មនុស្សខ្លះរៀនសូត្រចេញពីក្បួន ពីគម្ពី ពីកំពូលអ្នកខ្លាំងពូកែ និងបានក្លាយជាអ្នកចេះ អ្នកដឹង អ្នកយល់សព្វគ្រប់ក្នុងកិច្ចការងារមួយ ប៉ុន្តែបើអវត្តមានបញ្ញាតែបន្តិច ចំណេះដឹងរបស់គេ នឹងគ្មានន័យខ្លឹមសារគួរយកជាការបានឡើយ។
ឧទាហរណ៍បុរសម្នាក់បានសិក្សារៀនចប់និងចាំខ្ទេចអស់គម្ពីត្រៃលក្ខណ៍ ត្រៃវេទ ត្រៃភព ត្រៃបិដក ត្រៃត្រិង្ស……។ល។ ប៉ុន្តែបែរជាគ្មានសមត្ថភាពនិយាយឲ្យមនុស្សសាមញ្ញធម្មតាស្ដាប់យល់ងាយ។ ពេលនិយាយ ឬ សរសេរម្ដងៗ គេខំប្រឹងបញ្ចេញពាក្យបច្ចេកទេសក្នុងឋានទាំង៣ ក្នុងទិសទាំង៩ ក្នុងគម្ពីរាប់ម៉ឺនដើម្បីឲ្យអ្នកអានឬអ្នកស្ដាប់កោតសរសើរគេថា ជាអ្នកចេះ ជាអ្នកខ្លាំង។ ប៉ុន្តែគេភ្លេចគិតថា បើមិនអាចធ្វើឲ្យមនុស្សល្ងង់ស្ដាប់យល់បាន មានន័យថា គេក៏ល្ងង់ដែរ។ គេបាត់សតិ ត្រង់ចំណុចមួយ គឺមិនស្គាល់កាលអាកាស កាលៈទេសៈ មិនស្គាល់អ្នកស្ដាប់គោលដៅ (target audiences)។ និយាយរួម មិនស្គាល់ធម្មជាតិរបស់មនុស្សដែលជាអ្នកទទួលព័ត៌មាន។

មានព្រះសង្ឃខ្លះក្នុងពុទ្ធសាសនា ខំនិមន្តធ្វើធម៌ទេសនាពេញមួយជីវិតបួស ប៉ុន្តែអ្នកស្ដាប់ ស្ដាប់យូរៗទៅ រត់ទៅចូលសាសនាដទៃអស់។ ហេតុអ្វី? មកពីសង្ឃអង្គនោះ ខ្វះបញ្ញា ខំប្រឹងនិទានរឿងដែលគេស្ដាប់មិនយល់ ខំបូរបាច់ពាក្យបច្ចេកទេសជាភាសាបាលី (ភាសាដើមរបស់ព្រះពុទ្ធ) ដែលអ្នកស្ដាប់គិតមិនចេញថាវាជាស្អីឲ្យប្រាកដ។
ដូចកូនក្មេងបឋម ត្រូវបានបង្រៀនគណិតវិទ្យា ដោយគ្រូគណិតមកពីថ្នាក់ទី១២អ៊ីចឹង។ បើក្មេងវាមិនស្គាល់អនុគមន៍ មិនស្គាល់ដេរីវេ មិនស្គាល់លោការីត មិនយល់ពីការតាង អញត្រអិច អ៊ីការ៉ិច ដើម្បីអ្វី នោះ ទោះបីជាលោកគ្រូខ្លាំងប៉ុណ្ណាក៏គ្មានធ្វើឲ្យកូនសិស្សនោះរំភើបចិត្តដែរ ក្រៅពីធ្វើឲ្យគេធុញហើយដើរចេញ។ ដូច្នេះ មុននឹងទេសនា មើល target audiences ផង។ គ្រូបង្រៀនសាកលវិទ្យាល័យ ក៏មិនប្រាកដថាអាចបង្រៀនកូនក្មេងថ្នាក់ទី១ចេះបានទេ បើមិនមានមូលដ្ឋានគរុកោសល្យបង្រៀនកូនក្មេងនោះ។
ហេតុអ្វីក៏លោកគ្រូ សាន សុជា លោកគ្រូ ដាឡៃ ឡាម៉ា និយាយម្ដងៗ (សង្ឃដីកា) មនុស្សដេញតាមស្ដាប់រាប់លាននាក់នៅទូទាំងពិភពលោក? មកពីលោក មិនយកភាសាបាលីព្រះពុទ្ធមកប្រើ លោកប្រើភាសាមនុស្ស ភាសាបថុជនទូទៅ ប៉ុន្តែបង្កប់ខ្លឹមសារអប់រំរបស់ព្រះពុទ្ធ។ លោកមិននិទានរឿងសម័យព្រះទេ លោកនិទានរឿងមនុស្សក្នុងហ្វេសប៊ុគ។ លោកមិនលើកពីអានិសង្សបុណ្យទេ ប៉ុន្តែលោកពន្យល់ពីតួនៃបុណ្យពិតប្រាកដ។ លោកផ្សារភ្ជាប់សេចក្ដីពន្យល់ទៅនឹង ជីវិតប្រចាំថ្ងៃ ដ៏ទាន់សម័យរបស់មនុស្សដែលកំពុងស្ដាប់ ដើម្បីគេឆាប់យល់។


