ហេតុអ្វីបានជាមនុស្សសម័យនេះ នៅលីវបានយូរជាងសម័យមុន?

ពីដើមឡើយ ក្នុងរវាងទសវត្សរ៍ ១៩៩០ ដល់ ២០០០ ខ្មែរយើងរៀបការនៅអាយុប្រមាណជា ២០ ឆ្នាំ គិតជាមធ្យម។ បច្ចុប្បន្ន វ័យចូលរោងការបានអូសបន្លាយដល់អាយុជាង៣០ឆ្នាំ គិតជាមធ្យម។ តើកត្តាអ្វីខ្លះដែលបណ្ដាលឲ្យការសម្រេចចិត្តរៀបការរបស់មនុស្សម្នាក់ៗ កាន់តែចាស់ទុំជាងមុន?

សូមបញ្ជាក់ថា ខ្ញុំមិនមែនជាអ្នកឯកទេសសង្គមវិទ្យា ឬចិត្តវិទ្យា ឬអ្នកស្រាវជ្រាវទិន្នន័យផ្លូវការណាមួយឡើយ។ គ្រប់យ៉ាងដែលខ្ញុំសរសេរនៅទីនេះ គ្រាន់តែជាបទពិសោធជីវិតដែលខ្ញុំបាន និង កំពុងតែឆ្លងកាត់ យ៉ាងវីវក់ ជាមួយនឹងគេនឹងឯង ហើយខ្ញុំយកអ្វីដែលខ្ញុំជួបផ្ទាល់ភាគច្រើន ដើម្បីស្រាយចម្ងល់ខាងលើ។ ខ្ញុំបានរកឃើញកត្តាធំៗ៦យ៉ាងដែល ខ្ទប់សេចក្ដីសម្រេចចិត្តរបស់មនុស្សសម័យថ្មីឲ្យនៅលីវបានយូរ។

undefinedរណ៍ឆ្លាតវៃ

ពីមុន ពេលដែលគ្មានអ៊ីនធើណិត គ្មានទូរស័ព្ទទំនើប គ្មានម៉ាស៊ីនថតរូបច្បាស់ល្អ គ្រប់យ៉ាងដើរទៅមុខតាមរបៀបធម្មជាតិ ឬ ហៅថា តាមប្រពៃណី ទំនៀមទម្លាប់។ មានន័យថា ការសម្រេចចិត្តរៀបការរបស់គូប្ដីប្រពន្ធ មួយគូៗ ត្រូវបានធ្វើតាមទម្លាប់តគ្នារបស់ឪពុកម្ដាយ ជីដូនជីតា។ បុរសនិងស្ត្រី ព្រមជឿតាមការណែនាំរបស់ចាស់ៗ បើគេប្រាប់ថាល្អ គឺច្បាស់ជាល្អមែនហើយ។ បន្ទាប់មក គេទៅរកហោរទាយ គន់គូរជើងលេខបន្តិចបន្តួចជាការឧបកិច្ច ឲ្យអស់ចិត្ត។ ចំណងអាពាហ៍ពិពាហ៍ភាគច្រើន បណ្ដាលមកពីឥទ្ធិពលចំណងទាក់ទងរបស់ឪពុកម្ដាយជាមុនសិន។ បើចាស់ៗបានត្រូវរ៉ូវគ្នាហើយ ការបញ្ចុះបញ្ចូលក្មេងៗជារឿងងាយស្រួលបំផុត បើទោះបីជាកូនៗមានគូស្នេហ៍រួចទៅហើយ ក៏នៅតែមិនឈ្នះអំណាចឪពុកម្ដាយដែរ។

