រាត្រីព្រឺខ្នង

វាំងននខ្មៅស្ទប គ្របផែនដី
ជំនោររាត្រី ផ្ទៃងងឹត
ព្រះចន្ទ្រខំកើត អើតមួយផ្លិត
រស្មីបង្ខិត បិទផ្ទាំងមេឃ។
 
យប់៧កើត ខ្នើតកត្ដិក
សៀងទស្រក់ទឹក ភ្លឹកដំណេក
ខ្លែងស្រាកស្រែកយំ ងំចម្លែក
ឆ្កែលូថ្នល់បែក ស្រែកគ្រលួច។
 
សូរស័ព្ទស្ដាប់ឮ ព្រឺឆ្អឹងខ្នង
ពន្លឺបៃតង ឆ្លងបង្អួច
បង្ហើបទ្វារមើល ព្រើលចិត្តព្រួច
រាងកាយក្លាយស្ដួច រួចហោះបាត់។
 
រាត្រីសុវត្ថិ ខ្ចាត់ព្រលឹង
អាធ្រាត្យថ្មើហ្នឹង ធ្មឹងស្ងៀមស្ងាត់
មើលពិដានមេឃ ស្លេកប្រម៉ាត់
ផ្កាយមួយសម្ងាត់ រះចោលម្សៀត។
———
រាត្រីសួស្ដី!
 
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)
 
អាទិត្យ ៧កើត ខែកត្ដិក ឆ្នាំវក ព.ស ២៥៦០
ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា គ.ស ២០១៦
pexels-photo

Leave a comment