Tag Archives: ទិវាអំណាន

មតិឆ្លើយតបខ្លះទាក់ទងនឹងសង្គ្រាមសៀវភៅក្រោយព្រឹត្តិការណ៍ទិវាអំណានជាតិលើកទី១០ នៅកម្ពុជា

ដើម្បីបញ្ចៀសនូវទំនាស់ផ្នត់គំនិតទាក់ទងនឹងសៀវភៅ សូមសំណូមពរអ្នកនិពន្ធ អ្នកបោះពុម្ព អ្នកផលិតសៀវភៅ មេត្ដា សរសេររំលេចដាក់លើក្របមុខក្រោយ ឱ្យច្បាស់ៗពីកម្រិតអ្នកអានផង។

ឧទាហរណ៍ សៀវភៅនេះសម្រាប់កុមារ, សៀវភៅនេះសម្រាប់ក្មេងជំទង់និងយុវវ័យ, សៀវភៅនេះសម្រាប់អ្នកប្រាជ្ញបណ្ឌិត អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យា ទស្សនវិជ្ជា សាសនា ភូមិសាស្ត្រនយោបាយ បុរាណវិទ្យា វប្បធម៌ អារ្យធម៌ ម្ហូបអាហារ ក្បាច់គុន ក្បាច់រាំ ។ល។ និង ។ល។

សូម្បីតែប្រភេទប្រលោមលោក ក៏អ្នកនិពន្ធ គួរបញ្ជាក់ដែរថា តើវាជាប្រលោមលោកស៊ើបអង្កេត ឬ ប្រលោមលោកច្នៃប្រតិដ្ឋ ឬ ប្រលោមលោកមនោសញ្ចេតនាផ្អែកលើរឿងពិត (របស់បុគ្គលល្បីណាមួយ) ឬ ជារឿងប្រតិដ្ឋតាមភាពស្រមើស្រមៃអ្នកនិពន្ធជាដើម។ បើជាប្រភេទ 18+ ក៏ត្រូវតែបញ្ជាក់ផងក្រែងមានអាណាព្យាបាលទិញយកឱ្យកូនក្មួយបានឃើញ នឹងប្រុងប្រយ័ត្នទុកមុន។ ហើយប្រសិនបើ មិនយល់ទាស់ទេ គួរតែដាក់ប្រវត្ដិរូបអ្នកនិពន្ធឱ្យច្បាស់នៅលើក្រប ត្រង់ណាដែលអ្នកអានអាចដឹងជាមុនថា អ្នកនិពន្ធជាអ្នកណា មកពីណា អាយុប៉ុន្មាន។ ធ្វើដូច្នេះ អ្នកទិញអាន ងាយនឹងសម្របជាមួយចំណេះដឹងអ្នកនិពន្ធ។ តែបើចង់ធ្វើជាជនអនាមិក ក៏មិនថ្វី ព្រោះមានមាតិកាខ្លះ ប្រសិនបើវារសើបខ្លាំងទាក់ទងនឹងសង្គម នយោបាយ ស្រុកទេស ដែលអ្នកនិពន្ធកំពុងរស់នៅ និងគិតថាគ្មានសុវត្ថិភាពសម្រាប់ការបោះពុម្ពផ្សាយ គាត់ក៏មានសិទ្ធិលាក់ខ្លួន លាក់ប្រវត្តិបានដែរ ដោយបញ្ចេញត្រឹមងារប៉ុណ្ណោះ។ ខ្ញុំនេះ ចូលចិត្តអានប្រភេទសៀវភៅដែលអ្នកនិពន្ធលាក់មុខណាស់ ព្រោះអ្វីដែលបានអាន ច្រើនជាការពិត។

