Tag Archives: ចិត្ដដាច់

ចិត្ដដាច់

“ចិត្តដាច់” បណ្ដាលមកពីអ្វី?

នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ យើងប្រហែលជាឧស្សាហ៍ឮសម្ដីមនុស្សពោលថា “ម្នាក់ហ្នឹងចិត្តដាច់ណាស់ គ្រាន់តែរឿងបន្តិចបន្តួចសោះ”។ តាមពិតវាមិនមែនដោយសារមូលហេតុបន្តិចបន្តួច អាចធ្វើឱ្យចិត្តមនុស្សណាម្នាក់ដាច់បានងាយៗនោះទេ។ ចិត្ដ គឺប្រៀបដូចជាកំហាប់ ឬតំណ ខ្សែអំបោះល្អិតឆ្មារៗ ស្ដើងៗ ដែលត្រូវបានគេជ្រលក់ថ្នាំពណ៌ ហើយយកទៅដាក់ត្បាញនៅក្នុងកីមួយ។ ខ្សែអំបោះមួយសរសៃៗនោះ ប្រៀបដូចជាក្រសែចិត្តរបស់មនុស្សក្នុងមួយខណៈៗអ៊ីចឹង។ ចំណែកលក្សណ៍ពណ៌ ដែលជ្រលក់ចេសអំបោះ ប្រៀបដូចជា “វេទនា” ដែលចិត្តធ្វើប្រតិកម្ម ក្នុងមួយខណៈៗ។ វាអាចជា សុខវេទនា ឬ ទុក្ខវេទនា។

ជារៀងរាល់ថ្ងៃ វាត្រូវបានត្បាញបញ្ចូលគ្នាទៅក្នុងសំណុំមួយ តាំងពីវានៅស្ដើងៗ អាចយកធ្មេញទៅខាំផ្ដាច់បាន រហូតដល់ក្លាយជាផ្ទាំងក្រណាត់ ធំ ក្រាស់ឃ្មឹក មាំមួន មិនអាចហែកបានងាយ។ យ៉ាងណាមិញ ចិត្តរបស់មនុស្ស ប្រសិនបើ ជាញឹកញាប់ ត្រូវបានត្បាញបញ្ចូលគ្នា ដោយរឿងល្អៗ ដូចជាមេត្ដា ករុណាធម៌ យូរទៅ វានឹងក្លាយជាសំណុំមូលចិត្ដដ៏ល្អ ប្រកបដោយគុណតម្លៃដ៏ខ្ពង់ខ្ពស់បំផុត។ ផ្ទុយទៅវិញ បើជាញឹកញាប់ វាត្បាញបញ្ចូលគ្នាទៅដោយ កំហឹង ការឈឺចាប់ ភាពតូចចិត្ត លុះយូរទៅ វានឹងប្រមូលផ្ដុំគ្នា ក្លាយទៅជាសំណុំមូលចិត្តមួយ ដ៏ធំក្រាស់ឃ្មឹកទៅដោយភាពស្អប់ខ្ពើម។

ការសម្រេចចិត្តធ្វើអំពើជាកុសល ឬជាអកុសលដ៏ធំធេងណាមួយក្នុងជីវិត មិនមែនជាឥទ្ធិពលនៃអារម្មណ៍វេទនា មួយឆាវទេ វាជាថាមពលនៃសំណុំមូលចិត្តដែលត្រូវបានសន្សំទុកម្ដងបន្តិចៗ ក្នុងរយៈពេលដ៏យូរលង់ ដូចទៅនឹងកំណាត់សំពត់ដែលត្បាញចេញពីសរសៃចេសល្អិតៗរាប់លានសរសៃ ដែលបានប្រើពេលវេលាត្បាញយ៉ាងយូរ​ ដូច្នោះដែរ។

នៅក្នុងរបៀបពន្យល់របស់ក្រុមអ្នកសិក្សាព្រះអភិធម្ម គេនិយមហៅថា “សង្ខារធម៌” ឬ “សង្ខារខន្ធ” ដែលមានន័យថា ការតាក់តែងឡើងនូវប្រតិកម្មផ្លូវចិត្ត ដែលមនុស្សណាម្នាក់ជារឿយៗ ឆ្លើយតបទៅនឹងអំពើផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ គំនរនៃសង្ខារធម៌ ឬ សង្ខារខន្ធ អាស្រ័យទៅលើស្ថានភាពពីខាងក្រៅដែលមនុស្សបានទទួលជាញឹកញាប់។ ឧទាហរណ៍ ប្រសិនបើមនុស្សម្នាក់ មានគំនរសង្ខារ ជាសេចក្ដីរីករាយ ដែលបណ្ដាលមកពី ក្ដីស្រលាញ់ មេត្ដា ករុណា ការជួយសង្គ្រោះ នោះគេនឹងក្លាយជាមនុស្សចិត្តដាច់បំផុត ក្នុងការផ្ដល់សេចក្ដីសង្គ្រោះដល់ជនដទៃ ទោះជាត្រូវលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ធំធេងប៉ុនណាក៏ដោយ។ បញ្ច្រាសមកវិញ ប្រសិនបើគេ មានគំនរសង្ខារ នៃការឈឺចាប់ ដោយសារតែអំពើបោកប្រាស់ ភូតកុហក កេងប្រវញ្ច នោះគេនឹងក្លាយជាមនុស្សចិត្តដាច់បំផុត ក្នុងការបង្កសេចក្ដីឈឺចាប់ដល់ជនដទៃផ្សេងទៀត ឬ ក្នុងស្ថានភាពជះត្រលប់។

