Tag Archives: កាឡកណ្ណី

“កាឡកណ្ណី” (Kalakanni)

ជាច្រើនថ្ងៃកន្លងមកនេះ ខ្ញុំបានសង្កេតឃើញមាន កាឡកណ្ណី កើនឡើងច្រើនគួរឱ្យកត់សម្គាល់។ កាឡកណ្ណី ប្រែមកថា មនុស្សឥតបុណ្យ មនុស្សចង្រៃ មនុស្សដែលធ្វើនូវនិស្ស័យនៃខ្លួនឱ្យប្រាកដស្មើដោយវត្ថុមានពណ៌ខ្មៅ (វចនានុក្រមខ្មែរ)។ កាឡកណ្ណី មិនមែនមានតែជនជាតិណាមួយជាក់លាក់ទេ ជនជាតិណា ក៏មានដែរ ប៉ុន្តែក្នុងអត្ថបទនេះ ខ្ញុំលើកយកតែខ្មែរ និងសៀមទេ ព្រោះបានឃើញផ្ទាល់ៗនឹងភ្នែកច្រើនពេក។ កាឡកណ្ណីសៀមក៏មានច្រើន ខ្មែរក៏រាប់មិនអស់ក្នុងពេលដំណាលគ្នា រាប់ចាប់តាំងពីមានការផ្ទុះអាវុធដាក់គ្នា ដែលបង្កជាសង្គ្រាមហិង្សា ទាំងទៅលើជីវិតរាងកាយ និងសតិស្មារតីមនុស្សផងគ្នានោះមក។

ខ្មែរជ្រុលនិយម បញ្ឆេះភ្លើងកំហឹងតិះដៀលពូជសាសន៍សៀម ចំណែកសៀមជ្រុលនិយម ក៏មិនធម្មតាដែរ គឺដុតបំពក់រងើកភ្លើងនៃភាពស្អប់ខ្ពើមពូជសាសន៍ខ្មែរយ៉ាងចាស់ដៃដូចគ្នា។ ខ្ញុំដឹងថាក្នុងអំឡុងសង្គ្រាមស៊ីសាច់ហុតឈាមគ្នាយ៉ាងក្ដៅគគុក ប្រសិនបើមាននរណានិយាយទេសនាព្រះធម៌សន្តិភាព ច្បាស់ជានឹងត្រូវបានគេជ្រេញ គេខ្ពើម គេមិនចូលចិត្តទេ បើនៅក្បែរដៃជើងគេ ប្រហែលគេដេញកាប់ចាក់ឱ្យស្លាប់ ខានបានទេសនាផងក៏មិនដឹង។ យ៉ាងណាក៏ដោយចុះ ខ្ញុំនៅតែឈរលើជំហរមួយនេះ គឺផ្ដល់ឱវាទអប់រំដល់មនុស្សជ្រុលនិយម ឬហៅប្រៀបបាននឹងថា ជួយចាប់ហ្វ្រាំងដល់យានទាំងឡាយណា ដែលកំពុងតែហៀបនឹងជ្រុលចង្កូត កំពុងតែទៅមុខដោយហួសល្បឿនកំណត់ ដើម្បីសុវត្ថិភាពទាំងអស់គ្នាតែប៉ុណ្ណោះ។

ខ្ញុំសូមលើកចំៗ អំពីចំណុចមិនគួរគប្បី នៃជាតិសាសន៍ខ្មែរមុន។ យើងបានឃើញព័ត៌មានជាច្រើនចុះផ្សាយ ដែលខ្លះពិត និងខ្លះមិនពិត។ ព័ត៌មានខ្លះ បានផ្សាយដោយភ្ជាប់នូវរូបភាព រូបវិដេអូចម្រុះជាច្រើន ថាប្រទេសថៃ កំពុងជួបគ្រោះធម្មជាតិដ៏ធំបន្ដកន្ទុយគ្នាឥតដាច់សោះ មួយហើយមួយទៀត មួយហើយមួយទៀត។ ព្យុះសង្ឃរាដ៏គួរឱ្យព្រឺខ្លាច ជាបន្តបន្ទាប់នោះ  តាមពិតទៅ ដំបូងៗឡើយ វាបានវាយសន្ធាប់មកលើប្រទេសវៀតណាមទេ ចំណែក ប្រទេសថៃ និងលាវ ទទួលរងឥទ្ធិពលខាងចុងខ្យល់តែប៉ុណ្ណោះ។ ឥទ្ធិពលខាងចុងដែលប្រទេសថៃ និងលាវ ទទួលរង គឺភ្លៀងធ្លាក់ខ្លាំងហួសហេតុ និងគ្រោះទឹកជំនន់លិចលង់ស្ទើរសព្វទូទាំងប្រទេស ។ តាមការពិត គ្រោះធម្មជាតិដែលបានកើតឡើងក្នុងឆ្នាំ២០២៥នេះ មិនមែនមានតែនៅក្នុងប្រទេសវៀតណាម លាវ ថៃ ប៉ុណ្ណោះទេ មុននេះប៉ុន្មានខែគ្រោះធម្មជាតិដ៏កំណាចនេះ ដែលរួមមានទាំងការរញ្ជួយផែនដី បាក់ស្រុតស្រទាប់ដីផង ក៏បានបំផ្លាញប្រទេសភូមា និងប្រទេសពីរទៀតនៃប្រជុំដីកោះ ក្នុងទ្វីបអាស៊ីអាគ្នេយ៍ដែរ ដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ី ជាដើម។ សេចក្ដីវិនាសអន្តរាយនេះ ពិតជារឿងគួរសោកសង្រេងខ្លាំងណាស់ បើយើងតម្កល់ចិត្តរបស់យើងនៅលើសតិនៃភាពជាមនុស្សដូចគ្នា។

