លោកអ្នកប្រហែលជាធ្លាប់ជួបមនុស្សប្រភេទម្យ៉ាង ដែលថាក្នុងមួយជីវិតរបស់គេ គឺមិនដែលចងចាំផ្លូវធ្វើដំណើរ បើទោះបីជាគេធ្លាប់ទៅតំបន់ណាមួយនោះញឹកញាប់រួចហើយក៏ដោយ។ ជំងឺនេះ ភាសាវេជ្ជសាស្ត្រ ហៅថា Agnosia ។

ជំងឺ Agnosia ជាជំងឺដែលបណ្ដាលមកពីការបាត់បង់សមត្ថភាពកត់ចំណាំនូវវត្ថុអ្វីម្យ៉ាង (ទាំងរូបី និងអរូបី) ដូចជា មុខមាត់មនុស្សណាម្នាក់ សំឡេងមនុស្សណាម្នាក់ ឈ្មោះនរណាម្នាក់ ឬផ្លូវទៅកាន់ទីកន្លែងណាមួយ។
ជំងឺនេះ បង្កឡើងដោយសារតែសរសៃប្រសាទវិញ្ញាណ (គឺចក្ខុវិញ្ញាណ និង សោតវិញ្ញាណ) ធ្វើការមិនត្រឹមត្រូវតាមគន្លងរបស់វា ឬវាជាប់ជំពាក់វាក់វិនជាមួយនឹងសរសៃប្រសាទផ្សេងទៀត ដែលមានលក្ខណៈស្មុគស្មាញ។
មូលហេតុដែលបណ្ដាលឱ្យកើតមានជំងឺនេះ គឺព្រោះតែគន្លងនៃសរសៃប្រសាទផ្នែករំញោចពីចម្ងាយ (Sensory) បានដាច់ដោចខូចខាត ដោយសារតែការដួលប៉ះទង្គិចក្បាលញឹកញាប់ កាលនៅពីតូច។ មានអ្នកខ្លះខូចសរសៃប្រសាទនេះ តាំងពីកំណើតមកម្ល៉េះ ដោយសារតែការមិនបានថែទាំសុខភាពឱ្យបានដិតដល់ពីសំណាក់មាតា អំឡុងពេលពរពោះ។ វាក៏អាចបណ្ដាលពីកត្ដារួមផ្សំផ្សេងទៀតផងដែរ ដូចជា បរិស្ថានរស់នៅដែលពោរពេញដោយជាតិពុល និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។
អ្នកដែលមានជំងឺ Agnosia បង្ហាញចេញនូវវិបត្តិខុសគ្នា ដោយអ្នកខ្លះ ច្រើនជាមនុស្សភ្លេចផ្លូវ ងាយវង្វេងផ្លូវ ដែលជាហេតុធ្វើឱ្យគេរងភាពអាម៉ាសនៅក្នុងសង្គមពីសំណាក់ មនុស្សដែលមិនយល់ពីជំងឺ ហើយអ្នកជំងឺខ្លួនឯងមិនហ៊ានសារភាពប្រាប់អ្នកដទៃពីចំណុចអន់ខ្សោយមួយនេះ។ អ្នកខ្លះទៀត ច្រើនជាមនុស្សភ្លេចទម្រង់មុខឬ ភ្លេចឈ្មោះ អ្នកដែលធ្លាប់ស្គាល់គ្នាពីមុនមក ដែលជាហេតុធ្វើឱ្យគេបាក់ស្បាតក្នុងការចេញទៅជួបមនុស្សច្រើនៗក្នុងពិធីអ៊ូអរ ព្រោះតែគេគ្មានសមត្ថភាពហៅឈ្មោះនរណាម្នាក់ដែលធ្លាប់ស្គាល់ឱ្យបានត្រឹមត្រូវ ឬនឹកមិនចេញតែម្ដង។ អ្នកខ្លះភ្លេចសំឡេងដែលធ្លាប់ស្ដាប់ ដូចជាភ្លេងចម្រៀង ចង្វាក់ស័ព្ទសៀងរណ្ដំក្នុងសិល្បៈដន្ត្រី ឬសំឡេងរបស់មនុស្សណាម្នាក់ដែលគេធ្លាប់ប្រាស្រ័យទាក់ទងជាមួយគ្នាពីមុនមក រួមទាំងអាការៈភ្លេចភ្លាំងរឿងរ៉ាវអតីតកាលដែលទើបតែកើតឡើងថ្មីៗ ជាច្រើនទៀត។