ខ្ញុំសូមលើកឧទាហរណ៍មួយ ដើម្បីជំនួយដល់សេចក្ដីពន្យល់ខាងលើ អំពីគូស្វាមីភរិយាមួយគូ ដែលអាចរស់នៅជាមួយគ្នារហូតដល់ចាស់ជរា ព្យាធិ និងមរណា រៀងៗខ្លួន ប្រកបដោយសន្ដិភាព។

ក្នុងរយៈពេល ៥០ឆ្នាំ នៃជីវភាពរស់នៅជាប្ដីប្រពន្ធ ចាប់តាំងពីរៀបការរួច មិនមែនថាពួកគេ មិនធ្លាប់មានទំនាស់ទាស់ទែងគ្នាទេ។ ជាធម្មតា មនុស្សពីរនាក់ ស្ពាយនូវគំនរសង្ខារខន្ធ ផ្សេងខុសគ្នា មកដាក់ទន្ទឹមគ្នា វាគង់តែនឹងមានសរសៃសង្ខារណាមួយ ដែលជំពាក់វាក់វិន មិនស្របគ្នា មិនខានទេ។ ហើយជម្លោះ អាចនឹងកើតមានជាក់ជាប្រាកដ។ ប៉ុន្តែ ហេតុអ្វីគេអាចរួមរស់នៅជាមួយគ្នាបានរហូតដល់រលត់សង្ខារនោះបាន?

មូលហេតុចម្បង អាចបណ្ដាលមកពី ភាពដូចគ្នា ឬស្រដៀងគ្នា នៃសង្ខារធម៌ ដែលយើងតែងនិយមហៅថា មានឧបនិស្ស័យនឹងគ្នា ឬភាសាមួយទៀត គេហៅថា គូព្រេង។ ពាក្យគូព្រេងនេះ តាមពិត គឺសំដៅដល់មនុស្សពីរនាក់ ដែលមានគំនរសង្ខារ ដូចគ្នា ឬស្រដៀងគ្នានោះហើយ។ បើធាតុនៃកងគំនរសង្ខារ មិនដូចគ្នា ដាច់ខាត ពួកគេនឹងមិនអាចរួមរស់នៅជាមួយគ្នាបានយូរឡើយ។ មនុស្សចូលចិត្តសាងបុណ្យ ដាក់ទាន ច្បាស់ជាមិនអាចនៅរួមរស់ជាមួយ មនុស្សចូលចិត្តសាងបាប ដូចជាអំពើ កុហកបោកប្រាស់ លួច កិបកេងប្រវញ្ចគេ បានទេ។ បើប្ដីជាបណ្ឌិត ច្បាស់ណាស់ថា ប្រពន្ធ ក៏ជាបណ្ឌិត។ បើប្ដីជាមេចោរ ច្បាស់ណាស់ថា ប្រពន្ធ ក៏ជាមេចោរ ដែរ ។ បើធាតុមិនត្រូវគ្នា ពួកគេនឹងបែកគ្នា ដោយលក្ខខណ្ឌធម្មជាតិ។ ច្បាប់ធម្មជាតិ ជាច្បាប់ផ្ដាច់ការណ៍ និងដាច់ខាត គ្មានអ្វី អាចកែប្រែច្បាប់នេះបានទេ។