ប៉ុន្តែវាមិនដូច្នេះទេ ខ្មែរជ្រុលនិយមមួយចំនួន ដែលកំពុងបៀមជាប់នូវកំហឹងឈឺចាប់ចំពោះពួកទាហានសៀមល្មោភអំណាចមួយក្ដាប់នោះ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ត្រេកអរ សាទរ យ៉ាងគឹកកងរំពង ចំពោះលទ្ធផលវិនាសកម្មពីគ្រោះធម្មជាតិដែលបណ្ដាប្រទេសដីកោះ និងប្រទេសវៀតណាម ថៃ លាវ ភូមា បានទទួលរង។

ខ្ញុំបានអានមតិទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ ដែលប្រហែលជាសរសេរដោយជនជាតិខ្មែរភាគច្រើន។ ពួកគេតាមមើល ប្រហែលជា ពុទ្ធសាសនិកផង ព្រោះឃើញសម្បូរទៅដោយទ្រឹស្ដីនៃកម្មផល ហូរហៀរ ពេញក្នុងប្រអប់ប៉ុស្ដិ៍ព័ត៌មានជាតិនិងអន្តរជាតិ នានា។ គេសរសេរថា “នេះហើយជាកម្មពៀរវេរារបស់ពួកអាចោរសៀមឯង”, ខ្លះទៀតថា “ទេវតាមានភ្នែកមែន”, ខ្លះទៀតថា “ឃើញទេ? នេះហើយជាលទ្ធផលនៃអំពើបាប”, ឬ “ស្រឡះសាធុទៅ”, “សូមបោកបក់បន្ថែមពេញ១ខែហ្នឹងទៅព្យុះអើយ ឱ្យលិចប្រទេសវាងាប់ឱ្យអស់ទៅ”, “សូមថែមភ្លើងឆេះឱ្យពួកវាផងព្រះជាម្ចាស់អើយ”, “សូមទះដៃបីដង” …។ល។ នៅមានពាក្យពេចន៍ជាច្រើនទៀតរាប់មិនអស់ ដែលមនុស្សខ្មែរ ហាក់ដូចជាសម្ដែងនូវសេចក្ដីសុខ ក្ដីសប្បាយរីករាយលើគំនរទុក្ខវេទនារបស់មនុស្សជាតិដូចគ្នា។

រូបភាពថតពីលើកញ្ចក់ទូរស័ព្ទ នូវសម្រង់មតិអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុគ ទៅលើព័ត៌មានគ្រោះធម្មជាតិក្នុងតំបន់ Asean ដែលប្រទេសរងគ្រោះធំជាងគេ គឺវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ចំណែកប្រទេសរងគ្រោះបន្ទាប់ គឺ លាវ និង ថៃ

