នៅក្នុងកងធម៌ទាំង១២ នៃ បដិច្ចសមុប្បាទ មានពន្យល់ច្បាស់ពីឫសគល់ដែលនាំឱ្យមានទុក្ខ ក៏ដូចជាបានបង្ហាញច្បាស់ពីហេតុដែលអាចរំលត់ទុក្ខ។ ខ្ញុំសូមលើកយកតែចំណុចមួយគត់ មកវិភាគ គឺ “តណ្ហា”។
ការដែលយើងមិនអាចយកឈ្នះលើតណ្ហាខ្លួនឯងបាន នោះហើយ ដែលជាចំណុចផ្ដើម នៃការបំផ្លាញឫសនៃគុណធម៌។ តណ្ហា គឺជាឧបក្កិលេសរបស់ចិត្ត ដែលជំរុញដល់សេចក្ដីប៉ងប្រាថ្នាហួសហេតុពេក នូវអ្វីៗដែលលើសពីតម្រូវការចាំបាច់ដើម្បីរស់ ហើយគ្មានអ្វីដែលអាចបំពេញឱ្យវាឆ្អែតស្កប់ស្កល់បានទេ។
នៅពេលដែល តណ្ហា មិនត្រូវបានបង្ក្រាប វានឹងញ៉ាំងដល់ សេចក្ដីញៀនទៅនឹងអារម្មណ៍មួយប្រភេទ គឺការប្រកាន់ថាខ្លួនឯងត្រូវ មានតែខ្លួនឯងទេដែលគិតត្រូវ ធ្វើត្រូវ អ្នកផ្សេងសុទ្ធតែខុស អានេះឯងជា ឧបាទាន។ ហើយបើដោះឧបាទាន មិនបាន វាច្បាស់ណាស់ថា មនុស្សនឹងធ្លាក់កាន់តែជ្រៅទៅៗ ក្នុងទោសកំហុសរឹតតែធំធេងឡើង។ ទីបំផុត គេបានត្រឹមតែវិលវល់ក្នុងសង្សារចក្រជារៀងរហូត។
កិត្តិយស ភាពល្បីល្បាញ គឺជាចំណី តណ្ហា មួយប្រភេទ។ សម្រាប់មនុស្សម្នាក់ដែលធ្លាប់រស់ដោយកិត្តិយស និងភាពល្បី ការបាត់បង់កិត្តិយស វាធ្វើឱ្យគេទទួលអារម្មណ៍ថា ជីវភាពរស់នៅ ហាក់ដូចជាអាក្រក់ជាងការដកហូតជីវិតគេទៅទៀត ឬអាចនិយាយថា ស៊ូស្លាប់ ក៏មិនព្រមបាត់បង់កិត្តិយស។ នៅពេលបាត់បង់កិត្តិយស មនុស្សទន់ខ្សោយ នឹងសម្លាប់ខ្លួន ចំណែកមនុស្សរឹងប៉ឹង នឹងចេញមុខបកស្រាយ ដើម្បីលាងសម្អាត។
ការបាត់បង់កិត្តិយស ប្រៀបដូចជាក្រណាត់មួយផ្ទាំង ធ្លាក់ចូលក្នុងទឹកស្អុយអ៊ីចឹង។ បើចង់បោកគក់លាងជម្រះក្រណាត់នោះ លុះត្រាតែយើងមានទឹកថ្លាស្អាតដែលមានបរិមាណច្រើនជាងបរិមាណទឹកកខ្វក់។ ចុះបើយើង ឥតមានទឹកស្អាតផង ហើយប្រាថ្នាចង់លាងសម្អាតក្រណាត់ប្រឡាក់នោះ សួរថា តើអាចលាងជម្រះបានដោយរបៀបណា?
