មិនខុសពីទម្លាប់សព្វដង ថ្ងៃនេះក្រោយពីចាយពេលវេលានៅក្នុងក្លឹបហាត់កីឡាជិត២ម៉ោង ខ្លួនប្រាណរបស់ខ្ញុំសើមញើសជោកដូចគេចាក់ទឹក។ ត្រលប់មកដល់ផ្ទះវិញ ខ្ញុំប្រញិបប្រញាប់ដាក់ដណ្ដាំបាយក្នុងកូនឆ្នាំងអគ្គិសនីដ៏កញ្ចាស់មួយ។ អារម្មណ៍នឿយហត់ស្រាប់ផងនោះ បានរវើរវាយឃ្លាននេះឃ្លាននោះមិនចេះតិច។
ដាំបាយដោតខ្សែភ្លើងរួចភ្លាម ខ្ញុំញាប់ដៃចៀនសាច់មាន់ដែលបានប្រឡាក់ទុកពីល្ងាចក្នុងទូទឹកកក ឆ្អិនល្មម ក៏ដួសដាក់ចានគ្របទុកមួយឡែក ហើយនៅឆ្លៀតរៀបបន្លែស្រស់ទុកញ៉ាំជាមួយបុកត្រីឆ្អើប្រហុកអាំងដែលបងស្រីផ្ញើមកឲ្យទាំងកែវ មិនដែលដាច់។ មិនអស់ចិត្ត ដាក់ចំហុយនំប៉ាវស្នូលសាច់ជ្រូក២ដុំទៀតក្នុងឆ្នាំងបាយ មុនពេលឡើងមកបន្ទប់ដើម្បីងូតទឹក។
បើសិនជាអ្នកធ្លាប់លេងកីឡាហត់នឿយខ្លាំង ហើយមានអាហារដែលចូលចិត្តរៀបចំរួចជាស្រេចទៀត អ្នកប្រហែលជាមានក្ដីសុខណាស់ក្នុងគ្រាដ៏ខ្លីនោះមិនខាន។ វាគ្រប់តែគ្នាទេ ខ្ញុំក៏អីចឹងដែរ។ ខ្ញុំងូតទឹកបណ្ដើរវើរវាយទៅដល់អាហារនៅផ្ទះបាយបណ្ដើរ។ មិនបានខាត់ស្បែក អេនអនយូរឡើយ ប្រញាប់ចុះមកក្រោម បាយក៏ឆ្អិនល្មម ជះក្លិនក្រអូបអង្ករស្រូវថ្មី នំប៉ាវចោលក្លិនឈ្ងុយទ្រប់។ ក្លិនមាន់ចៀន ក៏មិនទាន់ភាយអស់ចំហាយ នៅជាប់ច្រមុះនៅឡើយ បន្លែស្រស់ៗ១កូនកញ្ច្រែងតូចក្បែរនោះ…… ហ៊ឹម!!! គួរឲ្យឆ្ងាញ់ណាស់។ លើលោកនេះប្រហែលគ្មានអ្នកណា មានសេចក្ដីសុខជាងខ្ញុំទេមើលទៅ គិតផងរៀបចំតុបាយផងតែម្នាក់ឯង។
ខ្ញុំដួសបាយដាក់ចាន និងបានរៀបម្ហូបអាហារពេញតុ ស្រាប់តែ… ដូចជាឥតសូវឃ្លានវិញ។ អង្កាល់មុនឡើងទៅងូតទឹក ម្ដេចក៏ខ្ញុំឃ្លានខ្លាំងម្លេះ? ហើយនេះ សុទ្ធតែកំពូលអាហារសំណព្វចិត្ត ទាំងអស់។ ខ្ញុំខំបន្លប់ខ្លួនឯងថា មិនមែនមិនឃ្លានទេ គឺខ្ញុំឃ្លានហើយ ញ៉ាំសិន។ យកស្លាបព្រាដួសបាយលើកមកដាក់ជិតដល់មាត់ទៅហើយ ក៏ប្រែប្រួលទៅជាល្អៀចយ៉ាងម៉េចមិនដឹង។ អ៊ែក!!!