ប៉ុន្តែរឿងបែបនេះ ប្រហែលជាមិនសូវមានទេ ក្នុងយុគសម័យឌីជីថល។ មនុស្សស្ទើរតែគ្រប់រូប មានទូរស័ព្ទទំនើបជាប់ខ្លួនគ្រប់ពេលវេលា ដែលផ្ទុកទិន្នន័យសព្វគ្រប់បែបយ៉ាងដែលគេអាចទាញយកបាន ពេលដែលត្រូវការ។ បុរស និង ស្ត្រី អាចសម្លឹងមើលគ្នាទៅវិញទៅមកដោយសេរីក្នុងលំហរអ៊ីនធើណិត។ បណ្ដាញសង្គម ដែលមនុស្សខ្លះញៀនដល់កម្រិតប្រកាសអាសន្នរបស់ពេទ្យផ្លូវចិត្ត នៅតែមានឥទ្ធិពល ក្នុងគ្រប់ស្រទាប់វណ្ណៈ គ្រប់ស្ថាប័នការងារ ក្រុមហ៊ុនឯកជន អង្គការនានា ។ល។ បណ្ដាញសង្គម បានក្លាយជាឧបករណ៍ឆ្លុះបញ្ចាំងអត្តចរិត លក្ខណៈរបស់បុគ្គលដែលជាអ្នកប្រើប្រាស់ផ្ទាល់ បង្ហាញពីរូបសម្ផស្ស អំណាចហិរញ្ញវត្ថុ ចំណេះដឹង និង ឥទ្ធិពលផ្សេងៗទៀត ទាំងវិជ្ជមាន និង អវិជ្ជមាន។ ការមានលទ្ធភាពទទួលបានពត៌មានពីមនុស្សម្នាក់ៗ ជាពិសេសអ្នកនៅលីវ ដែលកំពុងសម្លឹងមើលគ្នាទៅវិញទៅមកនោះ បានធ្វើឲ្យទំហំការពិចារណា ប្រៀបធៀបគ្នា កាន់តែវែងឆ្ងាយ យឺតយ៉ាវ និងអូសបន្លាយកាន់តែយូរឡើង។

បើយើងនិយាយមួយជ្រុងទៀត គឺថា មនុស្សមានអ៊ីនធើណិតកំដរ មិនសូវអផ្សុក ហើយតែងតែព្រលែងចោលពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនសូវខ្វល់ពីសម្ព័ន្ធភាពពិតប្រាកដ ដែលអាចឈានដល់ចំណងជីវិត។

កត្តាទី២៖ ការសិក្សាអប់រំ

បច្ចុប្បន្ន ការទទួលបានលទ្ធភាពសិក្សារបស់បុរសនិងស្ត្រី កាន់តែល្អប្រសើរជាងសម័យដើម។  នៅពេលដែលម្នាក់ៗ (បុស និង ស្ត្រីនៅលីវ) រៀនបានកាន់តែខ្ពស់ មានចំណេះដឹងកាន់តែច្បាស់លាស់ ការងារក៏កាន់តែរវល់មមាញឹករាល់ថ្ងៃ។ ភាពរវល់នឹងការងារ ធ្វើឲ្យម្នាក់ៗមិនសូវមានពេលគិតគូររឿងរៀបចំក្រុមគ្រួសារ។ ភាពជោគជ័យក្នុងការងារ ធ្វើឲ្យម្នាក់ៗត្រេកត្រអាលនឹងការកសាងស្នាដៃឲ្យកាន់តែច្រើនឡើង ហើយទុករឿងរៀបការ ជាជម្រើសទី២។ ក្នុងបរិបទនេះ ឪពុកម្ដាយ ក៏មិនសូវហ៊ានមាត់កអ្វីធំដុំជាមួយកូនៗដែរ ព្រោះតែពួកគាត់ខ្លួនឯង ក៏បានឈានចូលក្នុងរបត់ផ្នត់គំនិតថ្មីនេះ តាមរយៈការសិក្សារបស់កូនៗ ដែលបង្ហាញចេញ។

ការងារល្អៗ បណ្ដាលឲ្យបុរសស្រ្តីមានប្រាក់ចំណូលប្រសើរជាងសម័យមុន។ ការមានចំណូលច្រើន ធ្វើឲ្យមនុស្សរិតតែមានមោទកភាពនឹងខ្លួនឯងកាន់តែខ្លាំង។ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុនេះហើយ ដែលធ្វើឲ្យស្ត្រីលែងនឹកនាដល់ ការរៀបការយកប្ដី បង្កើតកូន និងក្លាយជាមេផ្ទះ។ សមត្ថភាពដ៏ឈ្លាសវៃនេះហើយ ដែលធ្វើឲ្យមនុស្សស្រីនៅលីវបំពាក់ស្លាកឈ្មោះខ្លួនឯងថាជា ម្ចាស់ក្សត្រី ទាំងដែលភ្លេចគិតថា បុរសពូកែៗជាច្រើនផ្សេងទៀត ក៏បានចងស្លាកឈ្មោះខ្លួនឯងថាជា ព្រះរាជបុត្រ ដែរ។ ដូច្នេះ តែកាលណាទាំងសងខាង ម្នាក់ជា ម្ចាស់ក្សត្រី និងម្នាក់ទៀតជា ព្រះរាជបុត្រ ហើយ ពិតជាពិបាកចុះសម្រុងនឹងគ្នាណាស់ ព្រោះតែម្ខាងៗ ពោរពេញដោយអំណួត និងភាពមានៈរឹងរូស។