វាដូចទៅនឹងរឿង កិត្តិយស កេរ្តិ៍ឈ្មោះរបស់មនុស្សដូច្នោះដែរ បើគេសម្អុយយើង ទាំងដែលយើងស្អាតស្អំ បរិសុទ្ធ មានន័យថា យើងមានធាតុស្អាតច្រើនលើសលប់ ដើម្បីលាងជម្រះវិញបានលឿនទាន់ចិត្ត។ ចុះបើក្នុងសន្ដានចិត្តយើង ប្រវត្តិពិតយើង ពោរពេញដោយអំពើទុច្ចរិត ដែលជាសារធាតុកខ្វក់ ស្មោកគ្រោក តើយើងអាចស្ដារកេរ្តិ៍ឈ្មោះដោយវិធីណាទៅ? គេមិនដែលបោកគក់ក្រណាត់ប្រឡាក់ ដោយទឹកស្អុយទេ គេត្រូវបោកគក់វានឹងទឹកស្អាតបរិសុទ្ធ។ បើមានឆ្កែឆ្មាមកជុះអាចម៍ដាក់មុខផ្ទះ ឬមាននរណាមកក្អួតដាក់មុខផ្ទះយើង យើងត្រូវរកទឹកស្អាតមកជះលាងវា មិនមែនទៅយកទឹកនោម ទឹកលូ ទឹកលាមកពីបង្គន់ មកជះលាងទេ ព្រោះវានឹងរឹតតែស្អុយខ្លាំងលើសដើម។
នៅក្នុងគុណធម៌របស់មនុស្ស គេមិនដែលខំនិយាយអាក្រក់ពីអ្នកដទៃ ដើម្បីប្រកាសថាខ្លួនស្អាតស្អំទេ។ មនុស្សមានគុណធម៌ ទោះជាក្រីក្រតោកយ៉ាកដល់កម្រិតណា ក៏គេមិនហ៊ានទទួលអំណោយ ដែលបានពីអំពើចោរកម្មដែរ។ មនុស្សមានគុណធម៌ មិនដែលហ៊ានបង្កើតលេសថា “ខ្ញុំប្រព្រឹត្តអាក្រក់ព្រោះខ្ញុំគ្មានជម្រើស” នោះទេ។ វាជាពាក្យកុហកខ្លួនឯង និងអ្នកដទៃ ព្រោះថា តាមការពិត មនុស្សគ្រប់គ្នា សុទ្ធតែមានជម្រើសដើម្បីរស់។
នៅពេលដែលយើងខំប្រឹងការពារទុច្ចរិតភាពនៃខ្លួន ដើម្បីស្ដារកិត្តិយស កេរ្តិ៍ឈ្មោះ តើមានធ្លាប់ចោទសួរខ្លួនឯងវិញទេថា “អ្នកដទៃផ្សេងទៀតជាច្រើន គេឥតលូកដៃទទួលលាភសក្ការៈពីផលចោរកម្មផង ហេតុអ្វីបានជាគេអាចរស់ដោយកិត្តិយសនិងកេរ្តិ៍ឈ្មោះដ៏ក្រអូបបាន?”
ការស្រលាញ់កិត្តិយសខ្លួន មិនមែនជារឿងអាក្រក់ទេ តែកុំដល់ថ្នាក់ញៀនអី ព្រោះថាការញៀន វានឹងជំរុញចិត្តយើងឱ្យថ្លើមធំពាសមេឃ ហ៊ានដុតរំលាយគុណធម៌ចោល ហ៊ានព្រៃផ្សៃ ហ៊ានទ្រុស្ដមិត្ត ហ៊ានក្បត់ ហ៊ានមួលបង្កាច់ ហ៊ានប្រព្រឹត្តិអារិភាពនឹងអ្នកមានសីលជាសប្បុរសទាំងឡាយផង។
ខ្ញុំក៏ស្រលាញ់កិត្តិយសដែរ ប៉ុន្តែបើមាននរណា ប៉ងប្រាថ្នាចង់លើកតម្កើងខ្ញុំ ជាថ្នូរទៅនឹងការចូលរួមប្រព្រឹត្តិអំពើដែលបំផ្លាញប្រយោជន៍អ្នកដទៃក្នុងសង្គម ខ្ញុំឥតធ្វើទេ។ ទាំងនេះ ព្រោះតែខ្ញុំរមែង បង្ក្រាបនូវកិលេសតណ្ហា ដែលស្អិតជាប់សន្ដានពីធម្មជាតិនោះជារឿយៗ។ ជារួម គឺ ខ្ញុំខ្មាសបាប!
———
វិរិយា 🌸
ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ គ.ស. ២០២៥
