កំណត់ហេតុពណ៌ខ្មៅ | My Black Diary

ខ្ញុំគួរតែប្រើពាក្យឱ្យស្រាលជាងនេះថា “កំណត់ហេតុដែលមិនសប្បាយចិត្ត”

ខ្ញុំប្រុងសរសេរអត្ថបទខ្លីមួយ ជាយូរណាស់មកហើយ ដើម្បីក្រើនរំឭកអ្នកនិពន្ធខ្លះ ឱ្យភ្លឺភ្នែក។ ខ្ញុំដឹងថា ពេលដែលខ្ញុំមិនសប្បាយចិត្ត សំណេរខ្ញុំក៏រាងឈ្លើយបន្តិចដែរ ប៉ុន្តែបើខ្ញុំមិនសរសេរទាន់កំពុងខឹង ហើយរង់ចាំដល់ពេលបាត់ខឹង ខ្ញុំនឹងប្ដូរចិត្តលែងសរសេរ ដូចលើកមុនអ៊ីចឹង។ រឿងដដែលៗ ដែលបានកើតឡើងចំពោះខ្ញុំទាក់ទងនឹងអ្នកនិពន្ធ ដែលមោទនភាពនឹងស្នាដៃខ្លួនឯងជ្រុលហួសហេតុពេក។ ខ្ញុំបញ្ជាក់ម្ដងទៀត គឺ អ្នកនិពន្ធដែលមោទនភាពនឹងស្នាដៃរបស់ខ្លួនហួសហេតុពេក ហើយបង្កជាអរិភាពដល់អ្នកដទៃ។

រំឭកឡើងវិញ កាលពីពីរឆ្នាំមុន គឺនៅដើមខែកុម្ភៈ ឆ្នាំ២០២៣ មានអ្នកនិពន្ធម្នាក់ អាយុប្រមាណជាហាសិប ឬលើសពីនោះបន្តិច បាន Add Friend មកខ្ញុំ។ លុះខ្ញុំចូលពិនិត្យមើល Profile ឃើញថាជាអ្នករៀនសូត្រចេះដឹង ខ្ញុំក៏ទទួលគាត់។ គ្រាន់តែទទួលភ្លាម គាត់ផ្ញើសារមកខ្ញុំភ្លាមតែម្ដង ដោយដំបូងបានសួរខ្ញុំថា៖

 “តើនាងចង់អានសៀវភៅទាក់ទងនឹងរឿងខ្មែរក្រហមទេ” ខ្ញុំក៏តបថា

 “ខ្ញុំចូលចិត្តសៀវភៅខ្មែរក្រហមមែន ហើយក៏បានអានច្រើនមកហើយដែរ”

គាត់ក៏បន្តថា ចង់ជូនសៀវភៅមួយក្បាលមកខ្ញុំ ព្រោះឃើញខ្ញុំនេះជាអ្នកចូលចិត្តការសរសេរ តែងនិពន្ធ និងឧស្សាហ៍ឃើញនិយាយពីសៀវភៅនេះសៀវភៅនោះជាញឹកញាប់។ សៀវភៅរបស់គាត់ គឺជាប្រលោមលោកសក្ខីកម្ម និយាយពីជីវិតគាត់ក្នុងរបបខ្មែរក្រហម។ ដោយហេតុតែខ្ញុំនេះ ចូលចិត្តអានសៀវភៅប្រវត្តិសាស្ត្រ ខ្ញុំក៏តបថាព្រមទទួល។ គាត់ក៏សុំអសយដ្ឋាន និងលេខទូរសព្ទ ដើម្បីគាត់ដាក់សៀវភៅផ្ញើឱ្យជូនតាមភ្នាក់ងារ។ ប៉ុន្តែ ខ្ញុំជាមនុស្សមានចិត្ត មានថ្លើមណាស់ ទោះបីជាគេហាមាត់ថា “ឱ្យ” ក៏ខ្ញុំនៅតែសួរតម្លៃគាត់ដែរ ថា៖