ជាធម្មតា ជម្លោះរបស់ក្រុមអ្នកនយោបាយ កើតឡើងដោយសារតែការដណ្ដើមអំណាចគ្នា និងដើម្បីរក្សាការពារអំណាចរៀងៗខ្លួនតែប៉ុណ្ណោះ ដូច្នេះដើម្បីធ្វើឱ្យសង្គ្រាមរឹតតែល្បីល្បាញ និងមានការគាំទ្រពីសំណាក់ប្រជាជនផងខ្លួន នោះអ្នកនយោបាយ ត្រូវប្រើវិធីសាស្ត្របំផុសស្មារតីជាតិនិយម។ តែគួរឱ្យសោកស្ដាយណាស់ ដែលមនុស្សលោក នៅមានភាពអវិជ្ជាច្រើន ពួកគេបានទៅហួសពីជាតិនិយម ក្លាយជាជ្រុលនិយម ក្លាយជាចលនារើសអើងពូជសាសន៍រវាងគ្នានិងគ្នា ក្លាយជាអរិភាពនឹងគ្នា ក្លាយជាសត្រូវនឹងគ្នា ហើយភាគីម្ខាងៗ លើកដៃបន់ស្រន់អាទិទេពដែរ ប៉ុន្តែបែរជាបន់ដាក់បណ្ដាសាគ្នា ផ្ដន្ទាគ្នាទៅវិញទៅមក។ នេះបានចំជាហៅថាជា វចីទុច្ចរិត មែន។ ពួកគេធ្វើកម្មវិធីថ្លែងសុន្ទរកថាតាមប៉ុស្ដិ៍ទូរទស្សន៍ មិនដឹងជាប៉ុន្មានរយប៉ុស្ដិ៍ ប៉ុន្តែសរុបជារួម សុទ្ធតែជា តិរច្ឆានកថា

រូបភាពថតចេញពីកញ្ចក់ទូរស័ព្ទដៃ បង្ហាញពីមតិរបស់មនុស្សដែលភាគច្រើនលើសលុប នៅខ្វះសីលធម៌ក្នុងភាពជាមនុស្ស និងមិនទាន់យល់អំពីអ្វីជាច្បាប់កម្ម ពិតប្រាកដនៅឡើយ

សូមខមាទោសបន្តិចទៅចុះ អ្នកនិយាយទាំងអស់នោះ ធ្វើដូចជាខ្លួនឯងកំពុងតែរស់នៅលើភពព្រះចន្ទ ឬភពព្រះអង្គារ។ នៅពេលដែលនាំគ្នាត្រេកអរ បន់សូមព្យុះសង្ឃរាបន្ថែម បន់សូមឱ្យមានគ្រោះធម្មជាតិ និងវិនាសកម្មបំផ្លាញជីវិតមនុស្សបន្ថែម  មានបានគិតខ្លះទេថា ពួកយើងកំពុងរស់នៅលើផែនដីតែមួយ ទឹកដីជាប់គ្នា ហើយសំខាន់នោះ គឺនៅជាប់នឹងខ្សែដងទន្លេមេគង្គតែមួយទៅទៀត។ បើគ្រោះទឹកជំនន់ កើតមាននៅប្រទេសណាមួយ ដែលជាប់នឹងខ្សែទឹកទន្លេដ៏វែងអន្លាយនេះ តើគិតស្មានថាខ្លួនឯងអាចគេចផុតពីគ្រោះលិចលង់បានឬទេ?

រូបភាពថតពីលើកញ្ចក់ទូរស័ព្ទដៃ បង្ហាញពីការបញ្ចេញមតិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា ពាក់ព័ន្ធនឹងគ្រោះមហន្តរាយធម្មជាតិ ដែលកំពុងតែវាយ សន្ទាប់ទៅលើប្រទេស វៀតណាម និងឥទ្ធិពលចុងព្យុះធ្លាក់មកលើ ប្រទេសលាវ និងថៃ។ សូមបញ្ជាក់ថា គ្រោះធម្មជាតិដែលបំផ្លាញប្រទេសជាច្រើនក្នុងតំបន់ អាស៊ីអាគ្នេយ៍ ឆ្នាំនេះ រួមមានរញ្ជួយដី បាក់ដី ព្យុះយក្ស និងទឹកជំនន់ ។ ប្រទេសដែលរងគ្រោះ ក្រៅអំពីវៀតណាម លាវថៃ ហើយ ក៏នៅមាន ឥណ្ឌូណេស៊ី និង ហ្វីលីពីន ទៀតផង។

មាត់នោះ សូត្រឡើងថ្នឹកអស់ហើយ ច្បាប់កម្មផល ទ្រឹស្ដីពៀរវេរា ធ្វើដូចជាខ្លួនឯងអ្នកស្គាល់បុណ្យស្គាល់បាប ប៉ុន្តែបែរជាឥតដឹង ឥតយល់ថា ខ្លួនឯងកំពុងសាងបាបកម្មដ៏ខ្មៅកខ្វក់ ដែលនឹងហុចផលជាអកុសល ដល់អាត្មាខ្លួននៅថ្ងៃខាងមុខវិញមិនខាននោះទេ។ អ្នកដែលកំពុងតែសាងបាបកម្ម ហើយបែរជាមិនស្គាល់ថាវាជាអំពើបាប ពិតជាងាយធ្លាក់ទៅក្នុងនរកអវីចីលឿនណាស់ រអិលទៅរូៗ ដូចមានគេច្រានទម្លាក់អ៊ីចឹង។ ពាក្យសម្ដី​ គឺជាការសាងកម្មតាម វចីទ្វារ។ វាមានកម្លាំងអនុភាពខ្លាំងណាស់។ វាអាចជួយបើកឱកាសដល់កម្មជាអកុសលនានា ដែលយើងបានសាងពីអតីតកាល ហុចផលភ្លាមៗក្នុងពេលបច្ចុប្បន្ន ដោយមិនរង់ចាំកាលវេលាតទៅមុខទៀតឡើយ។