ហើយរឿងដូចគ្នានេះ ក៏វាមិនខុសអី ពីអ្នកដែលខំប្រឹងនិយាយខ្មែរផង អង់គ្លេសផងលាយឡំគ្នាដូចសម្លរកកូរនោះដែរ។ គេគិតច្រឡំថា បើនិយាយលាយភាសាបរទេសឲ្យច្រើន អ្នកស្ដាប់នឹងសរសើរថាខ្លួនជាអ្នកឆ្លាត ដែលតាមពិតទៅ វាគ្រាន់តែធ្វើឲ្យអ្នកនិយាយខ្លួនឯងក្លាយជាមនុស្សខ្សោយតែប៉ុណ្ណោះ។ ខ្សោយត្រង់ ខ្វះសមាធិក្នុងការគ្រប់គ្រងភាសា២ខុសគ្នា កុំឲ្យច្របូកច្របល់។ ខ្សោយត្រង់ ជាមនុស្សងាយពង្វក់ បើបានស្រូបទាញទៅខាងឆ្វេង ភ្លេចខាងស្ដាំ បើគេអូសទៅខាងស្ដាំ ភ្លេចខាងឆ្វេង។ ឬនិយាយងាយៗថា ខ្សោយជំនាញផ្ដោតអារម្មណ៍។ និយាយខ្មែរ មិនចំខ្មែរ អង់គ្លេសមិនចំអង់គ្លេស តើនរណាស្ដាប់បាន?

មនុស្សពូកែ បើនឹងទៅបង្រៀន ឬទៅនិយាយជាសាធារណៈនៅទីណា គេរមែងសាកសួរជាមុនថា តើអ្នកស្ដាប់គោលដៅ ជាមនុស្សស្ថិតក្នុងជីវភាពជីវិតកម្រិតណា? ដើម្បីគេអាចត្រៀមខ្លួនជាមុន ដើម្បីសម្របទៅនឹងចំណេះដឹងអ្នកទទួលព័ត៌មានប្រកបដោយប្រសិទ្ធភាព។
ឈឺចាប់ទេ? បើនិយាយរាប់ម៉ោងចប់ ឡើងហត់ អ្នកស្ដាប់អត់ឆ្ងល់អីមួយសំណួរ។ ព្រោះចម្ងល់ចេញមកពីការជ្រាបចូលនៃចំណេះដឹង បើអត់ជ្រាបទេ អត់អាចឆ្ងល់ទេ។ ដូចពិដានផ្ទះយើង បើទឹកភ្លៀងវាមិនជ្រាបសើមទេ ក៏វាមិនស្រក់ទឹកចុះមកដែរ។ មែនឬអត់?
ដូច្នេះសរុបមកវិញ រឿងអ្នកដែលរៀនចេះក្បួនខ្នាត រៀនយល់ដោយខ្លួនឯងសព្វគ្រប់អស់ហើយ បើមិនចេះវិធីផ្ទេរការយល់នោះបានដល់អ្នកដទៃជាទូទៅទេ ចំណេះដឹងនោះ នឹងគ្មានតម្លៃអីទេ។
លឹម វីរីយ៉ា

