សង្គ្រាមផ្លូវចិត្ត

ទឹកភ្នែកដែលហូរទៅក្នុង ធ្វើឲ្យផ្សាក្ដៅក្រហាយនិងឈឺចាប់រាប់រយពាន់ដងជាងទឹកភ្នែកដែលហូរចេញមកខាងក្រៅ។ សម្រែកដែលអាចបញ្ចេញសំឡេងមកខាងក្រៅខ្លាំងៗ វាមិនសូវឈឺដូចសម្រែក ដែលធាក់សន្ធឹកចូលទៅក្នុងពោះឡើយ។

ស្ត្រីដែលឈឺពោះឆ្លងទន្លេ បើគិតតែស្រែកបើកមាត់ នាងនឹងមិនអាចបង្កើតកូនរួចឡើយ ប៉ុន្តែ បើនាងស្រែកដោយការខ្ទប់មាត់ នាងនឹងមានថាមពលដ៏មហិមាមួយ ក្នុងការជំរុញមនុស្សម្នាក់ទៀតឲ្យចេញមកខាងក្រៅបាន។ ដូច្នេះ សម្រែកដែលគ្មានសំឡេង គឺជាកម្លាំងថាមពលដ៏ល្អផង និង ដ៏សែនអាក្រក់ផង អាស្រ័យលើសញ្ញាណនៃអារម្មណ៍។

ក្នុងសម្ព័ន្ធភាពមួយ រវាងអ្នកដែលតែងតែជជែកឈ្លោះប្រកែកគ្នាជាប្រចាំ នឹងមិនងាយបែកបាក់គ្នាទេ។ ផ្ទុយទៅវិញ រវាងមនុស្ស២នាក់ដែលមិនព្រមជជែកគ្នាសោះ ទើបជារឿងគ្រោះថ្នាក់។ ការនៅស្ងៀមស្ងាត់ទាំងសង្ខាង ធ្វើឲ្យម្នាក់ៗមិនបានប្រុងប្រយ័ត្នស្មារតី។ ធ្វើឲ្យម្នាក់ៗធ្លាក់ទៅក្នុងអារម្មណ៍រវើរវាយ គិតផ្ដេសផ្ដាសរវាងគ្នានិងគ្នា។ គិតអវិជ្ជមានយូរទៅ ពួកគេក៏ចាប់ផ្ដើមជឿលើអារម្មណ៍សន្មតនោះ ហើយធ្វើសេចក្ដីសន្និដ្ឋានថាវាជាការពិត។

ដំបូងឡើយ ពួកគេគិតថា “ប្រហែលជា…” លុះយូរទៅ គេឈានចូលដល់គំនិតថា “ច្បាស់ជា… ប្រាកដជា…” ។

ចូលដល់ដំណាក់កាលដែលភាគីទាំងសង្ខាង ជឿលើអារម្មណ៍រវើរវាយរបស់ខ្លួនឯង ថាវាជាការពិតហើយនោះ គេក៏ចាប់ផ្ដើមទាញសេចក្ដីសម្រេចចិត្តថា “បែកគ្នា”  ទាំងដែលម្នាក់ៗសុទ្ធតែដង្ហោយរកគ្នាទៅវិញទៅមក នៅក្នុងសម្រែកឥតសំឡេង។

សុភមង្គល ជាក្ដីប៉ងប្រាថ្នារបស់មនុស្សគ្រប់រូប។ សុភមង្គល មិនមានវត្តមានក្នុងភពផែនដីនេះទេ ទោះបីជាអ្នកខំជិះយន្តហោះធ្វើដំណើររាប់ម៉ឺនសែនគីឡូម៉ែត្រ ផ្លាស់ប្ដូរទីតាំងរស់នៅ តុបតែងរចនាផ្ទះសម្បែងតាមសំណូមពរគ្រូហុងស៊ុយល្បីៗ ធ្វើតាមបញ្ជារគ្រូហោរានានា ក៏ចុងបញ្ចប់ អ្នកនៅតែរកវាមិនឃើញដដែល បើមិនព្រមបើកមាត់ គ្រលៀសអណ្ដាត ជជែកគ្នា។ បើសិនជាទាំងពីរនាក់ ព្រមបង្ហើបសំណួរថា “ហេតុអ្វី” ហើយព្រមឆ្លើយថា “ព្រោះដោយសារតែ” នោះអ្នកទាំងពីរនឹងអាចស្វែងរកពន្លឺដំណោះស្រាយ ដើម្បីពន្លែង “សុភមង្គល” ឲ្យវាហោះហើរចេញមកខាងក្រៅបានដោយសុខសន្តិ។

ការមិនជជែកចរចាគ្នា ស្មើនឹង “សង្គ្រាម” !

លឹម វីរីយ៉ា

១០ តុលា ២០១៩

Leave a comment