មនុស្សរាល់រូប ដែលកើតមក មានរចនាសម្ព័ន្ធរាងកាយដូចៗគ្នា គឺភ្នែក២ ត្រចៀក២ ដៃ២ ជើង២ មាត់១និងច្រមុះ១ ក៏មានឈ្មោះតែមួយរួមដូចៗគ្នាដែរ ដែលក្នុងមួយជីវិត សុទ្ធតែត្រូវបានគេហៅ គឺ “សព”។ ឈ្មោះមួយនេះ វានឹងផ្លាស់ប្ដូរដោយស្វ័យប្រវត្តិ ត្រឹមតែប៉ុន្មានម៉ោង ឬ ប៉ុន្មាននាទី ក្រោយពេលមនុស្សរលត់ដង្ហើម។ 
នៅលើដងវិថីសាធារណៈ ជនរងគ្រោះដល់ស្លាប់ដោយគ្រោះថ្នាក់ចរាចរ នឹងត្រូវបានគេយកក្រណាត់ស មកគ្របជិត។ អ្នកដែលមកចោមរោមឈឺឆ្អាល ច្បាស់ជាស្រែកថា “លើកសពដាក់ឡានពេទ្យ”។ មនុស្សឈឺស្លាប់នៅលើគ្រែ ទោះជាឈ្មោះអ្វីក៏ដោយ គ្រាន់តែបេះដូងឈប់ដើរ គ្រូពេទ្យទាញក្រណាត់គ្របមុខ គ្មាននរណាហៅឈ្មោះម្ចាស់រូបស្ដូកស្ដឹងនោះទៀតទេ “យកសពទៅធ្វើបុណ្យ”។ ពេលលើកដាក់មឈូស ក៏គេមិនហៅឈ្មោះអ្នកស្លាប់នោះដែរ អាចារ្យ នឹងប្រកាសថា “លើកសពដាក់ចូលមឈូស”។

ពេលនៅរស់ ទោះបីអ្នកមានងារជាអ្វីក៏ដោយ មិនថា ឯកឧត្ដម លោកជំទាវ លោក-អ្នកឧកញ៉ា លោកបណ្ឌិត សាស្ត្រាចារ្យ ឬអ្វីផ្សេងទៀតដ៏ដោយ នៅក្រោយពេលចលនាឈាមរត់ ត្រូវគាំងរឹងកំព្រឹសអស់ភ្លាម គ្មានទៀតឡើយ ងារទាំងអស់នោះ។ គ្មានអាចារ្យណា ដែលប្រកូកថា “លើកឯកឧត្ដមបណ្ឌិត ដាក់ចូលក្នុងឡ” គឺអត់មានទេ! វានៅតែ “លើកសពដាក់ចូលក្នុងឡ” ដដែល។ រឿងទាំងអស់នេះ ឥតមានចែងក្នុងច្បាប់ក្រដាសទេ តែវាចែងក្នុងច្បាប់ធម្មជាតិ។

ក្រោយស្លាប់ទៅ ងាររបស់មនុស្ស ត្រូវបានគេឆ្លាក់នៅលើផ្នូរ នៅមុខចេតិយ ដោយមានងាររួមដូចៗគ្នាថា ឧបាសក ឬ ឧបាសិកា (សម្រាប់ពុទ្ធសាសនិក) បើសិនជាអ្នកនោះនៅរស់ ជាអ្នកមានសីលខ្លះៗ។ ជួនកាល ដោយហេតុតែកិលេសរបស់សាច់ញាតិដែលនៅមានជីវិត គេអាចលបបន្ថែមថា មហាឧបាសក មហាឧបាសិកា ទៅតាមចំណង់ចំណូលចិត្ត ដែលគ្មាននរណាធ្លាប់ពោលថា ខុស ឬ ត្រូវ។ បើជាស្ដេចផែនដីផង អាចនឹងមានហោរាគន់គូរ ប្រសិទ្ធិនាមថ្មីៗសម្រាប់ហៅឱ្យបានសមរម្យស្របតាមឋានៈ និងគុណូបការៈ កាលនៅមានជន្មាយុ។
អ្នកណាក៏ដោយ ក្រោយតម្កល់ធាតុក្នុងចេតិយ ឬ កប់ក្នុងផ្នូររួចរាល់ហើយ គ្មានងារ លោក លោកស្រី អ្នកនាងកញ្ញា លោកតា លោកយាយ ទៀតទេ។ គឺសល់តែឈ្មោះម្យ៉ាងគត់។

