បវរកញ្ញាលេខ១ មិនមែនមានន័យថា ជាស្រីស្អាតជាងគេបំផុតទេ។ ប្រហែលជាមានអ្នកស្អាតជាងនោះច្រើននាក់ទៀតដែលមិនទៅប្រកួត។ ក្នុងជីវិតរស់នៅពិត ក៏ដូចគ្នាដែរ អ្នកដែលគ្រងពានរង្វាន់ពីការប្រកួតប្រជែងផ្សេងៗ មិនមែនសុទ្ធតែខ្លាំងពូកែលើសគេទេ។ ប្រហែលជាមានអ្នកខ្លាំងជាងយើង គេមិនបានទៅប្រកួត ឬគ្មានឱកាសប្រកួត។

ហេតុអ្វីបានជាខ្ញុំលើកយកប្រធានបទនេះ មកនិយាយ?
មនុស្សច្រើនតែភ្លេចខ្លួន ក្រោយទទួលបានសំឡេងជយឃោស គងឃ្មោះកងរំពង អបអរសាទរច្រើនខ្លាំងពេក ក្រោយទទួលបានពានរង្វាន់អ្វីម្យ៉ាង។ ខ្ញុំគោរពកោតសរសើរអ្នកដែលទទួលពានរង្វាន់ ទោះបីវាជាពានអ្វីក៏ដោយ ប៉ុន្តែខ្ញុំហាក់ជិនឆ្អន់ទៅវិញ នៅពេលដែលម្ចាស់ជ័យលាភីរូបនោះ ស្រាប់តែស៊ីជោរហួសហេតុ មោទកភាពហួសហេតុ អួតអាងនិងវង្វេងភ្លេចខ្លួនថា តាមពិតមានអ្នកពូកែជាងខ្លួនដែលមិនចង់បានពាន មិនចង់ចេញមុខ មិនចង់ល្បី ឬអាចនិយាយបានថា គេនឹងធឹងជាងយើងច្រើន។

ភាសាខ្មែរគេនិយមហៅ “ជំងឺតួឯក” ជំងឺនេះតែវាឆ្លងចូលក្នុងខ្លួនបុគ្គលណាហើយ វាទៅបំផ្លាញបុគ្គលនោះទៅវិញ។ បើជាម្ចាស់ពានរង្វាន់សហគ្រិនជំនួញ យើងត្រូវប្រុងប្រយ័ត្នកាន់តែខ្លាំងមែនទែន គឺត្រូវខំប្រឹងរកស៊ីថែមទៀត ផ្ដោតពេលវេលាកម្លាំងកាយចិត្ត និងថាមពលគំនិតសព្វបែបយ៉ាង ធ្វើម៉េចទប់កុំឲ្យអាជីវកម្មយើងដែលបានជាប់ឈ្មោះក្នុងពានរង្វាន់នោះ រលំរលាយទៅវិញ។

បើខ្ញុំចាំមិនខុសទេ កាលពី៣ឆ្នាំមុន មានម្ចាស់ពានរង្វាន់វ័យក្មេងម្នាក់ដែលចង់ល្បីខ្លាំង បានដាក់ពាក្យចូលប្រកួតខណៈដែលអាជីវកម្មខ្លួនឯងមិនទាន់រឹងមាំ។ គេជឿតាមការបញ្ចុះបញ្ចូលរបស់ក្រុមគណៈកម្មការមួយក្រុម ដែលចង់បានបរិមាណអ្នកប្រកួត ជាជាងគុណភាព។ ជាលទ្ធផល គេក៏ឈ្នះ ហើយត្រូវបានផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងស្ទើរគ្រប់ទំព័រសារព័រមាន ទូរទស្សន៍ និង វិទ្យុគ្រប់លំដាប់ថ្នាក់។ មិនដល់១ឆ្នាំផង ស្រាប់តែអាជីវកម្មរបស់គេ ក៏ដួលរលំគ្រេងទៅវិញបាត់ឈឹង ខណៈដែលចំហាយព័ត៌មានជោគជ័យរបស់គេ មិនទាន់ទាំងសាបរលត់នៅឡើយ។ បណ្ដាញសង្គមអេឡិចត្រូនិច ដែលគេធ្លាប់ប្រើដើម្បីចេញមុខអួតឥតល្ហែ ក៏រលុបបាត់រូបពីលំហរអ៊ីនធើណិត។

វាគ្មានចម្ងល់អ្វីសម្រាប់ទស្សនិកជនត្រូវដេកឆ្ងល់ទេ! យើងគិតមើល បើគ្រាន់តែជាប់បានពានភ្លាម ម្ង៉ៃៗរវល់តែឡើងលើឆាកសម្ដែងបែបនេះ គេមានពេលឯណាទៅពង្រឹងមុខរបររកស៊ីក្នុងក្រុមហ៊ុន? ខ្លួនឯង មិនទាន់ក្លាយជាមហាសេដ្ឋីដែលមាន ប្រាក់ចំណូលអូតូម៉ាទិកនៅឡើយទេ។

ថ្ងៃនេះ ខ្ញុំនៅតែឃើញម្ចាស់ពានជោគជ័យខ្លះ រវល់តែរឿងអួតក្អេងក្អាងតាមឆាកសម្ដែងអ៊ីចឹងដូចគ្នាដែរ។ ខ្ញុំមិនហ៊ានទស្សន៍ទាយថា តើគេនឹងមានវាសនាដូចម្ចាស់ពាន៣ឆ្នាំមុននោះ ឬអត់ទេ។ បើសិនជាគេជាកូនអ្នកមានស្រាប់ ហើយប្រើប្រាស់ឈ្មោះក្រុមហ៊ុនដែលមានជំនួយសេដ្ឋកិច្ចពីឪពុកម្ដាយ នោះវាអាចជាខែលបាំងសមត្ថភាពពិតខ្លួនឯងក្នុងសហគ្រិនភាព ក៏ពិតមែន ប៉ុន្តែគេក៏អាចនឹងដួល។ មិនមែនដួលរលំក្រុមហ៊ុនទេ គឺដួលដោយបាក់អំណួតនៅពេលណាមួយ ដែលអ្នកចេះដឹងពិតប្រាកដ ទ្រាំនៅស្ងៀមលែងបាន ហើយគេចេញមុខតាមផ្ចាញ់ផ្ចាល។
ដូច្នេះ បើអ្នកមានភ័ព្វសំណាងល្អ បានទទួលពានរង្វាន់ពីការប្រកួតសមត្ថភាពអ្វីម្យ៉ាង សូមកុំភ្លេច ល្បះទី១របស់ខ្ញុំខាងដើម!




អរគុណចំពោះការចែករំលែក
LikeLiked by 1 person
អរគុណច្រើនសម្រាប់ការអាន!
LikeLike