សម្រាប់ក្រសែភ្នែកមនុស្សសាមញ្ញធម្មតា ដែលសម្លឹងពីទីឆ្ងាយទៅ ពេលខ្លះ អាចនឹងគិតស្មានៗថា “វាមិនពិតទេ ខ្ញុំបានឃើញបុរសជាប្ដី គឺជាបុគ្គលដ៏អាក្រក់ជួជាតិ ចំណែកប្រពន្ធវិញ នាងល្អដូចទេពធីតា ហេតុអ្វីមិនឃើញថាពួកគេលែងលះគ្នា? ឃើញតែគេនៅជាមួយគ្នាធម្មតាបាន។” ក្នុងលក្ខខណ្ឌនេះ យើងត្រូវចោទសួរខ្លួនឯងវិញថា ភ្នែកមួយគូរបស់យើង បានមើលឃើញជីវិតគ្រួសារគេពីរយៈចម្ងាយត្រឹមណា? កុំភ្លេចថា “ភ្នែកបើក មើលឃើញជិត ភ្នែកបិទ មើលឃើញឆ្ងាយ” មានន័យថា បើប្រើភ្នែកយកទៅមើល យើងប្រៀបដូចមនុស្សខ្វាក់អ៊ីចឹង តែបើមើលដោយប្រើប្រាជ្ញា យើងនឹងចាក់ធ្លុះរឿងរ៉ាវជាច្រើនក្នុងលោកនេះ។

ខ្ញុំសូមជូនឧទាហរណ៍មួយជ្រុងផ្សេងទៀត ដែលនឹងនាំទៅដល់ការយល់ព្រមទទួលលទ្ធផលពី “ចិត្តដាច់”។ ក្នុងជីវភាពរស់នៅរបស់ប្ដីប្រពន្ធមួយគូ ជាអកុសលអី វាមានការបែកបាក់គ្នានៅពាក់កណ្ដាលផ្លូវនៃជីវិតអាពាហ៍ពិពាហ៍។ នោះក៏ព្រោះតែ ការសន្សំទុកនូវគំនរសង្ខារធម៌ ជាអវិជ្ជមាន ឡើងធំ និងក្រាស់ខ្លាំងពេក។ បើយើងប្រៀបធៀបទៅនឹងទម្ងន់ផ្ទុកនៃជណ្ដើរយន្ដវិញ វាប្រៀបដូចជាម៉ាស៊ីនអូសឡើងនោះ ស្រែករោទ៍ ទឺតៗៗ ដោយសំឡេងខ្លាំងៗ ដោយភ្លើងក្រហមភ្លឹបភ្លែត ជាសញ្ញាបណ្ដេញមនុស្សពីក្នុងប្រអប់ជណ្ដើរយន្ដ ចេញវិញខ្លះ ដោយសារតែវាមិនអាចផ្ទុកលើសចំណុះ ដែលជណ្ដើរនោះ​ មានសមត្ថភាព អាចយោងឡើងបាន។ បើយើងនិយាយថា ជណ្ដើរយន្ដចិត្តដាច់ គេស្ដាប់មិនយល់ទេ ព្រោះគ្រឿងម៉ាស៊ីន គ្មានចិត្តគំនិត ដូចមនុស្សឡើយ។ ប៉ុន្តែ បើប្រៀបធៀបឱ្យបានងាយយល់ គឺវាគ្មានអ្វីខុសគ្នាទេ។ មនុស្សម្នាក់ដែលចិត្តដាច់ ដើរចេញពីសម្ព័ន្ធភាពមួយ ក៏ព្រោះតែចិត្តរបស់គេ មិនអាចផ្ទុកបន្ថែមបាន តទៅទៀត នូវទម្ងន់ការឈឺចាប់ ដែលសន្សំម្ដងបន្តិច ម្ដងបន្តិច ក្នុងរយៈពេលដ៏យូរអង្វែងមួយ។

ខ្ញុំធ្លាប់បានឮគេនិយាយដើមស្ត្រីម្នាក់ថា “គ្រាន់តែប្ដីវាដើរបាត់ពីផ្ទះមួយយប់សោះ វាប្ដឹងលែងលះគ្នា ស្រីអីក៏សាហាវម្ល៉េះ?”។ តាមការពិត វាមិនដែលគ្រាន់តែកំហុសតូចតាចមួយ រឿងប្ដីដើរចោលផ្ទះមួយយប់ ស្រាប់តែប្រពន្ធប្ដឹងលែងនោះទេ វាច្បាស់ជារឿងដដែលនោះធ្លាប់កើតមានរាប់រយដង ក្នុងរយៈពេលយូរឆ្នាំណាស់មកហើយ។ ហើយហេតុផល ដែលប្ដីដើរចោលផ្ទះឥតដំណឹង ក៏ប្រហែលជាមិនមែនរឿងល្អអីប៉ុន្មានទេមើលទៅ។ បើវាជាបេសកកម្មការងារ ឬកាតព្វកិច្ចក្រុមគ្រួសារ ឬអាជីវកម្ម ដែលសមាជិកគ្រប់គ្នា ទទួលបានការជូនដំណឹងត្រឹមត្រូវ  ទោះជាប្ដីនោះ ដើរបាត់ពីផ្ទះម្ដងរាប់ខែ ដល់រាប់ឆ្នាំ ក៏គ្មានការលែងលះកើតឡើងដែរ។