កត្តាទី៣៖ ការយល់ដឹងពីបញ្ហាសុខភាព និង សម្រស់

ពីដើម នៅតាមភូមិស្រុកនានា រួមទាំងទីក្រុងផង ស្ទើរតែរកគ្មាន កន្លែងហាត់ប្រាណកសាងរាងកាយ ហើយក៏មិនមាននរណារត់ហាត់ប្រាណនៅតាមដងផ្លូវសាធារណៈដែរ ភាគច្រើនមានតែជនបរទេស។ បើនិយាយដល់គ្លីនីកកែសម្ផស្សផង ខ្ញុំមិនដែលឮទាល់តែសោះ។  ផ្ដាសាយទៅពេទ្យ ជារឿងកំប្លែងដែលគេឮហើយសើចចុកពោះ។   រឿងទៅពិនិត្យសុខភាព បើបានឮ គឺមានតែក្នុងខ្សែភាពយន្តបរទេស។

ការមិនថែទាំសុខភាពនោះហើយ ដែលបណ្ដាលឲ្យមនុស្សជំនាន់មុនឆាប់ចាស់ខ្លាំង។ អាយុខ្ទង់ត្រឹមតែ៣០សោះ មុខមាត់ចំណាស់មនុស្សខ្ទង់៤០ប្លាយសម័យនេះទៅហើយ។ ដូច្នេះ ការប្រញាប់ប្រញាល់រៀបការ ជាជម្រើសមួយក្រោមហេតុផលថា ខ្លាចចាស់ជាងនេះ គ្មានអ្នកស្រឡាញ់ ហើយពិបាករកដៃគូជីវិត។

ដោយឡែក មនុស្សសម័យនេះ យកចិត្តទុកដាក់ខ្លាំងពីសុខភាពរាងកាយ សុខភាពផ្លូវចិត្ត ការថែទាំសម្ផស្ស មិនថាបុរស ឬ ស្ត្រី គ្រាន់តែរបៀបថែទាំមានវិធីខុសៗគ្នាទៅតាមចំណូលចិត្ត។ នៅពេលដែលមនុស្សនៅលីវ អាចរក្សាបានរូបសម្ផស្សឲ្យមើលទៅឃើញក្មេងបានយូរ ពួកគេលែងរាប់អាយុជារឿងសំខាន់តទៅទៀតហើយ។ ស្ត្រីនៅទីក្រុងដែលមានជីវភាពចាប់ពីមធ្យមឡើង មានរូបសម្ផសដូចអាយុខ្ទង់២០ឆ្នាំ ខណៈដែលអាយុពិត ឈានដល់ខ្ទង់៣០ ឬ ៤០ប្លាយ។ នេះជាកត្តាមួយដែរ ដែលរួមចំណែក ធ្វើឲ្យមនុស្សនៅលីវបានយូរ។

កត្តាទី៤៖ ការប្រកួតប្រជែងគ្នានៅគ្រប់ទិសទី

អង្កាល់ខ្ញុំនៅពីក្មេង ខ្ញុំកម្របានស្ដាប់ឮ ពាក្យថាពានរង្វាន់ណាស់។ សម្រាប់ត្រចៀក និង ខួរក្បាលខ្ញុំ ពាក្យថាពាន រង្វាន់ ហាក់ដូចជាមានទំហំធំប៉ុនមេឃ ហើយមានតែ១គត់ និងតែ១ដងគត់ ក្នុងប្រទេសជាតិ១។ ក្នុងរវាង២ទសវត្សរ៍មុន ពានរង្វាន់ ច្រើនតែសំដៅលើ ការប្រឡងចម្រៀង និងប្រឡងបវរកញ្ញា។ នោះ ក៏ដោយសារតែ ខ្ញុំបានឆ្លងកាត់យុវវ័យមួយដែលសង្គមជាតិ មិនសូវគិតគូរលើកទឹកចិត្តមនុស្សពូកែ។

