Tag Archives: ដោយ លឹម វីរីយ៉ា

បាត់ដំបងក្រងរឿងថ្មី

ដល់ផ្ទះកំណើត​ អើតភ័ក្ត្រា
អួតរាងហ៊ឺហា​ ថ្លាញញឹម
ញិកញ៉ក់ផ្អៀងផ្អង​ ឡងប៉ប្រឹម
ប៉ប្រះ​រលឹម​ រិមទិវា☔។

លើដំបូលផ្ទះ​ រះទៅកើត
កូនក្រុងដីឆើត​ ខ្នើតរមនា​
លុះដល់ឥលូវ​ ពៅឃ្លាតឃ្លា
ឃ្លេងឃ្លោងយោងគ្នា​ គ្រាឥតខ្លឹម🌄។

ឱ! បាត់ដំបង​ ក្រងចិត្ត​នឹក
រលកក្រោមទឹក​ នឹកត្រីក្រឹម
ក្រោយភ្លៀងបាក់មេឃ​ ដេកសង្ឃឹម
ឥន្ទធនូចេញផ្ទឹម​ ស្រឹមធម្មជាតិ🌈។

ឱ! ស្រុកកំណើត​ ឆើតឆាយា
ឆោមឆាយស្ដាយផ្កា​ ចំប៉ាល្មៀត
ស្រណោះផ្កាល្មុត​ ពុតចោលម្សៀត
ស្ទឹងខៀវបង់ស្នៀត​ ឆ្លៀតសូមស្នើ🌅។

ឱ! ស្ទឹងសង្កែ​ ក្អែរដីដុះ
ដើមត្រែងក្រែងក្រុះ​ ស្រុះស្រួល​ដើរ
ស្ពានដែកធ្លាប់ដួល​ ឆួលបន្ថើ​
បន្ថែមសើៗ​ ប្រើបន្សាំ🎑។

បាត់ដំបងអ៊ើយ! ឆ្លើយបានទេ?
តោថ្មកុំជេរ​ ផ្ទេរ​បណ្ដាំ
ខ្ញុំចង់បណ្ដាច់​ ផ្ដាច់ចុងឆ្នាំ
ផ្ដួចផ្ដើមផ្សើមដាំ​ ត្រាំពូជថ្មី🌱។

យ៉ាងយូរឆ្នាំក្រោយ​ ដោយដើមខែ
នឹងរោយមន្តស្នេហ៍​ ថែកប់ដី
ស្រោចទឹកអម្រឹត​ ស្អិតអាល័យ
ស្ពានចាស់គ្រឹះថ្មី​ ដីម្ចាស់ស្រុក​🌉។
———
លឹម​ វីរីយ៉ា​🌸
បាត់ដំបង ថ្ងៃចន្ទ​ ទី១៥​ ខែឧសភា​ គ.ស​ ២០១៧

បាត់ដំបងក្រងរឿងថ្មី

សុភាសិតអប់រំ

ដង្កូវឡើងខ្លួន ស្ងួនដុះស្លាប
ចេះហោះហើរឆាប ខាបបុប្ផា
សប្បាយភ្លើតភ្លើន ផ្គើនមេបា
ចុងក្រោយមរណា ព្រោះផ្កាពិស។

(លឹម វីរីយ៉ា)

lim-viriya-009