ខ្ញុំស្រាប់តែដូចជាឃ្លាននំប៉័ងជ្រលក់ត្រីខកំប៉ុងវិញ។ ហ្អ៊ើយ! អាហ្នឹងម្ហូបអ្នកដើរព្រៃភ្នំទេតើ។ ប៉ុន្តែ មិនដឹងម៉េចទេ វាស្រាប់តែដូរចិត្តទៅជាឃ្លានអាហ្នឹងវិញ។ ខ្ញុំនឹកឃើញសម្រង់សម្ដីទស្សនវិទូល្បីៗ ពោលថា ជីវិតដែលមានន័យ គឺជីវិតដែលមានសេរីភាពក្នុងការរស់នៅ។ អាចទៅកន្លែងដែលចង់ទៅ អាចញ៉ាំអាហារដែលចង់ញ៉ាំ។ មែនហើយ! ហេតុអ្វី ត្រូវស្ទាក់ស្ទើរនឹងទៅស្វែងរកនំប៉័ងជាមួយត្រីខកំប៉ុង?
ខ្ញុំក៏ពាក់ទ្រនាប់ជើង ហើយទាញសោរឡានបើកវឹងទៅផ្សារទំនើបមួយដែលមានចម្ងាយប្រមាណជា ២០០ម៉ែត្រពីផ្ទះខ្ញុំ។ ជាធម្មតា ខ្ញុំដើរទៅផ្សារនោះ ព្រោះវាមិនឆ្ងាយប៉ុន្មានទេ តែលើកនេះ ដូចជាដើរមិនដល់ ព្រោះអារម្មណ៍ដែលកំពុងបញ្ជារវាពុះកញ្ជ្រោលសម្បើម។ មួយសន្ទុះក្រោយមក ខ្ញុំមកដល់ផ្ទះវិញជាមួយនឹងនំប៉័ងមួយថង់ធំ និង ត្រីខកំប៉ុងកន្លះឡូត៍។ ខ្ជិលកំដៅនាំតែខាតពេល ខ្ញុំគាស់ត្រីខកំប៉ុងនោះ ដាក់ចូលចាន ទាំងមិនខ្ចីរៀបចំទុកដាក់ចានបាយដែលដួសហើយ។ យកនំប៉័ងមកជ្រលក់នឹងចានត្រីខ ហើយដាក់ចូលមាត់ទំពារបានតែមួយម៉ាត់ ឆ្អែតឈឹងតែម្ដង។
អេស?! វាយ៉ាងម៉េចទៀតហើយនេះ? ខ្ញុំកើតស្អីអីចេះ? មុននេះឃ្លានអានំប៉័ងហ្នឹងយ៉ាងខ្លាំងរហូតទ្រាំមិនបាន រត់ចេញទៅទិញភ្លាមៗមកបានដូចចិត្ត។ ខ្ញុំចាប់ផ្ដើមនឹកគិតទៅដល់គ្រូពេទ្យផ្លូវចិត្តដែលធ្លាប់ពន្យល់ក្នុងសារខ្លីៗរបស់គាត់ដែលដាក់បង្ហោះក្នុងអ៊ីនធើណិត ថានេះជាអាការៈជំងឺផ្លូវចិត្ត។ តើអាជំងឺផ្លូវចិត្ត និង ចិត្តវិកល អាចដូចគ្នាដែរឬឥតទេ? ទាំងចានបាយ ចានម្ហូប នំប៉័ង ត្រីខ ត្រូវបានខ្ញុំទុកចោលពេញហ្នឹង។ គ្មានអារម្មណ៍រៀបទុកដាក់ទេ ព្រោះកំពុងឆ្ងល់នឹងខ្លួនឯងដែលដូចមនុស្សចម្លែក។
ខ្ញុំដើរមកទម្រេតខ្លួនលើសាឡុងវែងក្នុងបន្ទប់ទទួលភ្ញៀវ ហើយដេករកនឹកគិតថា ហេតុអ្វីបានជាមិនឃ្លានអាហារ? ហាត់ប្រាណជោកជាំយ៉ាងនេះ វាគួរតែឃ្លានខ្លាំងណាស់។ ម្ដេចប្រែជាទ្រលាន់របស់ដែលចូលចិត្តទាំងនោះ ទាំងដែលខ្លួនឯងខំប្រឹងរៀបចម្អិនទៀតផង។ គិតមិនចេញ ខ្ញុំក៏ងើបមកផ្ទះបាយម្ដងទៀតដោយស្មារតីតាំងខ្ពស់ ថានឹងរៀបចំទុកដាក់របស់របរចូលក្នុងទូវិញ មុនឡើងទៅបន្ទប់គេង។