សព្វថ្ងៃ ពានរង្វាន់ មាននៅគ្រប់ច្រកល្ហក ស្ទើរតែក្លាយជាអតិផរណាពានរង្វាន់។ ព្រឹត្តិការណ៍ចែកពាន ទូងស្គរ កើតមានស្ទើរតែរាល់ថ្ងៃ និងផ្សព្វផ្សាយពាសពេញបណ្ដាញពត៌មាន។ វារួមបញ្ចូលតាំងពី គំនិតអាជីវកម្ម គំនិតជ្រោងសង្គមជាតិ សហគ្រិនភាព សិស្ស និស្សិតពូកែ អ្នកសិល្បៈក្នុងគ្រប់វិស័យ ។ល។ ម្លោះហើយ អ្នកដែលនៅលីវ ហាក់ផ្ដោតគោលដៅជីវិតទៅលើការលើកពានឲ្យបានច្រើនដងជាមុនសិន មុននឹងគិតគូរដល់រឿងការរៀបការប្ដីប្រពន្ធ។ ជួនកាល ការទទួលបានជោគជ័យផ្ទួនៗគ្នាច្រើនដងពេក ល្បីពេក ខ្លាំងពូកែពេក  គេបែរជាពិបាកស្វែងរកអ្នកដែលសក្ដិសម ឬ មានគុណសម្បត្តិប្រដំប្រសងគ្នា។

ភាពជោគជ័យជ្រុលពេក បណ្ដាលឲ្យបុសស្ត្រី ក្លាយជាមនុស្សក្រអឺតក្រទម ចំពោះគ្នានិងគ្នា។ ហើយពួកគេ ក៏ជ្រើសរើសការអូសបន្លាយពេលវេលា ដោយយកបេសកកម្មប្រកួតប្រជែងឥតព្រំដែននោះ មកធ្វើជាអលង្ការ លម្អឆាកជីវិតទៅវិញ។ បន្ទាប់មក គេបង្កើតសហគមន៍ ក្រុមអ្នកខ្លាំងៗដូចគ្នា នៅលីវដូចៗគ្នា ដើម្បីបន្លប់ស្ថានភាពនៅព្រៅនោះ។

កត្តាទី៥៖ បរិមាណដ៏ច្រើនសម្បើមរបស់ប្ដីប្រពន្ធជំនាន់មុនដែលបានលែងលះគ្នា

ជំនាន់មុន ចាស់ៗបានរៀបការដោយប្រថុយប្រថាន តាមភាសាផ្សាយពាណិជ្ជកម្មរបស់មេអណ្ដើក របស់បងប្អូនសាច់ញាតិ មិត្តភក្តិដែលបង្អាប់ ចំអន់ ហើយពេលខ្លះ ប្រថុយដោយខ្លួនឯងផ្ទាល់ ឬជឿតាមទំនាយហោរា ថាល្អអីចេះ ល្អអីចុះ។ ម្លោះហើយ ការរស់នៅមិនចុះសម្រុងគ្នាជាអចិន្ត្រៃយ៍ បានជំរុញជីវិតអាពាហ៍ពិពាហ៍ រហូតឈានដល់បែកបាក់ លែងលះគ្នា  ដែលបញ្ហានេះ មានអត្រា កើនខ្ពស់ខ្លាំងគួរឲ្យកត់សម្គាល់។

