សម្លឹងអ្នកម្ដាយ ឆ្ងាយផែនដី
សល់ត្រឹមបារមី បីបាច់កូន💕
ជួបក្នុងសុបិន ក្លិនមិនសូន្យ
ក្រសោបអោបកូន យោនក្ដីសុខ😇
នឹកម្ដាយខ្លាំងពេក ដេកលែងលក់
មិនហ៊ានទ្រមក់ ស្ទក់អែអុក
អរុណោទ័យ ដីម្ចាស់ស្រុក
នៅមិនស្រណុក សុខទន្ទឹង
រូតរះម្នីម្នា ស្ទាស្ទុះទៅ
វត្តស្វាយក្បែរផ្លូវ នៅមាត់ស្ទឹង
បង្គំព្រះសង្ឃ ផ្ចង់ព្រលឹង
បួងសួងរំពឹងនឹងព្រះធម៌
សូមដួងវិញ្ញាណ ឈានដល់ឋាន
ភពដែនសម្រាន្ត ស្រាន្តស្មោះស
សូមបារមីម្ដាយ ក្លាយបន្ទរ
ងាកក្រោយឱ្យពរ ចូរសម្រេច
🙏
អនុមោទនា!
ដោយ លឹម វីរីយ៉ា
💐😇🙇
🙏
សៀមរាប, ថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ២ ខែវិច្ឆិកា គ.ស ២០១៦