ជាទម្លាប់ ខ្ញុំតែងតែសម្អាតធុងសំរាមជាញឹកញាប់ណាស់ ព្រោះវាចោលក្លិនមិនល្អក្នុងផ្ទះ។ ខ្ញុំយកជើងជាន់គន្លឹះធុងសំរាម បំណងដើម្បីយកសំរាមទៅចោល។ គ្រាន់តែគម្របធុងរបើកខ្វាក ខ្ញុំភ្ញាក់ព្រើត ខួរក្បាលចាប់ផ្ដើមធ្វើការងារត្រឹមត្រូវតាមគន្លងរបស់វាមកវិញ។ ខ្ញុំទើបតែចាំ ដោយសារឃើញសំបកផ្លែអាវ៉ូកាដូ១យ៉ាងធំ និង ពីដុងទឹកដោះគោស្រស់១ពីដុងនៅក្នុងនោះ។
ខ្ញុំនឹកឃើញហើយ គឺពីដំបូងឡើយ មុនពេលដាក់ដណ្ដាំបាយ ធ្វើម្ហូបនោះ ខ្ញុំឃ្លានខ្លាំងពេក ឃ្លានឡើងញ័រដៃញ័រជើង ឃ្លានរហូតដល់ថ្នាក់វង្វេងវង្វាន់ គាំងសសៃប្រសាទអស់។ ខ្ញុំបានយកផ្លែអាវ៉ូកាដូ (ផ្លែប៊័រ) ទុំជោរមួយផ្លែយ៉ាងធំ មកពុះជាពីរ ហើយយកស្លាបព្រាដួសញ៉ាំទាំងឆៅតែម្ដង ព្រោះវាឈ្ងុយ ស្អិតរមួត ហើយខ្ញុំក៏ជាមនុស្សមិនចូលចិត្តរបស់ផ្អែមប៉ុន្មានផង។ ញ៉ាំផ្លែអាវ៉ូកាដូអស់មួយហើយ នៅចាក់ទឹកដោះគោស្រស់ដែលនៅសល់កន្លះប៊ីដុងផឹកទាំងអស់។ ហ៊ើយ! សាហាវណាស់…… ហើយម្ដេចក៏វាមិនចងចាំ? តាមពិតទៅ ខ្ញុំក៏ធ្លាប់អានសៀវភៅវេជ្ជសាស្ត្រ និង សៀវភៅសុខភាពផ្សេងៗជាច្រើននាកាលកន្លងមកដែរ។ មនុស្សយើង ពេលខ្លះ ធ្វើសកម្មភាពចេញទៅ ដោយមិនមានអន្តរាគមន៍ពីខួរក្បាលទេ មូលហេតុដោយសារតែ សភាវគតិ បានបញ្ចេញឥទ្ធិពលគ្របដណ្ដប់សព្វអស់សរីរាង្គកាយទៅហើយ។ គ្រប់ចលនាដែលស្ដែងចេញ មិនមែនជាការបញ្ជារពីខួរក្បាលទេ។ ខួរក្បាលក៏មិនបានកត់ត្រាកំណត់ហេតុនោះភ្លាមៗឡើយ។ អ្នកបញ្ជារ គឺក្រពះវិញ្ញាណ ជិវ្ហាវិញ្ញាណ និង សរីរវិញ្ញាណទៅវិញ។
នេះបើកុំតែខ្ញុំប្រុងប្រៀបថានឹងទៅសម្អាតធុងសំរាម ក៏ប្រហែលជាខ្ញុំនៅតែរកនឹកមិនឃើញថា ហេតុអ្វីបានជាខ្ញុំមិនឃ្លានអាហារ? គិតៗទៅ គួរចង់សើចដែរ។ អង្កាល់នៅពីតូច មានរឿងបែបនេះកើតឡើងតែញយ។ ច្រលំញ៉ាំបាយដល់ទៅ២ដង ហើយអង្គុយឆ្ងល់ថា ម្ដេចក៏លេបមិនចូល? ហឹ! តាមពិតខ្ញុំមិនមែនជាមនុស្សចម្លែកអីទេ មកពីខ្ញុំជាមនុស្សគិតច្រើនពេកទេតើ។ ឲ្យរាង ថ្ងៃក្រោយ ពេលធ្វើអ្វីមួយ កុំតក់ក្រហល់ កល់ក្រហាយខ្លាំងពេក វាអាចបណ្ដាលឲ្យបាត់កំណត់ត្រាទិន្នន័យក្នុងខួរក្បាលជាយថាហេតុ។
អត្ថបទកំដរថ្ងៃលិច
_________
កំណត់ហេតុ លឹម វីរីយ៉ា
ភ្នំពេញ ២៩ វិច្ឆិកា ២០១៨