អង្កាល់មិនទាន់មានអ៊ីនធើណិតទូលំទូលាយ  ស្ត្រីមេម៉ាយភាគច្រើន បានក្លាយជាជនរងគ្រោះបែបប្រពៃណី។ សង្គមខ្មែរដែលកាលនោះ មិនសូវសម្បូរអ្នកចេះដឹងច្រើន បានវាយសន្ធប់លើស្ត្រីដែលលែងលះគ្នា ដោយប្រការអវិជ្ជមានផ្សេងៗ រហូតមានពាក្យដំណាលតៗគ្នាមកថា “មេម៉ាយចំណាយមាត់ញាតិ”។ ឃ្លានេះ មានសេចក្ដីប្រែសម្រាយមកថា តែកាលណាលែងលះគ្នាហើយ ស្ត្រីមេម៉ាយ ច្រើនត្រូវបានបុរសៗចំអន់លេបខាយ លេងសើចជាការសប្បាយ ព្រោះគេជឿថា ស្ត្រីមេម៉ាយជាស្ត្រីចិត្តងាយ ខុសពីនារីនៅក្រមុំ (នៅលីវ) ដែលប្រកាន់ខ្លួន។ គេច្រើននិយាយថា ស្ត្រីមេម៉ាយ ក្រៅពីមិនចេះប្រកាន់ខ្លួនប្រាណហើយ នៅបង្កបញ្ហាដល់ជីវិតប្ដីប្រពន្ធអ្នកដទៃទៀតផង។ រហូតមានមនុស្សជាច្រើន គ្រាន់តែឮថា នារីណាម្នាក់មេម៉ាយភ្លាម គេខ្សឹបគ្នាថា “ប្រយ័ត្ននាងនោះ ដណ្ដើមប្ដី” ។ តើការណ៍នេះ វាពិតជាដូចគេចោទប្រកាន់ដែរឬទេ? ទោះបីជាវាពិត ឬ មិនពិត ប៉ុន្តែជនជាតិខ្មែរ បានដក់ជាប់នូវផ្នត់គំនិតថា “មេម៉ាយ មិនល្អ”​។ ដូច្នេះ ដើម្បីបង្ការកុំឲ្យថ្លោះធ្លោយ ក្លាយជាមេម៉ាយ ត្រូវតែមើលចិត្តគ្នាជាមុន ឲ្យបានយូរឆ្នាំតាមដែលអាចធ្វើបាន។ នេះជាមូលហេតុមួយ ក្នុងចំណោមហេតុផ្សេងៗ ដែលស្ត្រីខ្មែរបច្ចុប្បន្នព្យាយាមនៅលីវបានយូរជាងជំនាន់មុន។ បើគ្មានអត្រាលែងលះដ៏ច្រើនសន្ធឹកសន្ធាប់របស់ ប្ដីប្រពន្ធជំនាន់មុនមកទេ ក៏ប្រហែលជា វាគ្មានឥទ្ធិពលអ្វីបណ្ដាលឲ្យបុរសស្ត្រីសម័យនេះ ត្រូវនៅលីវដល់អាយុខ្ទង់សាមសែ ពេញទឹកពេញដីដែរ ជាពិសេសអ្នកទីក្រុង។

ឆ្លៀតបន្ថែមបន្តិចទៀតថា មិនមែនតែស្ត្រីមេម៉ាយទេ ដែលប្រឈមនឹងការរើសអើង ក្នុងជីវិតគូស្រករលើកទី២ សូម្បីតែបុរសពោះម៉ាយក៏ប្រឈមដូចគ្នា បើសិនជាពួកគេមានកូនដែលត្រូវចិញ្ចឹមក្រោយលែងលះ។ ហេតុអ្វី? ព្រោះស្ត្រីដែលមិនធ្លាប់រៀបការ មិនចង់បានបុរសដែលចែករំលែកហិរញ្ញវត្ថុសម្រាប់ប្រពន្ធមុន សម្រាប់កូនដើម នាំឲ្យស្មុគ្រស្មាញទេ។ វាពិតជារឿងឈឺក្បាលនឹងពន្យល់ច្រើនជាងនេះ បើសិនជា យើងវិភាគវែកញែកដល់ ប្រភេទនៃសំណុំរឿងលែងលះ ដែលមានទម្រង់ខុសៗប្លែកពីគ្នាផងនោះ។

