Tag Archives: គី លីណែត

ជួបជុំមិត្តភក្ដិចាស់ៗ

ញ៉ាំ​បាយជួបជុំ​ ពួកម៉ាក​ចាស់
រីករាយ​ខ្លាំង​ណាស់​ ខះសំឡេង
សំណើច​ក្អាកក្អាយ​ សប្បាយ​លេង​
បាញ់គ្នាផ្អើលគ្រេង​ រែង​ពាក្យ​ពិត​។

មានអ្នកមុខចាស់​ ខ្លះនៅក្មេង
ខ្លះមិនបានគេង​ ព្រោះ​ចង់​ស្និទ្ធ​
ក្រសាលឆាលឆើត​ ផ្តើតដួងចិត្ត
ឆ្លៀតរាយ​មន្តស្អិត​ ដិត​មុនបែក។

គេបង្អាប់ខ្ញុំ​ ផ្លុំតែកាព្យ
សំណេរកំណាព្យ​ ស្លាបរហែក
រហេនរហន់​ បន់ឱ្យស្អែក
បានឡើងយន្ដដែក​ ហោះទៅវិញ។

ម្ភៃ​ប្រាំឆ្នាំប្លាយ​ ក្លាយ​ពីមុន
តាំងពីតូចតន់ ប៉ុនគ្រាប់រំដេញ
បានចងជាមិត្ត​ ចិត្ត​រមេញ
រមួលឆួលវេញ​ ចេញតែ​ខ្យល់។

មិត្តអ៊ើយ! ឥលូវ​ យើងចាស់អស់
ឯងនៅកម្លោះ​ សោះឥតខ្វល់
សង្ឃឹម​ឆ្នាំ​ក្រោយ​ ដោយបន្ទាល់​
ជួបគ្នាវ៉ល់ៗ​ កល់កិច្ចការ។

ជូនពរដំណើរ​ ហើរត្រលប់
បានពើបប្រសព្វ​ តែសុខា
មួយឆ្នាំជួបម្ដង​ ចងអក្ខរា
ក្រងអនុស្សារ​ ចារប្រវត្តិ។
———
លឹម​ វីរីយ៉ា​🌸
​ភ្នំពេញ​,​ ២០​ វិច្ឆិកា​ ២០១៨