មានជនអវិជ្ជាខ្លះពោលទាំងងងឹតថា បើយើងមិនដឹងថាវាជាអំពើអាក្រក់ ហើយប្រព្រឹត្ដអាក្រក់ អាហ្នឹងមិនមានបាបទេ។ យី! គ្រូណាបង្រៀនអ៊ីចឹង? ខ្ញុំសូមលើកឧទាហរណ៍ទាក់ទងនឹងកុមារតូចមួយអាយុ១ឆ្នាំ។ វាឥតស្គាល់ អង្កត់ឧសរងើកភ្លើងទេ វាក៏លូកដៃទៅចាប់កាន់ដុំរងើកភ្លើងនោះ។ ពេលដែលក្ដៅខ្លាំង រហូតដល់រលាក រលួយដៃ សួរថា តើក្មេងតូចនោះ វាដឹងថាត្រូវរលាស់ដុំអង្កត់ភ្លើងនោះចោលទេ? គឺអត់ទេ ក្មេងវាក្ដាប់រឹតតែខ្លាំងឡើង។ ចំណែកមនុស្សធំ ស្គាល់រងើកភ្លើង បើច្រឡំដៃចាប់កាន់អង្កត់ឧសរងើកភ្លើង នោះគេក៏ឆាប់ដឹងខ្លួន ហើយឆាប់រលាស់ចោលទៅវិញភ្លាមៗដែរ។

ត្រង់នេះ អង្កត់រងើកភ្លើង ប្រៀបដូចជាអំពើបាបមួយ។ បើយើងមិនស្គាល់អ្វីជាអំពើអាក្រក់ យើងប្រៀបបានដូចទៅនឹងកុមារតូចអាយុ១ឆ្នាំ ដែលវាក្ដាប់រងើកភ្លើងអ៊ីចឹងដែរ វានឹងក្ដៅរលេះរលួយដៃខ្លាំងជាងអ្នកស្គាល់រងើកភ្លើង ហើយដែលគេប្រញាប់ ឆាប់រលាស់ចោលវិញ។

ខ្ញុំឮសូរញឹកញយហើយ ដែលមានមនុស្សខ្លះ ចេញមុខបង្រៀនគេថា បើមិនស្គាល់ថាវាជាអំពើអាក្រក់ទេ ហើយយើងប្រព្រឹត្ដ អាហ្នឹងអត់មានបាបទេ។ នេះហើយជាមេកាឡកណ្ណី ជាគ្រូដែលបង្រៀនអ្នកឱ្យឆាប់ធ្លាក់ទៅស្ថាននរក។ មនុស្សដែលមិនស្គាល់អ្វីជាបុណ្យ អ្វីជាបាបហ្នឹងហើយ ដែលធ្លាក់ខ្លួនទៅកាន់ស្ថានជាទីថោកទាប លឿនជាងនរណាៗទាំងអស់។ នេះហើយជាទោសនៃអវិជ្ជា។ អវិជ្ជា រមែងនាំមកនូវទុក្ខលំបាកខ្លាំង។

ជួនកាល មានហេតុបច្ច័យដែលជាកុសលកម្ម ពីអតីតកាលមក ជួយទ្រទ្រង់ខ្លះ ទើបវាមិនរអិលធ្លាក់លឿន ប៉ុន្តែបើអ្នកខ្វះផលបុណ្យអតីតកាល ច្បាស់ជារបូតធ្លាក់ចុះលឿនរហ័សទាន់ចិត្តណាស់។ មានឧទាហរណ៍ជាក់ស្ដែងឱ្យឃើញផ្ទាល់ៗនឹងភ្នែកច្រើនមកហើយ។

