Category Archives: ពីនេះពីនោះ

រសៀលមេឃក្ដៅ…

រសៀល​មេឃក្ដៅ​ អ្នកក្នុងអ្នកក្រៅ
ហួចហៅខ្សឹបដៀង ខ្លះភ្នក់លេងភ្នាល់
ខ្លះខ្វល់រឿងពាង​ ខ្លាចឥតទឹកភ្លៀង
ទុកលាងជេីងដៃ។

រសាប់រសល់​ រសេីបហេីបដល់
រឿងទ័លចង្រៃ​ រឿងរាក់កំផែល
ខ្លះហែលលេីដី​ គេខ្សឹបម្សិលម្ង៉ៃ
អាល័យ​អ្នកស្ដាប់។

គេថាភ្លេីងខៀវ​ ពេលមាន់រងាវ
កញ្ជ្រៀវ​ស្ទេីរស្លាប់​ អ្នកណាឥតបុណ្យ
កុនការងាប់ឆាប់​ ធ្វេីមនុស្សចំណាប់
គេចាប់ទៅចង។

គេខ្សឹបតិចៗ​ ប្រាប់ក្រោយថ្ងៃលិច
ក្ដិចភ្លៅថែមផង​ ភាពយន្ដ​សម្ដែង
គេក្លែងម្ដងៗ​ ល្ខោន​ស្នេហ៍​អូនបង
ថេីបភ្លាមលង់ភ្លាម។

រឿងត្រូវទៅខុស​ រឿងស្រីនិងប្រុស
ច្រមុះចេញឈាម​ ស្នេហ៍​រន្ទះបាញ់
ស្រឡាញ់រលាម​ ថេីបបឺតអង្កៀម
ត្រៀមទាក់អ្នកមេីល។

ស្នេហា​ចុះក្អួត​ គេលេងឆ្កួតៗ
អួតមនុស្សងងេីល​ ងងឹត​ងេងង៉ាង
អាងយ៉ាងគគ្រេីល​ ល្ខោនអស់អ្នកមេីល
ផ្អេីលរឿងថ្មីទៀត។
————-
លឹម​ វីរីយ៉ា​🌸
២០​ សីហា​ ២០១៩

រូបនេះថតជូនដោយ កូនប្រុសច្បងម៉ាក់យ៉ា កុមារា ជ័យបុត្រ នៅក្នុងរោងភាពយន្ត Major CinePlex ក្នុងផ្សារទំនើប Aeon Mall 2 ខណ្ឌសែនសុខ ភ្នំពេញ ម្ដុំៗជិតផ្ទះដែរហ្នឹងណា! ថតមុនចូលទៅទស្សនាភាពយន្តរឿង Angry Bird វគ្គ២ (កំដរអាប្រុសពៅទេចាស)

កំណាព្យផ្ញើជូនប្អូនស្រីបូផា

ផ្លូវ​ដើរ​វែងឆ្ងាយ​ ក្លាយជា​ខ្លី
ស្វែងរកសួស្ដី​ សិរីជា
ឈប់តូចចិត្តទៅ​ ពៅពំងារ
ជីវិត​គ្រប់គ្នា​ ជារឿងល្ខោន។

អ្នកខ្លះតួឆ្កួត​ អួតក្រោមមេឃ
ខ្លះកំជិលពេក​ ដេកកំប្រោន
ខ្លះទៀតរីងរៃ​ ភ័យ​បង្អោន
ផ្អេីលៗត្រោនៗ​ ឱនហេីយក្រាប។

អ្នកខ្លះមានទ្រព្យ​ ផ្គាប់ទេវតា
ខ្លះចិត្តឫស្យា​ ប្រាថ្នា​បាប
ខ្លះទៀតសោយទុក្ខ​ មុខឡេីងឆ្អាប
រស់នៅត្រដាប​ ស្ងាបក្នុងមុង។

សៀវភៅ​អ្នកតែង​ សម្ដែងរឿង
រៀបរាប់​ទ្រាប់ក្បឿង​ កឿងជាប់ជង់
លំហូរដួងចិត្ត​ ក្រិត្យ​គង់​វង្ស​
ឱ្យដិតយូរលង់​ ក្នុងក្រាំងមាស។