 “លោកពូ លក់សៀវភៅហ្នឹង១ក្បាលថ្លៃប៉ុន្មាន? ចាំខ្ញុំជួយទិញ! កុំបាច់ជូនអី ក្រែងវាខាត”

 ខ្ញុំបារម្ភខ្លាចគេខាត ទោះមិនដឹងថា គេបានលុយកាក់ពីណាសម្រាប់ការបោះពុម្ពក្ដី មិនទាន់ដឹងថាសៀវភៅនោះមានទម្រង់បែបណា និងលក់ប៉ុន្មានលុយក្ដី។

មុនដំបូង គាត់ថាជូន លុះខ្ញុំសួរតម្លៃ ថាចង់ទិញ គាត់ក៏ព្រមលក់។ តម្លៃ វាគឺ ២៥ ដុល្លារ ឬប្រហែលនឹង ១សែនរៀល ក្នុង១ក្បាល។ គ្រាន់តែឮថា ១ក្បាល ២៥ដុល្លារ ខ្ញុំហាក់ស្រងាកចិត្តបន្តិច ព្រោះតែខ្ញុំរំពឹងគិតមុនថា វាប្រហែលជាមានតម្លៃខ្ទង់ ពីរបីម៉ឺនរៀល ដូចសៀវភៅទូទៅក្នុងទីផ្សារប្រទេសកម្ពុជាដែរ ព្រោះទំហំ កម្រាស់វា មិនក្រាស់ មិនធំពេកទេ។ យ៉ាងណាក៏ដោយ ទោះដឹងថាវាថ្លៃខ្លាំង ហើយហាក់ស្រពន់ចិត្តបន្តិចក្ដី ក៏នៅតែព្រមវេរលុយជូនគាត់ និងទទួលទិញសៀវភៅនោះ។ ទន្ទឹមនឹងនោះខ្ញុំក៏នៅមានភិភាល់ក្នុងចិត្តថា សៀវភៅខ្មែរក្រហម ជាសៀវភៅដែលពិបាកលក់បន្តិចហើយនៅលើទីផ្សារ មិនថាផ្សារខ្មែរ ឬ ផ្សារបរទេសទេ ព្រោះតែវាដដែលៗពេក សម្រាប់អំណានពីប្រវត្តិកម្ពុជា ដែលមានអ្នកនិពន្ធស្ទើរតែគ្រប់គ្នា និយមសរសេរ មិនថាអ្នករួចរស់ជាជីវិតក្រោយរបបខ្មែរក្រហម ឬអ្នកជំនាន់ក្រោយ ដែលជាកូនចៅរបស់អ្នករស់រានមានជីវិតទាំងនោះ។ បន្ថែមពីលើនោះទៀត គាត់បែរជាដាក់លក់ក្នុងតម្លៃ ដែលឆ្ងាយហួសពីស្ថានភាពសេដ្ឋកិច្ចប្រជាពលរដ្ឋខ្មែរ តើគាត់អាចលក់ដាច់ដោយរបៀបណា? កុំថា១ក្បាល ១សែនរៀល សូម្បីតែ ៥ម៉ឺនរៀល ក៏នៅតែថ្លៃ សម្រាប់ទីផ្សារសៀវភៅនៅកម្ពុជាដែរ។ អ្នកនិពន្ធ ដែលឥតចេះ ឥតដឹងពីបញ្ហាទីផ្សារ (Marketing) ច្បាស់ជាដួលបះជើងហើយ។ លើកលែងតែសៀវភៅដែលបោះពុម្ពក្រោមគម្រោងជំនួយឧបត្ថម្ភគាំទ្រ សម្រាប់ការចែកចាយដោយមិនយកប្រាក់ ឬលក់ក្នុងតម្លៃសម្បទាន ដ៏តិចតួចបំផុត ប៉ុណ្ណោះ។ ឧទាហរណ៍ ដូចជាសៀវភៅរបស់ លោក ប៉ាន់ រិទ្ធី ដ៏ក្រាស់ឃ្មឹក ពាសដោយអក្សរសុទ្ធសាធ គាត់លក់តែ ៧ទៅ៨ដុល្លារ ឬស្មើនឹង ៣ម៉ឺនរៀលយ៉ាងច្រើន ដែលបើយើងគិតតាមផលិតផលវិញ វាគួរតែលក់ក្នុងតម្លៃ ២០ ឬ ៣០ ដុល្លារ។