កត្តាទី៦៖ អាពាហ៍ពិពាហ៍សម័យនេះ ចាយលុយធំពេក

កាលពីមុន ពិធីរៀបការតាមប្រពៃណីយ មិនមានភាពស្មុគ្រស្មាញផ្នែកលុយកាក់ប៉ុន្មានទេ។ សម្ភារៈផ្សេងៗ មានតម្លៃធូរល្មម ហើយពិធីទាំងមូលក៏មិនទំនើបហួសហេតុដូចសម័យនេះដែរ។  ទីក្រុងមិនសូវចង្អៀត គេអាចជិះឡាន ម៉ូតូ ដើរអញ្ជើញភ្ញៀវដល់ផ្ទះប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង។  ម្ហូបអាហារ ពិធីការ ការតុបតែង ក៏មិនសូវសម្បើមដៃដូចឥលូវដែរ។ ក្នុងទសវត្សរ៍១៩៩០ និងដើម២០០០ រោងការមានតែប៉េងប៉ោង ដើមចេក ដើមដូង គល់ឫស្សី និងសម្ភារៈងាយៗ។ ជាងថតរូបមានតែ១នាក់ ឬ ២នាក់យ៉ាងច្រើន​ ហើយក៏មិនថ្លៃប៉ុន្មានដែរ។ ម្ហូបអាហារបត់បែនតាមស្រុកភូមិនីមួយៗ។ ភ្ញៀវដែលចូលរួម គ្មានកាមេរាថតរូបតាមខ្លួនដូចសម័យនេះទេ ដែលជាហេតុគេមិនខ្វល់ពីការតុបតែងរោងការប៉ុន្មាន។

ងាកមកមើលការចំណាយបច្ចុប្បន្ននេះវិញ  មុនរៀបការ គេត្រូវចាយលុយខ្ទង់ពាន់ដុល្លារសម្រាប់ការថតរូបបែបវិជ្ជាជីវៈ ដោយក្រុមហ៊ុនថតរូបល្បីៗ ឬ ជាងថតជំនាញ ដែលគេនិយមហៅថា Pre-Wedding Photograph។ ហើយបើគណនាត្រួសៗ គ្រាន់តែ Pre-Wedding Photo មួយ ចាយប្រាក់ប្រហែលពាក់កណ្ដាលពិធីរៀបការទាំងមូលរបស់មនុស្សជំនាន់មុនបាត់ទៅហើយ។ នេះ មិនទាន់រាប់បញ្ចូលពិធីភ្ជាប់ពាក្យដ៏ឆើតឆាយ ស្រស់បំព្រង នៅឡើយផង។ ដោយសារតែសម័យនេះ គ្រប់រូបភាព មិនអាចគេចផុតពីលំហរអ៊ីនធើណិត បណ្ដាញសង្គមនានា ដែលបានជ្រាបដល់ភ្នែកមនុស្សក្នុងពិភពលោក អីចឹងហើយ ម្ចាស់ដើមការត្រូវតែខិតខំចាយប្រាក់ឲ្យខ្លាំងអស្ចារ្យ ដើម្បីគ្រប់រូបភាពដែលអណ្ដែតត្រសែតចូលក្នុងលំហរមេឃ មានអត្តចរិតប្រកួតប្រជែងនឹងគេដែរ។

សូមមិនរៀបរាប់វែងឆ្ងាយពេកទេ ទាក់ទងនឹងបញ្ហានេះ។ គ្រាន់តែសរុបខ្លីមកវិញថា ខ្ទង់ចំណាយធំពេក នៃពិធីរៀបអាពាហ៍ពិពាហ៍ ធ្វើឲ្យមនុស្សនៅលីវ ទ្រាំពន្យាពេលរៀបការកាន់តែយូរ ដើម្បីសន្សំលុយកាក់ជាមុន។ ប៉ុន្តែ មិនមែនមានន័យថា គូស្នេហ៍មិនបានរស់នៅជាមួយគ្នាទេ។  គូស្នេហ៍កាន់តែច្រើនឡើង ជាពិសេសនៅរាជធានីភ្នំពេញ បានជ្រើសរើសការរស់នៅជាមួយគ្នាជាមុន ក្នុងឈ្មោះថាសង្សារ មុនសម្រេចចិត្តចូលរោងការពិតប្រាកដ ដែលជាដំណាក់កាលដាក់ខ្នោះជីវិតទាំងពីរនាក់ជារៀងរហូត។

អត្ថបទរក្សាសិទ្ធិដោយ លឹម វីរីយ៉ា

ថ្ងៃទី៤ ខែកម្ភ: ឆ្នាំ ២០២០

Leave a comment