាបង្រៀនគណនេយ្យដល់និស្សិតដើម្បីស្រូបយកនិស្សិតចូលក្នុងធនាគារខ្លួនឯងទៀតផង។ ហេតុអ្វី ជំនាញផ្សេងទៀត មើលមិនឃើញ?
ទី៣ កុំវាយតម្លៃជំនាញអ្វីមួយថាអន់ខ្សោយ ដោយសារតែឃើញអ្នកប្រកប របរនោះ ភាគច្រើនក្រីក្រ ពិបាក។ ឧទាហរណ៍ ជំនាញកាត់ដេរ ធ្វើម្ហូប ធ្វើនំ ជួសជុលរថយន្ត កាត់សក់ អ៊ុតសក់ ជាដើម ប្រហែលមនុស្សភាគច្រើន គិតថាអន់ខ្សោយ គ្មានមុខមាត់ ខ្សត់កិត្តិយស។ មូលហេតុដែលអ្នកប្រកបរបរនោះ នៅតែក្រ ព្រោះតែគេគ្មានជំនាញបន្ទាប់បន្សំ ដែលខ្ញុំបានលើកឡើងពីខាងដើម។ បើកាត់ដេរហើយ ថែមទាំងចេះអង់គ្លេស និង កុំព្យូទ័រ រួមទាំងអ៊ីនធើណិត អ៊ីមែលផងនោះ គេនឹងក្លាយជាម្ចាស់រោងចក្រកាត់ដេរ ច្នៃម៉ូដ បង្កើតស្លាកយីហោសម្លៀកបំពាក់ខ្លួនឯង នាំចេញទៅបរទេស នៅថ្ងៃណាមួយ។ តែបើចេះកាត់ដេរ ហើយគ្មានជំនាញបន្ទាប់បន្សំ គេបានត្រឹមតែ អង្គុយកាត់និងដេរតែម្នាក់ឯងយ៉ាងកម្សត់មួយជីវិត។ បើចេះជំនាញធ្វើម្ហូប ហើយចេះអង់គ្លេសនិងកុំព្យូទ័រច្បាស់ គេនឹងក្លាយជាម្ចាស់ភោជនីយដ្ឋានល្បីឈ្មោះ មានអ្នកចូលរួមវិនិយោគជាមួយ បង្កើនដើមទុន ពង្រីកសាខា ឈានដល់ចែកចាយស្លាកយីហោ និង ផ្សេងទៀតជាច្រើន!

ដើម្បីជាគន្លឹះជួយសិស្សឲ្យជ្រើសរើសមុខជំនាញឲ្យត្រូវនឹងទីផ្សារការងារផង និងចំណង់ចំណូលចិត្តផង តើអ្នកស្រីមានចំណុចអ្វីខ្លះដើម្បីចែករំលែក?
ខ្ញុំបានបញ្ជាក់រួចអស់ហើយ ប៉ុន្តែក៏ចង់រំលេចគំនិតនោះជាថ្មីម្ដងទៀតដែរថា គួរតែជ្រើសរើស រៀនអ្វីដែលយើងស្រឡាញ់ពេញចិត្ត កុំខ្វល់ពីរឿងសញ្ញាបត្រ។ មិនខ្វះទេ សាលាបណ្ដុះបណ្ដាលជំនាញបច្ចេកទេស នៅពាសពេញផ្ទៃប្រទេស។ រៀនចប់ស្ពាយយកចំណេះធ្វើ មកប្រឡូកក្នុងសង្គម មិនមែនរៀនចប់ស្ពាយក្រដាស១សន្លឹកថតរូបបង្អួតគេ បន្ទាប់មក អត់ចេះធ្វើអីនោះទេ។
មនុស្សភាគច្រើន ចូលចិត្តនិយាយថា “ចេះតែរៀនៗទៅ! គ្រាន់បានសញ្ញាបត្របិតលើជញ្ជាំងបង្អួតកូន។ សូមឈប់បង្កើតគំនិតបង្ហិនពេលវេលានេះទៀតទៅ ពេលវេលាមានតម្លៃណាស់។ បំណាច់នឹងរៀនអស់បួនប្រាំឆ្នាំ គួរតែរៀនអ្វីដែលចប់ទៅអាចប្រើបាន ដូចខ្ញុំលើកពីខាងដើមអុីចឹង។ ប៉ុន្តែរៀនអ្វីក៏ដោយ បើគ្មានជំនាញបន្ទាប់បន្សំទេ នឹងពិបាកខ្លួនហើយ!

អាចស្វែងរកអានក្នុងគេហទំព័រដើម គេហទំព័រ Khmer Times
ចែករំលែកអត្ថបទនេះ តាមរយៈ Facebook Instagram LinkedIn Twitter