ដល់ផ្ទះកំណើត អើតភ័ក្ត្រា
អួតរាងហ៊ឺហា ថ្លាញញឹម
ញិកញ៉ក់ផ្អៀងផ្អង ឡងប៉ប្រឹម
ប៉ប្រះរលឹម រិមទិវា
☔។
លើដំបូលផ្ទះ រះទៅកើត
កូនក្រុងដីឆើត ខ្នើតរមនា
លុះដល់ឥលូវ ពៅឃ្លាតឃ្លា
ឃ្លេងឃ្លោងយោងគ្នា គ្រាឥតខ្លឹម
🌄។
ឱ! បាត់ដំបង ក្រងចិត្តនឹក
រលកក្រោមទឹក នឹកត្រីក្រឹម
ក្រោយភ្លៀងបាក់មេឃ ដេកសង្ឃឹម
ឥន្ទធនូចេញផ្ទឹម ស្រឹមធម្មជាតិ
🌈។
ឱ! ស្រុកកំណើត ឆើតឆាយា
ឆោមឆាយស្ដាយផ្កា ចំប៉ាល្មៀត
ស្រណោះផ្កាល្មុត ពុតចោលម្សៀត
ស្ទឹងខៀវបង់ស្នៀត ឆ្លៀតសូមស្នើ
🌅។
ឱ! ស្ទឹងសង្កែ ក្អែរដីដុះ
ដើមត្រែងក្រែងក្រុះ ស្រុះស្រួលដើរ
ស្ពានដែកធ្លាប់ដួល ឆួលបន្ថើ
បន្ថែមសើៗ ប្រើបន្សាំ
🎑។
បាត់ដំបងអ៊ើយ! ឆ្លើយបានទេ?
តោថ្មកុំជេរ ផ្ទេរបណ្ដាំ
ខ្ញុំចង់បណ្ដាច់ ផ្ដាច់ចុងឆ្នាំ
ផ្ដួចផ្ដើមផ្សើមដាំ ត្រាំពូជថ្មី
🌱។
យ៉ាងយូរឆ្នាំក្រោយ ដោយដើមខែ
នឹងរោយមន្តស្នេហ៍ ថែកប់ដី
ស្រោចទឹកអម្រឹត ស្អិតអាល័យ
ស្ពានចាស់គ្រឹះថ្មី ដីម្ចាស់ស្រុក
🌉។
———
លឹម វីរីយ៉ា
🌸
បាត់ដំបង ថ្ងៃចន្ទ ទី១៥ ខែឧសភា គ.ស ២០១៧