មនុស្ស​លោក​ យកជាតិ​ ឆ្លៀតតុបតែង
គេចេះសម្ដែង​ ក្លែងពោរពាស
កុហកបញ្ឆោត​ ដោតនិរាស
ឡេីងខ្ពស់ហួសរាស្ត្រ​ ក្បៀសមិនបាន។

អូនអ៊េីយ! នេះហេីយ​ ឆាកជីវិត
អ្នកឆ្លាតលាក់ជិត​ ដិតក្សេមក្សាន្ត
អ្នកល្ងង់លង់ជឿ​ អឿអស់ប្រាណ
ចុងក្រោយ​រស់បាន​ ត្រឹម​បាយឆី។

អ្នកល្អជាងគេ​ គឺខ្លួនឯង
មិនបាច់សម្ដែង​ ក្លែងសម្ដី
ពោលតែពាក្យពិត​ ឆ្អិតជាប់ដី
សាងភពមានន័យ​ ប្រពៃ​មួយ។

សូមជូនពរជ័យ​ ន័យឧត្ដម
ដល់អ្នកដែលខំ​ លូតលាស់​ត្រួយ
សូមបានធំឡេីង​ ថ្កេីងជាមួយ
ពាក្យ​ថាអ្នកស្ទួយ​ ជួយសង្គម។

សូមឱ្យប្អូនស្រី​ ស្គាល់​តែសុខ
ថ្ងៃ​នេះទៅមុខ​ ស្រណុកជុំ
ជួបតែពាក្យឈ្នះ​ រះរងំ
រុងរោចន៍​ដូចដុំដួងសុវណ្ណ។

សូមឱ្យ​ស្នាដៃ​ ក្មេងស្រីល្អិត
បានជ្រាបចូលដិត​ ស្ថិតអាត្ម័ន
រញ្ជួយ​អ្នកអាន​ ដែលបានកាន់
រំភេីបណែនណាន់​ ដួងហឫទ័យ។

សូមប្អូនបានស្គាល់តែមង្គល
រស់នៅបានយល់តែសិរី
ដង្ហេីមចេញចូល​ ប្រផ្នូលថ្លៃ
រស់សាងស្នាដៃ​ ថ្លៃជាងពេជ្រ។

—————
សារខ្លី​ តែន័យវែងឆ្ងាយ
ជូនអភិប្រាយ​ ក្លាយ​កាព្យរំលេច។
គ្រូម្នាក់ធ្លាប់រះធ្លាប់លិច
សូមផ្ញេីពាក្យពេចន៍​ ក្ដិចដួងចិន្ដា។
សរសេរចេញពីឱរា
ជូនប្អូនបុប្ផា​ ម្ចាស់​ស្នាដៃតូច។
សូមឱ្យប្អូនរះប្រៀបដូច
ដួងចន្ទ្រឆ្ងាយរោចន៍​ ភ្លឺដូចបូណ៌មី។
សូមឱ្យ​ជីវិត​ឡេីងថ្លៃ
ខ្ពង់ខ្ពស់​អាល័យ​ ដូចដួងតារា។
សូមឱ្យ​ជីវិត​ស្នេហា​
រីកស្រស់ដូចផ្កា​ ផ្អែមដូចទឹកឃ្មុំ។
សូមបានរស់នៅជួបជុំ
ក្អាកក្អាយ​រងំ​ សុខជានិរន្តរ៍!
————
លឹម​ វីរីយ៉ា​🌸
១៦​ សីហា​ ២០១៩

អ្នកនិពន្ធវ័យក្មេង ម្ចាស់សៀវភៅទាំង៤ក្បាលនេះ នាងឈ្មោះ សុត បូផា

ជំនាញមិនឈ្នះចំណារ…

ជំនាញ​ ចំណានល្អដល់ម្ល៉ា
មិនឈ្នះ​ ចំណារ​ចារពីលេី
អ្នករៀនចេះដឹង​ រំពឹង​ធ្វេី
ចំណារថ្នាក់លេី​ ឱ្យល្ងេីអស់។

ខំរៀន​ពូកែ​ ថែសៀវភៅ
ធ្វើ​ការយូរទៅ​ ផ្លូវលែងស្មោះ
គេក្រិត្យបោះត្រា​ ចារចោះៗ
រលួយ​វ៉ល់អស់​ ហោះពេញស្រុក។