ខ្ញុំធ្លាប់បានឮគេនិយាយដូច្នេះទៀតថា “នាងអ្នកបម្រើផ្ទះខ្ញុំ គ្រាន់តែខ្ញុំស្ដីឱ្យវាមួយម៉ាត់សោះ វាវេចបង្វេចចុះចេញទៅបាត់ មនុស្សស្អីក៏អាក្រក់ម្ល៉េះ?”។ បើយើងស្ដាប់ទៅ ហាក់ដូចជា អ្នកនិយាយនោះ ជាមនុស្សល្អណាស់ គាត់គ្រាន់តែស្ដីថាឱ្យអ្នកបម្រើតែមួយម៉ាត់សោះ គេដាច់ចិត្តចេញទៅចោលគាត់បាត់។

បើយើងពិចារណាអំពីអភិធម្ម យើងនឹងយល់ដោយខ្លួនឯងថា វាមិនដែលទេ! គ្មានមនុស្សណាចិត្តដាច់ ដោយសារហេតុដ៏តិចតួចស្ដួចស្ដើងឡើយ គឺគ្មានឡើយ។ ហេតុគ្រប់យ៉ាង មានគំនរសង្ខារធម៌របស់វា យ៉ាងក្រាស់ ដែលបានត្បាញទុកក្នុងរយៈពេលយូរមកហើយ។ ក្នុងករណីនេះ វាអាចបណ្ដាលមកពីនាងអ្នកបម្រើ ទទួលរងនូវពាក្យសម្ដីគ្រោតគ្រាត បង្កការឈឺចាប់ផ្លូវចិត្ត ម្ដងហើយ ម្ដងទៀត ជាញឹកញាប់ ក្នុងរយៈពេលវែង រហូតដល់ពេលមួយ សូម្បីតែមួយតំណក់នៃការឈឺចាប់ ក៏វាហូរហៀរ ផ្ទុកទៀតលែងបាន ទើបនាង ដាច់ចិត្តចេញទៅ។ គឺនាងសម្រេចចិត្តចាកចេញទៅ ដោយសារបេះដូងនាង ផ្ទុកលែងរួចនូវការឈឺចាប់ ដែលចេះតែកើតឡើងដដែលៗយូរពេក។ ស្ដង់ដារនៃសមត្ថភាពផ្ទុកទម្ងន់នៃគំនរសង្ខារ របស់មនុស្សម្នាក់ៗ រឹតតែមិនដូចគ្នាទៅទៀត។ អ្នកខ្លះ ខ្សោយសតិស្មារតីពីកំណើត ផ្ទុកបានតិច (ងាយប្រតិកម្ម) អ្នកខ្លះមានភាពរឹងមាំផ្នែកសតិស្មារតី ពីកំណើត ផ្ទុកបានច្រើន (មិនងាយប្រតិកម្ម)។

ចំណុះផ្ទុកដែលពេញប្រៀបដោយសេចក្ដីសុខ នឹងមានប្រតិកម្មជាវិជ្ជមានមួយ គឺការបង្ហៀរឱ្យច្រាលចេញ នូវសេចក្ដីសុខ សុភមង្គល ដល់អ្នកដទៃផ្សេងទៀត។ រីឯ ចំណុះផ្ទុកដែលពេញប្រៀបដោយការឈឺចាប់ នឹងមានប្រតិកម្មជាអវិជ្ជមាន គឺការបង្ហៀរឱ្យច្រាលចេញមកខាងក្រៅ នូវសេចក្ដីទុក្ខសោកដល់អ្នកដទៃផ្សេងទៀត។ អ្វីក៏ដោយ ឱ្យតែយើងបានសន្សំទុកច្រើននៅក្នុងខ្លួន របស់នោះច្បាស់ជានឹងរកផ្លូវចេញទៅវិញដោយស្វ័យប្រវត្ដិ។ បើយើងសន្សំសេចក្ដីសុខ យើងនឹងបាចសាចក្ដីសុខដល់អ្នកដទៃ។ បើយើងសន្សំការឈឺចាប់ យើងនឹងបាចសាចការឈឺចាប់ ដល់អ្នកដទៃ ដូចគ្នា។ គ្រប់ការសម្រេចចិត្តធ្វើរឿងអ្វីមួយ គឺសុទ្ធតែជាលទ្ធផលចេញមកពី “ការសន្សំទុក” រហូតដល់លើសចំណុះផ្ទុក។

អត្ថបទ លឹម វិរិយា 🌸

ថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២ ខែកក្កដា គ.ស. ២០២៥