ស្អែកឡើង ក្រោយខ្ញុំបានទទួលសៀវភៅពីភ្នាក់ងារដឹកជញ្ជូនហើយ ខ្ញុំក៏ជម្រាបទៅគាត់ថា ខ្ញុំបានទទួលហើយ។ គាត់សប្បាយចិត្តណាស់ ពេលឃើញរូបថតសៀវភៅរបស់គាត់ មានវត្ដមាននៅក្នុងទូសៀវភៅ ដែលខ្ញុំបានថតរូបផ្ញើទៅបង្ហាញ។ មិនបង្អង់យូរ គាត់ក៏ដាក់សំណូមពរភ្លាមៗមកកាន់ខ្ញុំថា៖

 “សូមជួយកាន់សៀវភៅហ្នឹង ហើយថតរូបជាទម្រង់ Selfie ឱ្យជាប់ទាំងសៀវភៅ ទាំងមុខនាងឱ្យខ្ញុំ ហើយផ្ញើមកកាន់ខ្ញុំ ឬសូមនាងជួយបង្ហោះផ្សព្វផ្សាយទៅក្នុង Facebook របស់នាងឱ្យផង!”

គ្រាន់តែឮសំណូមពរគាត់ ខ្ញុំអស់អារម្មណ៍ លែងចង់អាន លែងចង់ប៉ះសៀវភៅគាត់នោះតែម្ដង។ ម្ភៃបួនម៉ោងកន្លងផុតទៅ យ៉ាងលឿនដូចរន្ទះខ្ទប់ គាត់បានផ្ញើសារមកសាកសួរខ្ញុំម្ដងទៀត ថា៖

“នាងបានអានសៀវភៅខ្ញុំហើយឬនៅ? អានបានប៉ុន្មានទំព័រហើយ?”

ប្រិយមិត្តដឹងទេ? ពេលនោះ ខ្ញុំបាត់បង់សមាធិអស់រលីង ព្រោះខឹងខ្លាំងពេក ទើបទុកសារគាត់ចោល ដោយមិនឆ្លើយតប។ លុះស្អែកឡើង គាត់សួរម្ដងទៀតថា “បានអានសៀវភៅគាត់ហើយឬនៅ?” ។ លើកនេះ ខ្ញុំ ក្រៅពីមិនឆ្លើយតបហើយ ចុចប្លុកចោលតែម្ដង កុំឱ្យទើសចិត្តនៅគ្រាបន្ទាប់ ខ្ញុំប្លុកមនុស្សចោល ព្រោះដឹងថា បើទប់កំហឹងមិនជាប់ ខ្ញុំអាចនឹងនិយាយពាក្យសម្ដីអសុរោះ គ្រោតគ្រាតដាក់គេ ហើយវាអាចក្លាយជាបញ្ហាធំ។ ដូច្នេះទេ ដើម្បីបង្ការ កុំឱ្យអ្នកនិពន្ធប្រភេទនេះ ចូលមកទន្ទ្រានផ្លូវចិត្តខ្ញុំបានទៀត មានតែកាត់ផ្ដាច់ចោល។

