Tag Archives: ជំងឺមានះ

ជំងឺមានះ

“មានះ” គឺជាជំងឺប្រកាន់យ៉ាងរឹងត្អឹង ហើយមានជំនឿយ៉ាងស៊ប់ មាំទាំថា អ្វីដែលខ្លួនកំពុងធ្វើនិងបានធ្វើបន្តតាំងពីម៉ែឳជីដូនជីតាមកនោះ ជារឿងត្រឹមត្រូវ។ អ្នកមាន “ជំងឺមានះ” នេះ មិនងាយព្រមស្ដាប់នរណាទាំងអស់ បើទោះបីជាអ្នកមកពន្យល់នោះ ជាបុគ្គលដែលបានត្រាស់ដឹងជាព្រះទៅហើយក្ដី មានហេតុនិងផលបង្ហាញឱ្យឃើញនៅនឹងមុខយ៉ាងណាក្ដី។

ជំងឺមានះ តែកាលណាឆ្លងចូលក្នុងខ្លួនហើយ អ្នកជំងឺនោះ មិនអាចអភិវឌ្ឍខ្លួនបានឡើយ ព្រោះតែមេរោគបានទៅបង្កើតប្រព័ន្ធប្រឆាំងនឹងបញ្ញា មិនអនុញ្ញាតិឱ្យមានការគិត ត្រិះរិះពិចារណាអ្វីទាំងអស់។ ម្ល៉ោះហើយគ្រប់មេរៀនថ្មីៗ ចំណេះល្អៗ ដែលជាវិតាមីនបំប៉ន ក្លាយជាអាសាបង់ឥតប្រយោជន៍។ អ្នកជំងឺនឹងរស់ដោយគ្មានការផ្លាស់ប្ដូរអ្វីឡើយរហូតដល់ថ្ងៃស្លាប់ ព្រោះភាពមានះ ជាមេរោគធ្វើឱ្យជីវិតទាំងមូលជាប់ជំពាក់កណ្ដាញ់ខ្លាំងក្នុងទម្លាប់ចាស់ៗដែលធ្លាប់ប្រព្រឹត្តកន្លងមក។ ត្រូវចាំថា មនុស្សដែលធ្វើកិច្ចការអ្វីមួយតាមទម្លាប់ដែលមានស្រាប់ មិនមែនជាមនុស្សឆ្លាតទេ។

ជំងឺមានះ រីកធំធាត់ ហើយឆ្លងលឿនខ្លាំងទៅអ្នកដទៃផ្សេងទៀត នៅពេលដែល បុគ្គលនោះកាន់តែមានទ្រព្យធនច្រើនឡើងៗ ឬមានកេរ្តិ៍ឈ្មោះល្បីទៅៗនៅក្នុងសង្គម។ ព្រោះថា ទ្រព្យសម្បត្តិក្រៅខ្លួននេះ គឺជាគ្រឿងជួយទ្រ មិច្ឆាទិដ្ឋិឱ្យរឹងរឹតតែខ្ពស់ត្រដែតស្កឹមស្កៃឡើង។ ពេលនោះហើយដែលអ្នកជំងឺ ធ្វើខុសទាំងស្រុង តែយល់ថាខ្លួនត្រឹមត្រូវបរិបូរទៅវិញ។ ព្រោះគ្រប់កំហុសរបស់ពួកអ្នកមានទ្រព្យធន តែងតែមានមនុស្សជាច្រើនរាប់មិនអស់ នៅចាំជួយទះដៃអបអរសាទរ បន្ទរពីក្រោយ។ នោះហើយដែលជាហេតុដែលអ្នកធ្វើខុស កាន់តែវង្វេង ឆ្វេងមាំ ហើយបង្កបង្កើតទៅជាក្រុម ជាបក្ស ជាពួក ដើម្បីជួយគាំទ្រគំនិតខុសៗរបស់ខ្លួនជាបន្តទៅមុខទៀត។

ក្នុងពិភពមនុស្ស ជំងឺមានះ តែមួយដែលពិបាកព្យាបាលបំផុត គឺ “ជំនឿ” ដែលពួកគេមើលមិនឃើញ។ “មនុស្សជឿខ្លាំងនៅពេលដែលគេមើលមិនឃើញ” (វាមិនខុសពីមនុស្សភ្នែកខ្វាក់ដែលព្រមជឿគេកុហកឡើយ) ហើយគេឈប់ជឿ នៅពេលដែលគេបានមើលឃើញច្បាស់។ ឃើញឬមិនឃើញក្នុងបរិបទនេះ មិនអាស្រ័យលើភ្នែកទេ គឺអាស្រ័យលើ “បញ្ញា” ។ បញ្ញា អាចចូលទៅក្នុងក្បាលបាន លុះត្រាតែមនុស្សបើកដួងចិត្តជាមុនសិន។ ដួងចិត្តបើកទូលាយ លុះត្រាតែ មេរោគមានះ ក្រាបចុះអន់ខ្សោយជាមុនសិនដែរ។

អាជំងឺចង្រៃនេះ បើវាកើតលើមនុស្សធម្មតាៗដែលគ្មានតួនាទីអំណាចធំដុំក្នុងសង្គម នោះវាមិនថ្វីទេ យ៉ាងច្រើនគេបំផ្លាញត្រឹមតែខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែ ជំងឺមានះ បើវាកើតចំលើបុគ្គលដែលជាអ្នកមានអំណាច ដឹកនាំគេ មានឥទ្ធិពលក្នុងសង្គមជាតិវិញ ធានាថា ប្រទេសជាតិទាំងមូល ច្បាស់ជានឹងពោរពេញដោយមនុស្សអន់ខ្សោយគ្រប់ទិសទី សង្គមគ្មានការអភិវឌ្ឍទៅមុខឡើយ។

ប្រទេសចិនស្ទើរតែក្លាយជាមហាអំណាច ក្រោយពេលគេឈូសចោលផ្នូរខ្មោចរាប់ពាន់ម៉ឺនហិកតា។ ប្រទេសចិនក្លាយជាប្រទេសខ្លាំង នៅពេលដែលប្រជានជនគេ ចាប់ផ្ដើមបោះចោលទម្លាប់សែនខ្មោចដ៏ងងឹតសូន្យឈឹង ហើយងាកមកប្រតិបត្តិកិច្ចការសប្បុរសធម៌ដែលភ្ជាប់នឹងការជួយសង្គមវិញ។ សូមចាំថា៖ ចិនដែលសែនខ្មោចដូនតាមករាប់ពាន់ឆ្នាំនោះ មិនអាចជួយពួកគេឱ្យគេចចេញផុតពីសោកនាដកម្មនៃវិបត្តិ ខូវីដ១៩ ឡើយ។ ប៉ុន្តែពួកគេ បោះបង់ការសែនព្រេនចោលអស់១ឆ្នាំ ពួកគេក៏មានពន្លឺរស្មីរុងរឿងមកវិញ នឹងប្រហែលជាខ្លាំងលើសដើមផង។
—————-
លឹម វិរិយា
១១ កុម្ភៈ ២០២១

រូបភាពពីគេហទំព័រ http://www.indigotrailsllc.com