Tag Archives: ខ្មែរសម័យថ្មី

តើវត្ដអារាម មានខ្លឹមសារយ៉ាងណាក្នុងផ្នត់គំនិតជនជាតិខ្មែរម្ចាស់ស្រុក?

ពាក្យថា “វត្ដ” (ក្លាយមកពីភាសាបាលី សំស្ក្រឹត) ប្រែថា “ការកាន់នូវសីលធម៌ ឬការប្រព្រឹត្តដែលពោរពេញដោយសេចក្ដីគោរព”។ ចំណែកពាក្យថា “អារាម” ប្រែថា “ទីវាលដែលមានសួនច្បារល្អស្រស់ត្រកាល និងមានកុដិដែលជាទីស្នាក់អាស្រ័យនៃបព្វជិត”។ ពាក្យ “អារាម” នេះ ពីសម័យដើមគេប្រើហៅ ដើម្បីសម្គាល់ទីអាវាសទាំងឡាយណាដែលអាចធ្វើឱ្យអ្នកបានទៅដល់ មានសេចក្ដីសោមនស្ស រីករាយ សប្បាយចិត្ត ភ្លេចអស់ទុក្ខកង្វល់។

ដូច្នេះ “វត្ដអារាម” គឺជាទីតាំងនៅនៃបណ្ដាអ្នកបួស ដែលត្រូវការភាពស្ងប់ស្ងាត់ ដើម្បីសន្សំសីល សមាធិ ភាវនា ហើយក៏ជាទីជ្រះថ្លានៃបរិស័ទជិតឆ្ងាយ ដែលត្រូវការពឹងអាស្រ័យ ដើម្បីជម្រះភាពសៅហ្មងផ្សេងៗផងដែរ។

លុះអំណេះតមកច្រើនជំនាន់ ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ គ្រោះទុរភ្ភិក្ស ពីមួយសតវត្សរ៍ ទៅមួយសតវត្សរ៍ មនុស្សហាក់ឃ្លាតឆ្ងាយចេញពីការអប់រំ រហូតលែងដឹង លែងយល់ថា តើ “វត្ដអារាម” ជាកន្លែងសម្រាប់បដិបត្តិនូវកិច្ចប្រកបដោយសីលធម៌អ្វីខ្លះ ហើយបែរជាយល់ខុសដោយមិច្ឆាទិដ្ឋិ ថាវត្តអារាម ជាកន្លែងទៅស្រោចទឹក រំដោះគ្រោះចង្រៃ ជាកន្លែង ដែលពួកគេអាចប្រមែប្រមូលវត្ថុអាក្រក់ៗដូចជាសំរាម ទៅប្លុងចោលទៅវិញ។

ជាក់ស្ដែង ដែលយើងធ្លាប់ឃើញកន្លងមក មនុស្សខ្វះការអប់រំជាច្រើនរាប់មិនអស់ បាននាំគ្នាជញ្ជូនយក វត្ថុសក្ការបូជាប្រចាំថ្ងៃ ដែលពួកគេជឿថាអស់មន្តស័ក្ដិសិទ្ធិ យកទៅប្រោសចោលតាមរបងវត្ដអារាម ជាហូរហែឥតដាច់។ មនុស្សអគតិខ្លះ បានយកឆ្កែឆ្មា ឬសត្វចិញ្ចឹមនានា ឬសត្វកាចសាហាវ ដែលគេជឿថា ជាសត្វបង្កនូវវិនាសកម្មដល់ជីវិតពួកគេ ទៅលែងចោលនៅក្នុងវត្តអារាម។

រូបថតដែលគេបានថតបង្ហោះផ្សាយតគ្នានៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុគ ក្នុងអំឡុងបុណ្យសែនដកជើងធូបរបស់ប្រពៃណីចិន នៅស្រុកខ្មែរ (តាមអានមតិអ្នកទស្សនា សរសេរថា ជារូបភាពនៅវត្ដទួល)

មិច្ឆាទិដ្ឋិរបស់មនុស្ស បានប៉ោងរីកភាយ រហូតដល់ថ្នាក់ ចាត់ទុកវត្តអារាម ជាកន្លែងសម្រាប់ទៅពឹងពរ រកគ្រូធ្មប់ (សង្ឃខ្លះរៀនវិជ្ជាធ្មប់ គឺវិជ្ជាសូត្រមន្តរំដោះគ្រោះ និងចារយ័ន្ដគាថា ដែលព្រះពុទ្ធហាមផ្ដាច់ និងបានចាត់ទុកជាវិជ្ជាតិរច្ឆាន) ដើម្បីពួកគេអាច ស្រោចទឹក សូមសិរីសួស្ដី សូមអំបោះក្រហម ឬសូមវត្ថុនេះនោះ ទៅតាមជំនឿដ៏ងងឹតនិងអវិជ្ជារបស់ពួកគេរៀងៗខ្លួន។

សរុបសេចក្ដីទៅ វត្តអារាម ហាក់នៅឆ្ងាយពីសេចក្ដីល្អបរិសុទ្ធ។ វត្តអារាម ហាក់ដូចជាបានប្រែក្លាយទៅជា កន្លែងពួកធ្មប់បិសាច ដែលជ្រកក្រោមស្លាកឈ្មោះពុទ្ធសាសនា និងរង់ចាំត្រងយកឧបទ្រពចង្រៃផ្សេងៗ ទៅតាមជំនឿកខ្វក់របស់ពួកមនុស្សទ្រុស្ដសីលទៅវិញ។

សូមជនជាតិខ្មែរ ភ្ញាក់រឭកឡើង! វត្ដអារាម ជាកន្លែងសម្រាប់យើងជាបរិស័ទ អាចទៅស្ដាប់ឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ តាមរយៈព្រះធម្មទេសនារបស់សាវកព្រះអង្គ គឺព្រះសង្ឃ។ វត្តអារាម ជាកន្លែងស្ងប់ស្ងាត់ សម្រាប់យើងទៅធ្វើសមាធិ លាងជម្រះចិត្តដែលអាប់អួរ សៅហ្មង ឱ្យបានខ្ពង់ខ្ពស់ ស្រស់ស្រាយ និងចាកឆ្ងាយទុក្ខទាំងពួង។ វត្តអារាម ជាទីស្នាក់អាស្រ័យរបស់បព្វជិតសាសនា ដែលយើងគ្រប់គ្នាគួរទៅចែករំលែកទានផ្សេងៗ ដូចជា បច្ច័យបួន ជាដើម ដើម្បីជួយទ្រទ្រង់អ្នកបួសឱ្យមានជីវិតរស់បានល្អប្រសើរ ដើម្បីសាវកទាំងនោះ ជួយផ្សព្វផ្សាយព្រះអភិធម្ម ដល់សាធារណជន បានយល់ដឹង និងឈានដល់ការអភិវឌ្ឍប្រទេសជាតិ និងពិភពលោក។

បើអ្នកទៅវត្ត ដើម្បីតែទៅរកលោកសង្ឃស្រោចទឹក ឬដើម្បីរំឭកត្រឹមតែខ្មោចជីដូនជីតាខ្លួនឯងដែលចែកឋាននោះ សូមកុំទៅអីល្អជាង។ បើអ្នកទៅវត្ត ដើម្បីយកសំរាមទៅចាក់ចោល អ្នកមិនខុសគ្នាអីពីពួកប្រេតនាឋាននរកអវីចីនោះទេ។

រូបថតវត្តត្នោតជុំ ខេត្តបាត់ដំបង ថតដោយ យឹម ម៉ានីកា