រឿងនោះ ម្ដងបន្តិច ម្ដងបន្តិច វាក៏រសាយបាត់អស់ពីក្នុងចិត្ត។ ពីរឆ្នាំក្រោយមក គឺប្រមាណជា ១ខែមុន រឿងស្រដៀងគ្នានេះ បានកើតឡើងជាថ្មីម្ដងទៀត។ គឺមានលោកអ៊ំប្រុសម្នាក់ ដែលសព្វថ្ងៃអាយុប្រហែលខ្ទង់ចិតឬប៉ែតសិប ខ្ញុំមិនច្បាស់។ គាត់ជាជនជាតិខ្មែរ មានកំណើតនៅលើទឹកដីកម្ពុជាក្រោម សព្វថ្ងៃធ្វើកិច្ចការងារសង្គម ដើម្បីជួយជនជាតិភាគតិចខ្មែរក្រោម តាមរយៈបេសកកម្មនៅលើទឹកដីអាមេរិក។ ខ្ញុំគោរពគាត់ កោតសរសើរគាត់ ដែលគាត់ស្រលាញ់ ប្រទេសជាតិ ស្រលាញ់ឈាមជ័រកំណើតខ្លួនឯង និងបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុខ្មែរ។ ប៉ុន្តែ មានរឿងមួយ ដែលខ្ញុំ ប្លុកគាត់ចោលដែរ……

គាត់បានភ្ជាប់ទំនាក់ទំនងក្នុងបណ្ដាញសង្គម Facebook ជាមួយខ្ញុំ ប្រហែលជាពីរបីឆ្នាំដែរហើយ តាមរយៈការណែនាំពីបងស្រី។ ខ្ញុំដឹងថាគាត់ជាអ្នកចូលចិត្តសិក្សាព្រះធម្មព្រះសម្មាសម្ពុទ្ធ ដូចខ្ញុំដែរ គាត់លើកតម្កើងសមាធិវិបស្សនា ដូចខ្ញុំដែរ ឬក៏ថា ខ្ញុំដូចគាត់ ក៏បាន។ ជាពិសេស គាត់និងខ្ញុំ ចូលចិត្តការសរសេរ ដូចគ្នា។ ក្នុងទូសៀវភៅខ្ញុំ មានសៀវភៅមួយក្បាល ដែលគាត់ជាអ្នកប្រមូលចងក្រង នូវសម្រង់គំនិត សម្រង់ពាក្យសម្ដីរបស់បុគ្គលល្បីៗ (Quotes) យកមករៀបចំបោះពុម្ពផ្សាយ។ និយាយតាមត្រង់ចុះ ខ្ញុំតាំងពីអាយុ ខ្ទង់១០ឆ្នាំ ក៏មានគំនិតធ្វើរឿងនេះដែរ ចន្លោះពីអាយុ១០ឆ្នាំ ដល់ ២០ ឆ្នាំប្លាយ ខ្ញុំប្រមូលចងក្រង សម្រង់ពាក្យសម្ដីល្អៗរបស់អ្នកនិពន្ធ អ្នកនយោបាយ អ្នកប្រាជ្ញជាច្រើន ដោយកត់ត្រាចូលទៅក្នុងសៀវភៅសរសេរផ្ទាល់ គឺសរសេរដោយទឹកប៊ិច បានដល់ទៅ៣ក្បាលធំៗ គ្រាន់តែខ្ញុំមិនបានបោះពុម្ពផ្សាយអ្វីទេ ព្រោះយល់ថា វាជាគំនិតគេ​ ពាក្យសម្ដីរបស់គេ តែខ្ញុំក៏បានរៀនសូត្រច្រើនណាស់ ពីគំនិតល្អៗទាំងនោះ។ សម្រង់គំនិតខ្លះ ខ្ញុំកត់ត្រា ពេលអានកាសែត ទស្សនាវដ្ដី សៀវភៅ បទសម្ភាសក្នុងទូរទស្សន៍ និងសូម្បីតែពេលជជែកគ្នាជាមួយលោកគ្រូ​ អ្នកគ្រូ ដែលជាគ្រូបាអាចារ្យរបស់ខ្ញុំ។ ពេលខ្ញុំអាយុច្រើនបន្តិច និងចាស់ចិត្ត ចាស់គំនិត ខ្ញុំស្រាប់តែឃើញ អ្វីដែលខ្ញុំបានកត់ត្រាទុក ត្រូវបានគេចងក្រង យ៉ាងស្អាត និងបោះពុម្ពផ្សាយ ដាក់លក់តាមបណ្ណាគារ រហូតដល់ យកទៅណាមិនអស់។ ពេលនោះខ្ញុំភ្ញាក់ខ្លួនព្រើត ហើយគិតថា ឱ! តាមពិត មិនមែនឆ្លាតស្អីតែឯងទេ មានគេឆ្លាតជាងខ្លួនឯងនោះមួយគំនរគររដឹក។