ខ្ញុំអាយុលើសពីសែទៅហើយ ខ្ញុំច្បាស់ជាអានមិនសូវជក់ចិត្តដិតអារម្មណ៍ទេ ប្រសិនបើជាស្នាដៃរបស់ក្មេងអាយុខ្ទង់ម្ភៃឆ្នាំ។ ដោយសារអ្វី? ព្រោះផ្នត់គំនិត ចំណេះដឹង បទពិសោធជីវិតរបស់អ្នកសរសេរ នៅក្មេងខ្ចីជាងអ្វីដែលខ្ញុំធ្លាប់ដឹង។ ប៉ុន្តែ ពេលខ្លះខ្ញុំនៅតែទិញ ដើម្បីទុកឱ្យកូនៗ ឬក្មួយៗរបស់ខ្ញុំបានអាន ឬអាចថាទុកតាំងក្នុងទូជាអនុស្សាវរិយ៍ផង និងជាការលើកទឹកចិត្តដល់អ្នកនិពន្ធវ័យក្មេងៗស្រករនឹងកូនៗខ្ញុំ គ្នាមានទឹកចិត្តខំប្រឹងរឹតតែខ្លាំងឡើង។

ជួនកាលក៏សាកល្បងអានដែរ ដើម្បីស្ទាបស្ទង់ថា ក្មេងម្នាក់ហ្នឹង មានកម្រិតនៃការសរសេរប៉ុនណា ឬបើទោះបីជាវា ជាស្នាដៃរបស់ក្មេងពិតមែន អាចថាគេបានលើកយករឿងខ្លះក្នុងសង្គមផ្សេងមួយទៀត ដែលមនុស្សក្បាលកញ្ចាស់ដូចខ្ញុំនេះ បែរជាមិនធ្លាប់បានដឹងទៅវិញក៏មានដែរ។

ពេលខ្លះខ្ញុំស្រលាញ់អ្នកនិពន្ធ គឺខ្ញុំនឹងទិញអាន ដើម្បីស្វែងរកមើលកំហុស ដើម្បីជួយស្ថាបនាអ្នកនិពន្ធនោះ ព្រោះឯកទេសខាងចាប់កំហុសក្នុងអត្ថបទ ជាជំនាញនិងដុង ដែលទេវតាប្រទានឱ្យខ្ញុំ!

ជាធម្មតា ទេពកោសល្យអ្នកនិពន្ធម្នាក់ៗ យើងអាន ត្រឹមតែពីរបីទំព័រខាងដើម គឺយើងដឹងហើយថា កម្រិតយើងស័ក្ដិសមនឹងសៀវភៅនោះដែរឬអត់។ សៀវភៅភាគច្រើន ដែលខ្ញុំបានជួប មិនសូវមានទេ នូវការបញ្ជាក់ដូចដែលរៀបរាប់ពីខាងលើ។ នោះហើយដែលជាហេតុបណ្ដាលឱ្យអ្នកទិញឬអ្នកអានខ្លះ ខកចិត្ត និងបញ្ចេញប្រតិកម្មអវិជ្ជមានចំពោះអ្នកនិពន្ធ ឬស្មេរ។

ការបញ្ជាក់អត្ដសញ្ញាណសៀវភៅ មិនមែនមានផលល្អចំពោះតែអ្នកទិញ អ្នកអាន តែម្យ៉ាងទេ វាក៏ជួយសម្រួលដល់ ម្ចាស់ហាងសៀវភៅ អ្នកគ្រប់គ្រងបណ្ណាគារ អ្នកគ្រប់គ្រងបណ្ណាល័យ ក្នុងការរៀបចំទុកដាក់ ប្រភេទសៀវភៅ ទៅតាមកម្រិតអ្នកអានផងដែរ។

ហើយបើអាច សូមអង្វរចុះណា ដាក់លេខកូដ ISBN (International Standard Book Number) ឱ្យបានគ្រប់ៗគ្នាផង អាណិតបណ្ណារក្ស! បើចង់ដឹង ចង់បាន សូមទាក់ទងទៅខាងសមាគមអ្នកនិពន្ធខ្មែរទៅ គេនឹងប្រាប់ហើយថាគួរធ្វើម៉េចដើម្បីបានមកនោះ។

