សំបុត្រចុងក្រោយពីអ្នកគ្រូ

ជាគ្រូបង្រៀន គ្មានទេទ្រព្យ
ធ្វើការអភ័ព្វ ជាប់ក្រដាស
ដេកមិនពេញភ្នែក រែកធ្ងន់ណាស់
ជីវិតវិបល្លាស ខ្មាសអ្នកឈ្មួញ។

ជាគ្រូបង្រៀន មានតែទុក្ខ
គ្មានទេពាក្យសុខ មុខឡើងជ្រួញ
ស៊ូស្លូតមិនកាច ខ្លាចសិស្សទួញ
រហាមឡើងរួញ ជួញជំងឺ។

ជាគ្រូបង្រៀន លៀនគ្រាប់ភ្នែក
ការងារឡើងស្អេក ដេកតែឈឺ
ស៊ីអត់ស៊ីឃ្លាន គ្មានអ្នកឮ
ពេលខ្លះសិស្សឌឺ ឈឺចាប់ណាស់។

ជាគ្រូបង្រៀន ហ៊ានតែក្អក
គេលួចចំអក ឡកឡាយដាក់
សុខចិត្តខាំមាត់ ខ្សត់ប្រត្យក្ស
ជីវិតក្នុងថ្នាក់ ឆ្លាក់វិជ្ជា។

ជាគ្រូបង្រៀន ឃ្លានតែចែក
ខំប្រឹងពោលស្រែក បែកវេលា
ចង់ចែកឲ្យចេះ ស្រែះគ្រប់គ្នា
នឹងបានពណ៌នា ជាសិស្សល្អ។

ដូច្នេះបើដឹង ប្រឹងរៀនផង
កុំដើររំលង ឆ្គងសីលធម៌
បេះដូងគ្រូម្នាក់ ធ្លាក់ត្រាច់ចរ
រស់ក្រោមភ្លៀងផ្គរ ព្រហ្មលិខិត។

គ្រូសូមបួងសួង លួងទេវតា
ក្រែងលោកមេត្តា ចារពរពិត
បាចស្រោចពីលើ ទើរដួងចិត្ត
ក្លាយពរអម្រឹត ខិតរកជ័យ។

អនុស្សាវរីយ៍ ពីគ្រូម្នាក់
ផ្ញើជូនគ្រប់ថ្នាក់ ឆ្លាក់សិរី
កុំសោកទ្រហោ ចូរឃ្មាតខ្មី
គ្រូម្នាក់ទន់ដៃ ថ្ងៃបែកគ្នា។

អនុស្សាវរីយ៍ ទីស្នេហា
ខ្មួលខ្មាញ់សិក្សា ត្រារមនា
ពាក្យពេចន៍សាសង ក្រងកាព្យា
ចងដៃគ្រប់គ្នា គ្រាចុងក្រោយ។

លាហើយប្រុសស្រី នៃសិស្សខ្ញុំ
បើនិស្ស័យផ្ដុំ សូមដង្ហោយ
កុំភ្លេចឈ្មោះគ្រូ តស៊ូឲ្យ
ទៅសាងផ្នូរហើយ ទុកក្រាបគេង។
———-
ពីអ្នកគ្រូ លឹម វីរីយ៉ា
ថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ គ.ស ២០១៦
———-
(ថ្ងៃនេះជាថ្ងៃខួបកំណើតអ្នកម្ដាយខ្ញុំ បើសិនជាម៉ាក់នៅមានជីវិត កូននឹងស្មូត្រកំណាព្យនេះជូនម៉ាក់ជាចំណងដៃមិនខានឡើយ)

designed-with-proverb

One thought on “សំបុត្រចុងក្រោយពីអ្នកគ្រូ”

  1. 😘

    2016-12-05 1:19 GMT-08:00 Viriya’s Blog :

    > VIRIYA LIM posted: “ជាគ្រូបង្រៀន គ្មានទេទ្រព្យ ធ្វើការអភ័ព្វ ជាប់ក្រដាស
    > ដេកមិនពេញភ្នែក រែកធ្ងន់ណាស់ ជីវិតវិបល្លាស ខ្មាសអ្នកឈ្មួញ។ ជាគ្រូបង្រៀន
    > មានតែទុក្ខ គ្មានទេពាក្យសុខ មុខឡើងជ្រួញ ស៊ូស្លូតមិនកាច ខ្លាចសិស្សទួញ
    > រហាមឡើងរួញ ជួញជំងឺ។ ជាគ្រូបង្រៀន លៀនគ្រាប់ភ្នែក ការងារឡើងស្អេ”
    >

    Like

Leave a comment