បេីហ៊ាន​តវ៉ា​ ចំណារ​ស្ដេច
ច្បាស់​ជាប្រកាច់​ ផ្ញាច់ក្រោមតុ
អ្នកធំស៊ីញេ​ គេបានសុខ
អ្នកតូចឈឺចុក​ ខ្មុកពេញស្រែ។

រឿងរ៉ាវ​គេសោះ​ ខ្សោះចិត្ត​ខ្ញុំ
ស្ដាប់​ហើយ​សម្ងំ​ ខំស្ងាត់ដែរ
ឃេីញគេថោកទាប​ ប្រៀបកូនឆ្កែ
ស្រណោះខ្លួនដែរ​ ធ្វើ​មិនដូច។

រាត្រី​អាទិត្យ​ គិតឡេីងវ៉ល់
រសាប់រសល់​ ខ្វល់ប៉ផ្លូច
ដឹងរឿងម្នឹះខ្លះ​ ដែលក្បាលខូច
ចង់តែរត់ប្រូច​ ផាយចោលស្រុក។

ណ្ហើយ​ចុះគេងវិញ​ ទន្ទេញធម៌
ក្រែងស្អែកលែងញ័រ​ ខ្ទររំអុក
ម្នឹះ​លោកក្បាលខ្មៅ​ ខ្លៅខួរចុក
សុបិន​លែងស្មុគ្រ​ ហុកចិតប៉ែត។
————
លឹម​ វីរីយ៉ា​🌸
២៨​ កក្កដា​ ២០១៩

រូបថត Selfie ពីមុខកញ្ចក់ឆ្លុះ ក្នុងបន្ទប់គេង នៅទីក្រុង Brisbane ប្រទេស Australia ខណៈដែលខ្ញុំកំពុងស្នាក់នៅសិក្សារៀនសូត្រទាក់ទងនឹងជំនាញធុរកិច្ចនិងការនាំចេញរបស់ស្ត្រី

រាត្រីខែអាសាឍ

រាត្រីភ្លៀងធ្លាក់ ត្រជាក់គ្រែដេក
តុកកែបូលស្រែក ដូចក្អែកបូលឆ្លេីយ
ចង្រិតបន្ទរ វាយោរំហើយ
យប់ជ្រៅណាស់ហើយ ខ្នើយកើយហៅគេង។

រាត្រី​អាសាឍ​ ខាតពេលនឹងគិត
យប់យន់​ងងឹត​ រិតតែវង្វេង
សូមត្រឹមបិទភ្នែក​ ដេកស្ដាប់បទភ្លេង
ចម្រៀង​ពីក្មេង​ ស្ដាប់លេងមុនលក់។

រាត្រី​សួស្ដី​ ស្ដីសួរដោយស្មោះ
បេីស្អែកភ្លៀងច្រោះ​ ហូរអស់លែងស្ទក់
ខ្ញុំ​សូមបន់ផ្សង​ ឆ្លងរឿងគម្រក់
មិនត្រូវ​ការភ្លក្ស​ នរកសុបិន។

រាត្រី​សុវត្ថិ​ យប់បាត់ដួងផ្កាយ
ចន្ទ្រា​ក៏ឆ្ងាយ​ ក្លាយ​១០រោចឆ្អិន
ជំនោរកក្កដា​ ប្រាថ្នាមួយសិន
សូមបានស្គាល់ក្លិន ភូមិន្ទ​ម្ចាស់​សារ។
————-
លឹម​ វីរីយ៉ា​🌸
២៦​ កក្កដា​ ២០១៩

នៅហាងម៉ាស្សាខំហ្វត ប្រូហ្វេស្យូណល ខេត្តសៀមរាប

កូនពៅស្ទូងស្រូវ…

កូនពៅ​មាសម្ដាយ! ​ ក្រណាស់នាងអាយ
កុំស្ដាយជេីងដៃ​ យេីងរស់ព្រោះស្រែ
គួរតែអាល័យ​ ភក់ល្បាប់កប់ដី
កូនស្រី​កុំឆ្អេីម។

ងេីបឈរមកកូន​! រាងរៅ​ស្រលន
កូនស្រឡះឆ្នេីម​ ដកស្ទូងទាន់ព្រឹក
កុំភ្លឹកដង្ហេីម​ ដេកដួលដីសេីម
ដូចផ្ដេីមទៅស្លាប់។

កូនពៅព្រលឹង​! ស្រែមួយហាត់ហ្នឹង
ដឹងទេម៉ែប្រាប់? ជាទ្រព្យតផៅ
ឆ្អិនឆ្អៅ​ចំណាប់​ ចិញ្ចឹម​កូនឆាប់
ធំធាត់​រុងរឿង​។
————
លឹម​ វីរីយ៉ា​🌸
ថ្ងៃ​ទី​ ៨​ ខែកក្កដា​ ឆ្នាំ​២០១៩

ផ្ញេីជូនកូនពៅទាំងអស់!