មុននឹងវិភាគវែកញែកជាបន្ត ខ្ញុំសូមលើកយកធម្មបទគាថាមួយ ពីបិដកលេខ ៥២ មកពន្យល់បន្តិច ៖

មនោបុព្វង្គមា ធម្មា            មនោសេដ្ឋា មនោមយា

មនសា ចេ បទុដ្ឋេន           តាសតិ វា ករោតិ វា

តតោ នំ ទុក្ខមន្ទេតិ             ចក្កំវ វហតោ បទំ ។

ប្រែថា

 “ធម៌​ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត​( មាន​ចិត្ត​ជា​ធំ) សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស​ប្រទូស្ត​ហើយ ពោល​ក្តី ធ្វើ​ក្តី (រមែង​ជា​ទុច្ចរិត) ព្រោះ​ទុច្ចរិត​ទាំង​នោះ ទុក្ខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ ដូច​កង់​រទេះ​វិល​តាម​ដាន ជើង​គោ​ដែល​កំពុង​អូស​ទៅ។”

“មនោបុព្វង្គមា ធម្មា” គឺធម៌ទាំងឡាយមានចិត្តជាប្រធាន។ នេះជាធម៌ត្រាស់ដឹងនៃព្រះអរហន្ត។

ត្រង់នេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ តាមរយៈប្រាជ្ញាញាណរបស់ព្រះអង្គ ទ្រង់បានមើលឃើញយ៉ាងច្បាស់ប្រចក្សណាស់ថា ពៀរវេរា មិនមែនចងគ្នា ត្រឹមតែអំពើដែលប្រព្រឹត្តដោយកាយទេ សូម្បីតែវាចា សូម្បីតែការគិតប៉ុនប៉ងនៅតែក្នុងចិត្តនោះ ក៏មានជាប់កម្មពៀរវេរាដែរ អាហ្នឹងគឺ “មនោទ្វារ” ជាទ្វារនៃចិត្ត ដែលអាចបើក អាចបិទ អាចចាក់សោ អាចដោះសោ អាចទទួលស្វាគមន៍នូវបុណ្យ ឬ បាប បានយ៉ាងងាយស្រួល លឿនរហ័សណាស់។

ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់។ គិតល្អ បានល្អ គិតអាក្រក់ ក៏បានផលអាក្រក់ដែរ កុំច្រឡំថា ត្រឹមគិតនៅក្នុងចិត្តសោះ អត់មានបាបកម្មណា! គឺមាន!! ចុះទម្រាំតែវចីកម្ម? គឺការពោលហាស្ដី ផ្ដន្ទាសូមឱ្យគេវិនាសនោះ វាយ៉ាងម៉េចវិញ? ទោះមិនបានបន្លឺសំឡេងចេញពីក្រអូមមាត់មែន តែអ្នកបានប្រើម្រាមដៃសរសេរអក្សរ ចាររំលេចនូវសម្ដីខ្លួនឯងបន់សូមឱ្យគេវិនាសអន្តរាយ ក៏វាមានទោសស្មើគ្នានឹងអកុសលធម៌ ក្នុងវចីកម្មដែរ។

នៅក្នុងបញ្ហាសង្គ្រាមខ្មែរសៀម ដែលពេលនេះនៅសល់សង្គ្រាមពាក្យសម្ដី និងសង្គ្រាមចិត្តសាស្ត្រ ដែលនៅមិនទាន់ស្ងប់រលត់នេះ មិនថាភាគីខាងណាទេ មិនថាខ្មែរ មិនថាសៀម ឱ្យតែបុគ្គលនោះ ចូលរួមត្រេកអរនឹងការវិនាសអន្តរាយនៃជីវិតមនុស្សសត្វ គឺសុទ្ធតែមានជាប់ទោសទាំងអស់។ ទោសនោះ គឺបាបហ្នឹងហើយ។ បាបកម្ម វាអត់បានជ្រើសរើសថា ត្រូវរើសយកជនជាតិខ្មែរ ឬជនជាតិសៀមទេ។ បាបកម្ម វាអត់ចេះរើសអើងពូជសាសន៍ ឬនិន្នាការសាសនាទេ។ ទោះជាអ្នកនោះគោរព បូជា ព្រះយេស៊ូ ព្រះគ្រិស្ដ ព្រះអុឡោះ ព្រះម៉ែគង់ស៊ីអ៊ីម ព្រះម៉ែនាគ ជាអ្នកបូជាអាទិទេពណាទេ ឱ្យតែចូលរួមក្នុងចលនា អបអរសាទរនឹងការបំផ្លិចបំផ្លាញ ចូលរួមត្រេកអរនឹងទុក្ខសោកវេទនា របស់មនុស្សសត្វ គឺមានទោសដូចៗគ្នា។ គ្មានព្រះណាជាអ្នកយកទោសនោះមកឱ្យទេ គឺកម្ម ដែលអន្ទោលជាប់តាមប្រាណហ្នឹងឯងជាអ្នកយកមកឱ្យ។ យើងចង់ទទួល ឬមិនចង់ទទួល ក៏វាយកមកដែរ ។ យើងមិនអាចប្រកែកថា “អត់ទេ! កាលពីខ្ញុំជេរផ្ដន្ទាដាក់ផ្ដាសាលើជីវិតគេនោះ មកពីខ្ញុំឥតដឹងថាវាជាអំពើអាក្រក់ ឥឡូវខ្ញុំដឹងខ្លួនខុសហើយ ខ្ញុំសូមមិនទទួលបាបកម្មទេ” នោះគឺមិនអាចទៅរួចទេ វាមិនមែនជាសច្ចធម៌នៃច្បាប់កម្មផលទេ។