អ្វីដែលខ្ញុំនិយាយនេះ មិនមែនចង់ទៅបន្ទោសបង្អាប់ លោកអ៊ំម្នាក់នោះអីទេ គ្រាន់តែថា គាត់ហាក់ដូចជាមោទនភាពនឹងស្នាដៃមួយ ដែលកាលខ្ញុំនៅជាកូនក្មេងតូចនៅឡើយ ក៏ខ្ញុំធ្វើបាន។ អូ! និយាយខុស សូមទោស ខ្ញុំធ្វើមិនបាន ត្រង់រឿងបោះពុម្ព។ មិនមែនអត់មានលុយបោះទេ ខ្ញុំជាកូនអ្នកមានធូរធារដែរ តែទាស់ត្រង់មានគំនិតមួយ ព្រួយខ្លាចគេពេបជ្រាយ។

ដោយហេតុនៃសេចក្ដីគោរព និងចូលចិត្តលោកអ៊ំចាស់នោះ ខ្ញុំបានថតរូបសៀវភៅសម្រង់គំនិត ផ្ញើទៅបង្ហាញគាត់ ដើម្បីសម្ដែងសេចក្ដីសាទរ ចំពោះអ្វីដែលគាត់បានធ្វើ។ ហ្អី! គេបង្រៀនខ្ញុំថា ត្រូវចេះអបអរសាទរ នឹងការខិតខំរបស់អ្នកដទៃ មិនអ៊ីចឹង? គ្រាន់តែខ្ញុំលើកសរសើរគាត់បន្តិច គាត់បានលើកសរសើរខ្លួនគាត់ (ជិះចង្អេរលើកខ្លួនឯង) គុណនឹងរាប់រយដងឯណោះ។ ស្ដាប់ទៅ វាហាក់ដូចជា ក្នុងពិភពអ្នកនិពន្ធនេះ គ្មាននរណាអស្ចារ្យជាងគាត់។ ខ្ញុំនិយាយមែន! ដល់តែគាត់ អួតពីខ្លួនឯង ខ្លាំងពេកទៅ ខ្ញុំក៏ស្ងាត់មាត់ ទុកឱ្យគាត់ស៊ីជោរឱ្យឆ្អែតសិនចុះ។ ស្លេះរឿងសៀវភៅ Quotes ស្អីគេហ្នឹងសិន…

ប្រហែលជាជិត១ឆ្នាំក្រោយពីខ្ញុំបានរកឃើញសៀវភៅទី១ របស់គាត់ក្នុងទូ គឺនៅចុងឆ្នាំ ២០២៤ គាត់បានបោះពុម្ពស្នាដៃថ្មីមួយទៀត ជាវណ្ណកម្មទី២។ អាលើកមុននោះ គាត់អួតស្ទើរហោះហើរលើមេឃ ចុះទម្រាំអាក្រោយនេះទៀត?! សៀវភៅទីពីររបស់គាត់ ជាសៀវភៅប្រលោមលោក សក្ខីកម្ម ដែលនិទានរៀបរាប់ឆាកជីវិតគាត់ពីក្មេងដល់ចាស់ (ខ្ញុំអានបានបួនប្រាំសន្លឹកដំបូង)។ គាត់បានផ្ញើសៀវភៅនោះ មួយក្បាលមកខ្ញុំ តាមរយៈបងស្រីខ្ញុំ ដោយមានទាំងហត្ថលេខា និងចំណារខ្លីមួយផងថា ជូនក្មួយស្រី លឹម វិរិយា។ ក្រោយទទួលបានសៀវភៅហើយ ខ្ញុំ ជាទម្លាប់ គឺថតរូបហើយផ្ញើទៅម្ចាស់អំណោយ។ តាមពិត ទោះជាគេឱ្យឬទិញគេដោយលុយ ក៏នៅតែមានទម្លាប់រាយការណ៍ប្រាប់គេវិញដែរថា បានទទួលហើយ។ នេះករណីទិញលក់ឬផ្ញើតាម online លើកលែងតែសៀវភៅដែលខ្ញុំបានមកពីការដើរ Shopping តាមបណ្ណាគារដោយផ្ទាល់ទេ ទើបមិនបានរាយការណ៍ ទោះចង់រាយការណ៍ក៏មិនដឹងអ្នកនិពន្ធនៅឯណា។

