អរុណរង្សី ដីដុះក្រោមទឹក
🌋
សុរិយាពេលព្រឹក ដឹកក្បួនចេញចរ
🌞
ចាំងជះឆព្វណ្ណ ទាន់មេឃកំដរ
☀
ពពកក្បុស-ស ត្រដរក្រែលគ្រាន់។
⛅
អរុណោទ័យ ថ្ងៃច័ន្ទចែងចិត្ត
🌄
បេះដូងអម្រិត ស្នាលស្និទ្ធគិតបន់
☀
បើសិនថ្ងៃរះ ឈ្នះពេលសាយណ្ហ
🌅
ខ្ញុំស៊ូធ្វើអន់ ជាន់ផែនដីទៀត។
🌏
ឱ! ស្ទឹងសង្កែ ថែចិត្តអាល័យ
🌃
មេឃចាស់ចន្ទថ្មី ដីដូររសជាតិ
🌇
ស្ទឹងអ៊ើយកុំហូរ ថ្ងូរសូរដូចឃ្លាត
🌊
តោថ្មចោលម្សៀត ខ្ទាតឆ្ងាយស្ពានឆ្លង។
🎢
អរុណសួស្ដី ផែនដីស្រុកខ្មែរ
🇰🇭
ភូមិកើតខ្ញុំដែរ ស្នេហ៍បាត់ដំបង
🏫
ទីធ្លាប់សុខសាន្ត បានធ្លាក់ចិត្តផ្សង
🌉
បុណ្យព្រេងមានម្ដង ក្រងមួយជីវិត។
⏳
កាហ្វេមួយពែង រែងដល់ពពក
☕
ក្រេបទាំងវិយោគ ជោគជាំគ្រាំចិត្ត
🍂
សញ្ចេតនាមួយ ជួយលាក់រឿងពិត
😥
ថ្ងៃរះនិម្មិត នឹងស្ថិតនិរន្តរ៍!
🌄
🌈
———
ដោយ លឹម វីរីយ៉ា
🌸
បាត់ដំបង
ថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី៩ ខែមករា គ.ស ២០១៧
