Tag Archives: កំណាព្យទស្សនវិជ្ជា

សរទរដូវនៅកម្ពុជា

វស្សាផ្ការីកកន្លងផុតទៅ
សរទរដូវឈានចូលមកដល់
កត្ដិកស្រុកខ្មែរនាខែធ្លាក់ខ្យល់
អ្នកស្រុកវិលវល់ខ្វល់ព្រួយរងា។

ខួបកម្មចាំស្នេហ៍ក្បែរដីខាងលិច
រលឹមស្រិចៗក្ដិចចិត្តស្ងួនភ្ងា
រំដួលស្រុកខ្មែរថែឈ្មោះកម្ពុជា
រុងរោចន៍រមនា គ្រាសុរិយារះ។

លឿងរាជរុះរោយផាត់ដោយតាមខ្យល់
ក្រាលព្រំតាមថ្នល់កល់បាំងក្រាំងមាស
រងាផ្កាគរអូនឈរមុខផ្ទះ
ចង់ឃើញថ្ងៃរះ ជះដួងឆព្វណ្ណ។

ឥលូវមេឃភ្លៀងសៀងស្រិចស្រឹបស្រក់
រលឹមតក់ៗក្ដក់ហៅផ្គរលាន់
ពពកមួយដុំ ផ្ដុំគ្នាមិនទាន់
ស្រមោចអាសន្ន ជាន់គ្នារយោង។

បើសិនឆ្នាំក្រោយលឿងរាជលែងរីក
កង្កែបធាត់ស្ទីក ជីកឡើងអណ្ដូង
ម្លេះយើងលែងគេច លិចកើតជើងត្បូង
សណ្ដោងសណ្ដូន ក្បូនសន្តិភាព។
———-
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

សៀមរាប,
ថ្ងៃអង្គារ ២កើត ខែកត្ដិក ឆ្នាំវក អដ្ឋស័ក

10000