ក្នុងសារផ្ញើទៅគាត់នោះ មានទាំងរូបភាពសៀវភៅ ដែលខ្ញុំថតផ្ទាល់ និងតួអក្សរភាសាខ្មែរមួយចំនួនផង។ ខ្ញុំបានពោលថ្លែងអំណរគុណគាត់ និងបានជម្រាបដោយពាក្យពេចន៍គួរសមខ្លះៗផងថា ខ្ញុំនឹងព្យាយាមអានវាឱ្យបានចប់ ហើយក្រោយអានចប់ ខ្ញុំនឹងធ្វើសេចក្ដីសង្ខេបជូន។ តាមពិតក្នុងចិត្ត មានគម្រោងថា បើគាត់សរសេរបានល្អ ខ្ញុំនឹងធ្វើជាវិដេអូ ជួយផ្សាយជូនគាត់ទៀតផង។ ប៉ុន្តែ ផែនការ ក្លាយជាផែនស្ករអស់រលីង នៅវេលាមួយសប្ដាហ៍ក្រោយមក……

ផែនដីវិលជុំវិញខ្លួនឯង អស់ប្រាំពីរ ប្រាំបីជុំ ទៅទាំងល្បឿនដូចវិញ្ញាណខ្មោចផ្ដាច់ព្រលឹង។ ពេលរសៀលមួយ​ ដែលខ្ញុំកំពុងតែអង្គុយធ្វើកិច្ចការងារក្នុងបន្ទប់ការិយាល័យផ្ទាល់ខ្លួនខ្ញុំ សំឡេងសារបានបន្លឺឡើង តឺង! ខ្ញុំបើកមើលឃើញសាររបស់អ្នកនិពន្ធដ៏ចំណាស់នោះ តែខ្ញុំឥតបានចូលអានភ្លាមទេ ព្រោះជាទម្លាប់ កាលណាខ្ញុំដាក់ការងារមួយ ទៅធ្វើការងារមួយទៀត ខ្ញុំនឹងដាច់សមាធិ ក្នុងការផ្ចង់ស្មារតីបង្ហើយការងារសំខាន់ៗ។ មួយសម្ទុះ សំឡេងសារមួយទៀត បន្លឺឡើង តឺង! ពីប្រអប់ដដែល។ ប្រហែលដប់នាទីក្រោយ មានសារមួយទៀត ពី ម្ចាស់គណនីនោះទៀត។ លុះបញ្ចប់ការងារចំពោះមុខរួចហើយ ខ្ញុំក៏ទៅបើកសារនោះអាន។ ឃើញថា មានសារចាស់មួយ ដែលអ្នកផ្ញើបានលុបចោលវិញ ហើយសារថ្មី គឺជាសារសំឡេង។ ខ្ញុំចុចស្ដាប់ ដោយយកចិត្តទុកដាក់។ ពេលនោះ អ្វីដែលខ្ញុំស្ដាប់ឮ មិនមែនជាពាក្យពីរោះពិសា មិនមែនជាភាសាលើកទឹកចិត្ត មិនមែនជាអ្វីដែលខ្ញុំចង់ស្ដាប់ទាល់តែសោះ វាជាពាក្យសម្ដីដ៏អសីលធម៌ និងមើលងាយ មើលថោក ពីលោកអ៊ំចំណាស់ ដែលខ្ញុំបានគោរពកន្លងមក។ គាត់បានតិះដៀលខ្ញុំ ដោយប្រៀបធៀបខ្ញុំថាអន់ជាងអ្នករត់រ៉ឺម៉កម៉ូតូឌុប (អ្នករត់ TukTuk)។ សំឡេងសារនោះ គ្មានពាក្យថាសួស្ដី គ្មានពាក្យសួរសុខទុក្ខ គ្មានពាក្យសួរនាំអ្វីទាំងអស់ តែជាពាក្យចំអក ដែលស្ដាប់ហើយ គួរឈឺចិត្តឥតគណនា។ គាត់ថា៖