យើងមិនអាចប្រកែកថា “អត់ទេ! ខ្ញុំជេរដាក់ផ្ដាសាវាកាលនោះ មកពីជនជាតិសៀមនោះ វាធ្វើបាប ធ្វើអាក្រក់ដាក់ជនជាតិខ្មែរខ្ញុំមុន ដូច្នេះខ្ញុំប្រទេចផ្ដាសាវា គឺខ្ញុំមិនអាចមានទោសទេ ខ្ញុំមិនឱ្យខ្លួនឯងមានទោសទេ ខ្ញុំច្បាស់ជាមិនមានបាបកម្មអីទេ!”។ នេះជាការយល់ផ្ដេសផ្ដាសណាស់។ អ្វីៗ មិនអាចទៅតាមការចង់បានរបស់យើងទេ។ គឺវាទៅតាមកម្លាំងកម្មរបស់យើងទៅវិញទេតើ!

ចំពោះអំពើរំលោភឈ្លានពានរបស់ទាហានសៀមណាម្នាក់ ឬក្រុមណាមួយ ឬពួក ឬបក្សណាមួយ អ្នកធ្វើនោះ បក្សនោះ ឬក្រុមនោះ នឹងទទួលផលកម្មរបស់គេដោយផ្ទាល់ជាក់ជាមិនខាន។ ប៉ុន្តែ ការដែលយើងប្រតិកម្មជះត្រលប់ទៅវីញដោយអំពើអកុសលផ្សេងៗ យើងក៏នឹងទទួលបានផលជាអកុសលដូចគ្នាដែរ។ ច្បាប់កម្មផលនេះ វាធ្វើការងារសុក្រឹត្យណាស់ ។ ច្បាប់កម្មផល វាមិនកាន់ជើងខ្មែរ ឬថៃទេ។ ច្បាប់កម្មផល ជាច្បាប់តក្កៈនៃធម្មជាតិ ដែលវាចាំតែហុចផលត្រលប់វិញ ក្រោយពេលដែលយើងបានសាងអំពើអ្វីមួយ។

ធម្មបទគាថាក្នុងបិដកលេខ ៥២ ដដែលនោះ ក៏មានចែងទៀតថា៖

មនោបុព្វង្គមា ធម្មា               មនោសេដ្ឋា មនោមយា

មនសា ចេ បសន្មេន            តាសតិ វា ករោតិ វា

តតោ នំ សុខមន្ទេតិ              ឆាយាវ អនុបាយយិនី ។

ប្រែថា

 “ធម៌ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត​សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ជ្រះ​ថ្លាហើយ ពោល​ក្តី​ធ្វើ​ក្តី​(រមែង​ជា​សុចរិត) ព្រោះ​សុចរិត​ទាំង​នោះ សុខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ​ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ។”

សេចក្ដីពន្យល់ក៏មិនខុសគ្នាពីល្បះមុនប៉ុន្មានដែរ គ្រាន់តែគាថាខាងក្រោយនេះ អត្ថន័យរបស់វា មានលក្ខណៈផ្ទុយបញ្ច្រាសពីល្បះមុន ត្រង់ថា បើយើងគិតល្អៗ ត្រេកអរអនុមោទនា ចំពោះអំពើល្អអ្នកដទៃ នោះយើងច្បាស់ជាបានទទួលផលជាសុខ។ បើឃើញគេកំពុងមានទុក្ខ យើងភាវនា ផ្សាយមេត្ដា នោះយើងនឹងច្បាស់ជាបានផលជាសុខ ដល់ខ្លួនយើងផង និងញាំងសេចក្ដីសុខនោះ ឱ្យបានជ្រួតជ្រាបផ្សាយដល់ជនរងគ្រោះផង។

