ចេកឆាបក្រាបពីសៀម

ចេកហាល​ ចេកឆាប​ ក្រាបពេញផ្សារផ្សោរ
គេលក់មិនកោរ​ ថែមកន្ថោ​រ free
អំពិល​ឆុងស្ករ​ គេទិញវក់វី
អ្នកហូតផាស៊ី​ ចំណេញ​កប់ក្ដោង។

ផិនសៀមផិនយួន​ វាពួនលុកលុយ
ខ្មែរ​ទិញបែកស្លុយ​ ប្រថុយចំកោង
ចម្ការស្រុកលេី​ រលាយតៃហោង
ព្រោះ​ជាប់ដៃតោង​ ជួយទិញបរទេស។

ខ្មែរ​អ៊េីយភ្ញាក់ឡេីង​ កុំចេីងភ្លេចខ្លួន
សន្ដាន​សៀមយួន​ អង្រួន​ចង្កេះ
គេលបសម្លាប់​ ស្លាប់​ទាំងអ្នកចេះ
បញ្ឆោត​ឱ្យ​ស្លេះ​ ទុកគេស្លស៊ី។

បេីស្នេហាជាតិ​ កុំទិញវាឆី
ដំណាំពេញដី​ ខ្វះអីរឿងជី?
ជួយកាប់ជួយគាស់​ រាស់ភ្ជួរសំភី
ខ្មែរ​មិនខ្វះស៊ី​ បង្ហិនលុយកាក់។

សម្បត្តិ​ត្រឹមចេក​ ដេកចាំគេជួយ
អ្នកខ្ជិលរលួយ​ ជួយបានម៉ាស្លាក់
ស៊ូបៀមគ្រាប់ស្លែង​ ថ្លែងពាក្យប្រត្យក្ស
ម្ចាស់​គុកច្រវាក់​ ដាក់តែម្ចាស់ស្រុក។

អំពិលឆុងស្ករ​ តក្ដោង​ តោងក្ដឹប
ដេីមដុះរាប់សិប​ ស្លឹបស្លុងផុងចុក
គេកាប់រំលេីង​ ប៉េីងអារក្ខខ្មុក
ចុងក្រោយ​សំកុក​ ចុកឈាមរឿងក្រ។

មហាសេដ្ឋី​ ពាក្យថ្មីគេស្រែក
អំណួតដូចក្អែក​ ស្ទេីរបែក​ ក្រឡ
ក្រឡុកពេញធឹង​ តឹងសរសៃ​ ក
ធាតុ​ពិតអ្នកក្រ​ លាបពណ៌​កាឡៃ។

អួតគ្នីអួតគ្នា​ បង្ហៀររឿង​លក់
លុយក្បាលកន្ទក់ វក់វី​រញ៉ៃ
ទូលក្ដិតសៀមយួន​ ពួនរស់ជាចៃ
រស់ទាំងចង្រៃ​ បំផ្លាញ​សាសន៍​ឯង។

លឹម​ វីរីយ៉ា​🌸
២៩​ សីហា​ ២០១៩

រូបភាពចេកឆាប ចេកហាល នៅផ្សារទំនើប អ៊ីអនទី២ សែនសុខ ភ្នំពេញ ដែលគេយកមកពីប្រទេសសៀម

Leave a comment