“ហឺយ! គិតទៅ ខ្ញុំខំនិពន្ធសៀវភៅទម្រាំចប់ រាប់ឆ្នាំ។ ខ្ញុំបានជូនសៀវភៅមួយក្បាលទៅអ្នករត់ TukTuk គ្រាន់តែ មួយថ្ងៃប៉ុណ្ណោះ អ្នករត់ TukTuk រូបនោះ អានចប់ដោយបរិបូរណ៍ ហើយថែមទាំងសង្ខេបសាច់រឿងក្នុងសៀវភៅ ឱ្យខ្ញុំស្ដាប់វិញទៀតផង គួរឱ្យសរសើរអ្នករត់ TukTuk នោះណាស់ រៀនសូត្របានតិចតួចទេ តែពូកែ។ ខុសពីអ្នកខ្លះ ជាអ្នកនិពន្ធ ជាអ្នករៀនសូត្របានខ្ពង់ខ្ពស់ បែរជា សៀវភៅមួយក្បាល អានរយៈពេល ៨ ថ្ងៃហើយ នៅតែអានមិនទាន់ចប់ទៀត។ ខ្ញុំនេះ ដេករាប់ថ្ងៃ តាំងពីថ្ងៃគេទទួលបានសៀវភៅមក គឺចំនួន ៨ ថ្ងៃហើយ គឺ ៨ថ្ងៃគត់ ហេតុអ្វីបានជាគ្មានលទ្ធភាព អានឱ្យបានចប់? ចាញ់ទាំងអ្នករត់ TukTuk ទៅទៀត!”

គាត់សង្កត់ហើយ សង្កត់ទៀតនូវចំនួនតួលេខ ពាក្យថា ៨ ថ្ងៃហើយ។ បើតាមគិតមើល គាត់ប្រហែលជាចង់ផ្ញើសារមកតិះដៀលខ្ញុំ តាំងពីទើបតែរាប់បាន ៣ ថ្ងៃម្ល៉េះ មើលទៅ តែគាត់ខំប្រឹងអត់ទ្រាំទប់ចិត្តរហូតដល់ថ្ងៃទី៨នេះ…

ខ្ញុំស្ដាប់ចប់ ស្ទើរជ្រុះទូរស័ព្ទពីដៃ និងហួសចិត្តយ៉ាងក្រៃពេក ខ្ញុំមិននឹកស្មានថា គាត់កំពុងរស់នៅក្នុងអណ្ដូងដ៏ជ្រៅមួយ នៃវិស័យតែងនិពន្ធ។ គាត់មោទនភាពជ្រុលហួសហេតុពេក នឹងកិច្ចការរបស់ខ្លួនឯង។ មោទនភាព រហូតដល់ភ្លេចគិតពីសុជីវធម៌ សីលធម៌ ភ្លេចអស់មេរៀនព្រះអភិធម្ម គឺការគ្រប់គ្រងតណ្ហា។ តណ្ហានោះ គឺសេចក្ដីល្មោភលោភលន់ ស្រេកឃ្លានហួសប្រមាណ ចង់បានការលើកសរសើរ ទៅនឹងអ្វីដែលខ្លួនបានធ្វើ ទាំងមិនដឹងថា អ្នកដទៃផ្សេងទៀត ក៏គេបានធ្វើកិច្ចការងារដ៏មានតម្លៃជាច្រើន ដូចគាត់ ឬលើសគាត់ទៅទៀត គ្រាន់តែគេមានដែនកំណត់នៃមោទនភាព។ គឺមិនអួត រហូតដល់ជ្រុលជ្រួស តិះដៀលអ្នកដទៃដូច្នេះ។

