Tag Archives: ជប៉ុន

រដូវរងានៅតូក្យូ…

 

អាស៊ីខាងកើត ឆៀងអើតមួយភ្លែត
មិនហ៊ានត្រតត្រេត ខំច្បេតរាងអាយ
វេលាចង្អៀត តែឆ្លៀតសប្បាយ
តែងតួឆើតឆាយ អួតកាយក្នុងសួន។

ដីកោះសាគរ ខ្ញុំឈរហួសចិត្ត
នឹកឡើងអាណិត រឿងពិតស្រុកខ្លួន
បើសិនអាចជប់ ប្រាជ្ញឈប់លាក់ពួន
ចេញចរអង្រួន យោងក្បួនបណ្ឌិត។

ហេមន្តរដូវ តាមផ្លូវវែងឆ្ងាយ
អ័ព្ទក្រាស់ស្រោបកាយ ខ្ញុំស្រាយការពិត
ពពកពេញដី រស្មីពាំងជិត
ក្រោមដីងងឹត បែរចិត្តប៉ងទៅ។

ខ្យល់ខែត្រជាក់ ខ្ជោលខ្ជាក់យប់ថ្ងៃ
ខ្ញុំឈរស្រមៃ អាល័យលំនៅ
លំចង់តែងខ្លួន លបពួនក្រោមស្បូវ
ខ្លាចឆ្លងទឹកជ្រៅ រដូវរងា។

ដីកោះជប៉ុន តូចតន់តែលតោល
ដើរឥតស្រមោល ចោលជើងឥតគ្នា
ទីក្រុងតូក្យូ ទឹកហូរក្រោយទ្វារ
ឥលូវសូមលា ជួបគ្នាឆ្នាំក្រោយ។

សាយូណារ៉ា នឹកផ្កាទឹកកក
ឆ្នាំមុនខ្ញុំខក មិនដកអំណោយ
ឆ្នាំនេះជួបអ្នក ខ្យល់ធ្លាក់បក់បោយ
អោបដៃបណ្ដោយ កោយស្មាខ្លួនឯង។

អ៊ីតិគីម៉ាស ចាំច្បាស់ទន្ទេញ
ផ្ការីកវិលវិញ ចេញចរឥតក្រែង
ជួបរដូវក្ដៅ នៅហៅប្រលែង
និស្ស័យតាក់តែង ចែងជាប់ក្រាំងមាស។
———
លឹម វីរីយ៉ា
ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ គ.ស ២០១៨

Tokyo-2018