ទោះជាយ៉ាងណាក្ដី ពេញមួយជីវិតរបស់ពួកគេដែលជាអ្នកជំងឺ គឺនៅតែអាចរស់នៅ និងប្រាស្រ័យទាក់ទងគ្នាជាមួយនឹងពិភពលោកខាងក្រៅបានជាធម្មតា គ្រាន់តែថា គេនឹងមានរបៀបរស់នៅមួយដែលទាមទារជំនួយច្រើនផ្នែក ច្រើនយ៉ាង ជាងមនុស្សធម្មតា។
ដូច្នេះ ប្រសិនបើលោកអ្នក បានជួបប្រទះដោយផ្ទាល់នូវនរណាម្នាក់ ដែលមិនអាចរកផ្លូវទៅកាន់ទីណាមួយបានដោយរលូន សូមកុំជេរស្ដីបន្ទោសឬមាក់ងាយគេអី ព្រោះបុគ្គលរូបនោះ ប្រហែលជាមនុស្សពិការ។ គេមានពិការភាពដូចនឹងជនពិការដៃជើង ភ្នែក ត្រចៀក ដែរ គ្រាន់តែពិការភាពរបស់គេ ជាការខូចខាតសរសៃប្រសាទពីខាងក្នុងខួរក្បាលមកវិញ។ ជំងឺនេះ ភាសាធម្មតាជាទូទៅ គេហៅថា “ជំងឺសតិវិបល្លាស” ឬ “ជំងឺសរសៃប្រសាទ”។ ប៉ុន្តែដោយសារតែអាការៈរបស់វា មានលក្ខណៈស្រាលជាង ដែលវាអាចធ្វើឱ្យជនពិការនោះ រស់នៅក្នុងជីវិតថ្លៃថ្នូរបាន ទើបគេមិនហៅចំថាជាជំងឺ សរសៃប្រសាទទេ បើទោះបីជាវាខូចសរសៃប្រសាទក៏ពិតមែនក្ដី។ យើងមិនទាន់មានការបកប្រែឱ្យចំៗក្នុងភាសាបច្ចេកទេសវេជ្ជសាស្ត្រខ្មែរនៅឡើយទេ ដោយឡែកភាសាវេជ្ជសាស្ត្រអន្តរជាតិ ហៅថា “Agnosia”។
ដូច្នេះ ប្រសិនបើមាននរណាម្នាក់ ដែលត្រូវធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងណាមួយ ហើយស្នើសូមឱ្យលោកអ្នកជួយ Pin Location តាមរយៈ Google Map សូមជួយសម្រួលដល់រូបគេនោះដោយក្ដីអនុគ្រោះផងទៅ ព្រោះគេប្រហែលជាជនដែលមានពិការភាពចក្ខុប្រសាទ ក្នុងជំងឺ Agnosia នេះហើយ។ សព្វថ្ងៃ អ្នកជំងឺ Agnosia ច្រើនណាស់ ដែលកំពុងប្រកបមុខរបរ ជាអ្នកដឹកជញ្ជូនទំនិញក្នុងទីក្រុង តាមរយៈឧបករណ៍ជំនួយ គឺផែនទីអេឡិចត្រូនិច ដើរដោយអ៊ីនធើណិត។
សូមអរគុណអ្នកវិទ្យាសាស្ត្រ ដែលតែងតែស្រាវជ្រាវ រុករកជំនួយការល្អៗ សម្រាប់ជនពិការនៅទូទាំងពិភពលោក!
———
ប្រភពឯកសារយោង healthline.com
អត្ថបទរក្សាសិទ្ធិ ដោយ លឹម វិរិយា