ខ្ញុំក៏ជាអ្នកនិពន្ធមួយរូប ខ្ញុំក៏មានស្នាដៃជារបស់ខ្លួនឯង តែខ្ញុំមិនដែលដាក់សម្ពាធឱ្យនរណា ក្នុងលក្ខខណ្ឌតឹងតែង ថាត្រូវតែអាន ក្រោយពីទទួលបានសៀវភៅនោះទេ។ គ្រាន់តែឃើញគេព្រមដកលុយពីហោប៉ៅគេ ទិញសៀវភៅ ដែលមានឈ្មោះខ្ញុំថាជាអ្នកនិពន្ធនោះ ខ្ញុំត្រេកអរខ្លាំងណាស់ទៅហើយ។ រឿងគេយកទៅអានឬមិនអាន វាជាជំហានបន្ទាប់ទៀត ហើយវាជាសិទ្ធិរបស់គេដែលយើងមិនអាចទៅរំលោភបំពានគេបានឡើយ។

និយាយតាមព្រះអភិធម្ម គឺបើគេមានឧបនិស្ស័យគ្រប់គ្រាន់នឹងយើងដែលជាអ្នកនិពន្ធ នោះគេនឹងបានអានវា។ បើគេមិនបានអានក្នុងពេលនេះ ក៏គង់នៅពេលណាមួយ។ បើក្នុងមួយជីវិតនេះ គេចេះត្រឹមតែទិញសៀវភៅយកទៅតាំងទូ ដោយមិនបានអាន ក៏វាគង់តែ នៅថ្ងៃណាមួយមានមនុស្សផ្សេងទៀតដែលមានឧបនិស្ស័យនឹងយើង នឹកភ្នកយកទៅអានជាមិនខាន។ នេះជាអ្វីដែលខ្ញុំប្រកាន់ទុកនៅក្នុងចិត្ត នៅពេលដើរលើវិស័យអក្សរសិល្ប៍ខ្មែរ។ វាមិនខុសពីរឿងទៅធ្វើសមាធិ វិបស្សនាទេ ។ អ្នកណាដែលបានទៅបដិបត្តិ រាប់ថាជាភ័ព្វរបស់គេដែលបានគិតទុកមកជាយូរហើយ មិនថាក្នុងជាតិនេះ ឬពីអតីតជាតិ។ វាមិនខុសពីការបានទស្សនាខ្សែភាពយន្តទេ យើងផលិតអស់រាប់សិបលានដុល្លារក្ដី បើអ្នកណាមាននិស្ស័យ ក៏គេបានទស្សនា បើអ្នកណាគ្មាន គឺអត់… វាជារឿងធម្មតាទេ!

ណ្ហើយ! ចាត់ទុកថា ពួកយើង មិនបានសាងបុណ្យរួមគ្នាពីអតីតកាលទៅចុះ ទើបបានជាមក បង្កបង្កើតមានជាអរិភាព ក្នុងគ្រានេះទៅវិញ។

ចំណេះដឹង កំណត់ប្រាជ្ញាមនុស្សមែន តែអត្ដចរិតផ្ទាល់ឯណោះទេ ដែលកំណត់បាននូវគុណធម៌ក្នុងភាពជាមនុស្ស។ មែនហើយ! លើលោកនេះ គ្មាននរណា អាចគេចផុតពីការតិះដៀលឡើយ សូម្បីតែព្រះ!

វិរិយា

អ្នកនិពន្ធម្នាក់ដែលមិនជ្រៀតជ្រែកសតិអារម្មណ៍ម៉ូយទិញសៀវភៅ… អ្នកណាមិនអានទេ ក៏ហីទៅ មិនមែនម៉ែឪខ្ញុំទេ

ថ្ងៃ អង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែមករា គ.ស. ២០២៥

Leave a comment