ដូច្នេះ បើយើងបានឃើញថាប្រទេសគេដទៃនោះ កំពុងតែជួបនូវគ្រោះធម្មជាតិដ៏ធំធេង ប្រជាជននៃប្រទេសនោះ កំពុងលំបាកវេទនាយ៉ាងក្រៃពេក សូមកុំភ្លេចដាស់សតិខ្លួនឯងផងថា ជនរងគ្រោះ ប្រហែលជាកំពុងតែសោយផលនៃកម្មចាស់ណាមួយហើយ ដូច្នេះអាត្មាអញ មិនគួរណាទៅជេរប្រទេចផ្ដាសាគេបន្ថែមទេ អាត្មាអញ គួរតែធ្វើសមាធិ ភាវនា ផ្សាយមេត្ដាជូនដល់ពួកគេវិញ។ ធ្វើបែបនេះ ទើបហៅចំជាអ្នកយល់ច្បាស់ពីបុណ្យ និងបាបពិតប្រាកដ។

សូមធ្វើខ្លួនឯងឱ្យដូចជាទឹក ដែលរង់ចាំពន្លត់ភ្លើង កុំធ្វើជាប្រេងសាំង ដែលរង់ចាំតែចាក់បន្ថែមលើភ្លើង។ ជនរងគ្រោះអំពីគ្រោះធម្មជាតិ បើទោះបីជាពួកគេ គឺជាពូជសាសន៍មួយ ដែលស្ថិតក្នុងអម្បូរថៃ សៀម ដែលពេលនេះ កំពុងស្ថិតក្រោមការវិនិច្ឆ័យទោសជារួម ជាទូទៅ ពីសំណាក់ប្រជាជនខ្មែរ ថាជាពួកសត្រូវ ក៏ដោយចុះ ប៉ុន្តែ យ៉ាងណា បុគ្គលមនុស្សជាតិសៀម ដែលជាអ្នកប្រព្រឹត្តបាប និងបុគ្គលមនុស្សជាតិខ្មែរ ដែលជាអ្នករងគ្រោះដល់ស្លាប់ពីការប្រព្រឹត្តរបស់បុគ្គលមនុស្សសៀម គឺជាម្ចាស់កម្មផលដោយផ្ទាល់ ចំណែកយើងរាល់គ្នានេះ ប្រៀបប្រដូចទៅនឹងអ្នកទស្សនាឆាកល្ខោនមួយអ៊ីចឹង។ គ្រាន់តែវាជាល្ខោនពិតជាក់ស្ដែង ដែលគេបានសម្ដែង នៅក្នុងតំបន់មួយ ផ្នែកមួយ នៃភពផែនដីនេះ។ អ្នកប្រព្រឹត្ដផ្ទាល់ដៃ ច្បាស់ណាស់ថា ពួកគេនឹងមិនអាចគេចផុតពី លទ្ធផលអាក្រក់ៗនាពេលអនាគតខាងមុខបានទេ ព្រោះពៀរវេរា វាស្គាល់ម្ចាស់ច្បាស់។ ដូច្នេះ ក្នុងនាមយើងជាប្រជាពលរដ្ឋ នៃពូជសាសន៍ពីរផ្សេងគ្នា ក៏ពិតមែនហើយ ប៉ុន្តែពួកយើង ជាពូជមនុស្សដូចគ្នា រស់នៅលើភពតែមួយដូចគ្នា និងកំពុងធ្វើដំណើរវិលយ៉ាងវីវក់ ក្នុងវដ្ដសង្សារដូចគ្នា។

ការសើចសប្បាយរីករាយ អនុមោទនា នឹងបានឃើញគ្រោះធម្មជាតិបំផ្លាញជីវិតមនុស្សសត្វដទៃឱ្យរងទុក្ខលំបាកវេទនា ជាអំពើបាបធ្ងន់ណាស់ មនុស្សដែលបង្ហាញកិរិយាប្រភេទបែបនេះ គឺជា កាឡកណ្ណី ។ កាឡកណ្ណី គឺជាមនុស្សចង្រៃ មនុស្សឥតបុណ្យ មនុស្សដែលនឹកឃើញសាងតែបាបកម្មសម្រាប់ដាក់ទោសជីវិតខ្លួនឯងឱ្យរងទុក្ខវេទនាយ៉ាងលើសលុប នៅទីបំផុត។