ឧទាហរណ៍ ស្ទីវ ចប កំពូលស្ថាបនិកផលិតផល អេបផល ក្រោយស្លាប់ទៅ គេនាំគ្នាធ្វើសម្រង់សម្ដីរបស់គាត់ ដោយដាក់ឈ្មោះថា “Steve Jobs” វាមិនដែលមាននរណាគេសរសេរថា “Mr. Steve Jobs” នោះទេ។ Bruce Lee (លី ស៊ាវឡុង) ដែលជាកំពូលវិរបុរសក្បាច់គុនកុងហ្វូចិន និងជាតារាភាពយន្ត ដ៏ល្បីល្បាញ និងមានងាររាប់មិនអស់ ក៏នៅមុខផ្នូរគាត់ មានតែអក្សរ Bruce Lee ពីរម៉ាត់គត់។ គ្មានស្អីផ្សេងពីខាងមុខទេ!
ទាញចេញពីបទបរិយាយខាងលើ ខ្ញុំសូមបើកសេចក្ដី រិះគន់មួយ ក្នុងសង្គមខ្មែរបច្ចុប្បន្ន ទាក់ទងនឹងបញ្ហានេះ។ នៅក្នុង បណ្ដាញសង្គម ហ្វេសប៊ុគ ពេលខ្លះ ខ្ញុំឃើញ គេសរសេរស្លាកឈ្មោះសព ដាក់លើក្រោនកម្រងផ្កាមុខមឈូសថា “លោកជំទាវ xxx” ឬ “ឯកឧត្ដមនាយឧត្ដមសេនីយ៍xxx” ជាដើម។ តើអ្នករាល់គ្នា គិតថា អ្នកស្លាប់ទៅហើយនោះ នឹងនៅតែជាជំទាវ និងនៅតែជា ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឯឋានយមរាជទៀតឬយ៉ាងណា? វាមិនសូវទើស ទាស់ខុសអីប៉ុន្មានទេ បើត្រឹមតែប្រកូកប្រកាស ក្នុងពិធីបុណ្យសព ដើម្បីសម្ញែងឫក្សដល់អ្នកមិនទាន់ស្លាប់។ ប៉ុន្តែ នៅវាលកប់សព និងនៅចេតិយខ្លះក្នុងទីវត្តអារាម ខ្ញុំបានឃើញ គេសរសេរស្លាកឈ្មោះអ្នកស្លាប់ ដោយទាំងងារអាជីពវិជ្ជាជីវៈ កាលនៅរស់។ អ៊ីចឹង មានន័យថា នៅមានតួនាទី ឋានៈមុខងារ ការងារដែលត្រូវតែបំពេញរាល់ថ្ងៃទៀត មែនទេ? មានន័ថា ខ្មោចនោះ ងើបមកធ្វើការរាល់ថ្ងៃ មែនទេ? គេមិនបាន សម្រាកក្នុងឋានសុគតិភពឡើយ!

ចំណែករឿងមួយទៀត គឺរឿង អស់លោកពិធីករ ស្រីប្រុស តាមបណ្ដាស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ រួមទាំងពេលខ្លះមានទាំងអ្នកសារពត៌មាន អ្នកស្រាវជ្រាវផ្សេងៗផង បានគាស់កកាយ មរតកចម្រៀងដើម របស់អ្នកចម្រៀងក្នុងសម័យមុនខ្មែរក្រហម មកចាក់ផ្សាយឡើងវិញ ជាមួយពំនោលដ៏ខុសឆ្គង។ អ្នកខ្លះ គេនិយាយថា “សូមស្ដាប់ចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត និងលោកយាយ រស់ សេរីសុទ្ធា”។ មានខ្លះទៀត “នេះជាសំឡេងរបស់លោកតាតួត ស៊ីន ស៊ីសាមុត” អ៊ីចឹងៗជាដើម។
សំណួរសួរថា មនុស្សដែលស្លាប់បាត់ទៅហើយ អាចដែរឬ ដែលនាំគ្នាហៅថា លោកតា លោកយាយ លោកតាតួត លោកយាយតួត បែបនេះ? បើតាមភាពពិតជាក់ស្ដែងដែលយើងរាល់គ្នាសុទ្ធតែដឹង គឺ ពួកគាត់បានស្លាប់ទៅ ទាំងនៅក្មេងៗនៅឡើយទេ។ មិនទាន់បានសក់ស្កូវ បាក់ធ្មេញ ជ្រីវជ្រួញ ឯណាដល់កម្រិតដែលត្រូវហៅថា លោកតាតួត លោកយាយតួត នោះ? បើអ្នកនាំគ្នាហៅអ៊ីចឹង ចុះម្ភៃឆ្នាំក្រោយ នៅពេលដែលកូនចៅរបស់យើងធំឡើង ពួកគេនឹងហៅថាយ៉ាងម៉េចវិញ? “លោកតាលួត ស៊ីន ស៊ីសាមុត” អ៊ីចឹងទៅឬ? មានន័យថា ស៊ីន ស៊ីសាមុត មិនទាន់ស្លាប់ទេ កំពុងតែនៅវិវឌ្ឍនាការរូបរាងកាយ អាយុ វ័យ ឥតឈប់ឈរឡើយ។

ត្រង់ចំណុចមួយនេះ សូមពិចារណាឡើងវិញផង! មនុស្សដែលស្លាប់បាត់ទៅ គ្មានទេ ងារទាំងអស់នោះ។ សូមចែកគ្នាឲ្យដាច់រវាង មនុស្សស្លាប់ និង មនុស្សរស់។ គិតមើល៍! សូម្បីតែរូបថត ក៏គេមិនដាក់តាំងស្មើគ្នា ទន្ទឹមនឹងអ្នកនៅរស់ដែរ។ រូបអ្នកស្លាប់ ត្រូវតែតាំងឆ្ងាយ ឬ ខ្ពស់ជាង ឬ ដាច់ដោយឡែក។ តែនៅក្នុងសង្គមយើងរាល់ថ្ងៃនេះ មហាសែនខុស និយាយមិនរួច ខ្ញុំ បានត្រឹមតែសរសេរ។
សរុបសេចក្ដីមកវិញ ច្បាប់ធម្មជាតិ បានចែកខណ្ឌផែនភព របស់មនុស្សរស់ និង មនុស្សស្លាប់ផ្សេងពីគ្នាដាច់ស្រឡះ មិនមានជំពាក់វាក់វណ្ឌឡើយ។ មនុស្សងងឹត រមែងបង្កើតខ្សែកណ្ដាញ់ យកមករិត មកចង មកស្រែះឱ្យទៅជាជំពាក់ជំពិន ដោះមិនរួច ចែកគ្នាលែងដាច់ រវាងសេចក្ដីស្លាប់ និងជីវិតរស់នៅ។
លឹម វិរិយា

