Tag Archives: កម្សាន្ត

ទំនួញទ្រខ្មែរ

I. ទំនួញទ្រខ្មែរញ័រខ្សែទាំងបី កូតដោយដៃស្រី បំពេរហឫទ័យម្ចាស់ចិត្ត ទឹកខ្មៅកវី រឿងពីអតីត គេច្រៀងប្រឌិតទេបង។
II. កាលគេងកើយភ្លៅរស់នៅស្រុកស្រែ ទឹកភ្នែកឥតល្ហែ នឿយចិត្តចង់តែរត់ផង ជើងពានផ្កាស្លាអំបោះចំណង ភ្លើងទៀនអូនផ្សងលែងឆេះ។
R. ឥលូវស្នាមក្ដិចបាត់ឈឺ ស្នាមថើបទៀបភ្លឺ ឌឺដងរលេះ លេបក្រួសព្រួសភ្លើងសូមឆ្លើយមិនចេះ ខ្សែទ្រអូនដាច់ប្រេះ សូមស្លេះនិទានរឿងចាស់។
III. សុរិយាបាំងភ្នំទោចយំឆ្លងជ្រោះ រឿងកន្លងហួស ថ្ងៃថ្មីចូលជួសល្អណាស់ ស្ពានថ្មឆ្លងស្នេហ៍នៅតែស្រឡះ គ្មានថ្ងៃភ្លេចម្ចាស់ទ្រខ្មែរ។
____
ច្រៀងតាមទំនុកភ្លេងដើម “ទំនួញទ្រខ្មែរ”
ដោយ លឹម វីរីយ៉ា កវីខ្វះទីផ្សារព្រោះចាស់ហួសដឺឡេ។

(សូមអភ័យទោសដោយរូបភាពភ្ជាប់ជាមួយជារូបទ្រអ៊ូ ខ្សែ២)

ទ្រអ៊ូ

ខ្ទមស្រែ

ខ្ទមស្រែឥតស្រូវនៅស្រះស្រង់
ក្បែរគុម្ពរំចង់ប្លង់ខាងត្បូង
ទេសភាពបៃតងវាលស្មៅយោង
គេងលេងយោលទោងក្រោមខ្ចុះស្បូវ។

ខ្ទមស្រែត្រជាក់ធ្លាក់សន្សើម
ស្រូបខ្យល់ដង្ហើមក្លិនម្រះព្រៅ
គន្ធាផ្កាម្អមដុះអមផ្លូវ
ព្រះខ្លបស្ដេចស្មៅដៅស្នាមដើរ។

ខ្ទមស្រែសាងមិត្តជិតបង្កើយ
ផ្អែកខ្នងគងខ្នើយមើលចាបហើរ
ញ៉ាំបាយមាន់ដុតគិតបណ្ដើរ
កម្សាន្តដំណើរស្នើរពីម្សិល។

អនុស្សាវរីយ៍ពីខ្ទមស្រែ
មានរឿងហូរហែសើចឡើងគឹល
មានរឿងឈឺចាប់ស្ដាប់មិនខ្ជិល
ក្រោមដើមអម្ពិលខ្ជិលបកស្រាយ។

Ktorm Sreh20151115_110518 20151115_112335 20151115_11430820151115_111351