ចំណែកជនជាតិថៃ ក៏ដូចគ្នាដែរ ។ ខ្ញុំបានសង្កេតឃើញមានមនុស្សជ្រុលនិយមច្រើនណាស់ ដែលបានបង្ហាញកិរិយា សប្បាយរីករាយ អបអរសាទរ នឹងសកម្មភាពទុច្ចរិត របស់ក្រុមនាយទាហានហ្លួង ដែលបានទម្លាក់គ្រាប់បែក បំផ្លិចបំផ្លាញភូមិករ អ្នកស្រុកខ្មែរជាប់ជាយដែន ខ្មែរសៀម បំផ្លាញប្រាសាទបុរាណ ដែលជាកេរមរតកវប្បធម៌របស់ពិភពលោក ។ ពួកគេខ្លះនោះ ថែមទាំងអវិជ្ជា ដល់កម្រិត ផលិតជាវិដេអូ ជេរត្មិះ តិះដៀល មាក់ងាយពូជអម្បូរជនជាតិខ្មែរ ដែលជាបុព្វបុរសរបស់ពួកគេ យ៉ាងគឃ្លើន ឥតមានបើខ្មាសអៀនសំឡេងខ្លួនឯងអ្វីបន្តិចសោះ។ ដូច្នេះ ពួកទាំងអស់នោះ ក៏ជា កាឡកិណ្ណី ដែរ។ កាឡកិណ្ណី ដូចគ្នា។ គឺមានន័យថា ជាមនុស្សចង្រៃ ដែលនឹងមិនអាចគេចផុតពី គោលដៅសំចតចុងក្រោយ គឺស្ថាននរកនោះទេ។

ដូច្នេះ ក្នុងនាមជាមនុស្សដែលមានសតិសម្បជញ្ញៈ ក្នុងនាមជាអ្នកបានទទួលការសិក្សារៀនសូត្រពីមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ យើងគួរគេចចេញឱ្យបានឆ្ងាយតាមលទ្ធភាពដែលអាចធ្វើទៅបាន នូវរាល់អំពើទាំងឡាយណា ដែលមានលក្ខណៈជាកាឡកិណ្ណី។

គ្រប់ពេលវេលា ដែលបានឃើញថា មានមនុស្សដទៃដែលកំពុងរស់នៅក្នុងភពតែមួយ កំពុងតែជួបទុក្ខលំបាក ប្រសិនបើយើង គ្មានលទ្ធភាពនឹងទៅជួយសង្គ្រោះគេដោយផ្ទាល់ ដោយផ្លូវកាយ សូមជួយគេតាមរយៈផ្លូវចិត្តផង នោះគឺការផ្សាយមេត្ដា។ សូមផ្សាយមេត្ដាភាវនា ដោយធ្វើសមាធិ បញ្ជូនថាមពលវិជ្ជមាន ដល់ពួកគេ និងសព្វសត្វទាំងអស់ក្នុងភព ក្រៅភព ប្រសិនបើយើងអាចពាល់ត្រូវ។ បើយើងនៅមិនទាន់មានសមត្ថភាព ពាល់ត្រូវជីវិតសត្វក្រៅភព ក៏សូមត្រឹមតែជួយផ្សាយមេត្ដា ដល់ជីវិតក្នុងភពនេះសិន ក៏រាប់ថាជាអំពើបុណ្យដ៏ធំធេងណាស់ទៅហើយ។

សូមចម្រើនមេត្ដា ផ្សាយចេញទៅទិសទាំង ១០ ដើម្បីពួកមារសត្រូវទាំងឡាយ និងពួកសព្វសត្វទាំងឡាយក្នុងលោកនេះបានទទួលសន្ដិភាព។

ពួកសត្វទាំងអស់ក្នុងទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយព្យ ទិសឧត្តរ ទិសឦសាន ទិសខាងក្រោម ទិសខាងលើ សូមឱ្យជាសត្វមិនមានពៀរនឹងគ្នា សូមមានតែសេចក្តីសុខជានិច្ច ពួកសត្វទាំងអស់ សូមកុំមានពៀរនឹងគ្នា សូមបានតែសេចក្តីសុខ ប្រាសចាកទុក្ខ កុំព្យាបាទគ្នា កុំមានសេចក្តីព្រួយចំបែង សូមឱ្យមានអាយុវែង កុំមានរោគ សូមបានសម្រេច ដោយសម្បត្តិទាំងឡាយ សូមរក្សានូវខ្លួន ជាសុខរៀងទៅ ☸️

សត្វទាំងឡាយទាំងពួង ដែលកំពុងដល់នូវសេចក្តីទុក្ខ សូមឱ្យជាសត្វបាត់សេចក្តីទុក្ខទៅ ដែលកំពុងដល់នូវភ័យ សូមជាសត្វបាត់ភ័យទៅ ដែលកំពុងដល់នូវសេចក្តីសោក សូមឱ្យជាសត្វ បាត់សេចក្តីសោកទៅហោង ☸️

វិរិយា🌸

ថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១ ខែកញ្ញា គ.ស. ២០២៥