រឿងសៀវភៅ វាមិនខុសគ្នាពីមាតិកា វិដេអូ ក្នុងទូរទស្សន៍ទេ។ ភាពយន្តភាគ ល្ខោនភាគ រឿងកំប្លែង កម្មវិធីកម្សាន្ដ មានអ្នកតាមដានច្រើនឥតគណនា មិនថាតែខ្មែរយើងទេ និន្នាការនេះ គឺដូចគ្នានៅទូទាំងពិភពលោក ព្រោះមាតិការប្រភេទនោះ ធ្វើឱ្យអ្នកតាមដានទស្សនា ឥតប្រើខួរក្បាលសម្រាប់គិតទេ ផ្ទុយទៅវិញ គឺវានាំភាពសប្បាយរីករាយ។

ហើយវាក៏មិនខុសអីពីការជួបជជែកពិភាក្សាគ្នាដែរ គ្មានជំនួបណាដែលសប្បាយជាងនិយាយដើមគេទេ។ ព្រោះការនិយាយដើមគេ ឥតចាំបាច់មាន “ខួរ” ក៏បានដែរ ឱ្យតែបានដឹងរឿងយកមកនិយាយទៅ ដឹងតែសប្បាយហើយ។ វាខុសពីការជួបគ្នា ដើម្បីពិភាក្សាពីគំនិត ពីយុទ្ធសាស្ត្រផ្សេងៗ ក្នុងការសម្រេចផែនការអ្វីមួយ។

សំណួរ៖ តើលើលោកនេះ មាននរណាដែលចូលចិត្តចង់គិតឱ្យ “ឈឺក្បាល” រាល់ថ្ងៃដែរទេ? ចម្លើយ៖ គឺមាន! នោះគឺ “អ្នកប្រាជ្ញ”។ អ្នកប្រាជ្ញ ប្រើពេលវេលាស្ទើរពេញមួយជីវិត ដើម្បីការត្រិះរិះពិចារណា វិភាគ វែកញែក រកហេតុ រកផល ដើម្បីស្រាយបញ្ជាក់នូវបញ្ហារួមរបស់មនុស្សជាតិទូទៅ។ ប៉ុន្តែ សួរថាអ្នកប្រាជ្ញមានច្រើនទេ? មិនច្រើនប៉ុន្មានទេ!ក្នុងចំណោមមនុស្សរាប់លាននាក់ មានអ្នកប្រាជ្ញដុះចេញត្រឹមតែ១នាក់ឬកន្លះនាក់ប៉ុនហ្នឹងឯង។

មកដល់ត្រឹមនេះ សង្ឃឹមថា ប្រិយមិត្តក្នុងពិភពសៀវភៅ មិនថាអ្នកនិពន្ធ, អ្នកបកប្រែ, អ្នករៀបរៀង, អ្នកបោះពុម្ព, អ្នកផលិត, អន្តរការី (អ្នកកួកជេ), ឬអ្នកតំណាងសៀវភៅណានោះទេ ឱ្យតែសៀវភៅបានបោះពុម្ពផ្សាយឡើងជាភាសាខ្មែរ សូមជួយគាំទ្រគ្នាផង ដើម្បីជំរុញវិស័យអប់រំយើងឱ្យបានរឹតតែទូលាយឡើង។

ប្រទេសជាតិយើង នឹងខ្លាំង ប្រសិនបើពលរដ្ឋគ្រប់ៗរូប ស្រលាញ់ការអានសៀវភៅ បើទោះបីជាវាជាប្រលោមលោកស្នេហា អូនស្រលាញ់បង បងស្រលាញ់អូន ក៏ដោយចុះ! អូខេ?

———

វិរិយា 🌸

២០ ធ្នូ ២០២៣