នៅពេលដែលខ្ញុំចែករំលែកចំណេះដឹងផ្សេងៗទៅកាន់អ្នក មិនមែនមានន័យថាខ្ញុំចេះច្រើនជាងអ្នកទេ។ តាមពិត គ្រាន់តែខ្ញុំជាមនុស្សដែលមើលឃើញភាពល្ងីល្ងើរបស់ខ្លួនឯងបានច្រើនជាងអ្នកតែប៉ុណ្ណោះ។

ជាញឹកញាប់ ដែលខ្ញុំនិយាយប៉ះចំចំណុចរសើបនៃមនុស្សលោក ក៏វាមិនមែនមានន័យថា ខ្ញុំមានខ្សែបណ្ដាញពត៌មានច្រើនជាងអ្នកនោះឡើយ។ ប៉ុន្តែមកពីខ្ញុំធ្លាប់បានក្លាយជាជនរងគ្រោះក្នុងចំណងជីវិតខ្លួនឯង។ ខ្ញុំធ្លាប់ក្លាយជាចំណាប់ខ្មាំងសង្គម ដោយសារតែភាពកំសាកក្នុងអតីតកាលមួយ ដែលក្រោយមក ខ្ញុំបានរំដោះខ្លួនឯងឲ្យរួចចាកផុតពីខ្មាំងទាំងនោះ។
គ្រប់យ៉ាងដែលខ្ញុំបានចែករំលែក មិនមែនមកពីខ្ញុំចង់បង្ហាញសេចក្ដីល្អរំបល់យក៍អីទាំងអស់ ខ្ញុំគ្រាន់តែគិតថា ជីវិតមនុស្សជាឆាកល្ខោនរឿង របស់ព្រហ្មលិខិត ដែលសេណារីយ៉ូជីវិតមនុស្សម្នាក់ៗ សុទ្ធតែអាថ៌កំបាំង។ នរណាទៅដឹងថា ស្អែកឬខានស្អែក ខ្ញុំឬអ្នក នឹងស្លាប់? ដូច្នេះ ទៅខំលាក់បំពួនវាធ្វើអី?
បើសិនជាស្លាប់បាត់ កប់ចូលក្នុងដី ដុតឆេះក្នុងភ្លើង ដោយទៅទាំងកំណត់ហេតុដ៏មានតម្លៃមហាសាលជាច្រើន មិនទាន់បានផ្ដាំផ្ញើគេឯងផង សួរថាព្រលឹងអ្នកស្ងប់ទេ? ស្រួលមិនស្រួល ក្លាយជាវិញ្ញាណអ្នកតាស្ថិតតាមដុំថ្មនៃទីសាធារណៈនានា ដើម្បីគ្រាន់តែបង្ហាញលទ្ធផលមួយ ដែលភ្លេចទុកបណ្ដាំអង្កាល់នៅមានរូបរស់ ក៏អាចថាបាន។

ព្រះពុទ្ធផ្ដាំថា ធ្វើជាមនុស្សល្អ មិនបាច់ខ្ជះខ្ជាយពេលវេលាដើររកភ័ស្តុតាងបញ្ជាក់ថា អ្នកជាមនុស្សល្អទេ ព្រោះសេចក្ដីល្អ ឬ អាក្រក់ វានឹងសាយភាយចេញជាចំហាយហោះអណ្ដែតទៅគ្រប់ទិសទីដោយខ្លួនវាយ៉ាងប្រាកដមិនខានឡើយ។ បើអ្នកមិនជឿ អាចធ្វើពិសោធន៍បាន!
សួរថា តើមនុស្សល្អ មានន័យយ៉ាងម្ដេចទៅ?
ខ្ញុំក៏មិនសូវច្បាស់ថារាល់ថ្ងៃនេះ ខ្ញុំជាមនុស្សល្អ ឬ អាក្រក់ ទេ។ តែខ្ញុំព្យាយាមដើរតាមបណ្ដាំព្រះ ត្រង់ចំណុចមួយធំបំផុតគឺ “ការចែករំលែក” ។ បើគ្មានលុយកាក់ចែកគេទេ ចូរចែករំលែកពេលវេលា កម្លាំងកាយ កម្លាំងចិត្ត (ស្នាមញញឹម ពាក្យជូនពរជ័យ ពាក្យអបអរសាទរ) កម្លាំងបញ្ញា (ចំណេះដឹង បទពិសោធន៍) ។ល។
ក្រៅពីការចែករំលែក ព្រះពុទ្ធក៏នៅផ្ដាំមួយទៀតថា ចូរធ្វើខ្លួនឯងឲ្យមានក្ដីសុខ សេចក្ដីសុខនៃអាត្មាខ្លួន គឺជាបុណ្យ។ ដូច្នេះ តើយើងត្រូវស្វែងរកសេចក្ដីសុខដោយរបៀបណា? ចម្លើយរិតតែងាយ គឺ “ការចែករំលែក នឹងនាំមកនូវក្ដីសុខផ្លូវចិត្ត” ។ វាវិលទៅវិលមក ដូចកង់រទេះច្នោះឯង!
——-
លឹម វីរីយ៉ា
២៧ ធ្នូ ២០១៨