កាច់រាង…

កាច់រាង​ផ្អៀងឫក្ស​ រំលឹក​ខ្លួន​ឯង
រស់កុំចំបែង ក្រែងវាច្របល់
បង្អួត​ថ្ងៃរះ​ ឈ្នះអស់សោកសល់
ស្អែកគង់លែងឆ្ងល់​ ព្រោះ​ដល់ឆ្នាំថ្មី។

កាច់រាង​អឿអាង​ កាងកាចបន្តិច
បន្លាច​ថ្ងៃ​លិច​ ធ្មេច​ចោលផែនដី
ឆ្លងឆ្នាំយប់ហ្នឹង​ មិនដឹងកេីតថី
ចាំដល់រាត្រី​ ស្ដីប្រាប់តាមខ្យល់។
——
លឹម​ វីរីយ៉ា​🌸
៣១​ ធ្នូ​ ២០១៨

yaya 2018

ការ៉េម…

ការ៉េម​ចងចិត្ត​ ឆ្អិត​ផ្អែម​ ថែមទាំងត្រជាក់🍧
ទុកលួងលោមអ្នក​ ទាក់ទង​ ទំនង​មិនទេីស💕
បង្អែម​ដួងចិត្ត​ ស្អិតងំ​ ម៉ុមមិនបំផ្លើស​😘
បំប៉ោង​ផ្លោងលេីស​ ល្មេីសព្រេីល​ ងងេីលងងុយ។ 💋

ចង់ភ្លក្សជាមួយ​ ជួយបាន​ ប៉ុន្មាន​ក៏​ព្រម🙏
តែលៃឱ្យល្មម​ ស្មូមញ៉ាំ​ ចាំជួយចេញលុយ💳
ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​ ដីរាប​ ព្រាបហេីរឡេីងហុយ🐧
កាំជ្រួច​ហោះស្ទុយ​ រុយមូស​ ស្ទុះស្ទា​លែងស្ទក់។ 

ការ៉េម​ចុងឆ្នាំ​ ផ្អែម​ផ្ដាំ​ ញ៉ាំ​ហើយ​ផ្ដេកផ្ដួល​😅
ត្រជាក់​រមួល​ ឆួលឆាប​ ខាបដល់ដេកលក់
ត្រៀមឆ្លងមិនយូរ​ ធូរធារ​ រងាអ្នកភ្លក្ស
ត្រៀមចិត្តវីវក់​ គក់ក្បាល​ ក្រាលបោកលេីខ្នេីយ។ 😛
———
រាត្រី​សួស្ដី​ 🌠 ពី​ លឹម​ វីរីយ៉ា​🌸

៣១​ ធ្នូ​ ២០១៨​ 🎇🎆💫

yaya with ice cream

រឭករឿងចាស់…

រឭកនឹករឿងកន្លង
កន្លែងធ្លាប់ឆ្លង​ ចងភ្ជាប់​វាសនា​
រឿងរ៉ាវ​ស្រាវជ្រាវ​តាមផ្សារ
តម្រឹមត្រឹមថា​ តម្រាខុសក្បួន។

ទុកមុខទុកមាត់សមសួន
ទាស់​តែនឹមនួន​ ពួននៅម្នែងអ៊ាក់
សម្រាកសម្រាន្ត​ ក្សាន្ត​ជាក់
ខ្សត់ខ្សោយ​ក្រោយធ្លាក់
ខ្ជាក់​ពេចន៍​ពីពោះ។

ពោលពាក្យមិនសូវពីរោះ
អ្នកក្រអាងឈ្លោះ​ អ្នកងោះអាងងាប់
ម្នឹះល្ងង់លិចលង់ក្នុងទ្រព្យ
សម្បត្តិ​មិនគាប់​ ជាប់តែគុកកម្ម។

