
បុរសដ៏ស្រស់សង្ហាម្នាក់កំពុងរស់នៅក្នុងបន្ទប់អាថ៌កំបាំងមួយ នៃជ្រុងម្ខាងភពផែនដី លួចស្រលាញ់នារីដ៏ស្រស់សោភាម្នាក់យ៉ាងសម្បើមអស្ចារ្យ។ ជាញឹកញាប់នារីវ័យក្មេង ដ៏មានប្រជាប្រិយភាព និយមចូលចិត្តថតរូបក្របសៀវភៅ បង្ហាញម៉ូដសៀវភៅ បង្ហោះក្នុងបណ្ដាញសង្គមផ្សេងៗ ហាក់ដូចជាចង់បង្អួតពិភពលោកថា នាងស្រលាញ់ចូលចិត្តសៀវភៅហ្នឹងណាស់ ព្រមដោយសារជាអក្សរខ្លីៗ ភ្ជាប់ជាមួយផង។ នាងគ្រាន់តែសរសេរខ្លះៗពីសេចក្ដីសង្ខេបនៃសៀវភៅដែលនាងចម្លងចេញមកពីអារម្ភកថាអ្នកនិពន្ធ ដែលមានបោះពុម្ពស្រាប់លើក្រប ឬក្នុងទំព័រទី១ជាដើម។
ហ្វេនដ៏កម្សត់រូបនោះ ដោយហេតុតែស្រលាញ់នាងពេក គ្រប់ពេលដែលឃើញរូបថតសៀវភៅដែលនាងបង្ហោះបង្ហាញ គេតែងតែលបទិញស្ងាត់ៗ យកមកអានទាល់តែចប់ៗ… មិនមែនអានយកចប់លំៗទេ គឺអានយកឱ្យយល់ច្បាស់តែម្ដង ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីខ្លឹមសារក្នុងសៀវភៅដែលម្ចាស់បេះដូងថ្លើមប្រមាត់គេពេញចិត្ត។ គេតែងគិតថា បើនាងចូលចិត្តអ្វី គេត្រូវតែព្យាយាមយល់ពីវត្ថុនោះដូចគ្នាដែរ ដើម្បីងាយស្រួលទាក់ទង ដណ្ដើមបេះដូងនាងនៅពេលក្រោយ។

៣ឆ្នាំកន្លងផុតទៅ ដែលនាងថតបង្ហោះសៀវភៅអប់រំ អស់ជាច្រើនក្បាល ក្នុងនោះរួមមានតាំងពីអក្សរសិល្ប៍បរទេស ប្រវត្តិសាស្ត្រ នយោបាយ សាសនា វប្បធម៌ ប្រលោមលោកស្នេហា បទស៊ើបអង្កេតពីអាថ៌កំបាំងធម្មជាតិ ហើយសៀវភៅប៉ុន្មានក្បាលចុងក្រោយ គឺជាសៀវភៅទស្សនវិជ្ជាអប់រំ និងលួងលោមផ្លូវចិត្តដ៏អស្ចារ្យមួយ ដែលបង្រៀនមនុស្សឱ្យរៀនរស់នៅម្នាក់ឯងដោយក្ដីរីករាយ និងសន្តិភាព។
គឺសៀវភៅចុងក្រោយនោះឯង ដែលគេ ចាប់ផ្ដើមមើលដឹងថា តាមការពិត “នាង” គ្រាន់តែជាអ្នកលក់សៀវភៅតាមហ្វេសប៊ុគធម្មតាម្នាក់ ជានារីល្ងីល្ងើម្នាក់ដែលចេះត្រឹមតែបង្ហោះរូបសៀវភៅ លក់អនឡាញស៊ីកុំមីស្យុងពីអ្នកផលិត តែមិនដែលអានសៀវភៅឱ្យចប់បានមួយក្បាលណាឡើយ។
មន្តស្នេហ៍ដែលនាងមាន… ទីបំផុតទៅ គេបានឈ្វេងយល់ដោយឯងៗថាវាត្រឹមតែជាសម្បករូបខាងក្រៅរបស់នាង វាលែងក្លាយជាទីទាក់ទាញតទៅទៀត សូម្បីតែប៉ុនល្អងធូលី……
គេឈប់តាមដាន ទំព័រផ្លូវការរបស់នាងទៀតហើយ… គេបានរស់នៅជាមួយភាពរឹងមាំពីខាងក្នុងខ្លួនយ៉ាងមានក្ដីសុខសុភមង្គល តាំងពីពេលនោះដរាបរៀងអើយ!
——–
វិរិយា
(អ្នកនិពន្ធអត់ហាងឆេង)
