អនុស្សាវរីយ៍ក្នុងថ្នាក់មួយ

សែនរចល់ ខ្វល់រឭក នឹករលេញ
សូត្រប្រដេញ ចេញតែស័ព្ទ ប្រាប់តាមសារ
ថ្ងៃបែកគ្នា ជាទម្លាប់ ធ្លាប់វិចារ
ញ័រចិន្ដា ប្រាថ្នាសូម លោមជួបសិន។

សែនស្រលាញ់ បាញ់រំលើង ឡើងរលត់
សូត្រញាប់មាត់ កត់ចងចាំ ផ្ដាំមិនញឹន
រៀនទ្រឹស្ដី បីដូចបាយ ក្លាយមិនឆ្អិន
ស្រាវជ្រាវកិន ហិនហោចក្បួន ជួនវិលក្បុង។

សែនបារម្ភ ខំបបួល ស្រួលស្រុះគ្នា
ចាយវេលា ហៀហូរស្រោច ដោចដាច់ផុង
រៀនក្នុងថ្នាក់ ដាក់ការងារ កៀរគរស្រុង
សិស្សវិលក្បុង ឆុងក្ដាខៀន អៀនក្ដុកក្ដួល។

សូមបួងសួង លួងទេវតា ប្រាថ្នាឲ្យ
សូមបានដោយ កោយកល់កិច្ច ច្បិចសម្រួល
សូមបានដល់ ស្គាល់តែឈ្នះ ទះមិនដួល
សូមបានស្រួល ស្រួលមួយជាតិ ឃ្លាតឆ្ងាយទុក្ខ!
———
(បទពាក្យ៩ ចង្វាក់ពាក្យរណ្ដំ)

ដោយ លឹម វីរីយ៉ា

ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១១ ខែមករា គ.ស ២០១៧

cover-009

Leave a comment