រស់នៅភ្លេចអស់បណ្ដាំ
គ្រូធំឱ្យចាំហេីយផ្ដាំឱ្យញឹក
ស្មោះត្រង់​ បង់បោយល្ងាចព្រឹក
ចម្រើន​បាយទឹក​ នឹកព្រះកន្លោង។

កន្លែង​បង្គងធ្លាប់តោង
ធ្លាប់​ទាំងត្រូវថ្មោង​ ព្រោះ​ផ្លោងសម្ដី
ផ្លេតផ្លាតមិនដឹងខ្យល់អី
ដឹងត្រឹមអាល័យថ្ងៃដែលអស់ខ្យល់។

ណ្ហើយ​ចុះ! កុំឱ្យច្របល់
ច្របាច់​ដាច់វ៉ល់​ ផលកម្មកៀករិត
រស់នៅខុសផ្លូវថែមងងឹត
ងងល់កំពិត​ គិតច្រើន​ច្រាស់​ច្រាយ។

រឿងតូចធំវែងអន្លាយ
អំបែងក្លែងក្លាយ​ ចាយលុយ​កក្លាក់
ខំលាក់បំបាំងក្រោយថ្នាក់
លុះធ្លាយប្រត្យក្ស ចូលធ្នាក់គួរខ្លាច។

ខ្ញុំ​រស់​សូមត្រឹមអំណាច
ការពារ​បិសាច​ ចេចចាចខុសរឿង
ណ្ហើយ​ចុះ! ឥលូវខ្ញុំសឿង
វាសនា​លែងគឿង​ រឿងខ្ញុំលែងកល់។
——–
លឹម​ វីរីយ៉ា​🌸
០២​ មករា​ ២០១៩

yaya ready to go out

រឿងក្នុងផ្ទះ…

សូមជូនរាប់រៀប​ ជ្រាបជ្រួត​រមួត​រឿង
ថ្ងៃរះព្រឿងៗ​ គឿងកល់ដល់ជង្គង់
ចង្កា​ឡេីងខុប​ ហេកុប​ដាច់ទាំងមុង
ពាក់អាវរលុង​ សំយ៉ុងវែនតាម្ញ៉ូប។

បែកញើសដាមខ្នង​ ប៉ង​ចង់​តែស្រណុក
មិនហ៊ាន​សំកុក​ សម្រុកខ្លាចដាច់ម្ហូប
ដាំបាយលាងចាន​ ក្បានឆ្នាំងក្បាំងគំរប
រៀនរស់មិនលោភ​ ហូបបាយសប្បាយចិត្ត។

ស៊ូ​វេទនា​កាយ​ ក្រាស់ក្រាយឆ្ងាយពីទុក្ខ
ញញឹម​ចេញមុខ​ រឿងស្មុគ្រមិនឱ្យជិត
ពិភព​ផែនដី​ មានន័យ​ព្រោះ​អតីត​
អណ្ដែត​គំនិត​ គិត​គូរ​មិនយូរទេ។

បួងសួង​លួងព្រះ​ សូមឈ្នះព្រហ្មលិខិត
ជោគជាំមាំក្រិត្យ​ ដិត​ដោយក្រោយផងគេ
មិនតូចចិត្តឡេីយ​ សូមឆ្លេីយអមសំណេរ
បេីមិនជឿទេ​ សួរ​គេមេីលទៅចុះ!
———
លឹម​ វីរីយ៉ា​🌸
ថ្ងៃ​ទី​ ០៤​ ខែ​ មករា​ ឆ្នាំ​ ២០១៩

yaya in a miserable status

បណ្ដាំ…

បណ្ដាំមុនថ្ងៃលិច​ ចាំកុំភ្លេច​ ពេចន៍​តាក់តែង
អ្នកប្រាជ្ញយោងសម្ដែង​ ទោសខ្លួនឯង​ ព្រោះ​ស្រីស្អាត។

បេីសិនឆ្លងមិនផុត​ ច្បាស់​ជាស្រុត​ ធ្លាក់​ដល់​បាត
កុំស្រែកបែកអាក្រាត នាំបង់ខាត​ ប្រមាថ​កេរ្តិ៍​។ 
———
លឹម​ វីរីយ៉ា​🌸
០៦​ មករា​ ២០១៩

message